ភ្នំពេញ ៖ លោកជុំ កុសល ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាកូនជនក្បត់ជាតិ បន្ទាប់ពីលោកសម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបអះអាងពីប្រវត្តិនៃការបង្កើតគណបក្សប្រជាជនកម្ពុជាថា បង្កើតដោយចលនាកុម្មុយនីសវៀតណាម ហើយចោទប្រកាន់ថា គណបក្សកាន់អំណាចព្យាយាមលាក់ប្រវត្តិពិតរបស់ខ្លួន។
លោកជុំ កុសល បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ថា “គ្មានភាពអាថ៌កំបាំងចំពោះប្រភពកំណើតរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ដូចដែលកូនជនក្បត់ជាតិ សម សារី ឈ្មោះសម រង្ស៊ី បានលាបពណ៌នោះទេ។ គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមគណបក្សប្រជាជនបដិវត្តន៍ខ្មែរ មានកំណើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រច្រើនជំនាន់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ចូលមកដល់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល៦៦ឆ្នាំហើយៗនៅព្រឹកថ្ងៃនេះ គណបក្ស បានប្រារឰទិវាខួបគម្រប់លើកទី៦៦ របស់ខ្លួន យ៉ាងអធិកអធមបំផុត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស”។
ដោយឡែក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោកជុំ កុសល បានសរសេរក្នុងគណនីហ្វេសប៊ុកដដែលថា “ជំងឺឃ្លានអំណាច គឺជាជំងឺដែលពិបាកព្យាបាល ហើយក៏ជាប្រភេទជំងឺដែលគ្រោះថ្នាក់បំផុត។ អ្នកមានជំងឺឃ្លាន អំណាច ពួកគេមិនខ្វល់អ្វីក្រៅតែពីធ្វើយ៉ាងណាឱ្យតែបានអំណាចមកក្នុងដៃរបស់គេ។ អ្វីដែលគេត្រូវធ្វើ គឺយ៉ាងណាដើម្បីឱ្យមានប្រៀបជាងអ្នកដែលកំពុងគ្រប់គ្រងអំណាចនៅក្នុងដៃ។
លោកសម រង្ស៊ី គឺជាប្រភេទមនុស្សដែលមានជំងឺឃ្លានអំណាចដ៏ធ្ងន់ មិនអាចព្យាបាលបាន។ ពាក្យថា “ឈ្នះ” ត្រូវបានលោកសម រង្ស៊ី ប្រើអស់រយៈពេលម្ភៃឆ្នាំមកហើយ នេះមិនមែនជារឿងថ្មី។ នៅក្នុងពិភពលោកនេះ មានតែមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា តែមួយគត់ ដែលប្រកួតប្រជែងអំណាចចាញ់ដល់ទៅប្រាំអាណត្តិ មានរយៈពេលម្ភៃឆ្នាំ ហើយនៅតែចង់មកប្រកួតប្រជែងទៀត។
មកដល់ពេលនេះ លោកសម រង្ស៊ី កំពុង វង្វេងវង្វាន់និយាយលែងដឹងខុសត្រូវអស់ទៅហើយ សូម្បីតែខ្លួនអស់សិទ្ធិ អស់តួនាទីក្នុងបក្សក៏ដោយ ក៏លោកសម រង្ស៊ី នៅតែគិតថា ខ្លួនគឺជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស សង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងអំណាច ជាមួយសម្តេចហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៨នេះ បំពានលើលោកកឹម សុខា ដែលជាប្រធានគណបក្សស្របច្បាប់ដែរ។ នេះហើយគេហៅថា មនុស្សមានជំងឺឃ្លានអំណាច”។
ជុំវិញការលើកឡើងរបស់លោកជុំ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល លោកអានន្ទដា យ៉ាត បានថ្លែងយល់ស្របដោយលោកបានបញ្ជាក់ថា លោកសម រង្ស៊ី មិនអាចដឹកនាំប្រទេសបានទេ នឹងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ។
