Monday, November 25, 2024
Homeនយោបាយបក្សកាន់អំណាចថា លទ្ធផលបោះឆ្នោត២០១៧ បង្ហាញជ័យជម្នះ២០១៨

បក្សកាន់អំណាចថា លទ្ធផលបោះឆ្នោត២០១៧ បង្ហាញជ័យជម្នះ២០១៨

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានលើកឡើងថា តាមរយៈលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះបន្តទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ថា “កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee–(NEC) បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលលទ្ឋផលជាផ្លូវការ គឺបានបញ្ជាក់ច្បាស់ថា “គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតខាងលើនេះ។ គណបក្សប្រជាជនកម្ពុជា ទទួលបានចៅសង្កាត់-មេឃុំ ចំនួន១ ១៥៦ ដែលលើសជាង២ភាគ៣ នៃឃុំ-សង្កាត់ នៅទូទាំងប្រទេស។ លទ្ធផលផ្លូវការនេះ គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាពលរដ្ឋ និងយុវជន បានគាំទ្រនិងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់បំផុត។

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិនៅទូទាំងប្រទេស ដែលបានគាំទ្រ និងបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាការពារសន្តិភាព និងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

គណបក្សប្រជាជនកម្ពុជា គឺនៅតែជាគណបក្សជាទីទុកចិត្តរបស់ប្រជាជន នាំមុខដ៏រឹងមាំបំផុតនៅកម្ពុជា។ ជ័យជម្នះនៅពេលនេះ គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់បំផុតថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលនូវជ័យជម្នះជាបន្តទៀតជាក់ជាមិនខាន”។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា “គណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សសង្គ្រោះអាយុជីវិតជាតិពិតប្រាកដ ប្រវត្តិសាស្ត្រពិត គឺបានលាតត្រដាងបង្ហាញច្បាស់ដល់ប្រជាពលរដ្ឋឱ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាល នីមួយៗដែលមិនអាចប្រឌិតបាន។ ទន្ទឹមនឹងនេះ កូនខ្មែរត្រូវយល់ដឹង និងចងចាំឱ្យបានច្បាស់ ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។

ជាក់ស្តែងនៅក្នុងពេលដែលប្រទេសជាតិ ទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹងនិងចងចាំច្បាស់បំផុតនោះ គឺនៅក្នុងឆ្នាំ១៩៧៥ ដែលពេលនោះ កម្ពុជាត្រូវបានធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុល ពត។ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានដកសិទ្ឋិសេរីភាពទាំងស្រុង សាសនាត្រូវបានកម្ទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកម្ទេចចោលដែរ។ ក្រុមគ្រួសារប្តីប្រពន្ធ កូនចៅ បងប្អូន ត្រូវបានបំបែក ចាប់បង្ខំឱ្យធ្វើការហួសកម្លាំងលើសពីសត្វធាតុ និងត្រូវបានសម្លាប់ចោលរាប់លាននាក់។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្ត្រីរាជការ ទាហាន ព្រះសង្ឃ និស្សិតបញ្ញវន្ត និងកូនសិស្ស គ្រប់កម្រិត ត្រូវបានប្រមូលហើយកម្ទេចចោល នៅពាសពេញប្រទេស។ កម្ពុជាពេលនោះគឺត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីពិភពលោក ដែលគ្មានឮសំឡេងអ្វីក្រៅពីការភ័យខ្លាច រន្ធត់ ឈឺចាប់ កាប់សម្លាប់ ជាមួយទឹកភ្នែករាប់លានតំណក់ ហើយម្នាក់ៗរង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។

រយៈពេលជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពេលនោះ តើមានអ្នកណា ឬបក្សនយោបាយណាដែលបានចេញមុខមកជួយ សង្គ្រោះកម្ពុជា? ប្រជាពលរដ្ឋរងគ្រោះ មានតែការបន់ស្រន់ដល់ព្រះ និងបន់ស្រន់បារមីស័ក្តិសិទ្ធិសុំបានរស់រានមាន ជីវិតចាកផុតពីការស្លាប់។ កម្ពុជានៅពេលនោះ គឺត្រូវការសង្គ្រោះបន្ទាន់បំផុត។

នៅពេលនោះហើយដែលសម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានយកជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន មកចំណាយក្នុងការសង្គ្រោះកម្ពុជា ពីរបបកាប់សម្លាប់។ ដំណាក់កាលពេលនោះ គឺជា ដំណាក់កាលសង្គ្រោះអាយុជីវិតជាតិពិតប្រាកដ។ បើគ្មានការចំណាយអាយុជីវិតជាដើមទុនរបស់គណបក្សប្រជាជនកម្ពុជាទេ គឺកម្ពុជាគ្មានថ្ងៃនេះដែរ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានចំណាយអាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុ សង្គ្រោះជាតិ។ យើងទាំងអស់គ្នាចងចាំនូវគំរូ វីរភាពជាប្រវត្តិសាស្ត្រនេះ គ្រប់ពេលជានិច្ច។

