Thursday, September 19, 2024
Homeព័ត៌មានជាតិចម្លាក់ថែវប្រាសាទអង្គរវត្ត បង្ហាញការវិវត្តយុគ៤នៃចក្រវាល

ចម្លាក់ថែវប្រាសាទអង្គរវត្ត បង្ហាញការវិវត្តយុគ៤នៃចក្រវាល

ទោះបីជាអ្នកស្រាវជ្រាវតាំងពីសម័យអាណានិគមសិក្សាស្រាវជ្រាវ ដោយបោះពុម្ភជាសៀវភៅផ្សព្វផ្សាយយ៉ាងណា ក៏មិនអស់អាថ៌កំបាំងរបស់ប្រាសាទអង្គរវត្តនោះដែរ។ ថ្មីៗនេះ បុរាណវិទូខ្មែរ បានស្រាវជ្រាវរកឃើញថា ចម្លាក់ថែវនៅប្រាសាទអង្គរវត្ត បានបង្ហាញពីការវិវត្តយុគ៤នៃចក្រវាល ដែលមានទិដ្ឋភាពប្លែកៗគ្នា…។

ប្រាសាទអង្គរវត្ត ជាបុរាណដ្ឋានកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ទុកជាអច្ឆរិយវត្ថុដ៏ល្បីល្បាញ នៃមនុស្សជាតិ។ ប្រាសាទនេះ ត្រូវបានកសាងប្រកបដោយលក្ខណៈស្ថាបត្យកម្មគ្មានគូប្រដូច តាំងនៅបានជាង១ពាន់ឆ្នាំទៅហើយ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ អាទិទេព ព្រហ្មញ្ញសាសនា ទើបមានក្បាច់ចម្លាក់នានា បានបង្ហាញពីនិន្នាការផ្អៀង ទៅតាមវិស្ណុនិយម តាមរយៈទេវកថានានា ទាក់ទងដល់មហិទ្ធិប្ញទ្ធិរបស់ព្រះវិស្ណុ និងអវតាររបស់ព្រះអង្គ។

លោកអ៊ា ដារិទ្ធ បណ្ឌិតបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ

លោកអ៊ា ដារិទ្ធ បុរាណវិទូធ្វើការនៅស្ថាប័នអាជ្ញាធរអប្សរា បានឱ្យដឹងថា ដោយសារប្រាសាទអង្គរវត្ត កសាងឧទ្ទិសដល់ព្រះនារាយណ៍ ទើបក្បាច់ចម្លាក់ នានាលើកសរសើរតែព្រះនារាយណ៍ ជាពិសេសបានបង្ហាញពីការវិវត្ត នៃចក្រវាលថែមទៀត។ លោកបញ្ជាក់ថា នៅលើជញ្ជាំងថែវទី៣ នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត៦០០ម៉ែត្រ កម្ពស់២ម៉ែត្រ មានក្បាច់ចម្លាក់ចំនួន៨ផ្ទាំង ដែលពិពណ៌នាពីរឿងរ៉ាវផ្សេងៗ កើតមានឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន ទី២ ដែលជាស្ថាបនិករបស់មហាប្រាសាទនេះ។

លោកអ៊ា ដារិទ្ធ បណ្ឌិតបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរអប្សរា បានបង្ហាញថា ចម្លាក់ទាំង៨ផ្ទាំង លើជញ្ជាំងថែវទី៣ នៃប្រាសាទអង្គរវត្ត គឺពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាល តាមរយៈការបែងចែកយុគ ក្នុងជំនឿសាសនានេះ។ យុគទាំង៤នោះ គឺក្រឹតយុគ ឬយុគមាស អាយុមាស ដែលមានកំណត់ត្រឹម១.៧២៨.០០០ឆ្នាំមនុស្ស ត្រូវជា៤៨០០ឆ្នាំទិព្វ ឬឆ្នាំទេព ហើយពួកមនុស្សនៅក្នុងយុគនេះ មានអាយុវែងៗ មានសេចក្តីសុខច្រើន។ ២-ត្រេតយុគ ឬត្រេតាយុគ (យុគប្រាក់ ឬអាយុប្រាក់) មានកំណត់ត្រឹម១.២៩៦.០០០ឆ្នាំមនុស្ស ត្រូវជា៣.៦០០ឆ្នាំទិព្វ ដែលពួកមនុស្សក្នុងយុគនេះ មានអាយុវែង យ៉ាងតិច មធ្យម។ ៣-ទ្វារបរយុគ៍ (យុគមានចំនួនលេខពីរៗ គឺលេខគត់គូ) មានកំណត់ត្រឹម៨៦៤.០០០ឆ្នាំមនុស្ស ត្រូវជា២.៤០០ឆ្នាំទិព្វ ដែលយុគនេះ អាយុមនុស្ស និងសេចក្តីសុខ យ៉ាងអន់។ ៤-កលិយុគ (យុគប្រកបដោយទោសៈ ប្រកបដោយជម្លោះ មានកំណត់ត្រឹម៤៣២.០០០ឆ្នាំមនុស្ស ត្រូវជា១.២០០ឆ្នាំទិព្វ គឺសំដៅដល់យុគយើងសព្វថ្ងៃនេះ ដែលមានសេចក្តីសុខតិចតួចណាស់។

