Saturday, November 30, 2024
Homeព័ត៌មានជាតិពលរដ្ឋខ្មែរក្រោមថា គ្មានទុក្ខអ្វីស្មើនឹងទុក្ខបាត់ទឹកដី

ពលរដ្ឋខ្មែរក្រោមថា គ្មានទុក្ខអ្វីស្មើនឹងទុក្ខបាត់ទឹកដី

សម្តេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ចូលរួមជាព្រះអធិបតី ក្នុងពិធីរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម

ភ្នំពេញ ៖ ពលរដ្ឋខ្មែរក្រោម ក្នុងឱកាសប្រារឰខួប៦៨ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម បានលើកឡើងថា “គ្មានទុក្ខអ្វីស្មើនឹងទុក្ខបាត់ទឹកដី”។

ពិធីរំលឹកខួបរំលឹកនៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ដែលអាណានិគមនិយមបារាំង កាត់ផ្ទេរទៅវៀតណាម ត្រួតត្រាបន្តនោះ បានប្រារឰធ្វើឡើងនៅវត្តពោធិយារាមហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមព្រះអធិបតីភាពសម្តេចស៊ីសុវត្ថិពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា។

នៅក្នុងពិធីនេះ មានការរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ តាមចំនួនឆ្នាំ ដែលត្រូវបានបារាំង កាត់ទៅឱ្យវៀតណាម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។

សហគមន៍ សមាគម ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានចូលរួមពិធីនេះ បានលើកឡើង ក្នុងន័យដូចគ្នាថា គ្មានទុក្ខអ្វីស្មើនឹងទុក្ខបាត់ទឹកដីនោះទេ។ ដូច្នេះទិវានេះ គឺជាទិវាដែលកូនខ្មែរគ្រប់រូបចងចាំមិនអាចបំភ្លេចបាន ហើយក៏ចង់បានទឹកដីខ្មែរកម្ពុជាក្រោមនេះ មកវិញដែរ។

មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃសម្ព័ន្ធអង្គការសមាគមខ្មែរកម្ពុជាក្រោម ចំនួន ១១ និងជាពលរដ្ឋខ្មែរក្រោមមួយរូប លោកគឹម ស៊ីសំណា បានបញ្ជាក់ថា បើទឹកដីនៅគង់វង្ស ពលរដ្ឋខ្មែរក្រោម ពិតបានជាទទួលបានសេចក្តីសុខច្រើនយ៉ាងណាស់។

លោកគឹម ស៊ីសំណា បានមានប្រសាសន៍ថា “ធម្មតាគេយកទឹកដីយើង គេគ្រប់គ្រងយើង អ៊ីចឹងការរស់នៅ គឺត្រូវបាត់បង់សិទ្ធិមូលដ្ឋាន  គ្រប់បែបយ៉ាង ទី១ ការរស់នៅត្រូវមានគំនាប ផ្នែកសេដ្ឋកិច្ចពីរដ្ឋអំណាច ដែលកំពុងដាក់អាណានិគម ដែលធ្វើឱ្យជីវភាពហ្នឹងកាន់តែមានភាពដុនដាប មិនអាចធ្វើការសមរម្យបាន។ ទី២ បាត់បង់សិទ្ធិក្នុងការគ្រប់គ្រងដោយខ្លួនឯង។ ពោលគឺវិស័យនយោបាយ ត្រូវបានគេក្តោបក្តាប់ទាំងអស់។ ទី៣ វិស័យវប្បធម៌ ប្រពៃណីជាតិ គឺត្រូវបានគេរំលាយ ត្រូវបានគេប្រែក្រឡាស់ ធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួន ហើយនិងបាត់បង់អ្វីៗជាច្រើនទៀត ដូចជាបងប្អូន សាច់ញាតិបង្កើតត្រូវបានព្រាត់ប្រាសនិរាសគ្នា។ និរាសគឺត្រង់កន្លែងភៀសខ្លួនចំណាកស្រុកទៅរស់នៅប្រទេសដទៃៗ ដើម្បីស្វែងរកសុខ។ ត្រង់ហ្នឹងហើយ ដែលថាទុក្ខបាត់បង់ទឹកដី គឺគ្មានអ្វីស្មើ គឺទុក្ខបែបនេះឯង ហើយម៉្យាងទៀត គឺទុក្ខដែលចងចាំជានិច្ច ដែលមិនអាចភ្លេចបាន គឺពី មនុស្សម្នាក់ទៅមនុស្សម្នាក់ ពីជំនាន់មួយទៅជំនាន់មួយ រហូតដល់អាចនិយាយបានថា ពីទសវត្សមួយ រហូតទៅដល់ទសវត្សមួយ ជាច្រើន ទសវត្ស ជាច្រើនសតវត្សទៅទៀត។ អាហ្នឹង ដែលហៅថា ទុក្ខដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់មនុស្សជាតិ ជាយូរអង្វែងបំផុត។ បើសិនជាទឹកដីនៅគង់វង្សអ្វីៗទាំងអស់បានមកលើ ប្រជាពលរដ្ឋដែលជាម្ចាស់ម្ចាស់ដី គឺមានសេចក្តីសុខ គឺបានរស់នៅសុខដុមរមនាជាមួយសាច់ញាតិបងប្អូន សុខដោយសារយើងបានឃើញប្រជាជាតិរបស់យើង ឬហៅថា ជាតិសាសន៍របស់ខ្លួនហ្នឹង រស់នៅក្រោមការគ្រប់របស់ខ្លួនដោយខ្លួនឯងផ្ទាល់”។

លោកគឹម ស៊ីសំណា បានមានប្រសាសន៍បន្តថា “ចំពោះសំណួរចង់បានទឹកដីកម្ពុជាមកវិញទេ? សំណួនេះ លុះត្រាតែថ្នាក់ដឹកនាំប្រទេសកម្ពុជា ទើបគាត់ជាអ្នកមានភារកិច្ចត្រូវឆ្លើយ។ សម្រាប់ខ្ញុំគឺជាជនរងគ្រោះ កំពុងតែរង់ចាំទទួលអ្នកជួយសង្គ្រោះអីអ៊ីចឹង គឺធម្មតាចង់បានរស់នៅដោយសុខដុមរមនាហើយរវាងខ្មែរនិងខ្មែរគ្នាឯង ចង់បានរស់នៅប្រកបដោយសិទ្ធិសេរីភាព  ហើយនិងទទួលបានសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង រស់នៅប្រណិប័តន៍តាមវប្បធម៌ ប្រពៃណី ឱ្យស័ក្តិសមជាមនុស្សជាតិមួយ ដែលធ្លាបតែមានវប្បធម៌ អារ្យធម៌រុងរឿង នៅលើលោក ជាពិសេស ក្នុងសម័យមហានគរ។ ហ្នឹង ជាអ្វីដែលពួកខ្ញុំក្នុងនាមជាខ្មែរកម្ពុជាក្រោម ត្រូវការចង់បាន។ ក្នុងន័យនេះ សេចក្តីសង្ឃឹមរបស់ខ្ញុំ ទី១ គឺសង្ឃឹមថា ខ្មែរជំនាន់ក្រោយៗ មិនថា ខ្មែរក្រោម មិនថាខ្មែរលើ មិនថាខ្មែរកណ្តាលទេ ត្រូវតែយល់ ត្រូវតែស្គាល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនថា ទឹកដីរបស់ខ្លួនហ្នឹងនៅឯណាខ្លះ? ប្រជាពលរដ្ឋ ប្រជាជន ឬក៏ជនរួមឈាមរបស់ខ្លួននៅទីណាខ្លះ? គឺសង្ឃឹមឱ្យអ្នកទាំងអស់ហ្នឹង ចេះរត់រកគ្នា ចេះស្វាគមន៍គ្នា ចេះជួយគ្នាទៅវិញទៅមក ករណីដែលមានបញ្ហា មានការរងគ្រោះអីអ៊ីចឹង។ ហើយសង្ឃឹមមួយទៀត ខ្ញុំសង្ឃឹមថា សម័យបច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺជាសម័យជឿនលឿនខាងប្រព័ន្ធបច្ចេកវិជ្ជា។ អ៊ីចឹងប្រព័ន្ធទាំងអស់នេះហើយ គឺផ្តល់ចំណេះដឹងជាសាធារណៈ ចំណេះដឹងទូទៅហ្នឹង ជូនទៅដល់ខ្មែរកម្ពុជាក្រោម ឱ្យគាត់ទទួលបានចំណេះដឹងល្អៗពីបងប្អូនប្រជាពលរដ្ឋនៅកម្ពុជាក្តី ពីបរទេសក្តី ពីប្រទេសនានាក្តីហ្នឹង ឱ្យគាត់មាន ស្មារតីភ្ញាក់រលឹក ហើយយល់ដឹងកាន់តែច្រើន ដើម្បីស្វែងរកវីធីសាស្ត្ររំដោះខ្លួនចេញអំពីការរស់នៅក្រោមអាណានិគមបច្ចុប្បន្ននេះ ទៅអនាគត។ ពីមុន ប្រព័ន្ធបច្ចេកវិជ្ជា មិនទាន់រីកចម្រើន គឺអ្នកនៅកម្ពុជាក្រោម គាត់អត់មាន យល់ដឹងអ្វីទាំងអស់ គាត់អត់មានស្គាល់សិ់ទ្ធិ ច្បាប់ជាតិ អន្តរជាតិទេ តែបច្ចុប្បន្ននេះ ដោយសារតែប្រព័ន្ធហ្នឹង ក៏ដូចជាការខិតខំរបស់ខ្មែរកម្ពុជាក្រោម នៅទូទាំងសកលលោកហ្នឹង ធ្វើឱ្យគាត់មានស្មារតីបន្តិចម្តងៗហើយ។ ក្នុងឱកាសនេះ ខ្ញុំក៏ទទួលស្គាល់ថា វិស័យវប្បធម៌កាន់តែមានភាពត្រចះត្រចង់មួយកម្រិតថែមទៀត ហើយនៅកម្ពុជាក្រោម ក៏ប៉ុន្តែនេះក៏ដោយសារ ការខិតខំរបស់បងប្អូនជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសដែរ ទើបបានប៉ុណ្ណឹង”។

