Friday, November 29, 2024
Homeបរិយាយមកដល់យឺត ប្រសើរជាងមិនមក

មកដល់យឺត ប្រសើរជាងមិនមក

សុភាសិតបារាំង ១ឃ្លាថា “មកដល់យឺត ប្រសើរជាងមិនមក” (Mieux vaut tard que jamais) មានអត្ថន័យផ្តោត ជាសំខាន់ទៅលើមនុស្សខកដំណើរ ទៅមិនទាន់ពេលវេលា ប៉ុន្តែឱ្យតែបុគ្គលនោះចេញទៅដល់គោលដៅ យឺតក៏ដោយចុះ វាប្រសើរជាងអវត្តមាន។ ករណីប្រទេសថៃ ចេញច្បាប់ពាក់ព័ន្ធដល់ពលករបរទេសនោះ ប្រៀបបាននឹងការរុញពលករខ្មែរ ដែលមិនបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ ឱ្យបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ខាងមុខ ស្របនឹងសុភាសិតថា “មកដល់យឺត ប្រសើរជាងមិនមក” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

យោងតាមតួលេខក្រៅផ្លូវការបានបង្ហាញថា មានពលករ-ពលការិនីខ្មែរប្រមាណ១លាននាក់ ចេញទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដោយមិនគិតពីពលករនៅប្រទេសផ្សេងៗទៀតឡើយ។ ពលករ-ពលការិនីទាំងនោះ ខ្លះ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខ្លះគ្មានឈ្មោះ ប៉ុន្តែ គ្រប់អាយុបោះឆ្នោត លុះ គ.ជ.ប បញ្ចោញតួលេខចំនួនអ្នកបោះឆ្នោត ឃើញបាត់ច្រើនណាស់ ចូលដល់ខ្ទង់លានឯណោះ។ ការបាត់ឈ្មោះមិនបានទៅបោះឆ្នោត នាពេលថ្មីៗនេះ គឺមកពីកត្តាច្រើនយ៉ាង ដូចជា ៖

១.បាត់អត្តសញ្ញាណប័ណ្ណ ឬមិនបានយកអត្តសញ្ញាណប័ណ្ណទៅស្រុកកំណើតជាមណ្ឌលបោះឆ្នោត ដោយភ្លេចនៅផ្ទះជួលឯភ្នំពេញ។

២.ខ្ជិលទៅបោះឆ្នោត ដោយគិតថា បោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់ មិនសូវសំខាន់។

៣. មានជំងឺទៅមិនរួច។

៤.ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។

កត្តាសំខាន់ជាងគេ និងមានចំនួនច្រើនបំផុត គឺយុវវ័យបាននាំគ្នាឆ្លងដែនទៅប្រទេសថៃ លុះរវល់ជាប់ដៃរកលុយ វិលមកបោះឆ្នោតមិនទាន់ ក៏អវត្តមាន។ នេះសម្រាប់អ្នកដែលបានចុះឈ្មោះក្នុងបញ្ជី ប៉ុន្តែ សម្រាប់ពលករ-ពលការិនី ដែលមិនបានចុះឈ្មោះបោះឆ្នោត មានកត្តាច្រើនយ៉ាង ដូចជា ៖

១.ថៅកែជនជាតិថៃ មិនចង់ឱ្យមកស្រុក ព្រោះនាំឱ្យខាតបង់ផលប្រយោជន៍ ឬចង្វាក់ផលិតកម្មរបស់គេ។

២.គេចវេះមិនចង់ចូលស្រុក ខណៈដែលខ្លួនកំពុងមានការងារធ្វើ រកចំណូលបានខ្ពស់។

៣.មិនទាន់យល់ពីកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋកម្ពុជា។

ដូច្នេះការបាត់មនុស្សរាប់លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ប្រមាណ១៦លាននាក់នោះ មកពីជាប់ធ្វើចំណាកស្រុក នៅក្រៅប្រទេសនេះឯង ទើបបក្សប្រឆាំងដែលបោះឆ្នោតចាញ់បក្សកាន់អំណាចជាង៣០ម៉ឺនសំឡេងនោះ បានអំពាវនាវដល់ពលករ-ពលការិនីចំណាកស្រុក ជាពិសេស នៅប្រទេសថៃ ត្រូវមកបោះឆ្នោតឆ្នាំ២០១៨ ឱ្យខាងតែបាន ហើយសម្រាប់អ្នកមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យមកចុះឈ្មោះបោះឆ្នោតកុំខាន។ មូលហេតុមកពី CNRP ទុកចិត្តលើពលករ-ពលការិនីចំណាកស្រុកថា គាំទ្របក្សប្រឆាំង ច្រើនជាងគាំទ្របក្សកាន់អំណាច

