ភ្នំពេញ ៖ សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ បានបើកសវនាការ ជំនំជម្រះលើបណ្តឹងសុំ មោឃភាព សាលក្រមសាលាដំបូង ដែលផ្តន្ទាទោសសកម្មជនបក្សប្រឆាំង ចំនួន១១រូប ពោលគឺសកម្មជនបក្សប្រឆាំង ទាំង១១នាក់ រួមទាំងលោកមាជ សុវណ្ណារ៉ា ផងដែរ បានបរាជ័យក្នុងបណ្តឹងសុំមោឃភាពសាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ។
ការបើកសវនាការរបស់សាលាឧទ្ធរណ៍ បានធ្វើឡើងតាមសំណើរបស់ក្រុមមេធាវីការពារ ក្តីឱ្យមន្ត្រីបក្សប្រឆាំងទាំង១១រូប ដែលបានប្តឹងសុំប្រឆាំងនឹងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបើកសវនាការកាត់ទោស មន្ត្រីបក្សប្រឆាំងទាំង១១រូប ឱ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំ ហើយនៅពេលបើកសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសមន្ត្រីបក្សប្រឆាំងទាំង១១នាក់នោះ គ្មានវត្តមានរបស់មេធាវី។ ដូច្នេះការកាត់ទោសនេះ គឺមិនត្រឹមត្រូវតាមនីតិវិធី ព្រោះការបើកសវនាការលើសំណុំរឿងឧក្រិដ្ឋ មិនអាចធ្វើឡើង ដោយអវត្តមានរបស់មេធាវីបានឡើយ។
លោកជូង ជូងី មេធាវីការពារក្តីឱ្យលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ថា ការបើកសវនាការរបស់សាលាឧទ្ធរណ៍ គឺទាក់ទងនឹងសំណុំរឿង លោកមាជ សុវណ្ណារ៉ា និងសកម្មជន១០នាក់ទៀត ដែលបានប្តឹងជំទាស់នឹងសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យពូកគាត់ជាប់ពន្ធនាគារពី៧ឆ្នាំ ដល់២០ឆ្នាំ។ និងសំណុំរឿងដែលកូនក្តីលោកបានប្តឹងចំពោះ ការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ ដោយមិនមានមេធាវីនោះ។
លោកជូង ជូងី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថា “បាទ ! សវនាការព្រឹកមិញនេះ ពាក់ព័ន្ធទៅនឹងបណ្តឹងចំនួន២ ដែលខ្ញុំជាមេធាវីបានដាក់ពាក្យបណ្តឹងមួយ គឺប្តឹងមោឃភាពនីតិវិធីសវនាការ ថ្ងៃទី២១ ខែកក្កដា ២០១៥ នៅសាលាដំបូងរាជធានីភ្នំពេញ ហើយនិងបណ្តឹងមួយទៀតរបស់មេធាវីក្រុមខ្ញុំហ្នឹងដែរ គឺគាត់ប្តឹងមោឃភាពសាលក្រមដែលចេញនៅថ្ងៃ២១ កក្កដា ២០១៥ ហ្នឹងដែរ ហើយគោលបំណងគឺមោឃភាពនីតិវិធី ហើយនិងមោឃភាពសាលក្រមហ្នឹង គឺព្រឹកមិញសវនាការកាត់រឿងហ្នឹង”។
ទោះយ៉ាងណា លោកជូង ជូងី បញ្ជាក់ថា សវនាការរបស់សាលាឧទ្ធរណ៍នោះ មិនបានលទ្ធផលវិជ្ជមានតាមការចង់បានរបស់ពួកលោក ជាមេធាវីទេ គឺចៅក្រមសាលាឧទ្ធរណ៍ នៅតែរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការដដែល។
លោកជូង ជូងី បានមានប្រសាសន៍បន្តថា “ក្រោយពីសវនាការពេញមួយព្រឹក សាលាឧទ្ធរណ៍ គឺគេសម្រេចថា ពាក្យបណ្តឹងមោឃភាពនីតិវិធីរបស់ក្រុមខ្ញុំជាមេធាវី និងពាក្យបណ្តឹងមោឃភាពសាលក្រមរបស់ក្រុមខ្ញុំជា មេធាវីហ្នឹង មិនអាចទទួលយកបាន ដោយតុលាការគ្រាន់តែនិយាយថា អត់ត្រឹមត្រូវតាមច្បាប់ គ្រាន់តែបញ្ជាក់ជាពាក្យសម្តីប៉ុណ្ណឹងទេ ប៉ុន្តែត្រង់ហេតុផលច្បាស់លាស់យ៉ាងម៉េចទៀត ទាល់តែយើងបានសាលដីកា ទើបយើងមើលទៅច្បាស់លាស់។ ប៉ុន្តែក្នុងន័យអ៊ីចឹងឯង គោលបំណងនៃការប្តឹងរបស់ក្រុមយើងខ្ញុំជាមេធាវី ទី១ មោឃភាពនីតិវិធីសវនាការថ្ងៃទី២១ កក្កដា ២០១៥ នៅសាលាដំបូងរាជធានីភ្នំពេញ ទី២ ទាមទារមោឃភាពសាលក្រម ដែលចេញថ្ងៃ២១ កក្កដា ២០១៥ ហើយសាលាឧទ្ធរណ៍គេសម្រេចថា ពាក្យបណ្តឹងរបស់ក្រុមខ្ញុំជាមេធាវី មិនអាចទទួលយកបាន មានន័យថា រក្សាសាលក្រមហ្នឹងដដែល។ ដូច្នេះក្រុមខ្ញុំជាមេធាវី នឹងពិភាក្សាជាមួយកូនក្តី ប្រើសិទ្ធិប្តឹងសាទុក្ខទៅ តុលាការកំពូលទៀត គឺយើងមានគម្រោងនឹង ធ្វើនៅដើមសប្តាហ៍ក្រោយហ្នឹង។ ខ្ញុំពិចារណា ទៅតាមនីតិវិធី និងយកចិត្តទុកដាក់វិធីសាស្ត្រ ក្នុងការតតាំង ប៉ុន្តែខ្ញុំមិនពិចារណាពីរឿងថា លទ្ធផល ឬការសម្រេចយ៉ាងណា ខ្ញុំមិនពិចារណារឿងហ្នឹងទេ”។
សូមបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំង ទាំង១១នាក់ ដែលរួមមានលោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ១០នាក់ ទៀត រួមមានលោកអឿ ណារិត ឃិន រឿន នាង សុឃុន សាន គឹម ហេង ស៊ុំ ពុទ្ធី កែ ឃីម ទេព ណារិន អាន បឋម សាន សីហៈ និងអ៊ុក ពេជ្រសំណាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធការចូលរួម និងដឹកនាំធ្វើកុបកម្មប្រឆាំងអាជ្ញាធរសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤៕
កុលបុត្រ