ពាក្យបាដាក ប្រដាក តដាក ឬតតាក មានន័យតែមួយ គ្មានចារទុកក្នុងវចនានុក្រមខ្មែរទេ ប៉ុណ្តែអ្នកខេត្តព្រះវិហារ ថា ពាក្យនេះជាភាសាជនជាតិកួយ សំដៅដល់បារាយណ៍ធំៗ ដែលមនុស្សជីក។ ដោយឡែក បារាយណ៍បាដាកដ៏ធំនេះ អ្នកស្រុកចាស់ៗខ្លាចរអា មិនហ៊ានចុះងូតទេ ដាយខ្លាចបារមីម្ចាស់ទឹក ម្ចាស់ដី ធ្វើឱ្យឈឺ ប៉ុន្តែយុវវ័យសម័យនេះ ខ្លះហ៊ានទៅចងសន្ទូច ដាក់បង្កៃ…។
បារាយណ៍បាដាក មានទីតាំងនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាស្រះបុរាណ មានទំហំដូចបឹង ផ្ទុកទឹកបានរាប់ម៉ឺនម៉ែត្រទ្រីគុណ។ ជលស្ថាននេះ មានអាយុជាង១ពាន់ឆ្នាំមកហើយ ត្រូវបានព្រះមហាក្សត្របុរាណ ត្រាស់បង្គាប់ឱ្យជីកយកទឹកបម្រើវិស័យកសិកម្ម និងជាទីតាំងធ្វើសមយុទ្ធកងទ័ពជើងទឹកផងដែរ។
លោកក្រូច ប៊ុនឌុល មេឃុំរណសិរ្ស និងរស់នៅមូលដ្ឋានដូចខាងលើ បានឱ្យដឹងថា ចំពោះបារាយណ៍បាដាក ឬប្រដាកនេះ កាលពីជំនាន់លោកនៅក្មេង ចាស់ៗបានហាមដាច់ខាតមិនឱ្យដើរក្បែរ ឬចុះងូតទឹកទេ ព្រោះជាទីតាំងមានបារមីស័ក្តិសិទ្ធិ។ កាលពីដើម ក្នុងទឹកបារាយណ៍នេះ សម្បូរក្រពើភ្នំរស់នៅណាស់ ចំណែកត្រី និងសត្វទឹកឯទៀត ក៏សម្បូរដែរ តែអ្នកស្រុករស់នៅជុំវិញបារាយណ៍ មិនហ៊ានចាប់ត្រី ឬដងទឹកប្រើប្រាស់ទេ។ ទោះយ៉ាងណាក៏អ្នកស្រុកបានប្រើប្រាស់ទឹកនេះ ដែលហូរតាមប្រឡាយ ឬជាដៃបារាយណ៍ ដែលបង្ហូរទឹកទៅស្រោចស្រពស្រែ។ អ្នកស្រុកក៏អាចចាប់ត្រីដែលហែលតាមប្រឡាយ យកទៅធ្វើម្ហូបបានដែរ តែហាមដាច់ខាតត្រីដែលកំពុងរកស៊ីក្នុងបារាយណ៍ មិនត្រូវនេសាទវាទេ។
លោកមេឃុំ បន្តទៀតថា កាលពីសម័យបារាំង ចុះមកគ្រប់គ្រងប្រាសាទព្រះខ័នកំពង់ស្វាយ និងប្រាសាទតូចៗ នៅក្បែរនោះ ពួកច្រមុះវែងទាំងនោះក៏មិនហ៊ានចុះងូតទឹកបារាយណ៍នេះដែរ ព្រោះខ្លាចក្រពើខាំ បានត្រឹមដងទឹកប្រឡាយទៅប្រើប្រាស់ប៉ុណ្ណោះ។ ជំនាន់នោះ ក៏មានជនជាតិបារាំងម្នាក់បាត់ខ្លួនដោយអាថ៍កំបាំង ព្រោះតែមិនគោរពតាមបម្រាមបុរាណ មិនស្តាប់អ្នកភូមិ ហ៊ានជិះទូកអុំលេងលើផ្ទៃទឹកបារាយណ៍ ដ៏ធំល្វឹងល្វើយនេះ។ លុះឆ្លងមកដល់សម័យប៉ុល ពត គេបានលុបប្រឡាយបង្ហូរទឹកពីបុរាណនោះអស់ ធ្វើឱ្យទឹកដែលធ្លាប់ហូរទៅដល់ប្រាសាទព្រះខ័ន