នៅក្នុងហាងកាហ្វេមួយកន្លែង ក្បែរវត្តសន្សំកុសល រាជធានីភ្នំពេញ មានតាម្នាក់ គាំទ្របក្សប្រឆាំង និយាយថា “បើសិនជាពលករ-ពលការិនីនៅប្រទេសថៃ បានមកបោះឆ្នោតទាំងអស់គ្នានោះ បក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោតឆ្នាំ២០១៨ មិនខានឡើយ”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំងដូចគ្នា បានចាក់បណ្តោយថា “ពលករ-ពលការិនីទាំងនោះ ភាគច្រើនជាជនក្រីក្រ លួចឆ្លងដែនខុសច្បាប់ទៅស៊ីឈ្នួលគេ រកលុយផាត់បំណុល សុទ្ធតែគាំទ្របក្សប្រឆាំង អ៊ីចឹងបើសិនជាពួកគេបានមកបោះឆ្នោតឆ្នាំ២០១៨ ច្បាស់ជាបោះឆ្នោតឱ្យបក្សសង្គ្រោះជាតិ សំខាន់ឱ្យតែពួកគេវិលមកស្រុកវិញបានទាន់ពេលវេលា”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាច ជំទាស់ថា “ពលករ-ពលការិនីចំណាកស្រុកទាំងនោះ ក៏មានគាំទ្របក្សទេវតាច្រើនដែរ ព្រោះបើគ្មានការសម្របសម្រួលពីអាជ្ញាធរ ក៏ពួកគេមិនបានទៅធ្វើការនៅប្រទេសថៃ បានដែរ”

ការជជែកគ្នានេះ ចំណុចសំខាន់ត្រង់តាៗទាំងនោះចង់ឱ្យពលករ-ពលការិនី វិលមកស្រុកវិញទាំងអស់ ដើម្បីបានបោះឆ្នោត លុះបោះឆ្នោតរួចចាំទៅរកស៊ីវិញ ប៉ុន្តែ ទោះជាហៅយ៉ាងណាក៏មិនមកដែរ។ បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ រួចមក លោកសម រង្ស៊ី អតីតប្រធានបក្សប្រឆាំង បានអំពាវនាវយ៉ាងទទូចឱ្យពលករ-ពលការិនី ទៅប្រទេសថៃ វិលមកស្រុកចុះឈ្មោះបោះឆ្នោត និងត្រៀមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ថ្មីៗនេះទៀត លោកកឹម សុខា ប្រធានបក្សប្រឆាំង បានចេញទៅដើរកម្សាន្តទៅទីក្រុងមាត់សមុទ្រហួហ៊ីន និងរាជធានីបាងកក ប្រទេសថៃ ហើយក៏មានការរិះគន់ពីមជ្ឈដ្ឋានខ្លះថា “លោកកឹម សុខា គិតតែដើរលេង ខណៈដែលពលករ-ពលការិនីខ្មែរ កំពុងច្រួលច្របល់ដោយសារអាជ្ញាធរថៃ អនុវត្តច្បាប់តឹងរ៉ឹង”

បើពិចារណាឱ្យស៊ីជម្រៅទៅ ការអំពាវនាវរបស់លោកសម រង្ស៊ី និងការចេញទៅប្រទេសថៃ របស់លោកកឹម សុខា ហាក់ដូចជា ដើរស្របនឹងព្រះរាជក្រឹត្យព្រះមហាក្សត្រថៃ ពាក់ព័ន្ធដល់ការដាក់កម្រិតទោសកាន់តែធ្ងន់ដល់ពលករបរទេស ដែលចូលទៅប្រទេសថៃ ដោយខុសច្បាប់។ អាជ្ញាធរថៃ ក៏បានអនុវត្តភ្លាមៗ ដោយចាប់បញ្ជូនពលករខ្មែរ រាប់លាននាក់ ឱ្យវិលមកស្រុកវិញ។

