កំពង់ស្ពឺ៖ សត្វគោចំនួន៥ក្បាលរបស់ប្រជាពលរដ្ឋ ត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗ នៅកណ្តាលវាលស្រែ ខណៈដែលម្ចាស់យកសត្វគោទៅឃ្វាលឲ្យស៊ីស្មៅ ហើយមេឃបានធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះផងនោះ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់សត្វគោ ងាប់៥ក្បាលនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចវាលស្រែក្រោយភូមិចម្ងាយ ១៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលស្រុកភ្នំស្រួច បាននិយាយឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ កន្លងទៅនោះ មានភ្លៀងធ្លាក់ និងមានលាយឡំខ្យល់ផ្គររន្ទះផងនោះ រន្ទះបានបាញ់បណ្តាលឲ្យសត្វគោរបស់ប្រជាពលរដ្ឋអស់ចំនួន០៥ក្បាល នៅចំណុចវាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរចម្ងាយ១៥០០ម៉ែត្រ ពេលដែលពួកគាត់ជាម្ចាស់បានយកសត្វគោទៅស៊ីស្មៅ។
តាមសម្តីរបស់ប្រជាពលរដ្ឋម្ចាស់គោ មានឈ្មោះយុន ផន ភេទស្រី អាយុ៥២ឆ្នាំ មានសត្វគោងាប់រហូតដល់ទៅ៣ក្បាលឯណ្ណោះ បានប្រាប់ឲ្យដឹងថា គាត់បានយកគោទៅឃ្វាល ហើយចៃដន្យអាក្រក់ រន្ទះបាញ់ងាប់គោរបស់គាត់ រហូតដល់ទៅ៣ក្បាល និងគោរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នា២ក្បាលទៀត គាត់អស់ពីគោនេះទៅ មិនដឹងជាពឹងអ្វីទេសម្រាប់បង្កបង្កើនផល ដោយសាររដូវនេះជារដូវធ្វើស្រែនោះ។ អីចឹងមានសូមអំពាវនាវដល់អាជ្ញាធរពាក់ពន្ធ័មេត្តាជួយពួកគាត់ផង។
នគរបាលស្រុកបានបញ្ជាក់ផងដែរថា សត្វគោដែលងាប់ទាំង៥ក្បាលនោះ ជាគោដែលមានម្ចាស់ដូចខាងក្រោម៖
១. ឈ្មោះ ថៃ ជា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិអំពៅ ឃុំអូ ងាប់គោ០១ក្បាល
២. ឈ្មោះយុន ផន ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិអំពៅ ឃុំអូ ងាប់គោ០៣ក្បាល
៣- ឈ្មោះ អំ វ៉ឹត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអំពៅ ឃុំអូរ ងាប់គោ០១ក្បាល។
បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីរបន្ទះបាញ់គោអ្នកស្រុករួចមកនោះ គេបានឃើញអាជ្ញាធរមូលដ្ឋានចុះទៅធ្វើការសួរនាំផងដែរ៕