Friday, November 29, 2024
Homeព័ត៌មានជាតិដីកោះរុង រងការរំលោភ លក់យ៉ាងអនាធិបតេយ្យ

ដីកោះរុង រងការរំលោភ លក់យ៉ាងអនាធិបតេយ្យ

ភ្នំពេញ ៖ មានប្រភពព័ត៌មានថា ដីនៅកោះរុង ក្នុងខេត្តព្រះសីហនុ កំពុងរងការរំលោភ ទិញលក់យ៉ាងអនាធិបតេយ្យ ពីសំណាក់អ្នកមានអំណាច។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Trey Sre-Rt IERs” បានសរសេរ ព្រមជាមួយការបង្ហោះកិច្ចសន្យាលក់ផ្តាច់ដី ថា “ដីនៅលើកោះរុង ត្រូវបានទិញលក់យ៉ាងអនាធិបតេយ្យ ពីសំណាក់ឈ្មួញមានអំណាច និងសហការពីមន្ត្រីគ្រប់គ្រងកោះរុង តាំងពីមេភូមិ ចៅសង្កាត់ ចៅសង្កាត់រង ទី១ និងទី២ និងប្រធានអន្តរវិស័យគ្រប់គ្រងកោះរុង ដែលបណ្តាលឱ្យមានការកាប់រានព្រៃ យ៉ាងអនាធិបតេយ្យ ពួកមានលុយមានអំណាច ទាំងនេះបានជួលកម្មករកាប់រានព្រៃ និងរំលោភយកដីឆ្នេរ ហើយធ្វើផ្ទះតូចៗ ជួលកម្មករពីខាងក្រៅមកយាម ដើម្បីប្រើរូបភាពថា ជាពលរដ្ឋក្រីក្រ ម្ចាស់ដី ម្ចាស់ស្រុក ដោយមានកម្លាំងចាំជួយកាងពីក្រោយ។ សកម្មភាពទាំងនេះ វាផ្ទុយទាំងស្រុងពីប្រសាសន៍ និងការអះអាងរបស់លោកអភិបាលខេត្តព្រះសីហនុ យន្ត មីន  ដែលព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នក ជាប់ពាក់ព័ន្ធសកម្មភាពទិញ-លក់ និងចូលទៅកាប់ទន្ទ្រានដីព្រៃថ្មីៗ នឹងត្រូវប្រឈមការផ្តន្ទាទោសជាប់គុកច្រវាក់។ ជាងនេះ លោកប្រកាសមិនទទួលស្គាល់ចំពោះសកម្មភាពទិញលក់ដីព្រៃ ដែលជនអនាធិបតេយ្យឃុបឃិត កាប់រានដីព្រៃរដ្ឋហាមឃាត់ខុសច្បាប់ នៅលើសង្កាត់កោះរុងនោះទេ។ តើលោកអភិបាលខេត្ត ពិតជាមិនបាន ជ្រាបរឿងកើតឡើងទាំងនេះឬយ៉ាងណា?”។

តំណាងសហគមន៍ខេត្តព្រះសីហនុ លោកស្រី ហង្ស ចិន្តា បានបញ្ជាក់ថា នៅលើដីកោះនោះ រដ្ឋាភិបាលបានបន្តការកាត់ខ្វៀលចែកជូនប្រជាពលរដ្ឋដែលរស់នៅទីនោះយូរ ទៅតាមដំណាក់កាល ប៉ុន្តែការទិញ-លក់ដី នៅតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ពីសំណាក់អ្នកមានអំណាច ឬឈ្មួញកណ្តាល។