លោកអ៊ា ដារិទ្ធ ឱ្យដឹងទៀតថា ជញ្ជាំងថែវប្រាសាទអង្គរវត្ត ត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះ គឺចម្លាក់២ផ្ទាំងនៅប៉ែកខាងកើត តំណាងឱ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាតបរិសុទ្ធ របស់មនុស្សដែលមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះ ជារឿងរ៉ាវរបស់ពពួកទេវៈសុទ្ធសាធ ដោយមានរឿង “កូរសមុទ្រទឹកដោះ” និងជ័យជម្នះរបស់ព្រះនារាយណ៍លើពួកអសុរៈទាំងឡាយ។ ចំណែកចម្លាក់២ផ្ទាំង នៅទិសខាងជើង តំណាងឱ្យត្រេតយុគ ជាយុគដែលគុណធម៌របស់មនុស្សថយចុះខ្លះ តែក៏នៅសល់ភាពល្អប្រសើរជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះ បង្ហាញពីចម្បាំងរវាងទេវៈ និងអសុរៈ ដោយមានរឿងជ័យជម្នះរបស់ព្រះក្រិស្ណៈ ដែលជាតួអង្គអវតារព្រះនារាយណ៍ លើស្តេចអសុរៈ ឈ្មោះពាន និងចម្បាំងរវាងទេវៈផ្សេងៗ ជាមួយនិងពួកអសុរៈ។ រីឯចម្លាក់២ផ្ទាំង នៅទិសខាងលិច តំណាងឱ្យទ្វារបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍ និងរឿងមហាភារតយុទ្ធ ដែលមានសាច់រឿងទាក់ទងគ្នារវាងទេវៈ ពាក់កណ្តាល មនុស្សពាក់កណ្តាល។ ដោយឡែក ចម្លាក់២ផ្ទាំងចុងក្រោយគេ នៅទិសខាងត្បូង តំណាងឱ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់នេះបានបង្ហាញរឿងរ៉ាវនានាក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៍ បង្ហាញពីការបញ្ចប់នៃចក្រវាល ដែលមានមនុស្សខ្លះ ឡើងទៅឋានសួគ៍ និងមនុស្សខ្លះត្រូវធ្លាក់នរក។

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្ត ធ្លាប់កប់បាត់កណ្តាលទ្រូងព្រៃ ក្រោយពេលព្រះបាទពញាយ៉ាត បានលើកព្រះរាជធានីពីក្រុងអង្គរ ទៅតាំងនៅក្រុងភ្នំពេញ ចតុម្មុខមង្គល។ ក្រោយមក ព្រះបាទអង្គចន្ទទី១ ឬព្រះចន្ទរាជា ដែលមានរាជធានីនៅក្រុងលង្វែក ស្តេចយាងទៅទាក់ដំរីនៅក្នុងព្រៃអង្គរ ក៏បានឃើញប្រាសាទដ៏ធំស្កឹមស្កៃ លាក់ខ្លួនពួនអាត្មាក្នុងព្រៃ ទើបព្រះអង្គត្រាស់បង្គាប់ឱ្យត្រួសត្រាយថែរក្សារហូតមក។ នាសម័យអាណានិគមបារាំង មានការបង្កើតក្រុមអភិរក្សអង្គរ ដើម្បីស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ តាមរយៈរុករកសិលាចារឹក ក៏បានដឹងថា បុព្វការីជនខ្មែរ ជាអ្នកកសាងប្រាសាទសិលាទាំងនេះ។ អ្នកប្រាជ្ញបារាំងសំខាន់ៗ ដូចជា លោកហ្ស៊ក សឺដែស ជាដើម បានបោះពុម្ពសៀវភៅផ្សព្វផ្សាយពីរចនាបថវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង ប៉ុន្តែមិនទាន់ស្រាវជ្រាវអស់សេចក្តីទេ។ ឥឡូវូកម្ពុជា មានបណ្ឌិតបុរាណវិទ្យា ឬបុរាណវិទូកាន់តែច្រើន ក៏មានការសិក្សាស្រាវជ្រាវជាបន្ត ដោយសង្ឃឹមថា អាថ៌កំបាំងដែលបន្សល់ទុក នឹងត្រូវបើកកកាយឱ្យសាធារណជនបានជ្រួតជ្រាបពីវត្ថុបំណងដ៏ពិសិដ្ឋ ដែលបុព្វការីជនខ្មែរបានកសាងទុក៕

 

RELATED ARTICLES