ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានរំលឹកអំពីរបត់ជីវិតនយោបាយរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ត្រូវបានបណ្តេញចេញពីសមាជិករដ្ឋសភាលើកដំបូង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ បើគិតមកដល់ពេលនេះមានរយៈពេល ២២ឆ្នាំមកហើយ។
នៅក្នុងហ្វេសប៊ុករបស់លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បានសរសរ អមដោយការបង្ហោះវីដេអូឯកសាររំលឹកពីខួប២២ឆ្នាំនៃការ ដែលរដ្ឋសភាកម្ពុជា បណ្តេញលោកសម រង្ស៊ី ចេញពីសមាជិកសភាថា “ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ គឺជាថ្ងៃដែលរដ្ឋសភាខ្មែរ បណ្តេញលោកប្រធានសម រង្ស៊ី ចេញពីសមាជិករដ្ឋសភា ដោយខុសច្បាប់ ហើយក៏ជាថ្ងៃចាប់ផ្តើមនៃការតស៊ូអហិង្សា ឱ្យមានការផ្លាស់ប្តូរនៅ កម្ពុជា។
បីឆ្នាំក្រោយ គឺនៅឆ្នាំ១៩៩៨ (អាណត្តិ ទី២) លោកប្រធាន សម រង្ស៊ី បាននាំមនុស្ស ១៥រូប ចូលទៅអង្គុយកៅអីរដ្ឋសភា ហើយនិងអាណត្តិទី៣ (២០០៣) ២៤រូប អាណត្តិទី៤ (២០០៨) ២៦រូប និងអាណត្តិទី៥ (២០១៣) ៥៥រូប”។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលជាស្ថាបនិកចូលរួមបង្កើតគណបក្សសម រង្ស៊ី ជាមួយលោកសម រង្ស៊ី តាំងពីឆ្នាំ១៩៩៥មក លោកជាម ច័ន្ទនី បានបញ្ជាក់ថា ក្នុងខួប២២ឆ្នាំ នៃការបណ្តេញលោកសម រង្ស៊ី ចេញពីរដ្ឋសភានេះ លោកសង្ឃឹមថា មជ្ឈដ្ឋានគ្រប់គ្នានឹងចងចាំព្រឹត្តិការណ៍នេះ ព្រោះក្នុងនយោបាយកន្លងមកនោះ លោកសម រង្ស៊ី បានតស៊ូលះបង់ច្រើនណាស់ ដើម្បីប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ហ្នឹងហើយ ! ក្នុងនាមខ្ញុំជាសមាជិកស្ថាបនិក នៃគណបក្សសម រង្ស៊ី ខ្ញុំបានចាំហេតុការណ៍ខ្លះ ក្នុងរយៈពេល២០ឆ្នាំជាងនេះ។ គណបក្សសម រង្ស៊ី ដែលពេលនេះ យើងបានចូលរួមជាមួយ នឹងគណបក្សសិទ្ធិមនុស្ស បង្កើតបានជាគណបក្សសង្គ្រោះជាតិ កាលណោះគឺជាគណបក្សប្រឆាំងដ៏ធំមួយ ដែលចាប់ផ្តើមឡើងនៅក្នុងចុងឆ្នាំ ៩៥។ សូមជម្រាបថា ឯកឧត្តមប្រធាន លោកត្រូវបានបណ្តេញចេញពីសមាជិករដ្ឋសភា ខណៈពេលដែលលោកនៅជាសមាជិកសភា មណ្ឌលសៀមរាប នៃគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏ជារដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយពេលបណ្តេញចេញ លោកបានមកជួបជុំជាមួយយើងខ្ញុំដែលជាសមាជិកស្ថាបនិកសព្វថ្ងៃនេះ ហើយក៏បានជំនុំគ្នាបង្កើតគណបក្ស។ សុំជម្រាបថា ៥ទៅ៦ខែ បានយើងបង្កើតគណបក្សសម រង្ស៊ី នេះចេញ។ ប៉ុន្តែគណបក្សនេះ ពីមុន មិនមានឈ្មោះគណបក្សសម រង្ស៊ី ទេ គឺគណបក្សជាតិខ្មែរ។ អ៊ីចឹងគណបក្សជាតិខ្មែរនេះ បង្កើតនៅចុងឆ្នាំ១៩៩៥ ហើយនៅក្នុងឆ្នាំ១៩៩៧ មានព្រឹត្តិការណ៍រដ្ឋប្រហារមួយ ហើយយើងក៏បានគេចខ្លួនទៅប្រទេសថៃ ទៅប្រទេសជិតខាងអីទៅ ហើយពេលយើងមកវិញ ក៏បានមានការប្រទាញប្រទង់គ្នា មានលោកម្នាក់ឈ្មោះគង់ មុនី ហើយលោកថា គណបក្សជាតិខ្មែរហ្នឹងជារបស់លោក ហើយកាលណោះ គេជំរុញឱ្យយើងប្តឹងទៅតុលាការ តែដោយដឹកនាំគណបក្សជាតិខ្មែរ សម័យនោះ យើងគិតថា យើងអត់លេងល្បែងហ្នឹងទេ ពីព្រោះតុលាការនេះ នៅក្រោមឥទ្ធិពលអ្នកនយោបាយ។ អ៊ីចឹងយើងក៏សម្រេចចិត្តរកឈ្មោះគណបក្សមួយទៀត គឺគណបក្សសម រង្ស៊ី ហ្នឹងឯង។ ក្រោយត្រឡប់មកពីបាងកកវិញ យើងក៏ចូលរួមរៀបចំការបោះឆ្នោត នៅឆ្នាំ១៩៩៨ ដែលពេលនោះ គណបក្សសម រង្ស៊ី បានទទួលអាសនៈចំនួន១៥។ អ៊ីចឹងយើងឃើញថា ដំណើរការប្រជាធិបតេយ្យនៅសម័យនោះ ខ្ញុំសូមជម្រាបថា មានបញ្ហាច្រើនណាស់ ឯកឧត្តមសម រង្ស៊ី ត្រូវបានបណ្តេញចេញពីរដ្ឋសភា ខ្ញុំអត់ចាំថ្ងៃខែទេ ខ្ញុំចាំតែម្តងនោះ ត្រូវបានបណ្តេញចេញជាមួយនឹងខ្ញុំជាម ច័ន្ទនី លោកជា ប៉ូច និងឯកឧត្តម ប្រធាន គឺនៅដើមឆ្នាំ២០០៥ ឯកឧត្តមសម រង្ស៊ី ឯកឧត្តមជា ប៉ូច ហើយនិងខ្ញុំ ត្រូវបានដកអភ័យឯកសិទ្ធិ ហើយពេលនោះ ឯកឧត្តមប្រធាន បានចេញទៅក្រៅ ឯចំណែកខ្ញុំត្រូវបានជាប់ពន្ធនាគារម្តង ហើយប្រហែលជាពីរបីដងទៀត ឯកឧត្តមប្រធាន ត្រូវបានបណ្តេញចេញរហូត”។
លោកជាម ច័ន្ទនី មានប្រសាសន៍បន្តថា “ក្នុងអតីតកាល ទិដ្ឋភាពនយោបាយ គឺថា យើងបានឆ្លងកាត់គ្រោះថ្នាក់ច្រើនណាស់ ទម្រាំបាន មកដល់ពេលនេះ ដូចជាព្រឹត្តិការណ៍ឆ្នាំ៩៥-៩៦ រដ្ឋប្រហារឆ្នាំ៩៧ហ្នឹង ការគប់គ្រាប់បែកមុខ រដ្ឋសភា។ អ៊ីចឹងការដឹកនាំរបស់ឯកឧត្តមប្រធាន សម រង្ស៊ី មុនចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន លោកបាននាំពួកយើងជួបឧបសគ្គច្រើនណាស់ ដើម្បីប្រជាធិបតេយ្យ នៅក្នុងស្រុកខ្មែរយើងនេះ ហើយបានចូលរួមជាមួយនឹងគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយឯកឧត្តមប្រធាន កឹម សុខា ហើយខណៈពេលនេះ លោកក៏បានជាប្រធានគណបក្សសង្គ្រោះជាតិ យើងចូលមកសង្គ្រោះជាតិ យើងក៏ប៉ះព្យុះភ្លៀងហ្នឹង មិនតិចប៉ុន្មានដែរ។ អ៊ីចឹងយើងសុំសរសើរថ្នាក់ដឹកនាំទាំង២រូប គឺឯកឧត្តមប្រធាន និងឯកឧត្តម