Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ថាមានដំណឹងល្អពីតុលាការអាមេរិក ករណីប្តឹងសុំភ័ស្តុតាងឃាតកម្មលោកកែម ឡី

លោកសម រង្ស៊ី ថាមានដំណឹងល្អពីតុលាការអាមេរិក ករណីប្តឹងសុំភ័ស្តុតាងឃាតកម្មលោកកែម ឡី

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសពីក្រៅប្រទេសមកថា មានដំណឹងល្អពីតុលាការអាមេរិក ទាក់ទៅនឹងបណ្តឹងរបស់លោក ស្នើសុំភ័ស្តុតាង និងព័ត៌មានមួយចំនួនពីក្រុមហ៊ុនអាមេរិកាំង Chevron ដែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅចំណុចហាងស្តារម៉ាត (Star Mart) នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ថា “ដំណឹងល្អពីតុលាការសហរដ្ឋអាមេរិក ទាក់ទងទៅនឹងសំណើរបស់ខ្ញុំ ស្នើសុំភ័ស្តុតាង និងព័ត៌មានមួយចំនួនពីក្រុមហ៊ុនអាមេរិកាំង Chevron ដែលជាម្ចាស់ស្ថានីយប្រេងសាំង Caltex។ លោកកែម ឡី ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងស្ថានីយប្រេងសាំង Caltex មួយនៅទីក្រុងភ្នំពេញ។

យោងតាមដីការបស់តុលាការរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលលោកសម រង្ស៊ី បានយកមកបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក ស្តីពីការស្នើសុំភ័ស្តុតាងនិងព័ត៌មានពីក្រុមហ៊ុនសាជីវកម្ម CHEVRON របស់អាមេរិក ពាក់ព័ន្ធករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី នោះ បានបញ្ជាឱ្យក្រុមហ៊ុន CHEVRON ឆ្លើយតបសំណើខាងលើនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ជាការកត់សម្គាល់ បន្ទាប់ពីមានការប្រកាសរបស់លោកសម រង្ស៊ី អំពីព័ត៌មានខាងលើនេះ បានធ្វើឱ្យមជ្ឈដ្ឋានមហាជន សង្គមស៊ីវិល និស្សិត បញ្ញវន្ត ព្រះសង្ឃ និងក្រុមគ្រួសារលោកកឹម ឡី បានសម្តែងការចាប់អារម្មណ៍ និងសង្ឃឹមថា ការស្លាប់របស់លោកបណ្ឌិតកែម ឡី នឹងទទួលបានយុត្តិធម៌ ដោយពិតប្រាកដតាមរយៈ តុលាការអាមេរិកនោះ។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោកមួង សូនី បានបញ្ជាក់ថា សម្រាប់លោកយល់ឃើញថា ការប្រឹងប្រែងរបស់លោកសម រង្ស៊ី គឺជារឿងល្អមួយ ព្រោះប្រសិនបើក្រុមហ៊ុន CHEVRON ផ្តល់ឯកសារ ភ័ស្តុតាង ដូចលោក សម រង្ស៊ី បានប្រកាសនោះ ជាការបង្ហាញការពិតដល់ពលរដ្ឋខ្មែរ។