លោកគឺម ស៊ីសំណា បានមានប្រសាសន៍ បន្ថែមទៀតថា “ក្នុងឱកាសប្រារពខួបនេះ ខ្ញុំសូមអំពាវនាវថា ទិវា០៤ មិថុនា ហ្នឹង គឺជាទិវាដែលខ្មែរយើងរងគ្រោះ ហៅថា ទិវាកាន់ទុក្ខ។ ទុក្ខអ្វី? គឺទុក្ខយើងបាត់បង់ទឹកដីមួយចំណែកដ៏ធំ។ ទុក្ខទី២ ឈាមរបស់យើងត្រូវបានខ្ចាត់ខ្ចាយរាប់លាននាក់ ហើយគេកំពុងតែត្រួតត្រាជិះជាន់។ អ៊ីចឹងថ្ងៃនេះ គឺជាថ្ងៃដែលយើងទាំងអស់គ្នា ហ្នឹងត្រូវចងចាំ ការពារបូរណភាពទឹកដីកម្ពុជា បច្ចុប្បន្នហ្នឹងឱ្យបានគង់វង្ស ឱ្យមានអធិបតេយ្យភាពពិតប្រាកដ កុំឱ្យមានការធ្វេសប្រហែសបាត់ បង់ទឹកដីបែបនេះតទៅទៀត។ អំពាវនាវទី២ ខ្ញុំសូមសង្ខេបដោយខ្លីមកថា កាលពីបុរាណ យើងមានឮពាក្យថា “ចុះទឹកក្រពើ រត់ឡើងលើខ្លា” ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំសូមអំពាវនាវថា “ចុះទឹកឱ្យមានទូក ឡើងគោកឱ្យមានឡាន”។ បានន័យថា ចេះសង្គ្រោះគ្នាគ្រាមានអាសន្ន”។

គួរបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ប្រគល់ទៅឱ្យវៀតណាមកាន់កាប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ បន្ទាប់ពីបានកាន់កាប់ទឹកដីកម្ពុជាក្រោម ប្រជាពលខ្មែរក្រោមរស់នៅក្រោមការគ្រប់គ្រង់របស់វៀតណាមនោះ បានអះអាងថា វៀតណាមបានធ្វើទុក្ខបុកម្នេញជាច្រើនលើពួកគាត់ ក្នុងបំណងលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ ក្នុងនោះ ប្រជាពលរដ្ឋខ្មែរក្រោម ជាច្រើនបានរត់ភៀសខ្លួនមក រស់នៅលើទឹកដីកម្ពុជា (ខ្មែរកណ្តាល) និងខ្លះទៀត បានទៅរស់នៅប្រទេសទី៣ ដើម្បីគេចផុតពីការគាបសង្កត់ ជិះជាន់ និងរំលោភបំពានសិទ្ធិ៕

កុលបុត្រ

RELATED ARTICLES