Monday, November 25, 2024
Homeនយោបាយប្រធានអាដហុក សាទរការដោះលែងមន្ត្រីសិទ្ធិមនុស្ស

ប្រធានអាដហុក សាទរការដោះលែងមន្ត្រីសិទ្ធិមនុស្ស

ភ្នំពេញ ៖ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក លោកធន សារាយ បានសម្តែងការសាទរនៅពេលដែលមន្ត្រីសមាគមអាដហុក៤រូប និងលោកនី ចរិយា អតីតមន្ត្រីសិទ្ធិមនុស្ស អាដហុក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែ លោកបញ្ជាក់ថា ការដោះលែងនេះ មិនទាន់គ្រប់គ្រាន់ទេ គឺលោកស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំង៥នោះ។

តាមរយៈវីដេអូឃ្លីបបង្ហោះតាមទំព័រហ្វេសប៊ុក “ADHOC Cambodia” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ លោកធន សារាយ បានមានប្រសាសន៍ថា “ខ្ញុំបាទធន សារាយ ប្រធានសមាគមអាដហុក សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈ ជាទីគោរពសក្ការៈ ! សូមគោរព បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អាន! កាលពីថ្ងៃទី២៩ ម្សិលមិញនេះ បុគ្គលិកសមាគមអាដហុក ទាំង៤រូប និងអតីតបុគ្គលិកមួយរូបទៀត បានត្រូវសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះគឺជាដំណឹងមួយដ៏រីករាយ យើងខ្ញុំសូមស្វាគមន៍ដល់ការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ យើងខ្ញុំក៏ចូលរួមអបអរសាទរជាមួយនឹងបុគ្គលិកទាំងអស់ ទាំងបួនប្រាំរូប ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរ ដែលគេមានឱកាសបានជួបជុំក្នុងក្រុមគ្រួសាររបស់គេ កូនជួបម្តាយ  ប្រពន្ធ ឪពុកជួបកូនឡើងវិញ នៅក្នុងគ្រួសារនេះ។ នេះជាជំហានជាវិជ្ជមានមួយ ក៏ប៉ុន្តែការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ទេ ដែលធ្វើពួកគាត់អាចមាននីតិសម្បទាគ្រប់គ្រាន់ ក៏ដូចជា សុវត្ថិភាពពេញលេញនៅក្នុងការងាររបស់គាត់ ក្នុងការបម្រើជូនដល់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាជួយដល់សង្គមជាតិយើងទាំងមូល ឱ្យបានដូចមុននៅឡើយទេ។ អ៊ីចឹងខ្ញុំសូមធ្វើការ អំពាវនាវឱ្យស្ថាប័នមានសមត្ថកិច្ច ជាពិសេស តុលាការ លោកនឹងធ្វើការសម្រេចឱ្យមានការទម្លាក់រាល់ការចោទប្រកាន់នានាទៅលើពួកគាត់ ដើម្បីឱ្យពួកគាត់អាចមានសេរីភាពពេញលេញ ប្រាសចាកពីការចោទប្រកាន់នានា បន្តទៅទៀត ដើម្បីឱ្យពួកគាត់អាចត្រឡប់មកក្នុង ស្ថានភាពដូចដើមឡើងវិញនោះ ហើយខ្ញុំមានក្តីសង្ឃឹមថា នឹងមានការសម្រេចនេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ”។

គួរបញ្ជាក់ថា មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក ៤រូប គឺលោកយី សុខសាន្ត ប្រធានកម្មវិធីដីធ្លីនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោកណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោកនី សុខា ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក  អ្នកស្រីលឹម មុនី អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក និងលោកនី ចរិយា អតីតមន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស និង ពន្ធនាគារភ្នំពេញ ក្រោមបទចោទសូកប៉ាន់ សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរ និងបញ្ជូនឱ្យតុលាការចាត់ការតាមនីតិវិធីបន្ត ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការចោទប្រកាន់របស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដាច់ដោយឡែកពីគ្នាបង្គាប់ប្រធានមណ្ឌលអប់រំ កែប្រែទី២ (ម-២) និងប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោះលែងជនត្រូវចោទ ឈ្មោះលឹម មុនី, លោកណៃ វ៉ង់ដា, លោកនី សុខា, លោកយី សុខសាន្ត និងលោកនី ចរិយា ហើយនៅយប់ថ្ងៃដដែលនោះ មន្ត្រី និងអតីតមន្ត្រីសិទ្ធិមនុស្សអាដហុកទាំង៥រូប ត្រូវបានដោះលែងចេញពីពន្ធនាគារ។

អ្នកទាំង៥ ត្រូវបានតុលាការដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារ អស់រយៈពេល៤២៨ថ្ងៃ ហើយនៅថ្ងៃចេញពីពន្ធនាគារនោះ ក្រុមគ្រួសារ សាច់ញាតិរបស់ពួកគាត់បានទៅរង់ចាំទទួលដោយក្តីរំភើប ឱបថើបគ្នាហៀរហូរទឹកភ្នែក ដោយក្តីត្រេកអរនៅពេលបានជួបជុំក្រុមគ្រួសារវិញ។

ជាទិដ្ឋភាពគួរឱ្យកត់សម្គាល់ ក្រោយពីដើរចេញពីពន្ធនាគារភ្លាម លោកនី សុខា លោក យី សុខសាន្ត លោកណៃ វ៉ង់ដា និងអ្នកស្រីលឹម មុនី ត្រូវបានក្រុមការងារនៃសមាគមអាដហុក និងក្រុមគ្រួសារដឹកពួកគាត់តាមរថយន្តមកឱ្យ ព្រះសង្ឃនៅវត្តព្រៃស ដែលនៅមិនឆ្ងាយពីពន្ធនាគារព្រៃស សូត្រមន្ត ស្រោចទឹករំដោះគ្រោះ ភ្លាមៗ នៅរាត្រីថ្ងៃទី២៩ ខែមិថុនា នោះ។

អង្គការសង្គម សហជីព អ្នកនយោបាយ និងមជ្ឈដ្ឋានជាច្រើន ព្រមទាំងស្ថានទូតនានា  ជាពិសេស ស្ថាប័នអន្តរជាតិធំៗជាច្រើន បានសម្តែងការចាប់អារម្មណ៍ និងអបអរសាទរនៅពេល ដែលមន្ត្រីសិទ្ធិមនុស្សទាំង៥រូប ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនេះ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា លោកសប្បាយចិត្ត និងធូរទ្រូងមែនទែន ដែលមន្ត្រីអាហុក និងមន្ត្រី គ.ជ.ប ត្រូវបានដោះលែង ព្រោះកន្លងមក រាល់ពេលដែលកម្មករមានបញ្ហា ក្រុមសហជីព  និងកម្មករ តែងតែទៅរកខាងសង្គមស៊ីវិលទាំងនោះ ឱ្យជួយដោះស្រាយ។

មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត បានបញ្ជាក់ថា ការដោះលែង មន្ត្រីអាហុក និង គ.ជ.ប នេះ គឺជាសញ្ញាល្អមួយ ដែលអាចបន្ធូរបន្ធយភាពតានតឹងក្នុងសង្គម មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ តែលោកក៏មានការសោកស្តាយដែរ ដែលការឃុំខ្លួនពួកគាត់រយៈពេលជាង១ឆ្នាំនេះ ធ្វើឱ្យពួកគាត់មិនបានបំពេញការងារបម្រើផលប្រយោជន៍ជូនពលរដ្ឋ។

មន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណា បានចាត់ទុកការដោះលែងសមាជិកទាំងនេះ គឺជាពន្លឺយុត្តិធម៌សម្រាប់ ស្ថាប័នអាដហុក ហើយក៏ជាការលើកទឹកចិត្តឱ្យសមាជិកទាំងអស់ កាន់តែខិតខំបំពេញការងារ ជួយដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌ក្នុងសង្គម ខ្លាំងក្លាថែមទៀត។

ដូច្នេះលោកសង្ឃឹមថា តុលាការនឹងផ្តល់ ភាពយុត្តិធម៌បន្ថែមទៀតដល់អាដហុក ដោយទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំង៥ នាក់ នេះទាំងស្រុង។

ដោយឡែក ប្រធានសមាគមជ័យលាភី បញ្ញជនកម្ពុជា លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ថា “ការដោះលែងមន្ត្រី អាដហុក និងអគ្គលេខាធិការរងគ.ជ.ប ជាសេណារីយោថ្មី បញ្ជាក់ថា លោកកឹម សុខា ដើរដល់ផ្លូវបំបែកដែលលោកកឹម សុខា ត្រូវជ្រើសរើស គឺធ្វើជាវីរបុរសគណបក្សសង្គ្រោះជាតិ ឬបន្តធ្វើកញ្ជះប្រមុខគណបក្សកាន់អំណាច ដែលកំពុងទ័លច្រក (បំបែកបក្ស ឬលេបឈ្មោះបក្សសង្គ្រោះជាតិ)។