អ្នកស្រីហង្ស ចិន្តា មានប្រសាសន៍ថា “បើនិយាយទៅ ស្ថានភាពរាល់ថ្ងៃ រឿងការទិញ លក់ដីហ្នឹង វាអាជីពរបស់អស់លោកដែលគាត់រកមុខរបរហ្នឹង។ អ៊ីចឹងបានថា ឱ្យតែកន្លែងណា មានការអភិវឌ្ឍ គឺគាត់តែងតែទៅប្រជៀតក្នុងការទិញ-លក់ហ្នឹងហើយៗបើថាការអភិវឌ្ឍរបស់រដ្ឋាភិបាលបានសម្បទានឱ្យវិញ គឺថា ត្រីងៀតឆ្លៀតពង។ បើថាសម្បទានឱ្យស្តង់ដារ រដ្ឋប៉ុនណា អ៊ីចឹងមានអ្នកចង់បាននៅខេងខាង ហ្នឹងជួយការរំលោភថែម។ អ៊ីចឹងវាមានការ ពិបាកខ្លាំងសម្រាប់ប្រជាពលរដ្ឋ សូម្បីតែក្នុងការលក់ដូរនោះ បើប្រជាពលរដ្ឋផ្ទាល់តែម្តង លក់ដូរ ក៏មិនដែលមានតម្លៃដូចគេដែរ ដោយសារការចំណេញទិញដូរ ដោយឈ្មួញកណ្តាល គេអ្នកឱ្យតម្លៃទាបខ្ពស់ស្រេចតែគេ។ នៅលើ កោះនោះ មានប្រជាពលរដ្ឋនៅច្រើនណាស់ បើនិយាយទៅ តួលេខជាសហគមន៍ ខ្ញុំអត់អាច ប្រមាណទេ គ្រាន់តែថា វាច្រើន ហើយភាគច្រើន ពួកគាត់នេសាទ ហើយនៅលើកោះហ្នឹង ជំនួញជាលក្ខណៈគ្រួសារ គាត់លក់ចាប់ហួយ លក់បាយ លក់កាហ្វេ ជាអាជីពរបស់គាត់ ហើយអ្នកដែលប្រកបរបរនេសាទហ្នឹង គឺមានច្រើន។  ហើយអ្នកនៅអតីតជាមូលដ្ឋានចាស់ គាត់នៅច្រើនជាងអ្នកមកក្រោយ ប៉ុន្តែគ្រាន់តែថា រដ្ឋាភិបាលប្រកាសក្នុងការសម្បទានដីខ្វៀលចែកឱ្យប្រជាពលរដ្ឋអ៊ីចឹង យើងមើលឃើញថា វាមានពាក់ព័ន្ធអ្នកចំណូលថ្មីខ្លះ ហើយអ្នកខ្លះគាត់ ទិញ អ្នកខ្លះគាត់បានពីអាជ្ញាធរអីអ៊ីចឹងទៅ។ បើនិយាយពីទំហំប៉ះពាល់ ខ្ញុំឃើញប្រជាពលរដ្ឋ ខ្លះរងគ្រោះក្នុងការវាស់វែងឱ្យគាត់ ដូចជាមិនពេញចិត្តនូវអ្វីដែលគាត់ទទួលយកបានរបស់គាត់ចាស់ ហើយមកឱ្យថ្មីអីអ៊ីចឹង”។

អ្នកស្រីហង្ស ចិន្តា បានមានប្រសាសន៍ បន្តថា “កន្លងមក មានការតវ៉ាច្រើនដែរ ទម្រាំមានការកាត់ខ្វៀល ហើយអភិបាលខេត្ត គាត់ចុះទៅដំណោះស្រាយរបស់គាត់ មានការកាត់ខ្វៀល យោងតាមប្រសាសន៍របស់សម្តេច បាន រួចរាល់របស់គាត់មួយចំនួនធំដែរហើយ។ ប៉ុន្តែ ក្រោយការបោះឆ្នោតនេះ អត់ទាន់ដឹងយ៉ាងម៉េចទៀតទេ។ បើនិយាយទៅ ក្នុងនាមជាប្រជាពលរដ្ឋហ្នឹង ចង់ឱ្យរដ្ឋាភិបាលហ្នឹងគាត់មានប្រសាសន៍បែបណា ដែលថា គាត់ខ្វៀល ឱ្យប្រជាពលរដ្ឋហ្នឹង រស់នៅបែបណាឱ្យសមរម្យ? ពាក្យថា សមរម្យ មិនមែនធ្វើផ្ទះបាំង សង្ក័សីពីរបីសន្លឹក ហើយផ្ទះបួនប្រាំម៉ែត្រអី អ៊ីចឹងថាសមរម្យទេ។ និយាយទៅ ការសមរម្យរបស់គាត់ មានទីធ្លាផ្ទះហ្នឹងទូលាយ ផ្ទះហ្នឹងឱ្យ បានសមរម្យ យ៉ាងហោចណាស់ក៏៥ទៅ៦ម៉ែត្រ អីដែរ។ អ៊ីចីងឹបើថា ការកាត់ខ្វៀល ដូចជានៅក្បាលឆាយ អាហ្នឹងខ្ញុំដឹងថា ម្នាក់គាត់មានបី បួនហិកតារអីពីមុនមកដល់គាត់កាត់តែក្បាលឱ្យប្រាំ បណ្តោយ២០អ៊ីចឹង គាត់អត់អាចទទួលយកបាន អ្នកខ្លះ ព្រោះដីគាត់ធំ។ អ៊ីចឹងកោះរុង ហ្នឹង ក៏អត់ខុសពីគ្នាទេ រាល់ការកាត់ខ្វៀលឱ្យហ្នឹង។

