-កម្រាលពូក ៖ ទោះបីកម្រាលពូក ជាវត្ថុប្រើប្រាស់ដែលមើលទៅមិនសូវមានស្នាមប្រឡាក់ក្តី តែក៏មិនមែនថាវាស្អាតគ្មានមេរោគនោះឡើយ។ ទាំងល្អងធូលី ដែលអណ្តែតក្នុងខ្យល់អាកាស និងស្នាមញើសហូរចេញពីរាងកាយ ក៏ធ្វើឱ្យកើតភាពកខ្វក់ និងអាចនាំឱ្យមានក្លិនផ្តុសបានដែរ។ យកល្អគួរ សម្អាតកម្រាលពូក ១សប្តាហ៍ម្តង ដោយទឹកក្តៅ និងចំហុយខ្យល់ក្តៅម្តងទៀត ដើម្បីឱ្យស្អាតយ៉ាងពិតប្រាកដ។ វិធីនេះអាចយកទៅបោក វាំងននបានដូចគ្នា។
-ខ្នើយ ៖ គួរសម្អាត១ឆ្នាំ ២-៣ដង ឬរាល់ ៦ខែម្តង ដោយបោកក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ ប្រើទឹកថ្នាំបោកសម្លៀកបំពាក់ និងយកទៅចំហុយក្នុងម៉ាស៊ីនម្តងទៀត ដើម្បីសម្លាប់មេរោគឱ្យអស់។
-កម្រាលគេង ៖ វត្ថុដែលមានទំហំធំដូចជាកន្ទេល, កម្រាលគេង ឬក្រណាត់ក្រាលគេង ពុំចាំបាច់ត្រូវសម្អាតជាប្រចាំរាល់សប្តាហ៍ ឬរាល់ខែទេ តែគួរសម្អាតយ៉ាងតិច១ឆ្នាំ ២ដង ដោយប្រើម៉ាស៊ីនស្រូបធូលី ហើយប្រើទឹកសាប៊ូដុស និងខាត់ស្នាមប្រឡាក់ថ្នមៗ បន្ទាប់មកយកក្រណាត់មកជ្រលក់ទឹកត្រជាក់ផ្តិតចេញ តែយ៉ាងណាក៏ដោយវិធីល្អគួរជ្រើសទិញកម្រាលពូក និងកម្រាលគេងដែលមានគុណសម្បត្តិក្នុងការជួយបង្ការល្អងធូលី។
-ចង្ក្រានចំហុយ និងចង្ក្រានម៉ៃក្រូវេវ ៖ ប្រសិនពុំសូវបានចម្អិនអាហារពីចង្ក្រានម៉ៃក្រូវេវ ឬមិនសូវមានស្នាមប្រឡាក់ក្តី គួរសម្អាតចង្ក្រានចំហុយរាល់៦ខែ តែប្រសិនប្រើការញឹកញាប់ ត្រូវសម្អាត១សប្តាហ៍ម្តង ដោយដោះកន្ត្រង និងបន្ទះទ្រ អាហារនៅខាងក្នុងទៅត្រាំក្នុងទឹកសាប៊ូដែលលាយទឹកក្តៅ បន្ទាប់មកយកទឹកសាប៊ូ លាយសូដ្យូមប៊ីការបូណាត មកប្រោះខាងក្នុងចង្ក្រានចំហុយឱ្យសព្វញីក្រដាស កាសែតទៅញាត់ចូលបន្ទះបិទបើករបស់ទ្វារម៉ៃក្រូវេវដើម្បីបង្ការស្ប្រៃយ៍ហូរចូលទៅខាងក្នុង ហើយទុកចោល១យប់។ បន្តមកទៀត ត្រូវលាយសាប៊ូរាវជាមួយទឹកក្តៅ មកជូតសម្អាតខាងក្នុង រួចយកក្រណាត់ជ្រលក់ទឹកជូតម្តងទៀតជាការស្រេច។ បើកចង្ក្រានចំហុយទុកចោលប្រមាណ២-៣ថ្ងៃ ឱ្យក្លិនទឹកថ្នាំហើរចេញ មុននឹងប្រើការ។
-ទូក្នុងផ្ទះបាយ ៖ អាហារច្រើនប្រភេទដែលចម្អិនក្នុងផ្ទះបាយ ក៏បង្កភាពកខ្វក់មិនតិចដែរ ជាពិសេស ទូដាក់សម្ភារៈក្នុងផ្ទះបាយ។ ដូច្នេះក្រោយពេលចម្អិនអាហាររួចរាល់ កុំភ្លេចជូតទូក្នុងផ្ទះបាយឱ្យស្អាតផង ដោយសម្អាតរាល់សប្តាហ៍ ជាពិសេស បរិវេណអាងលាងចាន និងនៅជុំវិញនោះ ព្រោះបរិវេណនោះ រមែងមានសំណល់អាហារ និងវត្ថុកខ្វក់ខ្ទាតមកជាប់ច្រើន និងកុំភ្លេចសម្អាតអេប៉ុង រួមទាំងក្រណាត់ជូតក្នុងផ្ទះបាយផងដែរ ដើម្បីកាត់បន្ថយមេរោគ។
