ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រកាសលទ្ធផលផ្លូវការ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៥ ខែមិថុនា ស្អែកនេះ។
ទីស្តីការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកកិច្ចប្រជុំតាមរបៀបវារៈ ចំនួន៦ រួមមាន ៖
១-ឆ្លងកំណត់ហេតុអង្គប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២២ ទី៣១ ខែឧសភា និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៧។
២-ពិនិត្យនិងសម្រេចលើលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
៣-សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌជ្រើសរើសមន្ត្រីបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត។
៤-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៅ លធ/ខប។
៥-ពិនិត្យសម្រេចលើសេចក្តីព្រាងផែនការ សន្និបាតបូកសរុបការងារបោះឆ្នោត។
៦-ផ្សេងៗ។
ទាក់ទងការពិនិត្យនិងសម្រេចលើលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកហង្ស ពុទ្ធា បានបញ្ជាក់នៅក្នុងសិក្ខាសាលាស្តី ពី “ស្ថានភាពរបស់អ្នកសារព័ត៌មាន ក្រោយការបោះឆ្នោត និងការបញ្ជ្រាបព័ត៌មានបែបសន្តិភាព” នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នោះ គឺជាការប្រកាស លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយមិនមានការប្រកាសលទ្ធផលបណ្តោះអាសន្នទៀតទេ ហើយក៏មិនមានការដោះស្រាយ លើបណ្តឹងតវ៉ាទៀតដែរ គឺបិទផ្លូវតវ៉ា។
លោកហង្ស ពុទ្ធា បានមានប្រសាសន៍ថា “រឿងទី១ គឺនៅថ្ងៃទី២៥ ខែមិថុនា ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បិទផ្លូវតវ៉ា ប៉ុន្តែបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺបណ្តឹងបិទផ្លូវ តវ៉ាដល់ក្រុមប្រឹក្សាជំនុំជម្រះ អាហ្នឹងគឺច្បាប់ មិនអាចធ្វើអីហួសពីច្បាប់។ រឿងទី២ ថ្ងៃទី២៥ អត់មានលទ្ធផលបឋមអីទៀតទេ គឺលទ្ធផលផ្លូវការរបស់ គ.ជ.ប ហើយលទ្ធផលផ្លូវការហ្នឹង គឺប្រកាសហើយថា នៅឃុំហ្នឹងឯង មានគណបក្សប៉ុន្មាន? គណបក្សណាបានប៉ុន្មានសំឡេង? គណបក្សណាបានធ្វើមេឃុំ ជំទប់ទី១ ជំទប់ទី២? ហើយគណបក្សណាបានទទួលអាសនៈជាក្រុមប្រឹក្សាឃុំ-សង្កាត់? គឺថា ចែងច្បាស់ ថ្ងៃទី២៥ ថ្ងៃហ្នឹងឯង ហើយពាក់ព័ន្ធនឹងបណ្តឹងតទៅទៀត មកទល់ថ្ងៃនេះហ្នឹង គឺនៅសល់តែបណ្តឹង ដែល ថា គ.ជ.ប ស៊ើបអង្កេតហ្នឹង គឺបណ្តឹងប្តឹងដល់ឱ្យដាក់ទោសទណ្ឌទេ ចំណែកបណ្តឹងរាប់សន្លឹកឆ្នោត គឺបិទបញ្ចប់ហើយៗខ្ញុំសូមឆ្លៀតឱកាស នេះជម្រាបថា ហេតុអីបានជាគ.ជ.ប អត់បានធ្វើការរាប់ទៅតាមសំណើ? វាអាចចេញពីមូលហេតុ៤ ដែលគ.ជ.ប ហ្នឹងមិនធ្វើការរាប់សន្លឹកឆ្នោតបន្តទៅទៀត ទី១ កម្រិតលម្អៀង នៃគណ- បក្សនៅក្នុងឃុំ-សង្កាត់។ ឧទាហរណ៍លម្អៀង ខ្ពស់ហួសហេតុពេក លើសពី០,៥ទៅ គឺថា ទោះបីរាប់ម៉េចក៏គណបក្សហ្នឹង អត់មានអីប្រែប្រួល នៅតែចាញ់ដដែល ចង់និយាយឱ្យខ្លី។ អ៊ីចឹង កាលណាកកម្រិតលម្អៀងតូចជាង០,៥ អាហ្នឹង គឺអាចរាប់ឡើងវិញបាន។ ករណីទី២ យើងមើល នៅតាមការិយាល័យកំណត់ហេតុនៅក្នុងការិយាល័យ អត់មានអីផង នៅឃុំ-សង្កាត់ អត់ មានអីផង ថ្នាក់ខេត្តរៀបចំការបោះឆ្នោត អត់ មានរឿងស្អីផង ហើយហេតុអីបានជាយើង ត្រួវរាប់ឡើងវិញ? ហើយមូលហេតុទី៣ ការប្តឹងដកសិទ្ធិ ច្បាប់តម្រូវឱ្យប្តឹងតាមឋានានុក្រម ថ្នាក់ឃុំ-សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់ខេត្ត រាជធានីរៀបចំការបោះឆ្នោត ហើយមក គ.ជ.ប ប៉ុន្តែគាត់ធ្វើអ៊ីចឹង គាត់ប្តឹងប៉ឹបមក គ.ជ.ប គាត់ អាងស្គាល់ គ.ជ.ប អាហ្នឹង គ.ជ.ប ក៏អត់អាចអនុវត្តបានដែរ ហើយបណ្តឹងមួយចំនួន គឺជារឿងបណ្តឹងរឿងបុគ្គលតែម្តង បុគ្គលគាត់ស្អប់ពីណា នៅក្នុងស្ថានភាពអីមួយ គាត់ឆ្លៀតប្រើប្រាស់ការបោះឆ្នោតនេះទៅជារឿងបុគ្គលទៅវិញ។ អ៊ីចឹង បានថា ដូចជាប្តឹងឱ្យសងលុយអី មិនមែនជា សមត្ថកិច្ចរបស់ គ.ជ.ប ទេ”។
លោកហង្ស ពុទ្ធា ក៏បានបញ្ជាក់ដែរថា ក្រោយការប្រកាសលទ្ធផលផ្លូវការហើយ តាមច្បាប់រយៈពេល១៤ថ្ងៃ គឺមានការផ្ទេរមេឃុំចាស់ទៅមេឃុំថ្មី។ ដូច្នេះ គ.ជ.ប នឹងចាប់ផ្តើមការងារតទៅទៀត គឺរៀបចំការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ទាប់មកការបោះឆ្នោត អសកល ព្រឹទ្ធសភា គ.ជ.ប នឹងរៀបចំធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការចេញផ្សាយលទ្ធផលបឋមនៃភាគរយរបស់គណបក្សនយោបាយ និងចំនួនអ្នកបោះឆ្នោត ដែលបានរកឃើញតាមរយៈការសង្កេតការណ៍ ដោយផ្អែកលើសំណាករបស់អង្គការតម្លាភាពកម្ពុជា នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល បានបញ្ជាក់ថា តាមអង្គការ តម្លាភាពកម្ពុជា បានរកឃើញថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ស្ថិតនៅចន្លោះពីជិត៤៨ភាគរយ ទៅ៥១ភាគរយ ខណៈគណបក្សសង្គ្រោះជាតិ ទទួលបានស្ថិតនៅក្នុងចន្លោះពីជិត៤២ភាគរយ ទៅ៤៥ភាគ- រយ។ ការប៉ាន់ប្រមាណនេះ គឺផ្អែកទៅលើចំនួន អ្នកបោះឆ្នោត និងចំនួនសន្លឹកឆ្នោត ដែលគណបក្សនយោបាយទាំង២ ទទួលបានផ្លូវការ នៅ ក្នុងទម្រង់១១០១ និងទម្រង់១១០២ នៅតាម ការិយាល័យបោះឆ្នោត ចំនួន៤១១ នៃការិយា- ល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលអង្គការតម្លាភាពកម្ពុជា បានយកទៅជាគំរូសំណាក។ ជាមួយនោះ ចំពោះចំនួនអ្នកបោះឆ្នោតជាមធ្យម មានប្រហែល៩០,៧ភាគរយ ខណៈតួលេខបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា មានចំនួន៨៩,៥២ ភាគរយ ស្មើនឹង៧លាន៨សែននាក់។
លោកព្រាប កុល បានមានប្រសាសន៍ថា តួលេខដែលរកឃើញដោយអង្គការតម្លាភាព កម្ពុជានោះ មានភាពត្រឹមត្រូវ អាចទុកចិត្តបាន ខណៈមានលម្អៀងជាមួយទិន្នន័យរបស់គ.ជ.ប ប្រហែល ០,៥ភាគរយប៉ុណ្ណោះ ។
ទោះបីយ៉ាងណា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ ថា គ.ជ.ប មិនទាន់អាចបញ្ជាក់អំពីទិន្នន័យ ដែលរកឃើញ ដោយសង្គមស៊ីវិលមួយនេះបានទេ គឺរង់ចាំការប្រកាសលទ្ធផលផ្លូវការដោយគ.ជ.ប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៧ ស្អែកនេះ។
គួរបញ្ជាក់ថា យោងតាមសេចក្តីព្រាង របស់ គ.ជ.ប ស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ឆ្នាំ២០១៧ ដែល “នគរធំ” ទទួលបាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បានបង្ហាញថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានគណបក្សនយោបាយចំនួន៧ ទទួលបានអាសនៈ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា (CPP) ឈ្នះនាំមុខគេ ដោយទទួលបានអាសនៈសរុប ៦៥០២ បន្ទាប់មក គឺគណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន៥០០៥អាសនៈ ក្នុងចំណោមអាសនៈឃុំ-សង្កាត់សរុប ១១ ៥៧២នាក់ ក្នុង ចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស។
លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មាន ដូចខាងក្រោម ៖
- គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៥០២អាសនៈ ក្នុងនោះតំណែងមេឃុំ មានចំនួន ១១៥៦នាក់ ជំទប់ទី១ ចំនួន ១១៤០នាក់ និងជំទប់ទី២ ចំនួន ៥០៨នាក់។
- គណបក្សសង្គ្រោះជាតិ ទទួលបាន ៥០០៥អាសនៈ ក្នុងនោះ តំណែងមេឃុំ ៤៨៩ នាក់ ជំទប់ទី១ ចំនួន ៥០២នាក់ និងជំទប់ទី២ ចំនួន ១០៨៦ នាក់។
- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៨ អាសនៈ ក្នុងនោះ តំណែងជំទប់ទី១ ចំនួន១នាក់ និងជំទប់ទី២ ចំនួន ២៦នាក់។
- គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យទទួលបាន ៥អាសនៈ តំណែងជំទប់ទី២ ទាំង ៥នាក់។
- គណបក្សខ្មែររួបរួមជាតិ ទទួលបាន២៥ អាសនៈ ក្នុងនោះ តំណែងមេឃុំ ១នាក់ ជំទប់ ទី១ចំនួន២នាក់ និងជំទប់ទី២ ចំនួន១៧នាក់។
- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន២អាសនៈ តំណែងជំទប់ទី២។
- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៥ អាសនៈ ក្នុងនោះ តំណែងជំទប់ ទី១ ចំនួន១នាក់ និងជំទប់ទី២ ចំនួន ២នាក់។
សរុបសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មកពីគណបក្សជាប់ឆ្នោតទាំង៧ ខាងលើ មានចំនួន ១១ ៥៧២នាក់ ក្នុងនោះ មានស្ត្រី ចំនួន ១ ៩៣៦នាក់។
ទោះជាយ៉ាងណា ខាងលើនេះ គ្រាន់តែជាលទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ប៉ុណ្ណោះ។ ចំណែកលទ្ធផលផ្លូវការ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) “នគរធំ” នឹងចុះផ្សាយជូនលម្អិតនៅពេលខាងមុខនេះ…៕
កុលបុត្រ