លោកអានន្ទដា យ៉ាត បានមានប្រសាសន៍ថា “បាទ ! ខ្ញុំយល់ឃើញថា វាជាសច្ចភាព ប្រវត្តិសាស្ត្រ គ្មានជនណាអាចកែប្រែសច្ចភាពប្រវត្តិសាស្ត្រនេះបានទេ។ ឃ្លាដែលថា ជនក្បត់ជាតិនេះ ត្រូវបានបន្លឺឡើងដោយព្រះបរមរតន- កោដ្ឋ ព្រោះថា លោកសម សារី ជាមន្ត្រីធ្លាប់បម្រើថ្វាយព្រះបរមរតនកោដ្ឋ ហើយសម សារី បានក្បត់ជាមួយព្រះអង្គ ក្បត់ជាតិ ទៅចូលដៃចូលជើងជាមួយសឺង ង៉ុកថាញ់ ខ្មែរសេរី បំណងផ្តួលរំលំរបបសង្គមរាស្ត្រនិយម។ អានេះជាសច្ច ប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចកែប្រែបានទេ ព្រោះពិតណាស់ សម រង្ស៊ី ជាកូនជនក្បត់ជាតិ សម រង្ស៊ី ខ្លួនឯងនេះ ក៏មានបំណងសងសឹកជួសឪពុក។ ដូច្នេះហើយ យើងគិតតាំងពី៩៥ ដែល សម រង្ស៊ី ចូលធ្វើនយោបាយមក គឺសម រង្ស៊ី គ្មានអ្វីក្រៅតែពីញុះញង់ ក្រៅតែពីលាបពណ៌ ក្រៅតែពីចង់សងសឹកជួសឪពុក។ មហាជនហួសពីដឹងហើយថា សម សារី ជាមនុស្សក្បត់ជាតិ មហាជនពិតជាដឹងថា សម រង្ស៊ី ចង់សងសឹក ជំនួសឪពុក ដោយសារតែឪពុកក្បត់ជាតិ ព្រោះថា ខ្លួនឯង សម រង្ស៊ី ហ្នឹង មិនដែលស្គាល់ឪពុកហ្នឹង ឱ្យបានច្បាស់លាស់ប៉ុន្មានទេ។ កាលឪពុករត់ទៅក្បត់ជាតិហ្នឹង ក៏ខ្លួនឯងនៅតូចដែរ ដូច្នេះហើយ វានៅបង្កប់នូវបន្សល់នូវវិប្បដិសារី គ្មានអ្វីក្រៅពីតែគិតថា ប្រហែលជាគេធ្វើបាបឪពុកខ្លួនអីអ៊ីចឹងទៅ។ អ៊ីចឹងហើយ សម រង្ស៊ី រកកាលានុវត្តភាពគ្រប់កាលៈទេសៈ ដើម្បីសង គុណជូនឪពុក តាមរយៈក្បត់ជាតិដែរ”។
លោកអានន្ទដា យ៉ាត បានមានប្រសាសន៍បន្តថា “បើមានពាក្យថាក្បត់ជាតិនេះ បើសិនជាលោកសម រង្ស៊ី ដឹកនាំប្រទេស វាអាចធ្វើឱ្យប្រទេសយើងក្រឡាប់ចាក់សាជាថ្មី។ ថ្មីៗនេះ យើងដឹងហើយថា តាំងពីទៅលួចចុះអនុស្សរណៈ យោគយល់គ្នាជាមួយយួនសេរី។ អ៊ីចឹង សំណួរសួរថា មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិហ្នឹង គាត់មានបានប្រាប់ប្រជាពលរដ្ឋថា មូលហេតុអីគាត់ចុះអនុស្សរណៈជាមួយយួនសេរី ហើយនៅ? នៅពេលដែលគណបក្សសង្គ្រោះជាតិ ទាំងលោកកឹម សុខា សព្វថ្ងៃនេះ ក៏បានទៅចូលរួមចុះហត្ថលេខា ក៏បានទៅចូលរួមជាសាក្សីក្នុងការចុះហត្ថលេខាជាមួយយួនសេរី។ យួនសេរីនេះ គេក៏មានបំណងចង់បានឯករាជ្យមកវិញ ពីវៀតណាមខាងត្បូង។ អ៊ីចឹងយួនសេរី ក៏មានសកម្មភាព អ៊ីចឹងបើសម រង្ស៊ី ដឹកនាំប្រទេស សំណួរសួរថា យួនសេរីគាត់នឹងមានកម្លាំង គាត់នឹងមានលទ្ធភាព គាត់នឹងមានឱកាសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីតស៊ូកម្លាំងប្រដាប់អាវុធ ទាមទារយក វៀតណាមខាងត្បូងមកវិញ ហើយបើសិនជានៅក្នុងបរិបទហ្នឹង តើខ្មែរយើងប្រឈមនឹងសង្គ្រាមទៀតទេ? នេះជាសំណួរដែលខ្មែរយើងទាំងអស់គ្នាគួរគិតពិចារណា ថាតើសម រង្ស៊ី ដែលគាត់ទៅចុះអនុស្សរណៈយោគយល់គ្នាជាមួយ យួនសេរី ក្នុងគោលបំណងស្អី? ចំពោះយើងៗមើលឃើញថា ជាទស្សនៈអាក្រក់ ដែលយើងមិនអាចមើលស្រាល ហើយមិនអាចទទួលយកបានទេ។ អ៊ីចឹងគ្រាន់តែចំណុចដែលថា ចុះហត្ថលេខាជាមួយយួនសេរីហ្នឹង វាក្បត់ជាតិ បាត់ទៅហើយ”។
ទោះបីយ៉ាងណា លោកជាម ច័ន្ទនី សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងធ្លាប់ជាសហការីជិតស្និទ្ធរបស់លោក សម រង្ស៊ី បានបញ្ជាក់ថា លោកសម រង្ស៊ី មិនមែនជាកូនក្បត់ជាតិទេ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “បាទ ! ចំពោះបញ្ហាចោទប្រកាន់នេះ ខ្ញុំចាំបានថា មានឯកសារមួយចំនួនរបស់ព្រះករុណា ព្រះអង្គបញ្ជាក់ ឯកឧត្តមដែលជាឪពុករបស់សម រង្ស៊ី ហ្នឹង មិនមែនជាអ្នកក្បត់ជាតិ ដូចគេថាទេ ហើយយើងឱ្យនិយមន័យរឿងក្បត់ជាតិហ្នឹង។ ក្បត់ជាតិ ទាល់តែយើងលក់ទឹកដី យើងក្បត់ប្រទេសយើងៗកាត់ដីឱ្យគេ យើងកាប់ព្រៃ និងបំផ្លាញអីសព្វគ្រប់ អាហ្នឹងបានក្បត់ជាតិ ហើយតាមយើងមើល រយៈកន្លងមកហ្នឹង ទាំងឯកឧត្តមសម រង្ស៊ី ក្តី ឯកឧត្តមដែលជាឪពុកលោកក្តី គឺមិនដែលប៉ះពាល់បំផ្លាញទ្រព្យសម្បត្តិជាតិទេ។ ដូច្នេះ ការចោទប្រកាន់ហ្នឹង គេគ្រាន់តែថាទេ ហើយចំពោះការក្បត់ជាតិពិតប្រាកដហ្នឹង ប្រជាពលរដ្ឋ គេឱ្យតម្លៃហើយ អ្នកណាក្បត់ជាតិ អ្នកណាមិនក្បត់ជាតិនោះ?