ប្រធានកឹម សុខា ដែលបានលះបង់។ ដូចឯកឧត្តមសម រង្ស៊ី បើត្រូវលាលែង គឺលាលែងភ្លាម ដើម្បីការពារគណបក្សហ្នឹង ហើយឯកឧត្តម កឹម សុខា លោកនៅក្នុងស្រុក លោកបត់បែន ពត់ពេនទៅតាមរបត់នយោបាយ ដែលបក្សកាន់អំណាច គេធ្វើទុក្ខបុកម្នេញមកលើយើង។ ដូច្នេះខ្ញុំគិតថា ព្រឹត្តិការណ៍អស់នេះ បងប្អូនបាន ជ្រាបមកហើយ ដែលយើងមានថ្ងៃនេះ។ ហើយដែលការបោះឆ្នោតប៉ុន្មានឆ្នាំកន្លងទៅ ដែលយើងទទួលមហាជោគជ័យ បាន៥៥អាសនៈសភា ហើយប៉ុន្មានជិត១ខែនេះ យើងក៏ដណ្តើមបានមហាជោគជ័យនោះទៀត គឺក្រុមប្រឹក្សា ឃុំ-សង្កាត់។ ដូច្នេះខ្ញុំគ្រាន់តែឱ្យប្រជាពលរដ្ឋទាំងអស់ចង់ចាំថា មាតុប្រទេសរបស់យើង គឺជាប្រទេសមួយដ៏កម្សត់ ហើយគណបក្សសង្គ្រោះជាតិ តំណាងឱ្យការផ្លាស់ប្តូរ។ សូមឱ្យបងប្អូនចាំ អ៊ីចឹងមានតែគណបក្សសង្គ្រោះជាតិទេ ដែលអ្វីគ្រប់យ៉ាងបានប្រសើរឡើង”។
ទោះបីយ៉ាងណា អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោក ឈាង វុន បានបញ្ជាក់ថា រដ្ឋសភា ក៏ដូចជាប្រជាពលរដ្ឋទូទៅ មិនចាប់អារម្មណ៍នឹងការ រំលឹកព្រឹត្តិការណ៍ជុំវិញរដ្ឋសភាបណ្តេញលោក សម រង្ស៊ី ចេញនោះទេ ដោយសារលោកសម រង្ស៊ី ជាទណ្ឌិត។ ម៉្យាងទៀត ការដែលរដ្ឋសភាដេញលោកសម រង្ស៊ី ដោយសារលោកសម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាក់ស្តែង និងមិនជាក់ស្តែង។
លោកឈាង វុន បានមានប្រសាសន៍ថា “រដ្ឋសភាដែលបានដេញបុគ្គលទណ្ឌិតចេញពីរដ្ឋសភា ដោយបុគ្គលនេះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង និងមិនជាក់ស្តែង។ ដូច្នេះ ប្រជាពលរដ្ឋទូទៅមិនចាប់អារម្មណ៍ទេ ហើយជាពិសេស រដ្ឋសភា និងព្រឹទ្ធសភា មិនចាប់អារម្មណ៍ពីស្អីដែលលោកអេង ឆៃអ៊ាង បានលើកពាក់ព័ន្ធនឹងការដេញ សម រង្ស៊ី ចេញពីរដ្ឋសភា ដោយសារមនុស្សហ្នឹងជាទណ្ឌិត។ គេរំលឹកអីចំពោះមនុស្ស ដែលមានគុណបំណាច់ចំពោះជាតិ ហើយបើសិនជាមនុស្សហ្នឹងនៅរស់ ហើយមានទោសព្រហ្មទណ្ឌ ទណ្ឌិត ការរំលឹកហ្នឹងដូចជាអត់មានន័យអីទេ ដូចជាការពារមនុស្សអាក្រក់ ការពារអ្នកដែលមានទោសអ៊ីចឹង”។
ជាមួយគ្នានោះដែរ លោកអានន្ទដា យ៉ាត ទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ការរំលឹកនេះបង្ហាញថា ជាបរាជ័យធំមួយរបស់អ្នកនយោបាយ ដែលលោកយល់ថា ជាអ្នកនយោបាយទំនើង ជាអ្នកនយោបាយគ្មានវិន័យ ជាអ្នកនយោបាយស្លាប់ដោយសារមាត់ និងជាអ្នកនយោបាយស្លាប់ដូចពស់ រស់ដូចកង្កែប” ៕
កុលបុត្រ