ចំណុចនេះ យើងមានទស្សនៈថា “ជាផលចំណេញរបស់បក្សប្រឆាំង ដែលចង់ឱ្យពលករចំណាកស្រុកបោះឆ្នោត” នេះឯង។ បើអំពាវនាវស្រួលៗមិនមក ទាល់តែចាប់ តែបក្សប្រឆាំង មានសិទ្ធិឯណាទៅចាប់នោះ លុះត្រាតែអាជ្ញាធរថៃ ទើបធ្វើការងារ នេះបាន។ អ៊ីចឹងបើសិនជាពលករខុសច្បាប់វិលមកដល់ស្រុកវិញ ច្បាស់ជាមិនងាយបានចូលទៅថៃវិញទេ ព្រោះត្រូវចំណាយ លុយធ្វើលិខិតឆ្លងដែន ឬប័ណ្ណការងារស្របច្បាប់ ដែលចំនួននោះខ្ទង់លាននាក់ឯណោះ។ ដូច្នេះ ពេលសម្រាកកាយនៅក្នុងប្រទេស ចាំបាច់ត្រូវតែចូលរួមក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។

ដូច្នេះយើងឃើញថា ករណីថៃ អនុវត្តច្បាប់ចាប់ពលករខ្មែរខុសច្បាប់ មកស្រុកវិញនេះ ដូចរុញពលករក្រីក្រមកបោះឆ្នោត។ វាជារឿងចៃដន្យ ខណៈដែលបណ្តាខេត្តនៅជាយដែន ដូចជាខេត្តកោះកុង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ជាដើម មានកៅអី តំណាងរាស្ត្រតែ១អាសនៈ ដែលអ្នកវិភាគខ្លះថា ពលករក្រីក្រគាំទ្របក្សប្រឆាំង ចេញទៅរកស៊ីនៅប្រទេសថៃ ឡើងស្ងាត់ភូមិ នៅ សល់តែអ្នកមានធូរធារ ក៏បោះឆ្នោតឱ្យបក្សកាន់អំណាច កាន់កាប់អាសនៈតែ១នោះ គ្រប់អាណត្តិ។ អ៊ីចឹងតួលេខអាចនឹង ប្រែប្រួល បើសិនជាពលករចំណាកស្រុកបានវិលមកបោះឆ្នោត ទោះជាពួកគេមកយឺតបន្តិច ក៏មិនទាន់ហួសពេលដែរ។ គួរយល់ថា ពលករខ្លះបាត់មុខពីស្រុកកំណើតបួនប្រាំឆ្នាំ ដោយសារថៅកែថៃ ស៊ុមគ្រលុំលាក់ទុកបម្រើ ការងារគេនៅតាមការដ្ឋាន កសិដ្ឋាន រោងចក្រ សហគ្រាសនានា។ លុះច្បាប់ថ្មីតម្រូវឱ្យយកទោសថៅកែដែលហ៊ានលាក់ទុកពលករខ្មែរនោះ ច្បាស់ណាស់ថា ថៅកែខ្លាច ជាប់គុក ច្បាស់ជាប្រគល់ពលករខុសច្បាប់ទាំងនោះ ឱ្យអាជ្ញាធរបញ្ជូនមកស្រុក វិញមិនខាន។ បានន័យថា ពលករទាំងនោះ មកដល់យឺត តែប្រសើរជាងមិនមក ព្រោះការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ ជិតចូលមកដល់ហើយ

សរុបទៅ “មកដល់យឺត ប្រសើរជាងមិនមក” មានន័យយ៉ាងនេះឯង សំដៅដល់ការវិលត្រឡប់មកស្រុករបស់ពលករខ្មែរចំណាកស្រុក ដើម្បីចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលផលចំណេញ អាចនឹងធ្លាក់ទៅលើបក្សប្រឆាំង ច្រើនជាងបក្សកាន់អំណាច។ ប៉ុន្តែ យ៉ាងណា លទ្ធផលមិនអាចទាយទុកឱ្យប្រាកដបានទេ ព្រោះក្នុងចំណោមពលករ-ពលការិនីចំណាកស្រុក ទាំងនោះ ពុំមែនសុទ្ធតែគាំទ្រគណបក្សប្រឆាំងទាំងអស់ទេ គឺមានអ្នកគាំទ្របក្សកាន់អំណាចច្រើនដូចគ្នា ហើយដែលពួកគេ នឹងបោះឆ្នោតតាមឆន្ទៈរបស់ពួកគេ នៅពេលខាងមុខនេះ៕

ដោយ អាចារ្យថាំ

RELATED ARTICLES