សរុបមក ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលហ្នឹង ឱ្យបានដឹងរឿងថា មានការខ្វៀលដីឱ្យប្រជាពលរដ្ឋហ្នឹង ឱ្យវាសមរម្យ ហើយអាចទទួលយកបានទាំងអស់គ្នា។ ហើយខ្ញុំសំណូមពរឱ្យអាជ្ញាធរទាំងអស់ នៅថ្នាក់មូលដ្ឋានហ្នឹង គាត់ត្រូវតែជួយផ្សព្វផ្សាយបែបណាក្នុងការគាត់បានទទួលដីពីរដ្ឋាភិបាល កាត់ខ្វៀលឱ្យហ្នឹង ហើយកុំឱ្យគាត់ចេះតែលក់ទៅ ស្រែកថា ថ្ងៃក្រោយទៅចេះតែអត់មានដីនៅ ចង់ប្រាប់គាត់ថា អនាគតទៅថ្ងៃមុខ ដីវាអត់មានកើតទៀតទេ មានតែប្រជាពលរដ្ឋទេដែលកើត អ៊ីចឹង មនុស្សកើនច្រើន ដីវាចេះតែរួមហើយ កុំចេះតែងាកទៅ ជឿឃោសនាគេ ចេះតែលក់ទៅៗ វាមានផលវិបាកថ្ងៃក្រោយដែរ”។

ជាមួយគ្នានោះដែរ លោកសុខ ចិន្តា អាយុ ៦៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋរស់នៅលើដីកោះរុង បានបញ្ជាក់ថា ទោះបីមានអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា នឹងកាត់ខ្វៀលដីនៅ លើកោះពួកគាត់រស់នៅក៏ដោយ ក៏អាជ្ញាធរមិនទាន់បានអនុវត្តឱ្យឃើញជាក់ស្តែងនៅឡើយ។ ផ្ទុយទៅវិញ បែរជាមានក្រុមហ៊ុនឧកញ៉ាដ៏មានឥទ្ធិពលដាក់គ្រឿងចក្រមកឈូសឆាយផលដំណាំរបស់ពួកគាត់ និងដេញមិនឱ្យរស់នៅលើដីលំនៅឋានរបស់ពួកគាត់ ដែលពួកគាត់រស់នៅតាំងពីឆ្នាំ១៩៧៩នោះ។

លោកសុខ ចិន្តា បានមានប្រសាសន៍ថា “បាទ! នៅហ្នឹងប្រជាពលរដ្ឋរស់នៅដាំដំណាំ គ្រប់ប្រភេទ នៅលើដីកោះហ្នឹង គាត់ធ្វើចម្ការ ហើយមានទូកមួយម្នាក់ គាត់ចេញទៅរកនេសាទត្រី បានព្រឹកហូបល្ងាច បានល្ងាចហូបព្រឹក ១ថ្ងៃ ដូរ១ថ្ងៃ អត់ដែលមានផលរមាស់អីទេ ស្រាប់តែមានក្រុមហ៊ុនឧកញ៉ាម្នាក់មក ស្រាប់តែកាលពីឆ្នាំទៅមួយ ចុះទៅ ឈូសឆាយរបស់ប្រជាពលរដ្ឋអស់ ហើយគាត់ថា គាត់មានច្បាប់ ស.ជ.ណ។ ដល់ក្រោយឮថា ច្បាប់ ស.ជ.ណ ហ្នឹង សម្តេចតេជោ គាត់ខ្វៀលឱ្យ កុំឱ្យប៉ះពាល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋផ្អើលអ៊ីចឹងទៅ ស្រាប់តែគាត់ថា គាត់ខ្វៀលឱ្យ គាត់នឹងខ្វៀល ស្បែកខ្លា តែចុងបញ្ចប់ អត់មានស្បែកខ្លា ដូចសម្តេចតេជោ និយាយទេ ព្រោះឧកញ៉ារំលោភយកទាំងអស់របស់ប្រជាពលរដ្ឋ។ ការឈូសឆាយនេះ អត់មានសំណងអីទេ គាត់អាង ស.ជ.ណ។ តំបន់សុខសាន្ត តំបន់ទឹកត្រី គាត់ចាប់ផ្តើមធ្វើរហូត ឥឡូវគាត់ចាប់ផ្តើមវែកកន្លែងសុខសាន្ត ហ្នឹងច្រើនជាងគេ ហើយផ្តើមមកឡទឹកត្រី និងកោះតូច ដែលគាត់ថា អភិវឌ្ឍធ្វើតំបន់៤៥របស់គាត់។ យើងធ្លាប់តវ៉ាដែរ ហើយខាងខេត្តចុះទៅដែរ តែមិនដឹងធ្វើម៉េច ក៏ឡើងមកវិញ។ ដូច្នេះតំណាងឱ្យប្រជាពលរដ្ឋនៅលើដីកោះ ខ្ញុំសូមអំពាវនាវឱ្យសម្តេចតេជោ និងមន្ត្រីទាំងអស់ ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដើម្បីបានដីធ្លី រស់នៅឡើងវិញ។ គឺចង់បានផ្ទះសម្បែងគ្រប់គ្នាមកវិញ។ មានតែម្រាមដៃដប់ លើកសំពះអំពាវនាវឱ្យសម្តេចតេជោ ជួយប្រជាពលរដ្ឋទាំងអស់”។

ទោះបីយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតប ពីអាជ្ញធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕

កុលបុត្រ

RELATED ARTICLES