លោកនី សុខា និងភរិយា
លោកនី ចរិយា និងក្រុមគ្រួសារ

អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ការដោះលែងមន្ត្រីអាដហុក និងគ.ជ.ប ទំនងជាទាក់ទង នឹងពិធីរម្លឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ព្រោះលោកតែងតែកត់សម្គាល់ឃើញថា ឱ្យតែមានការប្រារឰពីធិបុណ្យសំខាន់ណាមួយ ដូចជាថ្ងៃបុណ្យ៧មករា ថ្ងៃបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ២ធ្នូ និងការរម្លឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ជាដើម គឺតែងមានការដោះលែងសកម្មជន ឬក៏អ្នកនយោបាយនៅក្រោយមួយថ្ងៃ នៃការប្រារព្វពិធីនោះ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ថា “អរគុណ អ្នកចាត់ចែងឱ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោកនី ចរិយា ហើយសង្ឃឹមថា អ្នកទោសមនសិការដទៃទៀត នឹងទទួលបានសេរីភាពឆាប់ៗខាងមុខនេះ”។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានលើកឡើងថា ការដោះលែងនេះ គឺជាសញ្ញាណវិជ្ជមានសម្រាប់អ្នកនយោបាយ និងសង្គមស៊ីវិល។ ហើយលោកសុំស្នើរដ្ឋាភិបាល កុំឱ្យយកប្រព័ន្ធតុលាការទៅគំរាមកំហែងសង្គម ស៊ីវិល ឬគណបក្សនយោបាយ។

អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា បានបញ្ជាក់ថា លោកសប្បាយចិត្តណាស់ ដែលឃើញសហការី (លោកនី ចរិយា) ត្រូវបានដោះលែង ព្រោះជាបច្ចេកទេស គ.ជ.ប នៅតែរក្សាតួនាទីលោកនី ចរិយា ជាអគ្គលេខាធិការរងដដែល។ ដូច្នេះក្រោយការដោះលែងឱ្យនៅក្រៅឃុំ លោកនី ចរិយា នឹងអាចចូលធ្វើការវិញបាននៅពេលណាតុលាការទម្លាក់ ចោលការចោទប្រកាន់ទាំងស្រុង។

លោកយី សុខសាន្ត និងក្រុមគ្រួសារ

ដោយឡែក ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍សូមស្វាគមន៍ ការដោះលែងឱ្យនៅក្រៅឃុំនៃមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រី នៃអង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្សកម្ពុជា ដែលមានឈ្មោះថា អាដហុក។

ស្ថានទូតអាមេរិក បានលើកឡើងថា ការសម្រេចចិត្តតាមផ្លូវច្បាប់នេះ នឹងកាត់បន្ថយបន្ទុកដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមដោះស្រាយ ចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបពួកគេ។

គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តី ថ្លែងការណ៍ស្វាគមន៍ចំពោះការដោះលែងមន្ត្រី អាដហុក និង គ.ជ.ប ទាំង៥នាក់ ឱ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ននេះផងដែរ ដោយគណបក្ស ប្រឆាំងនេះ បានចាត់ទុកថា ការដោះលែងនេះ ជាជំហានមួយទៅរកស្ថានភាពនយោបាយល្អប្រសើរ។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ សូមស្វាគមន៍ចំពោះការដោះលែងមន្ត្រីសង្គមស៊ីវិល អាដហុក និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ សូមចូលរួមត្រេកអរ នឹងក្រុមគ្រួសាររបស់មន្ត្រីសង្គមស៊ីវិលអាដហុក និងអគ្គលេខាធិការរងនៃ គ.ជ.ប ដែលត្រូវបាន ទទួលសិទ្ធិសេរីភាព មករស់នៅជួបជុំក្រុមគ្រួសារវិញ។

គណបក្សសង្គ្រោះជាតិ សង្ឃឹមថា នេះជាជំហានមួយដើម្បីឈានទៅរកស្ថានភាពនយោបាយកាន់តែល្អប្រសើរឡើង ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខនេះ”៕

កុលបុត្រ

RELATED ARTICLES