ភ្នំពេញ : បុរសម្នាក់បើកម៉ូតូរឺុកម៉កដឹកនំប៉ាវ លឿនពេក គេចមិនទាន់ជ្រុលបុករថយន្តម៉ាកកូរ៉ូឡា ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ២AH-៤៣៨៨ របស់តាក់សីុម៉ែត បណ្ដាលឲ្យខូចខាតតិចតួច ហើយជាប់នៅកណ្ដាលផ្លូវ បង្កការកកស្ទះចរាចរណ៍ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្បែរស្តុបវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសអ្នកបើករថយន្តតាក់សីុម៉ែត បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គាត់បានដឹកភ្ញៀវស្រីម្នាក់ពីអូរឬស្សី គោលបំណងទៅផ្សារព្រែកឯង លុះមកដល់ផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានម៉ូតូរឺុកម៉កដឹកនំប៉ាវឆា្ងញ់លីលី ១៦៨ មកបុករថយន្តគាត់ពីចំហៀងខាងឆ្វេងរថយន្ត ហើយគៀបជាប់នឹងរថយន្តគាត់តែម្ដង ដោយខូចខាតរថយន្តគាត់បន្តិច រលាត់ថ្នាំឡាន ហើយក៏ទាមទារសំណងមិនច្រើនទេ ត្រឹមតែ២០ដុល្លារ តែបើយកទៅធ្វើក៏ក្រោមពី៤០ដុល្លារដែរ តែនឹកឃើញម្ចាស់ម៉ូតូរឺុម៉កកម្មករគេដែរ ។
សមត្ថកិច្ចនគរបាលបានប្រាប់ថា គ្រោះថ្នាក់រវាងម៉ូតូរឺុម៉កដឹកនំប៉ាវបោះដុំ ដឹកយកទៅបេនឡាន ផ្ញើតាមបណ្ដាខេត្ត-ក្រុង បានបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តតាក់សីុម៉ែត គៀបជាប់រថយន្តនិងទ្រូងផ្លូវ នៅកណ្ដាលផ្លូវ បង្កការកកស្ទះចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យអ្នកណារងរបួសទេ រួចក៏គូសវាស់ដាក់អែបដាក់ខាង ដើម្បីសម្រួលចរាចរណ៍ រួចភាគីខាងរថយន្តស្នើសុំឲ្យម្ចាស់រុឺម៉ក បង្កហេតុ សង២០ដុល្លារ តែបុរសអ្នកបើកម៉ូតូរឺុម៉ក សុំត្រឹមតែ៦មឺុនរៀល ពញរោះក្នុងហោប៉ៅមានលុយតែប៉ុណ្ណឹង ហើយលុយនេះជាសាហ៊ុយសម្រាប់យកនំប៉ាវដាក់តាក់សីុ ផ្ញើទៅបណ្ដាខេត្ត ចំណែកម្ចាស់រថយន្ត ក៏ព្រមយក៦មឺុនរៀល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