នៅពេលនេះ គឺកម្ពុជា កំពុងមានសុខសន្តិភាព រីកចម្រើនបោះជំហានទៅមុខ ដែលពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញប្រជាពលរដ្ឋប្រកប របរធ្វើការតូចធំគ្រប់កម្រិត ក្មួយៗចៅៗសិស្សា- នុសិស្សមានឱកាសសិក្សារៀនសូត្រគ្រប់ទីកន្លែង វត្តអារាម ព្រះវិហារតូចធំ ត្រូវបានកើតឡើង ព្រោងព្រាត ហេដ្ឋារចនាផ្លូវស្ពានតូចធំ ត្រូវបាន កសាងជាបន្តបន្ទាប់ រថយន្តតូចធំចរាចរណ៍ពាសពេញប្រទេស ទេសចរបរទេសរាប់លាននាក់ បានមកទស្សនាកម្ពុជា ជារៀងរាល់ឆ្នាំ។ កម្ពុជា ពេលនេះមិនមែននៅក្នុងភ្នក់ភ្លើងសង្គ្រាម ឬរបបប្រល័យពូជសាសន៍ ដែលត្រូវការការសង្គ្រោះអ្វីឡើយ។

កម្ពុជា ពេលនេះ គឺត្រូវបន្តនិរន្តរភាពនៃការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ ហើយយើងទាំងអស់គ្នាបន្តចូលរួមថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់តែមានឱកាសកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង”។

ដោយឡែក ក្នុងឱកាសអញ្ជើញបានជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាល ចំនួន៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការរីករាយ និងមានមោទនភាពចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានបណ្តុះបណ្តាលធនធានមនុស្សលើសមត្ថភាពចំណេះដឹងផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍សង្គមជាតិ និងដើម្បី បម្រើថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរ។

ជាមួយគ្នានេះដែរ សម្តេចហ៊ុន សែន បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់កម្មសិក្សាការី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវធ្វើខ្លួនជា “ខ្ញុំបម្រើរបស់ប្រជាជន” មិនត្រូវធ្វើខ្លួនឯងជា “ចៅហ្វាយនាយ” របស់ប្រជាជននោះទេ។ មន្ត្រីរាជការគ្រប់រូប ត្រូវបម្រើការងារជូនប្រជាពលរដ្ឋឱ្យបានល្អ។ ការធ្វើជាមន្ត្រីល្អ ត្រូវតែមានការទទួលខុសត្រូវ (គឺទទួលខុស និងទទួលត្រូវ) ចំពោះទង្វើ និងការអនុវត្តន៍របស់ខ្លួន ត្រូវមានភាពស្មោះត្រង់។ ត្រូវធ្វើជាមន្ត្រី ជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ (ជើងបុគ្គល២ ជើងតុ៤ ជើងកៅអី៤) ពោលគឺត្រូវស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋឱ្យបានច្រើន គឺមិនត្រូវនៅអង្គុយតែមួយកន្លែងទេ។ មន្ត្រីល្អ ជាមន្ត្រីដែលមានទទួលខុសត្រូវខ្ពស់ អាចដោះស្រាយសភាពការណ៍ទាន់ពេលវេលា និងច្បាស់លាស់ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយ “ត្រូវរួមសុខរួមទុក្ខ” ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

សម្តេចហ៊ុន សែន ពេលចែកសញ្ញាបត្រជូនកម្មវិសិក្សាការី សាលាភូមិន្ទរដ្ឋបាល

ឆ្លៀតឱកាសនេះផងដែរ សម្តេចហ៊ុន សែន គឺបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសលទ្ធផលផ្លូវការកាលពីម្សិលមិញ ដែលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈ្នះច្រើនលើសគេ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការរៀបចំរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមជួយដល់ការបោះឆ្នោតនេះប្រព្រឹត្តិទៅយ៉ាងល្អ និងយុត្តិធម៌។

នៅថ្ងៃនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ គឺជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា។

សម្តេចហ៊ុន សែន បានអបអរសាទរ និងជូនពរចំពោះកម្មសិក្សាការីជាន់ខ្ពស់-មធ្យម ទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សាថ្ងៃនេះ ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ឱ្យបានល្អប្រសើរ។

គួរកត់សម្គាល់ថា ជុំវិញលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នោះ គណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលនេះ ដោយបញ្ជាក់ថា ជាលទ្ធផលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងថា “បងប្អូនជនរួមជាតិ ជាទីគោរពស្នេហា ! ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី និងសុខសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា ដែល មានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស បានអនុវត្ត នូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងភាពជាម្ចាស់ប្រទេសជាតិ ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងកុះករនៅតាមការិយាល័យបោះឆ្នោតនៃ ឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសតំណាង ដែលខ្លួនពេញចិត្តឱ្យដឹកនាំឃុំ-សង្កាត់ សម្រាប់រយៈពេល៥ឆ្នាំ បន្តទៀត ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២។ នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្តទៅមុខទៀត។

នៅក្នុងឱកាសនេះ គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផល ផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនៅថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះ។ នេះគឺជាលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។

គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវ ការគោរពនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សមាជិក-សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ-សង្កាត់ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខ័ណ្ឌប្រទេសជាតិទាំងមូល។ ជ័យជម្នះនេះបង្ហាញច្បាស់ថា ប្រជាជនកម្ពុជាភាគច្រើនលើសលប់ បានបោះឆ្នោតដើម្បី ខ្លួនឯង និងបោះឆ្នោតដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិរបស់ខ្លួន។ ជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធី កំណែទម្រង់របស់រាជរដ្ឋាភិបាល នាពេលកន្លងមក ពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន ហើយដែលគណបក្ស នឹងបន្តខិតខំទ្វេឡើងទៀត។ តាមរយៈជ័យជម្នះនេះ បានធានានូវមូលដ្ឋានយ៉ាងរឹងមាំសម្រាប់ ឱ្យគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ម៉្យាងទៀត ឆ្លងតាមជ័យជម្នះនេះ បានធ្វើឱ្យបរាជ័យ ទាំងស្រុងនូវការប៉ុនប៉ងរបស់ក្រុមប្រឆាំង និង មជ្ឈដ្ឋានអគតិនានា ដែលមានគោលបំណង ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃ ខ្ពស់ចំពោះការខិតខំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ព្រមទាំងគណៈកម្មការ រាជធានី-ខេត្ត និងគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យការរៀបចំការបោះឆ្នោតនេះនៅគ្របដំណាក់កាល បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជាផ្ទៃក្នុង និងនីតិវិធីដែលបានកំណត់ ហើយ ត្រូវបានគ្រប់មជ្ឈដ្ឋានទទួលយក និងកោតសរសើរ។ នេះជាជោគជ័យ និងជាលទ្ធផលផ្លែផ្កាពិតប្រាកដនៃកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជាយើង។

គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃ ខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងកងកម្លាំង មានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រដោយសកម្មដល់ ដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាល ធ្វើឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាង រលូនតាំងពីពេលចាប់ផ្តើម រហូតដល់បញ្ចប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ព្រមជាមួយនេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងខាងស្មារតី សម្ភារៈ និងបច្ចេកទេស ដល់ការបោះឆ្នោត ក្នុងទិសដៅ ចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកអង្កេតការណ៍ ទាំងជាតិ និងអន្តរជាតិ ដែលបានតាមដានពិនិត្យ មើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរប្រព្រឹត្តិ ទៅនៃការបោះឆ្នោត ហើយបានធ្វើការវាយតម្លៃ ប្រកបដោយភាពសត្យានុម័តចំពោះការបោះឆ្នោតនេះថា ជាការបោះឆ្នោតមានលក្ខណៈសេរី យុត្តិធម៌ តម្លាភាព និងជឿទុកចិត្តបាន និងបាន ចាត់ទុកថា នេះជាគំរូមួយដ៏អស្ចារ្យសម្រាប់ ពិភពលោក។

គណបក្សប្រជាជនកម្ពុជា សូមប្តេជ្ញាយ៉ាងឱឡារិកថា គណបក្សនឹងប្រមូលផ្តុំកម្លាំងបន្ត ប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ ដែលបានប្រកាសជូនជនរួមជាតិរួចមកហើយ ឱ្យ បានសម្រេចជោគជ័យជាដាច់ខាត បង្កើតឡើង នូវសមិទ្ធផលថ្មីៗទៀត នៅគ្រប់មូលដ្ឋាន ដែល ឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរនិងបំណង ប្រាថ្នារបស់ប្រជាពលរដ្ឋ។

គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវ ដល់ជនរួមជាតិនៅទូទាំងប្រទេស ទោះបីបាន បោះឆ្នោតគាំទ្រគណបក្ស ណាក្តីសូមបន្តរួបរួមគ្នាជាធ្នុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោម ម្លប់បារមីដ៏ត្រជាក់នៃព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបន្តថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ ថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍមាតុភូមិ ឱ្យកាន់តែជឿនលឿននិងខ្លាំងក្លាឡើង ដែលជាផលប្រយោជន៍រួមជាសារវន្តរបស់ប្រជាជាតិកម្ពុជាទាំងមូល។ ជាមួយគ្នានេះ សូមអំពាវនាវ ដល់សមាជិក-សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំងអស់ ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ សូមរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបម្រើប្រជាជន ស្របតាមតួនាទី និងភារកិច្ចដែលច្បាប់បានកំណត់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍឃុំ-សង្កាត់ នីមួយៗ ឱ្យកាន់តែបានរីកចម្រើនឡើងឆ្លើយតប ទៅនឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋជា ម្ចាស់ឆ្នោត។

ជាទីបញ្ចប់ សូមប្រសិទ្ធពរជូនសមាជិក សមាជិកាគណបក្ស និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមបានប្រកបនូវសេចក្តីសុខ សុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ”។

ដោយឡែក លោកវិល្លៀម ហេដថ៍ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៧ នៅភូមិគ្រឹះរបស់សម្តេច លោក ឯកអគ្គរដ្ឋទូត បានសរសើរសម្តេចនាយករដ្ឋមន្ត្រី ចំពោះជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ។

ក្នុងជំនួបនេះ ក៏បានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់អាមេរិក និងកម្ពុជា អាទិភាព នៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃ ទៀតដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-អាមេរិក៕

ខៀវ ទុំ

RELATED ARTICLES