Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី សួរសម្តេចហ៊ុន សែន ថា ធ្វើច្បាប់ដើម្បីអ្នកណា?

លោកសម រង្ស៊ី សួរសម្តេចហ៊ុន សែន ថា ធ្វើច្បាប់ដើម្បីអ្នកណា?

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានផ្ញើសារនយោបាយ សួរទៅកាន់ប្រធានគណបក្សកាន់អំណាច បន្ទាប់ពីមានការប្រកាសពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា បានស្នើឱ្យសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយម្តងទៀត ដោយលោកសម រង្ស៊ី បានដាក់ជាសំណួរថា ធ្វើច្បាប់ដើម្បីអ្នកណា?

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ថា “ធ្វើច្បាប់ដើម្បីអ្វី ឬដើម្បីនរណា?

ចម្លែកណាស់ នៅប្រទេសកម្ពុជាសព្វថ្ងៃ គេធ្វើច្បាប់ដើម្បីផលប្រយោជន៍រូបគេ ឬបក្សគេ មិនមែនដើម្បីផលប្រយោជន៍សាធារណៈទេ។ ថ្មីៗនេះ គេបានកែច្បាប់ស្តីពីគណបក្សនយោបាយ ហើយគេចង់កែច្បាប់ដដែលនេះម្តងទៀត ដោយគេចង់សំដៅតែមកលើរូបខ្ញុំ សម រង្ស៊ី តែប៉ុណ្ណោះ។ គេកែចុះកែឡើង ហើយយកច្បាប់នេះមកលេងសើច គ្រាន់តែក្នុងគោលបំណងចង់កម្ចាត់ខ្ញុំពីឆាកនយោបាយ កុំឱ្យខ្ញុំអាចប្រកួតប្រជែងជាមួយគេបានទៀត។ តែអ្នក ដែលមានគំនិតបែបនេះ ជាមនុស្សល្ងង់ផុតលេខ ពីព្រោះសម័យនេះ មិនអាចរារាំង ឬទប់ស្កាត់ ការផ្សព្វផ្សាយការពិត គំនិតស្នេហាជាតិ គំនិតយុត្តិធម៌ និងគំនិតជឿនលឿនបានទេ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជាអ៊ីនធើរណេត (Internet) និងហ្វេសប៊ុក (Facebook)។ មនុស្សបែបនេះ ក៏ជាជនផ្តាច់ការយ៉ាងព្រៃផ្សៃថែមទៀត ពីព្រោះក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើច្បាប់ ដើម្បីគ្រាន់តែសំដៅក្នុងគោលបំណងកម្ចាត់ បុគ្គលណាម្នាក់ទេ។ អ្នកប្រជាធិបតេយ្យយល់ យ៉ាងច្បាស់ថា ច្បាប់ធ្វើឡើងជាធម្មតា ដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ សាធារណៈតែប៉ុណ្ណោះ ហើយមិនត្រូវយកច្បាប់មកលេងសើច ដើម្បីគ្រាន់តែការពារផលប្រយោជន៍ បុគ្គលណា ឬបក្សណាឡើយ។ តែខ្ញុំក៏យល់ដែរថា មានបុគ្គលម្នាក់ កំពុងតែក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង បន្ទាប់ពីគាត់បានទទួលលទ្ធផលនៃការស្ទង់មតិមួយ ដែលបក្សគាត់បាន ជួលឱ្យក្រុមហ៊ុនជំនាញអន្តរជាតិមួយធ្វើឡើង ថ្មីៗនេះ ដើម្បីស្ទាបស្ទង់ទឹកចិត្តប្រជារាស្ត្រ ហើយដែលលទ្ធផលនោះបង្ហាញថា ប្រជាប្រិយ- ភាពរបស់គាត់ ធ្លាក់ចុះយ៉ាងខ្លាំង ហើយមានកម្រិតទាបជាងប្រជាប្រិយភាពរបស់ខ្ញុំយ៉ាងច្រើន។ ខ្ញុំស្នើឱ្យអ្នកដឹកនាំប្រទេសសព្វថ្ងៃ ខិតខំ ធ្វើច្បាប់ ឬកែច្បាប់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា យើងមានការរីកចម្រើនពិតប្រាកដ ហើយធ្វើឱ្យប្រជារាស្ត្រខ្មែរអាចរស់នៅក្នុងសង្គមមួយ ប្រកបដោយយុត្តិធម៌។ ល្មមឈប់ធ្វើច្បាប់ ឬកែច្បាប់ ដើម្បីគ្រាន់តែកម្ចាត់គ្នាទៅវិញទៅមកទៀតទៅ”។