លោកជាម ច័ន្ទនី បានមានប្រសាសន៍បន្តថា “ឯកឧត្តមសម រង្ស៊ី លោកនិយាយពីកំណើតបក្សប្រជាជនកម្ពុជា។ អានេះមិនបាច់ឯកឧត្តម សម រង្ស៊ី គាត់ថាទេ ខ្មែរទូទៅដែលរៀនសូត្របានជ្រៅជ្រះល្មមៗហ្នឹងគេដឹង ពីព្រោះគណបក្សប្រជាជនកម្ពុជា កើតក្រោយពេលដែលបារាំងដកទៅហ្នឹង ខាងរដ្ឋបាល ជាពិសេស លោកហូ ជីមិញ ហ្នឹងបានបង្កើត ដើម្បីរៀបចំគ្រប់គ្រងឥណ្ឌូចិនយើង ជំនួសបារាំង ព្រោះគេចង់គ្រប់គ្រង គេធ្វើជាចៅហ្វាយនាយឡាវ ខ្មែរ។ ដូច្នេះដើម្បីគេគ្រប់គ្រងបាន ទាល់តែគេបង្កើតគណបក្សហ្នឹង គឺថាទិសដៅគេនាំលទ្ធិកុម្មុយនិស្តចូលមក ដើម្បីគ្រប់គ្រងប្រទេសទាំងពីរទាំងបីហ្នឹង ជាពិសេស គឺឥណ្ឌូចិនទាំងមូល។ សរុបសេចក្តីមក មិនបាច់ថា ឯកឧត្តមសម រង្ស៊ី គាត់លាបពណ៌លាបអីទេ គឺយើងទាំងអស់គ្នា យើងដឹងថា បក្ស ប្រជាជនកម្ពុជាហ្នឹងកើតឆ្នាំណា ហើយគោលបំណងអី ? ជាសរុប យើងគ្រាន់តែបញ្ជាក់ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងគិតន័យដែល ស្មើនឹងក្បត់ជាតិហ្នឹង គឺថាទាល់តែមនុស្សហ្នឹង លក់ទឹកលក់ដី កាប់ព្រៃឈើ កាត់ទឹកកាត់ដីឱ្យគេ ហើយជារួមពាក់ព័ន្ធនឹងបរទេសជិតខាងហ្នឹង។ តែដូចខ្ញុំជម្រាបអ៊ីចឹង ចំពោះឯកឧត្តម សម រង្ស៊ី មិនដែលបានធ្វើរឿងអស់នេះទេ។ ដូច្នេះការវាយតម្លៃថា ឯកឧត្តមសម រង្ស៊ី ក្បត់ជាតិនោះ គឺជារឿងអ្នកដែលគេថាហ្នឹង ហើយរឿងពិតនៅត្រង់ណានោះ ឱ្យប្រជាពលរដ្ឋជាអ្នកវាយតម្លៃ ហើយខ្ញុំគិតថា ឯកឧត្តមសម រង្ស៊ី ទំព័រប្រវត្តិសាស្ត្រខ្មែរនៅយុគសម័យយើងនេះ គឺថា លោកជាវរជនស្នេហាជាតិមួយ។ បើអត់ មានឯកឧត្តមសម រង្ស៊ី ទេ ការដឹកនាំបក្សប្រឆាំងមកទល់ពេលនេះ គឺ អត់អាចប្រព្រឹត្តទៅបានទេ អត់អាចរកសិទ្ធិសេរីភាពជួនប្រជាពលរដ្ឋបានទេ ម្នាក់ៗគិតតែខ្លាចរកសុខរៀងៗខ្លួន”៕
កុលបុត្រ