Wednesday, January 22, 2025
Homeព័ត៌មានជាតិដីចំណីផ្លូវត្រូវប៉ាន់

ដីចំណីផ្លូវត្រូវប៉ាន់

ប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មួយរយៈចុងក្រោយនេះ ឃើញក្រុមឈ្មួញដីកំពុងសម្រុកដើរទិញដីពីប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើ ដើម្បីសាងសង់ជាកន្លែងកម្សាន្ត និងអាងហែលទឹក ជាដើម ជាហេតុធ្វើឱ្យដីចំណីផ្លូវក្នុងក្រុងប៉ោយប៉ែត កំពុងត្រូវប៉ាន់ខ្លាំងណាស់។

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានខ្សឹបឱ្យឮថា សព្វថ្ងៃនេះ មានឈ្មួញដីម្នាក់ ឈ្មោះហ៊ុយ ឆាយ កំពុងដើរទិញដីផ្លូវសាធារណៈ ដែលត្រូវបានប្រជាពលរដ្ឋចាប់យក និងរស់នៅយ៉ាងអនាធិបតេយ្យ ក្នុងតម្លៃថោកៗ ដើម្បីយកមកធ្វើកម្មសិទ្ធិ និងបង្កើតជាកន្លែងកម្សាន្ត ដូចជាអាងហែលទឹក ជាដើម ហើយថ្មីៗនេះ លោកហ៊ុយ ឆាយ មានបំណងចូលមកទិញដីចំណីផ្លូវនៅចំណុចខាងក្រោយមន្ទីពេទ្យនគររាជ បន្ថែមទៀត ដោយប្រើរូបភាពគាបសង្កត់ប្រជាពលរដ្ឋ ដើម្បីឱ្យលក់ដីមកឱ្យខ្លួន ហើយពួកគាត់សង្ស័យថា ការដែលឈ្មួញម្នាក់នេះ អាចធ្វើព្យុះភ្លៀងបែបនេះបាន គឺដោយសារតែមានភ្លើងខៀវ ឬខ្នងបង្អែកធំ គឺអភិបាលក្រុងប៉ោយប៉ែត លោកង៉ោ ម៉េងជ្រួន តែម្តង។

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខ្សឹបបន្តថា មានប្រជាពលរដ្ឋ១គ្រួសារ កំពុងទទួលរងការគាបសង្កត់ពីឈ្មួញដីខាងលើ ដោយឈ្មួញដីបានប្រើប្រាស់គ្រប់រូបភាពបង្អាក់មិនឱ្យអាជ្ញាធរសង្កាត់ប៉ោយប៉ែត ចេញប្លង់កម្មសិទ្ធិឱ្យស្ត្រីជាម្ចាស់ដីឡើយ បើទោះបីជាម្ចាស់ដីនោះ មានលិខិតបញ្ជាក់ការកាន់កាប់ដីស្របច្បាប់ ហើយតែត្រូវបានភ្លើងឆេះអស់ក៏ដោយ។ អ្វីដែលកាន់តែសាហាវជាងនេះទៅទៀតនោះ គឺឈ្មួញដីឈ្មោះហ៊ុយ ឆាយ បានបណ្តែតបណ្តោយឱ្យគេមកសង់លំនៅឋានតាមបែបអនាធិបតេយ្យ ដើម្បីបិទផ្លូវចំពីមុខផ្ទះរបស់ស្ត្រី ដែលមិនព្រមលក់ដីឱ្យនោះទៀតផង។ ចំណែកស្ត្រីជាម្ចាស់ដី ព្រោះតែមានការរាំងស្ទះពិបាកចេញចូលផ្ទះ ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ ប៉ុន្តែគ្មានប្រយោជន៍សោះ ព្រោះគ្មានអ្នកណាម្នាក់ជួយអើពើឈឺឆ្អាលមកជួយដោះស្រាយឱ្យគាត់ឡើយ ព្រោះតែមានការឃុបឃិតសហការគ្នាយ៉ាងល្អ រវាងឈ្មួញដី និងក្រុមអាជ្ញាធរមូលដ្ឋាន។ លុះចុងក្រោយ ឈ្មួញដីខាងលើ បានបុកគ្រឹះធ្វើរបងបិទផ្លូវពីមុខផ្ទះ មិនម្ចាស់ផ្ទះខាងលើចេញចូលបានទៀត។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា អ្វីដែលឈ្មួញដីឈ្មោះហ៊ុយ ឆាយ ធ្វើនេះ គឺពិតជាហួសហេតុខ្លាំងណាស់ ព្រោះតែចង់ទិញដីរបស់គេ មិនប្រើវិធីសាស្ត្រសុចរិតនោះទេ បែរជាប្រើវិធីគំរាមកំហែង គាបសង្កត់ បង្ខំឱ្យគេលក់ដីមកឱ្យខ្លួនទៅវិញ ព្រោះតែអាងលោកអភិបាលក្រុងប៉ោយប៉ែតជាខ្នងបង្អែក រហូតធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះខាងលើ អស់លទ្ធភាពទប់ទល់ ព្រោះគ្មានអ្នកដោះស្រាយឱ្យ ទើបបានត្រឹមតែបង្ហូរទឹកភ្នែក ស្រែកប្តឹងទេវតាប៉ុណ្ណោះ។

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ សូមឱ្យជួយអន្តរាគមន៍ចំពោះករណីនេះផង កុំឱ្យឈ្មួញមានប្រាក់ និងអ្នកមានអំណាចឃុបឃិតគ្នាធ្វើបាបប្រជាពលរដ្ឋបែបនេះទៀត ព្រោះទង្វើនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំង។

ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកហ៊ុយ ឆាយ ជាឈ្មួញដី និងលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES