ខេត្តសៀមរាប ៖ លោកឧកញ៉ាដេវីត ឆាណាយវ៉ា ដែលត្រូវបានមហាជនដាក់នាមឱ្យថា ជាឧកញ៉ាចិត្តធម៌ បានចេញមុខជួយគ្រូពេទ្យកំលោះ ដែលជាប់ចោទរំលោភសេពសន្ថវៈអ្នកជំងឺក្រមុំ នៅក្នុងមន្ទីរពហុព្យាបាល អង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនោះ ដោយជួយរត់ទាំងឯកសារខាងផ្លូវច្បាប់ និងផ្តល់មេធាវីជួយការពារក្តីឱ្យភាគីគ្រូពេទ្យ ដែលទទួលរងការចោទប្រកាន់ទៀតផង។
លោកឧកញ៉ាដេវីត ឆាណាយវ៉ា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ថា “សាជាថ្មីម្តងទៀត សូមធ្វើការអំពាវនាវដល់សង្គមគេហទំព័រហ្វេសប៊ុកទាំងអស់ សូមឈប់ជេរ និងប្រើពាក្យពាក្យប្រមាថនាងស្រីក្មេងម្នាក់នេះ ដែលបច្ចុប្បន្នហៅថា ជនរងគ្រោះជាបណ្តោះអាសន្ននោះ។ យោងតាមការស្វែងយល់ និងស្រាវជ្រាវ និងវិភាគ បច្ចុប្បន្នរបស់មិត្តដែលបានឆាត (chat) នាំសារ (messenger) មកកាន់ខ្ញុំបាទ អាចនិយាយថា ទាំងប្អូនប្រុស ប្អូនស្រី គឺជាជនរងគ្រោះទាំងពីរ។ សូមពិនិត្យឡើងវិញ សារបង្ហោះរបស់លោក William Guang លូកដៃដល់កម្រិតណា? សូមពិនិត្យឡើងវិញ ការសរសេរនិងឃ្លាឃ្លោងរបស់ Jum Teav Toch តើមានសារសំខាន់ និងលក្ខណៈដូចគ្នាយ៉ាងណា?
លោកវ៉ាន់ ស៊ុន មិនមែនមកមើលថែនាង ទា ស៊ីវហ្គិច នៅថ្ងៃឬម៉ោងឈប់សម្រាកទេ គឺនៅក្នុងម៉ោងធ្វើការ ហៅថា ក្រុម១ ធ្វើការពេលយប់មែនឬទេ? ចុះហេតុអ្វីបានម្ចាស់មន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ឆ្លើយថា អត់ទទួលខុសត្រូវ?
តម្លៃបង់ព្យាបាលថ្នាំកែរោគ medication $173.75USD មិនបានរៀបរាប់ថាថ្នាំស្អីខ្លះទេ ទីពិសោធន៍ laboratory តម្លៃ $34 USD ក៏មិនបានរៀបរាប់ស្អីខ្លះដែរ បន្ទប់ម៉ាស៊ីនត្រជាក់ តម្លៃ $20USD បន្ទប់កង្ហារ តម្លៃ$5USD សរុប$202.75USD មានកំហុស ដោយអត់គិតពន្ធ។ តើប្រាក់ទាំងនោះបង់ឱ្យគិលានុបដ្ឋាក វ៉ាន់ ស៊ុន ឬបង់ចូលទៅឱ្យម្ចាស់មន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ? រឿងនេះវាអាចថា ក្នុងករណីកៅអីតំណែងប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អង្គុយ មានគេចង់បាន។ ម្ចាស់មន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប”។
ជាមួយនេះ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោកឧកញ៉ាដេវីត ឆាណាយវ៉ា ក៏បានសរសេរក្នុងហ្វេសប៊ុករបស់លោកដែរថា “សូមអភ័យទោសជាមុន បើតាមភាពជាក់ស្តែងរបស់នាង ដែលអ្នកខ្លះហៅថាជនរងគ្រោះនេះ ពីម្សិលមិញ ប្រហែលជាម៉ោង៤ៈ០៥នាទីល្ងាច ខ្ញុំបានសង្កេតមើលអាកប្បកិរិយានាង នាងនិយាយមួយៗ ធ្វើឱ្យខ្ញុំគិតថា មានអ្នកសរសេរនៅពីក្រោយ មានលក្ខណៈពីរ ខ្ញុំបានគិត ១. មន្ទីរគ្លីនិកផ្សេង ច្រណែនញុះញុង់ ២. អ្នកបង្កើតគណនេយ្យហ្វេសប៊ុកឱ្យនាង ចាំលេខសម្ងាត់របស់នាង ឬជារឿយៗជួយសរសេរ និងញុះញុង់ជំនួសនាង”។
ដោយឡែក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោកឧកញ៉ាដេវីត ឆាណាយវ៉ា បានសរសេរសារក្នុងហ្វេសប៊ុកថា “គប្បីរក្សាចម្ងាយពីមនុស្សដែលព្យាយាមមើលងាយ មហិច្ឆតារបស់អ្នក។ មនុស្សសាមញ្ញៗ តែងតែធ្វើវា ប៉ុន្តែពិតជាធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកអស្ចារ្យផងដែរ អាចក្លាយជាដ៏អស្ចារ្យ…! ខ្ញុំសូមអំពាវនាវសុំបងប្អូនទាំងអស់ដែលគាំទ្រគិលានុដ្ឋាក លោកវ៉ាន់ ស៊ុន ឬអ្នកមិនគាំទ្រ ស្ងាត់ស្ងៀម រំងាប់ចិត្ត ទុកឱ្យសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនិតិវិធី។ ក្រុមហ៊ុនមេធាវី លុច ស៊ីអេចឌី យើងខ្ញុំបានដាក់លិខិតប្រគល់សិទ្ធិ លិខិតការពារក្តី លិខិតសុំពិនិត្យ និងថតសំណុំរឿង បំពេញតាមនីតិវិធីរបស់តុលាការ រួចរាល់ហើយ។
ដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៖ ៨៦៤ (ឈ), ១៧ ចៅក្រមស៊ើបសួរ កួយ សៅ។ សំណុំរឿងព្រហ្មទណ្ឌលេខ ៧៥៨ អ.ក ចុះថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៧។ សំណុំរឿងស៊ើបសួរលេខ… ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។ ជនសង្ស័យ លោកវ៉ាន់ ស៊ុន ជាគិលានុបដ្ឋាក ថ្ងៃខែឆ្នាំកំណើត ០១/០៩/១៩៩៣ អាយុ២៥ លោកស៊ុន ជីវ័ន្ត ថ្ងៃខែឆ្នាំកំណើត ០៥/០៥/១៩៦៨ អាយុ៤៩ឆ្នាំ ជាឪពុកលោកស្រីហ៊ុន ឌីណា ថ្ងៃខែឆ្នាំកំណើត ០៥/១១/១៩៧២ អាយុ៤៥ឆ្នាំ ជាម្តាយ ទីលំនៅក្រុមទី១៤ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប”។
នៅថ្ងៃទី២២ ខែមិថុនា ដដែលនោះ លោកឧកញ៉ា ដេវីត ឆាណាយវ៉ា បានសរសេរលើហ្វេសប៊ុករបស់លោកថា “ករណីបទល្មើសប្រទូស្តកេរខ្មាស ជនសង្ស័យគិលានុបដ្ឋាក លោកវ៉ាន់ ស៊ុន។ សំណុំរឿងនេះ ត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបអង្កេត ហើយជនត្រូវចោទបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅឯមណ្ឌលរដ្ឋបាលពន្ធនាគារខេត្តសៀមរាប ហើយក្រុមហ៊ុនមេធាវី លុច ស៊ីអេចឌី (Law Firm Lux CHD) យើងខ្ញុំបានចាត់ឱ្យលោកមេធាវី យូ ឧស្សាហ៍ ធ្វើជាមេធាវីការពារសិទ្ធិតំណាងដោយអាណត្តិការពារក្តី សម្រេចចិត្តដាក់បណ្តឹងគ្រប់ប្រភេទ (បើច្បាប់អនុញ្ញាត) ឱ្យខ្លួនលោកវ៉ាន់ ស៊ុន ក្នុងដំណើររឿងនេះ”។
គួរបញ្ជាក់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧កន្លងទៅ នារីរងគ្រោះឈ្មោះទ.ស.ហ្គ អាយុ២១ឆ្នាំ បានប្តឹងចោទប្រកាន់គ្រូពេទ្យម្នាក់ នៅគ្លីនិកអង្គរសង់តេ ឈ្មោះវ៉ាន់ ស៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាងជាអ្នកជំងឺ ខណៈដែលនាងមានជំងឺបានចូលសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយបានទទួលបណ្តឹងនោះ វេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែលនោះ សមត្ថកិច្ចបានកោះអញ្ជើញជនសង្ស័យ ដែលមានឈ្មោះ វ៉ាន់ ស៊ុន ហៅឆ្លូញ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យនៅមន្ទីរពហុព្យាបាលអង្គរសង់តេ យកមកសាកសួរនៅប៉ុស្តិ៍ ហើយធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទប្រទូស្តកេរ្តិ៍ខ្មាស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អនុប្រធានមន្ទីរសម្រាកព្យាបាលអង្គរសង់តេ លោកវេជ្ជបណ្ឌិតអ៊ឹង សុភាព ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” ថា ខាងគ្លីនិកពេញចិត្តនឹងសហការជាមួយភាគីពាក់ព័ន្ធជានិច្ច ក្នុងនោះមានភាគីខាងជនរងគ្រោះ និងសមត្ថកិច្ចផងដែរ ហើយខាងគ្លីនិកមិនគាំទ្រ ចំពោះបុគ្គលដែលធ្វើឱ្យខូចឈ្មោះគ្លីនិកនោះទេ គឺទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ។
យ៉ាងណា ករណីខាងលើនេះ ត្រូវបានមហាជនជាច្រើន ពិសេសមិត្តភក្តិរួមការងារ ជាមួយនឹងគ្រូពេទ្យជាប់ចោទឈ្មោះវ៉ាន់ ស៊ុន បានបញ្ចោញសារប្រតិកម្មជាបន្តបន្ទាប់ ដោយផ្តោតការសង្ស័យថា អាចជាអន្ទាក់ ឬជាការរៀបចំទុកមុនរបស់អ្នកជំងឺស្រីជាជនរងគ្រោះ ប៉ុន្តែនារីរងគ្រោះបានបដិសេធ ដោយនាងបានរៀបរាប់ថា គ្រូពេទ្យជាប់ចោទពិតជាបានបំពានលើរាងកាយនាងប៉ុនប៉ងចាប់រំលោភមែន៕