Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ថ្ងៃខួបកំណើត ក្រាបសំពះមាតា រំលឹកការទូន្មានប្រៀនប្រដៅ

លោកកឹម សុខា ថ្ងៃខួបកំណើត ក្រាបសំពះមាតា រំលឹកការទូន្មានប្រៀនប្រដៅ

ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបកំណើតគម្រប់៦៤ឆ្នាំរបស់លោក បានទៅក្រាបសំពះមាតារបស់លោក ជាការបង្ហាញនូវកតញ្ញុតាធម៌ក្នុងនាមជាកូន ព្រមទាំងបានរំលឹកឡើងវិញ អំពីពាក្យពេចន៍អប់រំទូន្មានប្រៀនប្រដៅរបស់អ្នកមានគុណចំពោះរូបលោកតាំងពីលោកនៅវ័យក្មេង។

លោកកឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ថា “ថ្ងៃនេះ កាលពី៦៤ឆ្នាំមុន (ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣) គឺជាថ្ងៃដែលម៉ែបានផ្តល់កំណើតឱ្យកូន កូនបានឃើញពន្លឺព្រះអាទិត្យ។ អ្នកម៉ែតែងតែប្រៀនប្រដៅកូន ឱ្យកូនខិតខំសិក្សារៀនសូត្រ ទោះបីគ្រួសារយើងក្រីក្រក្តី។

លើសពីនេះទៀត ម៉ែតែងតែទូន្មានប្រដៅឱ្យកូនចេះស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងចេះជួយយកអាសាការពារអ្នកទន់ខ្សោយ។

ក្នុងឱកាសថ្ងៃខួបកំណើតខ្ញុំនេះ ខ្ញុំសូមជូនពរដល់អ្នកម៉ែដែលមានជន្មាយុ៨៩ឆ្នាំហើយ សូមអ្នកម៉ែមានសុខភាពល្អ និងអាយុយឺនយូរបន្តទៀត ដើម្បីឃើញប្រទេសជាតិយើងមានសន្តិភាពពេញលេញ និងប្រជាពលរដ្ឋខ្មែរយើង  រស់នៅដោយសុខដុមរមនាដូចអ្វីដែលម៉ែប្រាថ្នា ចង់បាននោះ”។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាមួយម្តាយបង្កើត

ក្នុងឱកាសខួបកំណើតរបស់លោកកឹម សុខា កូនស្រីទាំង២របស់លោក គឺកញ្ញាកឹម មនោវិទ្យា និងកឹម សម្មាធីតា ក៏បានផ្ញើសារតាមហ្វេសប៊ុក ជូនពរលោកឪពុកផងដែរ។

គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ លោកកឹម សុខា បានរៀបចំធ្វើពិធីខួបកំណើតគម្រប់អាយុ៦៣ឆ្នាំ របស់លោក នៅក្នុងបន្ទប់ទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ខណៈដែលលោកកំពុងសម្ងំលាក់ខ្លួននៅទីនោះអស់រយៈពេលមួយខែ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន”។ ប៉ុន្តែក្រោយមក លោកកឹម សុខា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឱ្យលោកតាមការទូលថ្វាយស្នើសុំពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា លោកកឹម សុខា ក្នុង ឋានៈជាប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះ លោកកំពុងជំនឿជាក់ថា គណបក្សរបស់លោកនឹងឈ្នះឆ្នោតនៅឆ្នាំ២០១៨ បានដឹកនាំប្រទេសមិនខាន បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រ ៤៣,៨៣% ប្រកៀកប្រកិតនឹងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេង ៥០,៧៦%៕

RELATED ARTICLES