ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុងរស្មីភ្នំពេញ បើកប៉ះជាមួយម៉ូតូ ដួលវៀចឈ្នាន់ ពុំមានរងរបួសផង ភាគីខាងរថយន្តមិនចង់វែងឆ្ងាយ ជួយចេញសងចំនួន១០ដុល្លា បែរជាភាគីម៉ូតូចាប់យកហើយហែកចោល រករឿងចោទប្រកាន់ថា មើលងាយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខបញ្ជាការដ្ឋានកងវិស្វកម្ម កងទ័ពជើងគោក ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងរថយន្តក្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ លាយសក្រហម ៤២កៅអី ជារថយន្តក្រុងរបស់ក្រុមហ៊ុន រស្មីភ្នំពេញ ដឹកអ្នកដំណើរ ។ ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-2371 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើរ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានប៉ះម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យដួល គ្រាន់តែវៀចឈ្នាន់ខាងឆ្វេង គ្មានអ្នករងរបួស ។
ក្រោយកើតហេតុ ភាគខាងរថយន្តមិនចង់វែងឆ្ងាយ សុំជួយសងសំណង១០ដុល្លារ ជាការជួសជុលម៉ូតូវៀចឈ្នាន់ តែខាងម៉ូតូយកលុយនោះមកចាប់ហែកចោល ចោទប្រកាន់ខាងរថយន្តថាមើលងាយ ទើបផ្ទុះទៅជាទំនាស់សម្តីមួយប្រ៉ាវ ហើយប៉ូលីសចុះអន្តរាគមន៍ និងប្រជាពលរដ្ឋថាឲ្យម្ចាស់ម៉ូតូម្នាក់មួយមាត់ កាលបើមិនសុខចិត្ត ហេតុអីបានយកលុយគេហែកចោល ទីបំផុតបញ្ចប់រឿងត្រឹមពលរដ្ឋជួយកាច់ពត់ឈ្នាន់ម៉ូតូជូនបង ជាការបញ្ចប់រឿង បើកចាកចេញរៀងខ្លួន ៕