បណ្តាលឱ្យទឹកចាល់បែកសាចល្ហាចល្ហឹម លិចផ្ទះអ្នកភូមិ។ តាំងពីជំនាន់ប៉ុល ពត មក សត្វក្រពើក៏បាត់ស្ងាត់មិនឃើញដូចពីមុន តែបើអ្នកស្រុករៀបពិធីបួងសួងសុំឃើញ ទើបក្រពើធំ ឬជាស្តេចក្រពើប្រចាំបារាយណ៍នេះ ងើបក្បាលគោះកន្ទុយវាយទឹកបែកសំពោង សម្ញែងប្ញទ្ធិឱ្យអ្នកស្រុកខ្លាច។
លោកតាអ៊ុច ឆោម អាយុ៧៣ឆ្នាំ ជាអតីតនាយត្រួត ឬកាប៉ូរ៉ាល មើលថែប្រាសាទព្រះខ័ន កាលពីជំនាន់មុន លោកយាយប៉េង ឈាង អាយុ៦០ឆ្នាំ និងលោកយាយសោម សួង អាយុ៧០ឆ្នាំ ជាអ្នកស្រុក បានឱ្យដឹងស្របគ្នាថា បារាយណ៍បាដាក មានប្រជាពលរដ្ឋតាំងលំនៅរស់នៅព័ទ្ធជុំវិញចំនួន៨ភូមិឯណោះ នៅក្នុងឃុំរណសិរ្ស។ សម្រាប់ចាស់ៗដូចពួកគាត់មិនហ៊ានចុះទឹកដែរ ព្រោះខ្លាចបារមី។ បារាយណ៍នេះ ក្រៅពីមានសត្វសាហាវរស់នៅ ក៏មានបាតុភូតចម្លែកកើតឡើងជារឿយៗ ប៉ុន្តែសព្វថ្ងៃសាបបន្តិចហើយ ព្រោះមានជនចំណាកស្រុកមករស់នៅតំបន់នេះ ដែលមិនសូវដឹងប្រវត្តិបារាយណ៍ ក៏នាំគ្នាដាក់មង ចងសន្ទូច ដាក់បង្កៃ រកត្រីហូប មិនឃើញមានគ្រោះថ្នាក់អ្វីទេ តែសម្រាប់អ្នកភូមិមូលដ្ឋានមិនហ៊ានចុះជាដាច់ខាត។
ពួកគាត់បន្តទៀតថា ឥឡូវស្រុកទេសប្រែប្រួល ភាពស័ក្តិសិទ្ធិរាងស្ងប់បន្តិច ចំណែកអ្នកស្រុកដែលនិយាយខុសមាត់ខុសកអីបន្តិចបន្តួច ទៅបន់ស្រន់ ក៏ជាសះស្បើយវិញ។ កាលជំនាន់ពួកគាត់នៅពីក្មេង បើហ៊ានថាខុសមាត់ ឬបំពានយកវត្ថុបុរាណនៅក្នុងប្រាសាទ សូម្បីតែថ្មមួយដុំ ក៏មិនបានដែរច្បាស់ជា បារមីម្ចាស់ទឹកម្ចាស់ដីធ្វើឱ្យឈឺថ្កាត់មិនខាន ជួនកាល ក៏មានឈឺដល់ស្លាប់។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃ បារាយណ៍បាដាក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កសាងជាប្រព័ន្ធធារាសាស្ត្រ បន្តពីបុព្វបុរស ដោយមានស្ថានីយបិទបើក ទឹកបង្ហូរចែកជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ។ ប្រជាពលរដ្ឋចំនួន៨ភូមិ មានប្រមាណជាង២០០០គ្រួសារ តែងតែប្រើប្រាស់ទឹកបារាយណ៍នេះ ហើយទោះជាមានអង្គការខ្លះជួយជីកអណ្តូងស្នប់ឱ្យប្រើ ក៏ប្រជាពលរដ្ឋមិនចោលទឹកបារាយណ៍ដែលបង្ហូរចេញ ប៉ុន្តែ បើឱ្យពួកគាត់ចុះបារាយណ៍ធំ ច្បាស់ជាខ្លាចរអាមិនខាន៕