សំណេររបស់តាមហ្វេសប៊ុករបស់លោក សម រង្ស៊ី ខាងលើនេះ បានធ្វើឡើងស្របពេលដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បនាចុះទៅថ្លែងនៅក្នុង “វេទិកាជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តកំពង់ស្ពឺ” នៅទីស្នាក់ការគណបក្សខេត្ត ហើយលោកកឹម សុខា បានបញ្ជាក់នៅទីនោះ អំពាវនាវឱ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ផ្តោតលើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ដើម្បីនាំ មកនូវជ័យជម្នះ។

លោកកឹម សុខា បានថ្លែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នោះថា “ជាការកត់សម្គាល់ ខ្ញុំឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឱ្យ មានការផ្លាស់ប្តូរ”។ ជាពិសេស ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ បង្ហាញឱ្យ ឃើញថា សន្ទុះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែកើនឡើង ទោះបីនៅមានភាពមិនប្រក្រតី ក៏ដោយ។ ក៏ប៉ុន្តែការបោះឆ្នោតឃុំ-សង្កាត់នេះ បានបញ្ចប់ហើយ។ ដូច្នេះខ្ញុំសូមឱ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើងទាំងអស់ ផ្តោតលើការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៨។

ដើម្បីយកជ័យជម្នះ ឆ្នាំ២០១៨នេះ យើងត្រូវធ្វើកិច្ចការសំខាន់២ គឺ ៖

១-ប្រមែប្រមូលកម្លាំងដែលចង់ឱ្យមាន ការផ្លាស់ប្តូរ មកគាំទ្រ មកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ឱ្យកាន់តែច្រើនឡើង ជាពិសេស ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ទាំងអ្នកមិនទាន់ចុះឈ្មោះ និងអ្នកទើបគ្រប់អាយុបោះឆ្នោត។ ម៉្យាងទៀត ត្រូវលើកទឹកចិត្តពួកគាត់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

២-ការពារសន្លឹកឆ្នោតប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតឱ្យយើង ដោយចាប់ផ្តើមជ្រើសរើស បណ្តុះបណ្តាលភ្នាក់ងារសង្កេតការណ៍ ចាប់ពីពេលនេះតទៅ”។

នៅថ្ងៃដដែលនោះដែរ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់គណបក្ស ត្រូវបានជនអគតិលួចយក។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នោះ មានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ទំព័រហ្វេសប៊ុក (Facebook Page) របស់គណបក្សសង្គ្រោះជាតិ ចំនួន ២ ដែលមានអាសយដ្ឋាន (https://www.face- book.com/CNRParty/) និង (https://www.facebook.com/cnrptelevison//?hc–ref= SEARCH&fref=nf) ត្រូវបានជនអនាមិក លួចយកនិងគ្រប់គ្រង នៅរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៧។

គណបក្សសង្គ្រោះជាតិ សូមប្រកាសមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ និងសកម្មភាពដទៃផ្សេងទៀត ចេញពីទំព័រហ្វេសប៊ុក (Face Page) ទាំងពីរខាងលើនេះ ចាប់ពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ឡើយ។

អាស្រ័យហេតុនេះ សូមអាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន”៕

កុលបុត្រ

RELATED ARTICLES