-ទូទឹកកក ៖ ទោះបីទូទឹកកកសម័យថ្មីមានប្រព័ន្ធជួយបង្ការ និងកម្ចាត់មេរោគក្តី តែក៏មិនគួរប្រហែសក្នុងការសម្អាតដែរ ព្រោះអ្វីៗក៏អាចកើតឡើងបាន មិនត្រូវចាំឱ្យមានសញ្ញាដាស់តឿនការសម្អាតឡើយ គួរកំណត់ថា ត្រូវសម្អាតវា១ខែម្តង ដើម្បីឱ្យវាស្អាត និងសុវត្ថិភាពនៃអាហារដែលក្លាស្សេ។
-ម៉ាស៊ីនបោកសម្លៀកបំពាក់ ៖ ទោះបីម៉ាស៊ីនបោកសម្លៀកបំពាក់ជួយកម្ចាត់វត្ថុកខ្វក់ ចេញពីសម្លៀកបំពាក់បាន តែវានឹងបន្សល់ទុកក្នុងម៉ាស៊ីននូវសំណើម បង្កឱ្យកើតមេរោគផ្សិត និងបាក់តេរីផ្សេងៗជាច្រើន ដូចជា សាល់ម៉ូនេលឡា (Salmonella) និងអ៊ីខូលី (E.coli)។ ប្រសិនបណ្តោយទុកយូរ មេរោគទាំងនោះនឹងរីករាលដាល ក្នុងម៉ាស៊ីន រហូតដល់ជាប់សម្លៀកបំពាក់។ យកល្អ រាល់ពេលដែលបោកឈុតក្នុង ឬក្រណាត់ស គួរបើកប្រព័ន្ធទឹកក្តៅ និងបោកដោយសារធាតុជួយឱ្យ ក្រណាត់ស នឹងធ្វើឱ្យស្អាតទាំងសម្លៀកបំពាក់ និងម៉ាស៊ីនផងដែរ។
-មេបង្អួច និងចង្អូរទ្វារ ៖ មនុស្សភាគច្រើនតែងតែធ្វេសប្រហែសសម្អាតផ្នែកទាំងនោះ ដែលជាប្រភពផ្តុំមេរោគ មិនចាញ់ផ្នែកផ្សេងៗក្នុងផ្ទះ។ ដូច្នេះ គួរសម្អាតដោយលាយទឹកថ្នាំលាងចាន៥តំណក់ អាល់កុល១ស្លាបព្រាកាហ្វេ និងទឹក៥លីត្រ កូរបញ្ចូលគ្នា។ ចន្លោះពេលនោះត្រូវបើកបង្អួច និងទ្វារឱ្យខ្យល់ចេញ ចូលបានស្រួលផងដែរ បន្ទាប់មក យកអេប៉ុងមកជ្រលក់ល្បាយផ្សំ ហើយដុសខាត់មេបង្អួចឱ្យសព្វ រួចប្រើក្រណាត់ស្អាតជូតម្តងទៀតជាការស្រេច។
-របាំងបង្អួច ៖ ធ្វើការសម្អាត១ឆ្នាំម្តង ដោយលាយល្បាយអាម៉ូញាក់១ពែង និងទឹកស្អាត១លីត្រ យកមកដុស ហើយហាលទុកចោលឱ្យស្ងួត។
-ព្រំ ៖ ជាប្រភពផ្តុំល្អងធូលី ដូច្នេះ សម្អាតព្រំញឹកញាប់ប៉ុនណាក៏បាន ដោយការប្រើម៉ាស៊ីនបឺតធូលីក្នុងដំណាក់កាលដំបូង បន្ទាប់មក បាញ់ស្ប្រៃយ៍សម្អាតលើព្រំ ហើយប្រើប្រដាប់ជូតផ្ទះប្រព័ន្ធចំហាយទឹក ដុសឱ្យសព្វ ដើម្បីសម្លាប់មេរោគផ្សេងៗ ដែលនៅក្នុងព្រំ។
-ឥដ្ឋការ៉ូបន្ទប់ទឹក ៖ គួរសម្អាតឱ្យបានញឹកញាប់តាមតម្រូវការ ផ្តោតបរិវេណ ដែលប្រឡាក់ទឹកនោម ដោយស៉្ប្រៃយ៍ទឹកថ្នាំលាងចាន ទឹកសាប៊ូលាយទឹកខ្មេះ និងទឹកក្រូចឆ្មារលាយសូដ្យូមប៊ីការបូណាត។
-អាងងូតទឹក ៖ ការសិក្សាស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញថា មូលហេតុចម្បងដែលធ្វើឱ្យកើតជំងឺសើស្បែក មកពីមេរោគក្នុងអាងងូតទឹក ដល់២៦% ពេល ប្រៀបធៀបជាមួយធុងសំរាម ដែលមានត្រឹមតែ ៦%។ ដូច្នេះគួរយាយាមសម្អាត អាងងូតទឹករាល់សប្តាហ៍។
-គ្រឿងសង្ហារិមឈើ ៖ គ្រឿងសង្ហារិមឈើមានតម្លៃខ្ពស់ ទើបត្រូវថែទាំសម្អាត ១ឆ្នាំម្តង ដោយការយកក្រណាត់ជ្រលក់ទឹក ពូតឱ្យស្ងួត ជូតសម្អាត១ជុំ រួចជូតក្រណាត់ស្ងួតម្តងទៀត បន្ទាប់មក លាបទឹកថ្នាំរលោង ដោយជូតជារង្វង់ ទុកចោល ២-៣នាទី ជូតដដែលដោយក្រណាត់ស្អាត រហូតដល់ឈើរលើបរលោង៕