ជូនចំពោះលោកនិពន្ធនាយកសារព័ត៌មាននគរធំ
កម្មវត្ថុ ៖ ការបំភ្លឺ និងទាមទារកែតម្រូវការចុះផ្សាយខ្លឹមសារព័ត៌មានរបស់សារព័ត៌មាននគរធំ។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សារព័ត៌មាននគរធំ បានចុះផ្សាយខ្លឹមសារព័ត៌មានមួយដែលមានចំណងជើងថា “ផ្ទុះរឿងធំហើយ” បុគ្គលិកប្រហែល២០០នាក់ ដើរចេញពី PNN ដោយសារអ្នកគ្រប់គ្រងផលិតកម្មវិធីជនជាតិថៃ?”។
ការចុះផ្សាយខ្លឹមសារព័ត៌មានរបស់សារព័ត៌មាននគរធំ គឺផ្ទុយពីការពិត ហើយបានធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថានីយទូរទស្សន៍ PNN ។ ការចុះផ្សាយខ្លឹមសារព័ត៌មានរបស់សារព័ត៌មាននគរធំ គឺជាធាតុផ្សំនៃបទល្មើស។
ស្ថានីយទូរទស្សន៍ PNN សូមបំភ្លឺថា ពុំមានការលាឈប់ ឬដើរចេញរបស់បុគ្គលិកប្រហែល២០០នាក់នោះទេ។ ក្នុងផ្នែកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ PNN ក៏មិនមានជម្លោះដែលឈានដល់ការលាឈប់របស់បុគ្គលិកដ៏ច្រើន ដូចការចុះផ្សាយរបស់សារព័ត៌មាននគរធំ នោះដែរ គ្រាន់តែមានការយល់ច្រឡំបន្តិចបន្តួចក្នុងទំនាក់ទំនងការងារក្នុងក្រុម ហើយបញ្ហានេះក៏ត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នដោះស្រាយបញ្ចប់រួចរាល់ហើយដែរ។
យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ស្ថានីយទូរទស្សន៍ PNN ទាមទារដល់សារព័ត៌មាននគរធំ ចុះផ្សាយនូវការកែតម្រូវខ្លឹមសាររបស់ខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានីយទូរទស្សន៍ PNN សង្ឃឹមថា លោកនិពន្ធនាយកសារព័ត៌មាននគរធំ នឹងពិនិត្យខ្លឹមសារព័ត៌មានដែលបានចុះផ្សាយ ហើយធ្វើការចុះផ្សាយនូវខ្លឹមសារកែតម្រូវឡើងវិញ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