Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ទៅថៃ ពេលពលករខ្មែរជ្រួលច្របល់

លោកកឹម សុខា ទៅថៃ ពេលពលករខ្មែរជ្រួលច្របល់

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានចេញទៅប្រទេសថៃ ខណៈ ដែលពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេស ថៃ កំពុងមានការជ្រួលច្របល់ចំពោះការចេញ ច្បាប់ថ្មីរបស់ប្រទេសថៃ រឹតបន្តឹងការគ្រប់គ្រង ពលករដែលចូលទៅធ្វើការខុសច្បាប់ធ្វើឱ្យ ពលករខ្មែរមួយចំនួនធំ បានចាកចេញពីប្រទេស ថៃ វិលមកប្រទេសកម្ពុជាវិញ។

តាមការបង្ហើបរបស់មន្ត្រីគណបក្សប្រឆាំង បានឱ្យដឹងថា កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា និងក្រុមគ្រួសារ បានទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រហួហ៊ីន ប្រទេសថៃ ហើយបានមកសម្រាកនៅទីក្រុងបាងកក និងបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ទោះបីយ៉ាងណា ជុំវិញព័ត៌មាននេះ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលោកមុត ចន្ថា នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់លោកកឹម សុខា បានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ការចេញទៅដើរកម្សាន្ត នៅប្រទេសថៃរបស់លោកកឹម សុខា ជាមួយក្រុមគ្រួសារបានធ្វើឡើងក្រោយពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចច្រានចោលនូវបណ្តឹងរបស់មេធាវី ដែលស្នើសុំមោឃភាពសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ១០នាក់ទៀត កាលពីពេលថ្មីៗនេះ ហើយក៏ជួនពេលនឹងពលករខ្មែរនៅប្រទេសថៃ កំពុងមានការជ្រួលច្របល់ បន្ទាប់ពីពលករខ្មែររាប់ពាន់នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកំណើតវិញយ៉ាងគំហុក នៅចុងខែមិថុនា និងដើមខែកក្កដា នេះ បន្ទាប់ពីអាជ្ញាធរថៃ អនុវត្តច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់ នាពេលថ្មីៗនេះ។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេសខុសច្បាប់ នៅឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលថៃ បានបន្ថែមទោសឱ្យកម្រិតកាន់តែធ្ងន់ក្នុងន័យកំណត់តួនាទី ការទទួលខុសត្រូវរបស់និយោជក និងអ្នកដែល ទទួលបានការអនុញ្ញាតនាំពលករបរទេសមក ធ្វើការឱ្យកាន់តែច្បាស់លាស់ដោយមាន៨ចំណុច គឺ ៖

១-បុគ្គលទាំងឡាយណាដែលទទួលពលករបរទេសមកធ្វើការក្នុងប្រភេទការងារដែលហាមពលករបរទេសធ្វើ ឬទទួលពលករបរទេសមក ធ្វើដោយមិនមានប័ណ្ណអនុញ្ញាតការងារ ឬទទួលពលករដែលមិនមានប័ណ្ណអនុញ្ញាត សម្រាប់ធ្វើការងារជាមួយខ្លួន ត្រូវមានទោសពិន័យជាប្រាក់ ចាប់ពី ៤០០ ០០០បាត ដល់ ៨០០ ០០០បាត ក្នុងការជួលពលករម្នាក់។

២-បុគ្គលទាំងឡាយណាដែលឱ្យពលករបរទេសធ្វើការដោយមិនត្រឹមត្រូវទៅនឹងប្រភេទនៅក្នុងប័ណ្ណអនុញ្ញាតការងារ ត្រូវមានទោសពិន័យជាប្រាក់មិនលើសពី ៤០០ ០០០បាត ក្នុងពលករម្នាក់។

៣-ពលករបរទេសដែលធ្វើការដោយមិនមានការអនុញ្ញាត ឬធ្វើការក្នុងប្រភេទការងារ ដែលត្រូវបានហាមពលករបរទេសធ្វើ ត្រូវមានទោសជាប់ឃុំ មិនលើសពី៥ឆ្នាំ ឬពិន័យជាប្រាក់ចាប់ពី ២ ០០០បាត ដល់១០០ ០០០បាត ឬ ទាំងជាប់ឃុំ និងពិន័យ។

៤-ពលករបរទេសដែលធ្វើការចាំបាច់ ឬបន្ទាន់ ដោយមិនបានជូនដំណឹងមកអាជ្ញាធរ ត្រូវមានទោសពិន័យជាប្រាក់ ចាប់ពី២០០០បាត ដល់១០០ ០០០បាត។

៥-ពលករបរទេសដែលធ្វើការមិនត្រឹមត្រូវទៅនឹងប្រភេទការងារនៅក្នុងប័ណ្ណអនុញ្ញាតការងារ ត្រូវមានទោសពិន័យជាប្រាក់មិនលើស ពី ១០០ ០០០បាត។

៦-បុគ្គលទាំងឡាយណាដែលដកហូតប័ណ្ណអនុញ្ញាតការងារ ឬឯកសារសំខាន់ប្រចាំខ្លួនរបស់ពលករ ត្រូវមានទោសជាប់ឃុំមិនលើសពី៦ខែ ឬពិន័យជាប្រាក់មិនលើសពី ១០០ ០០០បាត ឬទាំងជាប់ឃុំនិងពិន័យ។

៧-បុគ្គលទាំងឡាយណាដែលបោកប្រាស់ អ្នកដទៃថា អាចនាំពលករបរទេសមកធ្វើការជាមួយនិយោជកនៅក្នុងប្រទេសថៃ ត្រូវមានទោសជាប់ឃុំពី៣ឆ្នាំ ដល់១០ឆ្នាំ ឬពិន័យជាប្រាក់ ចាប់ពី ៦០០ ០០០បាត ដល់ ១ ០០០ ០០០បាត ក្នុងពលករម្នាក់ ឬទាំងជាប់ឃុំ និងពិន័យ។

៨-បុគ្គលទាំងឡាយណាដែលប្រកបអាជីវកម្មនាំពលករបរទេសមកធ្វើការ ដោយមិនមានការអនុញ្ញាតពីអគ្គនាយកដ្ឋានការងារ ត្រូវមានទោសជាប់ឃុំពី៣ឆ្នាំ ដល់១០ឆ្នាំ ឬពិន័យជាប្រាក់ ចាប់ពី ២០០ ០០០បាត ដល់ ៦០០ ០០០បាត ឬទាំងជាប់ឃុំ និងពិន័យ។

ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានចេញសេចក្តីប្រកាសព័ត៌មានលេខ ៤២១/១៧/ សកប៤ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជាក់ថា “ស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករទាំងអស់ជ្រាបថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស ឆ្នាំ ២០១៧ គឺក្នុងគោលបំណងបន្ថែមទម្ងន់ទោស ដល់និយោជក ដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេសមកធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់តែប៉ុណ្ណោះ។ ដូច្នេះ សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡងដ៍ និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឱ្យមានការចុះត្រួតពិនិត្យពលករកម្ពុជាដែលពុំមានឯកសារ គ្រប់គ្រាន់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ”។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា “ចំពោះបងប្អូនពលករកម្ពុជា ដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីចៀសវាង ការចាញ់បោកមេខ្យល់ដែលឆ្លៀតឱកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារ មកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងការជ្រើសរើស បណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលករកម្ពុជា ទៅធ្វើការនៅបរទេស ដូចមានក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ”៕

កុលបុត្រ

RELATED ARTICLES