ភ្នំពេញ ៖ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រ២នាក់ ខឹងរឿងបើករថយន្តឆាបកាត់មុខទាំងរំលោភច្បាប់ចរាចរណ៍ បើករថយន្តដេញតាមវាយតប់គ្នា ត្រូវកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនទាំង២នាក់យកទៅសួរនាំ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានរថយន្តតាក់ស៊ីម៉ែត២គ្រឿង បើកតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច បានបើកមកឈប់ស្តុប ទន្ទឹមគ្នានៅចំណុចកើតហេតុខាងលើ ដែលរថយន្តទី១ម៉ាក PRUISE ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AA-5521 ជារថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុនតាក់ស៊ីម៉ែត្រក្រហម បើកបរដោយបុរសម្នាក់និងនារីម្នាក់ដែលជាភ្ញៀវរួមដំណើរពីក្រោយ និងរថយន្តទី២ ម៉ាក KAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-9439 ជារថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុន ឆយបើកបរដោយបុរសម្នាក់ មកដល់ចំណុចកើតហេតុ អ្នកបើករថយន្តទាំងពីរនាក់បានចុះពីលើរថយន្ត ហើយបានវាយប្រតាយប្រតប់គ្នាពេញដងផ្លូវ រួចហើយបើករថយន្តតាក់ស៊ីក្រុមហ៊ុន ឆយ បានរត់ចោលរថយន្តចូលទៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បាត់ស្រមោល បន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។
បើតាមសម្តីអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុនឆយ បានរៀបរាប់ឲ្យដឹងថា គាត់មានឈ្មោះខណ្ឌ ម៉ាលែន ភេទប្រុស អាយុ29ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីឆយ ស្នាក់នៅម្តុំបូរីទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តលើតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅយកភ្ញៀវនៅខារ៉ាអូខេ នគរសំរិទ្ធ លុះមកដល់ស្តុបទេពផន ភ្លើងអាទិភាពឲ្យបត់ឆ្វេង គាត់ក៏បានបត់ឆ្វេងទៅផ្លូវ១៨២ ស្រាប់តែមានរថយន្តតាក់ស៊ីក្រហម បើកមកតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបើកមកបត់ឆាបពីមុខរថយន្តរបស់គាត់ ដោយបំពានច្បាប់ចរាចរណ៍ ហើយគាត់ក៏បើកដេញតាមរថយន្តនោះ លុះមកដល់ចំណុចកើតហេតុ គាត់ក៏បានស្រែកថាឲ្យនាក់បើករថយន្តរថយន្តតាក់ស៊ីក្រហម ថាបងបើកចឹងខុសហើយបង ស្រាប់តែអ្នកបើករថយន្តរូបនោះចុះមកអូសគាត់ចេញពីរថយន្ត ហើយវាយរូបគាត់ បណ្តាលឲ្យហើមដៃខាងឆ្វេង រួចគាត់ក៏បានវាយបតតទៅវិញ បណ្តាលឲ្យអ្នករថយន្តតាក់ស៊ីក្រហម ហើមភ្នែកខាងឆ្វេង ខណៈពេលនោះក៏មានប្រជាពលរដ្ឋឃាត់ ហើយអ្នកបើកបររថយន្តតាក់ស៊ីក្រហម បានដើរទៅបើកគូទរថយន្ត រួចគាត់ក៏បានរត់គេចខ្លួនចូលទៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍។
ចំណែកបុរសដែលបើករថយន្តតាក់ស៊ីក្រុមហ៊ុនក្រហម បានរៀបរាប់ឲ្យដឹងថា គាត់មានឈ្មោះ សំណាង ឡុង អាយុ25ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីក្រហម ស្នាក់នៅម្តុំបឹងត្របែក សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មុនពេលកើតហេតុ គាត់បានបានបើករថយន្តខាងលើដឹកភ្ញៀវចេញពីម្តុំវត្តភ្នំ ទៅផ្ទះនៅមុខផ្សារហេងលី តាមបណ្តោយផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ត្រង់ចំណុចកើតហេតុ គាត់បានបត់ស្តាំទៅផ្លូវ១៨២ ហើយស្រាប់តែមានរថយន្តតាក់ស៊ី ឆយ បើកមកពីក្រោយ និងស៊ីផ្លេដាក់រហូត លុះបើកមកដល់ចំណុចកើតហេតុអ្នកបើករថយន្តតាក់ស៊ីឆយ ស្រែកជេរគាត់ ហើយគាត់ក៏បានស្រែកទៅវិញថា គាត់ក៏ជាអ្នកបើករថយន្តតាក់ស៊ីដែរ ម៉េចចាំបាច់ជេរ កុំនិយាយឆ្លើយពេក ហើយអ្នកបើករថយន្តឆយ ខឹងហើយបានវាយមកលើគាត់ បណ្តាលឲ្យហើមមុខ និងទាញយកទូរស័ព្ទដៃរបស់គាត់ បណ្តាលឲ្យបែក។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រទាំងពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក នាំយកទៅសាកសួរដើម្បីធ្វើការដោះស្រាយគ្នា៕
https://www.facebook.com/angkorthommagazine/videos/213241819198876/