លោកមួង សូនី មានប្រសាសន៍ថា “បាទ ! សម្រាប់ខ្ញុំយល់ឃើញថា ការប្រឹងប្រែងរបស់គាត់ គឺជារឿងល្អមួយ ព្រោះប្រសិនបើក្រុមហ៊ុន CHEVRON គេផ្តល់ឯកសារហ្នឹង យើងគិតថា បង្ហាញការពិតដល់ពលរដ្ឋខ្មែរ។ ប៉ុន្តែយើងគិត ថា នៅពេលដែលខ្ញុំទៅកន្លែងកើតហេតុហ្នឹង ខ្ញុំឃើញថា អាជ្ញាធរ គាត់បានទៅដកម៉េមម៉ូរី ឬក៏គ្រប់ម៉េមម៉ូរីហ្នឹងអស់បាត់ទៅហើយ។ អ៊ីចឹង គិតថា វាពិបាកណាស់ ក្នុងការស្វែងកាម៉េរាសុវត្ថិភាពហ្នឹង។ ប៉ុន្តែវាអត់អីទេ វាជាការល្អ មែនទែន ដើម្បីប្តឹងផ្តល់យកភ័ស្តុតាងទាំងអស់ហ្នឹង។ ការពិតរឿងនេះ ដែនសមត្ថកិច្ចនៅស្រុកខ្មែរយើងទេ ប៉ុន្តែដោយសារតែវាកើតនៅហ្គារ៉ាស់សាំងក្រុមហ៊ុន CHEVRON។ អ៊ីចឹងខ្ញុំគិតថា តុលាការអាមេរិកគេព្យាយាមហើយ ដើម្បីរកដំណោះស្រាយ ឬក៏ជួយឱ្យមានយុត្តិធម៌ សម្រាប់លោកគ្រូកែម ឡី។ ប៉ុន្តែនៅក្នុងស្រុកខ្មែរយើង គ្មានជំនឿចិត្តថា នឹងរកយុត្តិធម៌បានទេ គឺមិនអាចតែម្តង។ ដូច្នេះការប្រកាសរបស់លោកសម រង្ស៊ី សម្រាប់ខ្ញុំគិតថា វាមិនផ្តល់ជាវិជ្ជមានអីធំដុំសម្រាប់កម្ពុជា ពីព្រោះវាមិនមែនជាដែនសមត្ថកិច្ចរបស់តុលាការអាមេរិក ប៉ុន្តែអ្វីដែល លោកពូសម រង្ស៊ី គាត់ប្រឹងប្រែងធ្វើ វាអាចជាចំណុចល្អមួយដែរ។ កាលណាយើងមានភ័ស្តុតាង ហើយទោះជាតុលាការកម្ពុជា មិនព្រមបង្ហាញភ័ស្តុតាងរកយុត្តិធម៌ឱ្យលោកគ្រូកែម ឡី ក៏យើងអាចយកវីដេអីការពិតហ្នឹង គឺប្រជាពលរដ្ឋខ្មែរ គាត់បានដឹង បានឮអំពីបញ្ហានេះ គិតថា ជាចំណុចចាប់ផ្តើមមួយ ដើម្បីរុញច្រាន ឬដាក់បន្ទុកទៅលើតុលាការខ្មែរយើង ឱ្យធ្វើការប្រឹងប្រែង ដើម្បីរកយុត្តិធម៌ជូនលោកគ្រូពិតប្រាកដ”។

លោកមួង សូនី មានប្រសាសន៍បន្តថា  “ពួកយើងដែលជាកូនសិស្សរបស់គាត់ ហើយយើងបានសិក្សាពីស្ថានភាពសង្គមយើងដឹងថា តុលាការហ្នឹង ជាតុលាការតេឡេ សម្រាប់បញ្ជា ពីអ្នកមានអំណាចពុករលួយ។ អ៊ីចឹង ពួកខ្ញុំ ហ្នឹងគ្មានជំនឿចិត្តទៅលើតុលាការស្រុកខ្មែរយើងទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងក្នុងនាមជាប្រជាពលរដ្ឋ គឺយើងត្រូវធ្វើអ្វីៗទៅតាមលទ្ធភាពរបស់យើងអាចធ្វើទៅបាន ដូចជាការជំរុញទៅក្រុមហ៊ុនឆេវរ៉ុន ហ្នឹង ឱ្យបញ្ចោញ ភ័ស្តុតាងឱ្យកូនខ្មែរយើងបានដឹងការពិត ហើយ ដូចជាយើងធ្វើសកម្មភាពផ្សេងៗដូចជាការបញ្ចាំង វីដេអូពីការសម្លាប់គាត់ ដើម្បីរកតម្រុយ ហើយ ខ្ញុំគិតថា សំខាន់បំផុត ប្រជាពលរដ្ឋខ្មែរ អ្នកសារព័ត៌មាន ឬអ្នកនយោបាយ យើងត្រូវរកតម្រុយដោយខ្លួនឯង ពីព្រោះអីការបាញ់សម្លាប់នេះ យើងឃើញថា វាស្តែងៗ ហើយយើងមាន ភ័ស្តុតាងច្រើន”។

លោកកែម រិទ្ធីសិទ្ធ ប្អូនប្រុសលោកកែម ឡី បានបញ្ជាក់ថា ការប្រកាសរបស់លោកសម រង្ស៊ី ធ្វើឱ្យលោកមានការចូលរួមត្រេកអរ ហើយ នឹងរង់ចាំមើលយុត្តិធម៌ពីបញ្ហាបណ្តឹងរបស់លោក សម រង្ស៊ី ក៏ដូចជាអ្នកដែលបានជួយស្វះស្វែង នៅក្នុងរឿងនេះ។

