ក្រុមប្រជាពលរដ្ឋជាអាជីវករនៅខេត្តប៉ៃលិន ដែលប្រកបរបរលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី បានខ្សឹប ឱ្យឮតាម “នគរធំ” ថា កាំកុងត្រូល និងខាងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន មិនដឹងជាធ្វើការយ៉ាងម៉េច ឃើញតែដើរពិនិត្យ ចាប់ទំនិញ ដែលកំពុងដាក់លក់តាមតូបនានាក្នុងផ្សារ ដោយគ្មានអាសូរ តែបែរជាបើកដៃឱ្យឈ្មួញនាំទំនិញចូលតាមច្រកព្រំដែនអន្តរជាតិ ព្រំ យ៉ាងគគ្រឹកគគ្រេង។
ក្រុមអាជីវករផ្សារប៉ាហ៊ី បានខ្សឹបឱ្យឮថា រាល់ថ្ងៃនេះ ទំនិញដែលឈ្មួញដឹកតាមម៉ូតូ និងរថយន្តរាប់សិបតោន ចូលមកក្នុងទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យ៉ាងរលូន ដោយមិនដែលឃើញខាងកាំកុងត្រូល ឬមន្ត្រីជំនាញណាមួយ ធ្វើការត្រួតពិនិត្យឱ្យបានដិតដល់ ឬចាប់ឃាត់ទុកនោះឡើយ ខណៈទំនិញ និងម្ហូបអាហារមួយចំនួនប្រកបទៅដោយសារធាតុគីមី។
ក្រុមអាជីវករផ្សារប៉ាហ៊ី បានខ្សឹបប្រាប់ថា ម្ហូបចំណីដែលពួកគាត់លក់ដូររាល់ថ្ងៃ ដូចជា ម្ហូបអាហារ មឹក បង្កង បង្គា ជាដើម ដែលពួកគាត់ទិញពីឈ្មួញនាំចូលមកពីប្រទេសថៃ ចេះតែព្រួយបារម្ភ ខ្លាចក្រែងខាងកាំកុងត្រូលចុះ មកចាប់យកទៅបោះចោល ខណៈពិនិត្យឃើញមានសារធាតុគីមី ឬគេចោទថា ខូចគុណភាព ជាដើម។ ពួកគាត់សង្ស័យថា ខាងកាំកុងត្រូល ដើរចាប់ទំនិញជាញឹកញាប់ ដោយមានអ្នកកាសែត និងទូរទស្សន៍មួយចំនួន ដើរតាមថតព្រោងព្រាត គ្រាន់តែបង្ហាញយកមុខ (ម៉ាម៉ាយកតែស៊ង) ឱ្យថ្នាក់លើបានឃើញពីស្នាដៃប៉ុណ្ណោះ។ ផ្ទុយ ទៅវិញ នៅច្រកព្រំដែន ទំនិញមានសារធាតុគីមី ខូចគុណភាព នៅតែបន្តហូរចូលមកក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ដោយគ្មានមន្ត្រីជំនាញ ឬកាំកុងត្រូល អើពើចុះចាប់ ឬត្រួតពិនិត្យសោះឡើយ។
ក្រុមអាជីវករ បានខ្សឹបថា ពួកគាត់ពិត ជាព្រួយបារម្ភណាស់ ចំពោះការលក់ដូរប្រចាំថ្ងៃ ព្រោះសូម្បីពួកគាត់ជាអាជីវករ ក៏មើលមិនដឹងថា ទំនិញណាមានសារធាតុគីមី ឬក៏អត់ដែរ ហើយប្រសិនបើខាងកាំកុងត្រូលរកឃើញមានសារធាតុគីមីនៅក្នុងមឹក បង្គា ដែលពួកគាត់ដាក់លក់ ហើយយកទៅបោះចោលនោះ ពិតជាធ្វើឱ្យពួក គាត់ខាតបង់ថវិកាច្រើនណាស់ ព្រោះពួកគាត់ទិញបន្តពីឈ្មួញ ដែលដឹកចូលមកក្នុងខេត្តប៉ៃលិន តាមច្រកទ្វារអន្តរជាតិព្រំ តែកាំកុងត្រូល បែរជាមិនឆែកពិនិត្យនៅច្រកព្រំដែនជាមុនបែរ ជាមកចុះចាប់តាមផ្សារ តាមតូបរបស់ពួកគាត់ លក់ដូរទៅវិញ ហើយការចុះចាប់ទំនិញនេះទៀត គឺធ្វើឡើងតែចំពោះតូបលក់ដូរតូចៗប៉ុណ្ណោះ រីឯតូបធំៗ អត់ឃើញមានការត្រួតពិនិត្យអ្វីទេ ជាហេតុធ្វើឱ្យក្រុមអាជីវករ តូចតាចអាក់អន់ ស្រពន់ចិត្តខ្លាំងណាស់។
ចំណែកឈ្មួញមួយចំនួន ដែលរកស៊ីដឹក ត្រី សាច់ជ្រូក សាច់មាន់ និងទំនិញផ្សេងៗចូល មកលក់នៅក្នុងទឹកដីខ្មែរ បានខ្សឹបដែរថា ពេលខ្លះពួកគេឃើញក្រុមឈ្មួញទុច្ចរិតធំៗ ដាក់សារធាតុគីមីម៉្យាង ដែលរក្សាម្ហូបអាហារបានយូរនៅក្នុងត្រី បង្គា មឹក និងម្ហូបអាហារមួយចំនួន នៅក្នុងទឹកដីថៃ រួចដឹកតាមម៉ូតូ និងរថយន្ត យកទៅចែកចាយនៅក្នុងខេត្តប៉ៃលិន និងរហូតទៅដល់ខេត្តបាត់ដំបង ព្រមទាំងខេត្តផ្សេងៗជាច្រើន ទៀតផងដែរ។ ដូច្នេះម្ហូបអាហារដែលនាំចូលមកពីប្រទេសថៃ ពិតជាមិនមានសុវត្ថិភាពប៉ុន្មានឡើយ ព្រោះកាំកុងត្រូល បានបើកដៃឱ្យឈ្មួញ នាំចូលទំនិញដោយគ្មានការពិនិត្យគុណភាពជា ថ្នូរនឹងការបង់លុយចូលហៅប៉ៅ។
ទាក់ទងនឹងបញ្ហាគុណភាពម្ហូបអាហារ នាំចូលពីប្រទេសជិតខាងនេះ ប្រជាពលរដ្ឋបានខ្សឹបឱ្យឮដល់ថ្នាក់លើ មេត្តាមានវិធានការ ឬចំណាត់ការឱ្យបានតឹងរ៉ឹង ចំពោះមន្ត្រីជំនាញ ពិសេសកាំកុងត្រូលនៅតាមច្រកព្រំដែនផង ព្រោះបើចេះតែបើកដៃឱ្យឈ្មួញ នាំចូលដោយគ្មានការពិនិត្យគុណភាពបែបនេះ ច្បាស់ជាស្លាប់ ប្រជាពលរដ្ឋអស់ហើយ ហើយក្នុងនោះក្រុមគ្រួសារអស់លោកមន្ត្រីកាំកុងត្រូល ក៏អាចនឹងទទួលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់ ហូបចុកផងដែរ ព្រោះវាគឺជាបញ្ហាសុខុមាលភាពសង្គមជាតិទាំងមូល។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពី មន្ត្រីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវ ទុំ