Monday, November 25, 2024
Homeនយោបាយមេបក្សប្រឆាំង ប្តេជ្ញាអនុវត្តគោលការណ៍ដើម្បីឈ្នះឆ្នោត២០១៨

មេបក្សប្រឆាំង ប្តេជ្ញាអនុវត្តគោលការណ៍ដើម្បីឈ្នះឆ្នោត២០១៨

ខេត្តកំពង់ឆ្នាំង ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងវេទិកាអរគុណ ម្ចាស់ឆ្នោតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងថា ពេលនេះគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរតាមផ្លូវត្រូវជិតឈានទៅដល់ជ័យជម្នះហើយ ដូច្នេះលោកនិងគណបក្សប្រឆាំង ប្តេជ្ញាបន្តអនុវត្តគោលការណ៍ “ទន់ភ្លន់ មិនទន់ជ្រាយ រឹងមាំ មិនរឹងរូស” ដើម្បីឈានទៅដល់ជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាឆ្នាំ២០១៨ ខាងមុខ។

ក្រៅពីថ្លែងផ្ទាល់មាត់នៅក្នុងវេទិកាអរគុណម្ចាស់ឆ្នោតនៅខេត្តកំពង់ឆ្នាំងនោះ នៅថ្ងៃដដែលនោះ លោកកឹម សុខា ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ថា “ទន់ ភ្លន់ មិនទន់ជ្រាយ រឹងមាំ មិនរឹងរូស” ដើម្បីសម្រេចគោលដៅយើង។ យើងបានធ្វើដំណើរតាមផ្លូវត្រូវ និងជិតដល់ជ័យជម្នះហើយ។ ទោះបីមានឧបសគ្គនៅច្រើនយ៉ាងណាក៏ដោយ ខ្ញុំយល់ថា ឱ្យតែយើងបន្តអនុវត្តនូវគោលការណ៍  “ទន់ភ្លន់ មិនទន់ជ្រាយ រឹងមាំ មិនរឹងរូស” នេះ តទៅទៀត យើងនឹងសម្រេចបានជោគជ័យ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនប្រាថ្នាចង់បានជាមិនខាន។

សម្រាប់ខ្ញុំ ជាអ្នកដឹកនាំ ខ្ញុំគិតថា លើសពីការទទួលបានជ័យជម្នះ ការធ្វើនយោបាយ ប្រកាន់យកគោលការណ៍នេះ យើងនឹងអាចបញ្ចប់នូវការគុំកួនសងសឹកគ្នា និងឈានទៅរកការផ្សះផ្សាជាតិ ដើម្បីកិត្តិយសកេរ្តិ៍ឈ្មោះ ប្រទេសជាតិ និងជីវភាពថ្លៃថ្នូរសម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរយើង។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងវេទិកាថ្លែងអំណរគុណពលរដ្ឋម្ចាស់ឆ្នោត នៅខេត្តកំពង់ឆ្នាំង

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលឡើងកាន់តំណែងបន្តពីលោកសម រង្ស៊ី កំពុងមានជំនឿជាក់យ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិ នឹងបានទទួលជ័យជម្នះយ៉ាងពិតប្រាកដ នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រសរុប ៤៣,៨៣ភាគរយ និងទទួលបានកៅអីមេឃុំ-ចៅសង្កាត់ ចំនួន៤៨៩ ជំទប់ទី១ ចំនួន៥០៣ និងជំទប់ទី២ ចំនួន១០៨៧។

ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សប្រឆាំង នេះនៅតែចាត់ទុកថា ដំណើរការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នៅ ឡើយ៕

RELATED ARTICLES