លោកកែម រិទ្ធីសិទ្ធ បានមានប្រសាសន៍ ថា “ខ្ញុំមានការពេញចិត្តនឹងទង្វើរបស់ឯកឧត្តម សម រង្ស៊ី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ដែល គាត់ទាមទារយុត្តិធម៌សម្រាប់បងខ្ញុំ។ យើង ចង់បានយុត្តិធម៌សម្រាប់ក្រុមគ្រួសារផង ជាពិសេស សម្រាប់ប្រជាពលរដ្ឋទាំងអស់ គាត់ចង់ឃើញ សង្គមមានយុត្តិធម៌ តើវាយ៉ាងម៉េច? ព្រោះថា អានេះគឺជាអ្វីដែលយើងហៅថាជាចុងក្រោយ ក៏បាន យើងហៅថាជាការសម្រេចដ៏ធំ សម្រាប់ ការពេញចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្លាប់ អ៊ីចឹង វាធ្វើឱ្យសកលលោកភ្ញាក់ផ្អើល ហើយ ក៏មិនអាចលាក់បាំងជិតដែរ។ យើងសង្ឃឹមដូច ឯកឧត្តមសម រង្ស៊ី អ៊ីចឹងដែរ ប៉ុន្តែលទ្ធភាព គេចាត់ចែងយ៉ាងម៉េច យើងអត់បានដឹង គ្រាន់តែថា យើងសូមបួងសួងឱ្យការធ្វើការតវ៉ាហ្នឹង ឱ្យបានជោគជ័យ”។ ចំពោះតុលាការនៅស្រុកខ្មែរ យើងរំពឹងដែរ តែរំពឹងតិចតួច…។

គួរបញ្ជាក់ដែរថា ការប្រកាសដំណឹងល្អ របស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើង មុនពេល៨ថ្ងៃនៃខួប១ឆ្នាំ នៃមរណភាពរបស់ លោកបណ្ឌិតកែម ឡី ហើយក្រុមគ្រួសាររបស់ លោកបណ្ឌិតកែម ឡី ក៏បានត្រៀមជាស្រេច ក្នុង ការរៀបចំពិធីបុណ្យខួបនេះ។

លោកកែម រិទ្ធីសិទ្ធ បានប្រសាសន៍បន្ថែម លើចំណុចនេះថា “បាទ! ចំពោះភរិយារបស់លោក បណ្ឌិត គឺគាត់ប្រហែលជាមិនបានមកចូលរួម នៅកន្លែងគេហដ្ឋានរបស់គាត់ទេ ប៉ុន្តែគាត់ជា អ្នកដើមបុណ្យ ដូចខាងម្តាយក្មេក ឬមួយបង ស្រី ឬមួយក៏ខ្ញុំដែរ។ ប៉ុន្តែរឿងយើងធ្វើបុណ្យ ខួប១ឆ្នាំនេះ គឺយើងធ្វើដោយគ្រួសារយើង មិន មានគណៈកម្មការមកចាត់ចែងដូចកាលមុន ទេ។ ធ្វើនៅខាងខេត្តតាកែវ យើងរៀបចំនេះ មិនអាចថាបុណ្យធំឬមិនធំទេ ពីព្រោះយើង ទទួលប្រជាពលរដ្ឋទូទាំងស្រុកខ្មែរ ក៏ដូចជាអ្នក មកពីក្រៅប្រទេស គឺមកចូលរួមយើងទទួល។ យើងមានគណៈកម្មការនៅតាមគ្រួសារយើងដែរ ដូចជាយើងមានទំនាក់ទំនងជាមួយអាចារ្យ- វត្ត ឬមួយក៏បងប្អូនសាច់ញាតិហ្នឹង មកធ្វើការ ចាត់ចែងហ្នឹង ពីព្រោះគណកម្មការយើង ដែល ធ្វើបុណ្យ១០០ថ្ងៃ ពីមុនហ្នឹង គាត់មានរវល់ទៅ ប្រទេសអូស្ត្រាលី។ ចំពោះកម្មវិធីបុណ្យ យើង មានហើយ គឺថ្ងៃ៩ កក្កដា យើងចាប់ផ្តើមពី ម៉ោង២ទៅ ដូចជាក្រុងពលី ឧបកិច្ចចាប់ផ្តើម កម្មវិធីបុណ្យម៉ោង៣ យើងនិមន្តលោកសូត្រ មន្ត ហើយម៉ោង៤ គឺយើងនិមន្តលោកទេសនា គ្រែ២ហ្នឹង ហើយម៉ោង៥ គឺយើងទទួលភ្ញៀវ ហើយរហូត ដល់ព្រឹកឡើង ថ្ងៃទី១០ ម៉ោង៧ គឺយើងនិមន្ត លោកឆាន់ធម្មតា ហើយបន្ទាប់មក គឺយើងសូត្រ អំពីជីវប្រវត្តិរបស់គាត់ ម៉ោងដប់ យើងធ្វើកិច្ចមួយ គឺយើងរាប់បាត្រចំនួន៥១អង្គ ហើយបន្ទាប់មក ម៉ោង១១ យើងធ្វើកិច្ចបញ្ចប់ពិធី”៕

កុលបុត្រ

RELATED ARTICLES