Saturday, November 30, 2024
Homeព័ត៌មានជាតិឧកញ៉ាបន្លំភ្នែករាស្ត្រ

ឧកញ៉ាបន្លំភ្នែករាស្ត្រ

ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងកាន់កាប់លើទីតាំងដីមួយកន្លែង ស្ថិតក្នុងភូមិចំណោទរាំ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មានឧកញ៉ាម្នាក់ កំពុងបង្កព្យុះភ្លៀងនៅក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ តាមរយៈការប្រើឯកសារ ស.ជ.ណ មកធ្វើការឈូសឆាយដី កាយព្រំ បោះបង្គោលថ្ម បំពានលើដីដែលជាកម្មសិទ្ធិប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ដែលតាមពិត ស.ជ.ណ នោះ សម្រេចឱ្យឈូសឆាយដីកន្លែងផ្សេង តែបែរជាឧកញ៉ានោះ យកមកបន្លំភ្នែករាស្ត្រទៅវិញ។

ក្រុមប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា លោកឧកញ៉ានោះឈ្មោះលឹម ហ៊ុយឡេង តាមរយៈតំណាងឈ្មោះហិន ត្រឹងហៅវណ្ណា កំពុងបង្កបញ្ហាអុកឡុករំលោភបំពានប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមឧកញ៉ារូបនេះ បានព្យាយាមបន្លំភ្នែកប្រជាពលរដ្ឋ តាមរយៈប្រើប្រាស់ ស.ជ.ណ របស់សាលាខេត្ត ដែលអនុញ្ញាតឱ្យ ឈូសឆាយដីព្រៃ នៅទីតាំងផ្សេង បែរជាមកធ្វើការឈូសឆាយ កាយព្រំបោះបង្គោល នៅលើដីជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ ហើយសំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ និងត្រូវបានខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ដោយលោកហូ សិទ្ឋី បញ្ជូនទៅលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ចាត់ការតាមនីតិវិធី។

ប្រជាពលរដ្ឋ បានខ្សឹបថា លោកហិន ត្រឹង ហៅវណ្ណា ដែលជាតំណាងឱ្យលោកឧកញ៉ាលឹម ហ៊ុយឡេង បានបង្កបញ្ហាចម្រូងចម្រាស នៅក្នុងមូលដ្ឋានខាងលើ មួយរយៈមកហើយ ដោយក្រុមឧកញ៉ានេះ មានមហិច្ឆតាចង់រំលោភកាន់ កាប់ដីរបស់ប្រជាពលរដ្ឋ ដែលសុទ្ធតែមានសិទ្ធិកាន់កាប់ស្របច្បាប់ រហូតឈានដល់ការប្តឹងផ្តល់ឡើងតុលាការទៀតផង។ ប៉ុន្តែមកដល់ពេលនេះ តុលាការនៅមិនទាន់មានការសម្រេចបែបណានៅឡើយ ស្រាប់តែថ្មីៗនេះ លោកហិន ត្រឹង ហៅវណ្ណា បានយក ស.ជ.ណ ដែលចេញដោយសាលាខេត្តព្រះសីហនុ អនុញ្ញាតឱ្យឧកញ៉ា លឹម ហ៊ុយឡេង ធ្វើការឈូសឆាយដីព្រៃនៅកន្លែងផ្សេង មកបន្លំភ្នែកប្រជាពលរដ្ឋ ឬហៅថា “កន្ទេលធំបន្លំដេក” ដោយអះអាងថា ជាសាលក្រមស្ថាពររបស់តុលាការ ឱ្យខាងក្រុមឧកញ៉ា មានសិទ្ធិគ្រប់គ្រងដីទំនាស់ និងអាចធ្វើការ ឈូសឆាយ កាយព្រំ និងដាំបង្គោល តែយ៉ាងណា ប្រជាពលរដ្ឋពេលនេះ មិនមែនល្ងង់អាចឱ្យក្រុមអ្នកមានលុយ មានអំណាច មកធ្វើការជិះជាន់ បន្លំភ្នែកបានដោយស្រួលនោះទេ ពោលគឺអាចចេះអក្សរល្មមអាន ល្មមយល់ដឹង និងចេះបែងចែកថា អ្វីល្អ អ្វីអាក្រក់ដែរ ហេតុនេះ ឧកញ៉ា លឹម ហ៊ុយឡេង មិនអាច ធ្វើអ្វីស្រេចតែអំពើចិត្តបាននោះទេ។

ក្រុមប្រជាពលរដ្ឋខាងលើ សូមខ្សឹបឱ្យឮ ដល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដុសក្អែលក្រុមជញ្ជក់ឈាមរាស្ត្រ ជ្រកក្រោមស្លាកអភិវឌ្ឍន៍នេះផង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីភាគីលោកឧកញ៉ាលឹម ហ៊ុយឡេង បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួល ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕

 ខៀវទុំ

RELATED ARTICLES