Wednesday, January 22, 2025
Homeព័ត៌មានជាតិទៅរកសេវាផ្លូវ ត្រូវស្រ្តីរកស៊ីផ្លូវភេទបន្លំលួចយកទូរស័ព្ទដៃ និងម៉ូតូ

ទៅរកសេវាផ្លូវ ត្រូវស្រ្តីរកស៊ីផ្លូវភេទបន្លំលួចយកទូរស័ព្ទដៃ និងម៉ូតូ

ភ្នំពេញ ៖ បុរសបីនាក់ចេញពីផឹកស្រវឹង បែកគំនិតជិះម៉ូតូពីរគ្រឿង ទៅរកសេវាបម្រើផ្លូវភេទ​ កំពុងនិយាយ​ចរចាគ្នាជាមួយស្រ្តីរកស៊ីផ្លូវភេទ ក៏ត្រូវបានស្រ្តីផ្លូវភេទបួនទៅប្រាំនាក់ ឆ្លៀត ឱកាសបន្លំលូកហោប៉ៅលួចយកទូរស័ព្ទដៃ កាបូបលុយ និងម៉ូតូមួយគ្រឿង បានសម្រេច ​កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះទី១ ជាម្ចាស់ម៉ូតូមានឈ្មោះវ៉ា វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនបាត់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone 6Plus។ ជនរងគ្រោះទី២ មានឈ្មោះញ៉េម ចន្ទ ភេទប្រុស អាយុ36ឆ្នាំ មុខរបរជាងសំណង់ ​ បាត់កាបូបដែលមានលុយ10$ អ្នកទាំងពីរស្នាក់នៅផ្ទះជួលម្តុំបូរីទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BG-៤៣៩៣ ដែលជាម៉ូតូត្រូវជនសង្ស័យលួចយកទៅ។ ជនរងគ្រោះទី៣ មានឈ្មោះ វ៉ា វន្នី ភេទប្រុស អាយុ៣៣ឆ្នាំ ជាអាជីវករលក់ចាប់ហួយ នៅផ្សារកណ្តាល ស្នាក់នៅផ្ទះ៨៩ ផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ បាត់ទូរស័ព្ទ Samsung អ៊ាលហ្វា និងកាបូបលុយដែលមានលុយជិត២០$ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១CU-៤០៦៦។

បើតាមសម្តីសមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើត ហេតុជនរងគ្រោះទាំងបីនាក់ទើបតែចេញមកពីផឹកស៊ីនៅហាងមួយកន្លែង នៅម្តុំផ្សារកណ្តាល ​ក៏បានជិះម៉ូតូមកកន្លែងកើតហេតុ ដើម្បីរកសេវាកម្មបម្រើផ្លូវភេទ ខណៈពេលមកដល់ក៏មានស្រ្តីរកស៊ីផ្លូវភេទបួនទៅប្រាំនាក់បានដើរទៅជិតម៉ូតូទាំង២គ្រឿងរបស់ជនរងគ្រោះ និងបាននិយាយចរចាតម្លៃគ្នា ដោយមានស្រ្តីរកស៊ីផ្លូវភេទម្នាក់ បានឡើងអង្គុយលើម៉ូតូរបស់ឈ្មោះ វ៉ា វន្នី ហើយធ្វើសកម្មភាពលូកហោប៉ៅយកទូរស័ព្ទដៃ និងកាបូបបានសម្រេច ហើយនិយាយចរចាគ្នាមិនត្រូវ ជនរងគ្រោះឈ្មោះវ៉ា វន្នី ក៏បានជិះទៅចោលជនរងគ្រោះពីរនាក់ទៀត ដោយមិនដឹងថា ទូរស័ព្ទដៃនិងកាបូបលុយ ត្រូវបានស្រ្តីរកស៊ីផ្លូវលួចយកនោះទេ។ ចំណែកឯជនរងគ្រោះឈ្មោះវ៉ា វុទ្ធី និងឈ្មោះញ៉េម ចន្ទ ដែលបើក​ម៉ូតូមួយគ្រឿងខាងលើ ក៏ត្រូវបានស្រ្តីរកស៊ីផ្លូវភេទម្នាក់ឡើងមកអង្គុយពីក្រោយនៅលើម៉ូតូ រួចធ្វើសកម្មភាពលូកហោប៉ៅយកកាបូបលុយរបស់ឈ្មោះញ៉េម ចន្ទ បានសម្រេចនិងបន្តលូកហោប៉ៅជនរងគ្រោះឈ្មោះ វ៉ា វុទ្ធី លួចយកទូរស័ព្ទដៃបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួន ក៏ស្ទុះចុះពីលើម៉ូតូមកទារទូរស័ព្ទដៃវិញ បណ្តាលឲ្យឈ្លោះប្រកែកគ្នា ហើយភ្លាមៗនេះជនរងគ្រោះបានឆក់យកទូរស័ព្ទដៃរបស់ស្រ្តីរកស៊ីផ្លូវភេទដែលលួចយកទូរស័ព្ទរបស់បានមួយគ្រឿងមកវិញ  គឺម៉ាក SIA ប្រភេទទូរស័ព្ទថាច់ ​ក្រោយមកក៏មានបុរស៦ទៅ៧នាក់ដែលជាបក្ខពួករបស់នារីរកស៊ីផ្លូវភេទទាំងនោះបានអន្តរាគមន៍ ហើយក៏មានបុរសម្នាក់ស្ទុះមកវាយជនរងគ្រោះឈ្មោះ វ៉ា វុទ្ធី ហើយក៏ត្រូវបានបក្ខពួកប៉ុន្មាននាក់ទៀត បានលើជិះរត់គេចបាត់ ។

ក្រោយមកជនរងគ្រោះទាំងបីនាក់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ស្រាប់តែមួយសន្ទុះក្រោយមក ស្រាប់មានប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះត្រូវបានជនសង្ស័យដែលជាបក្ខពួករបស់ស្រ្តីរកស៊ីផ្លូវភេទ ជិះយកទៅប្លុងចោលនៅក្នុងដីឡូត៍ទុកចោលមួកកន្លែង ដែលនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យយកមករក្សាទុក។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសមត្ថកិច្ចវែកមុខរកជនសង្ស័យទាំងនោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកឯម៉ូតូរបស់ជនរងគ្រោះដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជនរងគ្រោះវិញ៕

RELATED ARTICLES