ខេត្តសៀមរាប ៖ ស្ត្រីជាម្តាយគ្រូពេទ្យកំលោះដែលជាប់ចោទរំលោភអ្នកជំងឺក្រមុំ នៅក្នុងមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ បានលើកដៃសំពះស្នើសុំនារីរងគ្រោះឱ្យជួយដកពាក្យបណ្តឹងចេញវិញ និងឈប់ធ្វើបាបកូនប្រុសគាត់ទៅ។
បើតាមសម្តីម្តាយរបស់លោកគ្រូជាប់ចោទ បានបញ្ជាក់ថា នារីរងគ្រោះពុំបានចូលទៅតាម ការកោះហៅរបស់តុលាការចំនួន២លើកមក ហើយជាហេតុធ្វើឱ្យគាត់ជាម្តាយរកអ្វីថ្លែងពុំរួច និងមិនដឹងថាដោះស្រាយដោយវិធីណាទេ ហេតុនេះ គាត់មានតែលើកដៃសំពះសុំឱ្យនារីរងគ្រោះដកពាក្យបណ្តឹងវិញទៅ ព្រោះអំស្រីមិនអាចរស់នៅតែឯង ដោយគ្មានទីពឹង ព្រមទាំងកូនប្រុសដែលតស៊ូរៀនសូត្រទើបនឹងចប់ចេញធ្វើការ បែរជាត្រូវនៅក្នុងគុកបែបនេះឡើយ។
គួរបញ្ជាក់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧កន្លងទៅ នារីរងគ្រោះឈ្មោះទ.ស.ហ្គ អាយុ២១ឆ្នាំ បានប្តឹងចោទប្រកាន់គ្រូពេទ្យម្នាក់ នៅគ្លីនិកអង្គរសង់តេ ឈ្មោះវ៉ាន់ ស៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាងជាអ្នកជំងឺ ខណៈដែលនាងមានជំងឺបានចូលសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយបានទទួលបណ្តឹងនោះ វេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានកោះអញ្ជើញជនសង្ស័យដែលមានឈ្មោះ វ៉ាន់ ស៊ុន ហៅឆ្លូញ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យនៅមន្ទីរពហុព្យាបាលអង្គរសង់តេ យកមកសាកសួរនៅប៉ុស្តិ៍ ហើយធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទប្រទូស្តកេរ្តិ៍ខ្មាស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អនុប្រធានមន្ទីរសម្រាកព្យាបាលអង្គរសង់តេ លោកវេជ្ជបណ្ឌិតអ៊ឹង សុភាព ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” ថា ខាងគ្លីនិកពេញចិត្តនឹងសហការជាមួយភាគីពាក់ព័ន្ធជានិច្ច ក្នុងនោះមានភាគីខាងជនរងគ្រោះ និងសមត្ថកិច្ចផងដែរ ហើយខាងគ្លីនិកមិនគាំទ្រចំពោះបុគ្គលដែលធ្វើឱ្យខូចឈ្មោះគ្លីនិកនោះទេ គឺទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ។
យ៉ាងណា ករណីខាងលើនេះ ត្រូវបានមិត្តភក្តិរួមការងារជាមួយនឹងគ្រូពេទ្យជាប់ចោទ ឈ្មោះវ៉ាន់ ស៊ុន បានបញ្ចោញសារប្រតិកម្មជាបន្តបន្ទាប់ ដោយផ្តោតការសង្ស័យថា អាចជាអន្ទាក់ ឬជាការរៀបចំទុកមុនរបស់អ្នកជំងឺស្រីជាជនរងគ្រោះ។
យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឯក រម្យនា ដែលជាមិត្តភក្តិរបស់គ្រូពេទ្យជាប់ចោទឈ្មោះវ៉ាន់ ស៊ុន បានបង្ហោះនូវវីដេអូឃ្លីបមួយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយបានរៀបរាប់ទាំងអួលដើមកថា “ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះ ខ្ញុំចង់និយាយពីរឿងពេទ្យនៅគ្លីនិកអង្គរសង់តេ ដែលថាគ្រូពេទ្យហ្នឹង បៀតបៀនប្រទូស្តកេរ្តិ៍ខ្មាសអីចឹង ខ្ញុំចង់និយាយថា ខ្ញុំចង់ប្រាប់ទៅមនុស្សប្រុសមួយចំនួន ក៏ដូចជាពេទ្យឱ្យមានការប្រយ័ត្នប្រយែងខ្ពស់ ចំពោះអ្នកជំងឺណាដែលទៅម្នាក់ឯង ជាពិសេស គឺនារីភេទនារីស្រីស្អាតៗដែលទៅម្នាក់ឯង ព្រោះខ្លួនខ្ញុំផ្ទាល់ខ្ញុំធ្លាប់ឈឺដេកពេទ្យម្នាក់ឯងដែរ និយាយទៅខ្ញុំមានអារម្មណ៍ថា កណ្តោចកណ្តែងណាស់ កម្សត់ ព្រោះម៉ែខ្ញុំគាត់ទៅស្រុក ចឹងខ្ញុំកម្សត់មានពេទ្យមកជួយមើលថែខ្ញុំចឹង ខ្ញុំសប្បាយចិត្តណាស់ អីចឹងសម្រាប់ករណីនេះ ខ្ញុំគិតថា វ៉ាន់ ស៊ុន ជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់ ដែលរៀនពូកែហ្នឹង ដែលមកពីគ្រួសារក្រីក្រ ហើយរៀនពូកែ តស៊ូរហូតបានក្លាយទៅជាពេទ្យហ្នឹង គឺគាត់ល្អ ខ្ញុំគិតថាគាត់ល្អ ប៉ុន្តែដោយមាយារបស់ស្ត្រី គេស្អាត គេលួងលោម គេពិបាកចិត្ត អីចឹងមនុស្សយើងគឺអាណិតគេ ទាំងខ្ញុំទាំងគេ គឺច្បាស់ជាអាណិតសម្រាប់អ្នកដែលទៅគេងពេទ្យតែម្នាក់ឯងហ្នឹង អីចឹងអាណិត ហើយម្នាក់ស្រីហ្នឹងប្រហែលជាគិតថា មនុស្សប្រុសគ្រប់រូប គឺគិតតែរឿងតណ្ហាហ្នឹងមែនទេ មិនមែនជួយពីចិត្ត អីចឹងប្អូនស្រីជនរងគ្រោះសប្បាយចិត្ត ហើយព្រោះស៊ុន បានជាប់គុក២ឆ្នាំ ដោយសារគ្រួសារគេអត់មានលុយ បើសិនជាគេមានលុយច្បាស់ជាគេអត់ជាប់ទេ អីចឹងគ្រួសារគេអត់លុយ គឺគេប្រឹងរៀនហ្នឹង ដោយសារសមត្ថភាពគេផ្ទាល់ ចឹងគេខំរៀនរហូតបានអាហារូបករណ៍ទៅដល់ភ្នំពេញ ហើយចប់មកវិញ ហើយគ្នាបានសារភាព ព្រោះគ្នាគិតថា គ្នាអត់មានលុយទេ សារភាពថា បានប៉ះចឹងមិនដឹងថា សួរសំណួរហ្នឹងសួរយ៉ាងម៉េច មិនដឹងជាប៉ះយ៉ាងម៉េចទេ បានជាគ្នាឆ្លើយខ្លួនឯងផ្ទាល់ តុលាការគេហៅទៅ តែអត់ទៅទេ គ្រាន់តែដាក់ពាក្យបណ្តឹង ហើយគ្នាក៏ជាប់គុក បើធ្វើទៅលើអ្នកផ្សេង ដែលរៀនអត់កើត អ្នកអត់អី បងអត់ថាទេ តែបងអាណិតវ៉ាន់ ស៊ុន ណាស់ ខំរៀនណាស់ ចឹងអូនឯងសប្បាយចិត្តណាស់ ឥឡូវគេជាប់ហើយ ហើយបងចង់និយាយថា មនុស្សប្រុសមួយរយទាំងមួយរយ បើសិនជាយើងមិនសម្តីផ្អែមដាក់គេ ក៏គេមិនហ៊ានដែរ បងក៏ធ្លាប់ឈឺដេកពេទ្យកើតសួតកើតអី គេឱ្យដោះអាវ គេឱ្យពាក់អាវទ្រាប់ ថតសួត ថតអី វិជ្ជាជីវៈពេទ្យគេត្រូវការប៉ះយើងខ្លះចឹង ខ្ញុំគ្រាន់តែចង់ផ្តាំទៅពេទ្យមួយចំនួន ហើយផ្តាំទៅម៉ាក់ ស៊ុន កុំឱ្យពិបាកចិត្ត ព្រោះថាបើចេញមកវិញ ច្បាស់ជាអត់មានការងារក្របខ័ណ្ឌធ្វើទៀតទេ ហើយក៏ជាមេរៀនដល់អ្នកក្រោយ កុំឱ្យសោះ…”។
ដោយឡែក នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ម្ចាស់គណនី ឯក រម្យនា បានសរសេរបញ្ជាក់បន្ថែមថា “សូមមិត្តភក្តិរបស់ស៊ុន និងអ្នកស្រណោះលោកគ្រូពេទ្យ ស៊ុន ដែលទទួលភាពអយុត្តិធម៌ បន្ទាប់ពីបានមើល Clip របស់ខ្ញុំ ឥឡូវនេះ មានឧកញ៉ាចិត្តបុណ្យម្នាក់ ស្កាត់ពីភ្នំពេញ មកជួយរកយុត្តិធម៌ ស៊ូស៊ូ ជួយស៊ែរ ដើម្បីអរគុណលោកមនុស្សល្អទេវតាតាមរក្សា”។
លោកឧកញ៉ាចិត្តធម៌ដែលបានជួយរកយុត្តិធម៌ឱ្យលោកគ្រូពេទ្យ វ៉ាន់ ស៊ុន ត្រូវបានគេស្គាល់ឈ្មោះថា លោកឧកញ៉ាដេវីដ ឆាណាយវ៉ា ហើយលោកឧកញ៉ាបានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ករណីបទល្មើសប្រទូស្តកេរខ្មាស ជនសង្ស័យគិលានុបដ្ឋាក លោកវ៉ាន់ ស៊ុន។ សំណុំរឿងនេះ ត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបអង្កេត ហើយជនត្រូវចោទបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅឯមណ្ឌលរដ្ឋបាលពន្ធនាគារខេត្តសៀមរាប ហើយក្រុមហ៊ុនមេធាវី លុច ស៊ីអេចឌី (Law Firm Lux CHD) យើងខ្ញុំ បានចាត់ឲ្យលោក មេធាវី យូ ឧស្សាហ៍ ធ្វើជាមេធាវីការពារសិទ្ធិតំណាងដោយអាណត្តិការពារក្ដី សម្រេចចិត្តដាក់បណ្ដឹងគ្រប់ប្រភេទ (បើច្បាប់អនុញ្ញាត) ឲ្យខ្លួនលោកវ៉ាន់ ស៊ុន ក្នុងដំណើររឿងនេៈ”។
ទោះបីយ៉ាងណា នារីរងគ្រោះទ.ស.ហ្គ ធ្លាប់បានបញ្ចោញប្រតិកម្មតបភ្លាមៗដែរ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ចំពោះការលើកឡើងនានា ដែលសំដៅថា ករណីរបស់នាង គឺអាចជាអន្ទាក់ ឬជាការរៀបចំទុកមុនជាដើម។ ដោយនារីនារីរងគ្រោះធ្លាប់បានបកស្រាយក្នុង Video Live ថា “…តាំងពីយប់កើតហេតុ មកដល់ពេលនេះ ខ្ញុំអត់ដែលបានគេងទេ សួរម៉ាក់ប៉ាខ្ញុំបានខ្លាច ពេលខ្ញុំបិទភ្នែក ខ្ញុំឃើញរូបភាពហ្នឹងតែម្តងហើយ ខ្ញុំមិនអត់ចង់អាន Comment របស់អ្នកឯងថា ខ្ញុំធ្វើស៊ីបុគ្គលិក ខ្ញុំអត់មានគោលបំណងទេ ខ្ញុំគ្រាន់តែធ្វើនេះ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្ញុំៗធ្វើនេះ ដើម្បីឱ្យអ្នកជនរងគ្រោះដទៃ គេចេះក្រោកឈរឡើង កុំឱ្យមានករណីដូចខ្ញុំ អត់ដឹង។ បំណងរបស់ខ្ញុំមានតែប៉ុណ្ណឹង។ ខ្ញុំចង់និយាយបញ្ហាជាមួយអ្នកដែលលាបពណ៌ខ្ញុំនៅពេទ្យហ្នឹង ម្នាក់ឈ្មោះ ខ្ញុំមិនដឹងថា គាត់ជាអ្នកណាគេទេ ខ្ញុំសុំជួបគាត់ជួយ Share ឱ្យគាត់ឃើញផង ឥឡូវនេះ អ្នកណាដែលស្គាល់នេះ ជួយបំភ្លឺខ្ញុំផង តើគាត់ជាអ្នកណាគេ គាត់នៅកន្លែងណា ខ្ញុំចង់ជួបគាត់ ហើយបើគាត់អត់ហ៊ានមកជួបខ្ញុំទេ គាត់ Live Video សុំទោសខ្ញុំបកស្រាយអត់មានយកកិត្តិយសខ្ញុំ មកជាន់ឈ្លីប៉ុណ្ណឹងទេ។ អ្នកមើលគួរដឹងហើយ មានរឿងអីចឹង ស្មានតែវាល្អណាស់ គ្រួសារខ្ញុំស្មានតែសប្បាយចិត្តណាស់អ្ហី? ខ្ញុំហ្នឹងទំនេរណាស់អ្ហី? ពេទ្យណាត់ជួបទៅជួបមើលជំងឺទៀត ខ្ញុំអត់ហ៊ានដេកពេទ្យ វាអត់មានអ្នកថែ។ ម្នាក់ Keo chilo ហ្នឹង គាត់និយាយថា ពេលនេះ ខ្ញុំ បានដឹងការពិតអស់ហើយករណីគ្រូពេទ្យអង្គរសង់តេ អីចេះ… ករណីហ្នឹង កំដរនៅពេលយប់ ខ្ញុំគ្មានបានហៅលោកឯងមកទេ សូម្បីតែឈ្មោះលោកស្អីគេ ខ្ញុំមិនដឹងផង ហើយខ្ញុំទៅសុំលេខពីសន្តិសុខណា? បើខ្ញុំដេកក្នុងពេទ្យ ចេញក្រៅបន្ទប់ ខ្ញុំមិនបានចេញផង? ករណីមួយហ្នឹង អ្នកឯងហ៊ានយកមកសរសេរព័ត៌មានច្បាស់ការអ្ហែ? សរសេរជេរខ្ញុំអ្ហែ? អ្នកឯងចាំទៅ…។ អីចឹងខ្ញុំចង់តបទៅម្ចាស់អាខោនឈ្មោះ Keo chilo ហ្នឹង ដែលនិយាយថា ម្នាក់ឈ្មោះស៊ុន អីជាមនុស្សល្អនោះ ជួយបកស្រាយផង មិនចង់និយាយក៏និយាយ បង្ហោះក៏បង្ហោះ សរសេរក៏សរសេរ ធ្វើបាបខ្ញុំហើយអ្នកឯងបិទអាខោន ហ្វេសប៊ុកយកបញ្ចប់រឿងអីចឹង អត់មានទេ ខ្ញុំអត់ចង់ទៅដល់ផ្ទះអ្នកឯងទេ មិនមែនអ្នកឯងបង្ហោះប៉ុណ្ណឹងអត់មានអ្នកស្គាល់អ្នកឯងទេ គេស្គាល់អ្នកឯងច្រើនណាស់ សូម្បីតែបងប្អូនខ្ញុំ ក៏ស្គាល់អ្នកដែរ ហើយអ្នកឯងក៏បានបញ្ជាក់ដែរថា អ្នកឯងធ្វើការនៅពេទ្យអង្គរសង់តេ។ អីចឹងអ្នកឯងធ្វើការនៅអង្គរសង់តេ អ្នកឯងបានព័ត៌មានពីសន្តិសុខ។ អីចឹងខ្ញុំទុកឱកាសឱ្យល្ងាចនេះ បើអត់បានចេញមុខបកស្រាយ ឬឆាត មកសុំទោសខ្ញុំទេ ខ្ញុំនឹងទៅដល់ពេទ្យអង្គរសង់តេ ខ្ញុំយកប្រវត្តិរូប ដើម្បីប្តឹងអ្នកឯងតាមផ្លូវច្បាប់”៕
សូមមិត្តភក្ដិរបស់ស៊ុននិងអ្នកស្រណោះលោកគ្រូពេទ្យស៊ុនដែលទទួលភាពអយុតិ្តធម៌បន្ទាប់ពីបានមើលclipរបស់ខ្ញុំលូវនេះមានឧកញា៉ចិត្តបុណ្យម្នាក់ស្កាត់ពីភ្នំពេញមកជួយរកយុតិ្តធម៌???ស៊ូស៊ូ ជួយសៀរដើម្បីអរគុណលោក???មនុស្សល្អទេវតាតាមរក្សារ
Posted by ឯក រម្យនា on Wednesday, 21 June 2017