ខណៈដែលស្ថានីយទូរទស្សន៍ជាច្រើនប្រជែងគ្នាផលិតកម្មវិធីបែបកម្សាន្តនោះ ដោយឡែកសម្រាប់ស្ថានីយ៍ ទូរទស្សន៍NTV បានប្រកាសថា នឹងបោះទុនក្នុងចំនួនច្រើនដើម្បីផលិតកម្មវិធីអប់រំមួយស្ដីពីក្រមសីលធម៌ វិជ្ជាជីវៈ និងសុជីវធម៌ ដែលមានឈ្មោះថា«ទស្សនៈសង្គម»ក្នុងទិសដៅចែកចាយចំណេះដឹងដល់ក្រុមយុវជននៅតាម សាកលវិទ្យាល័យ និងវិទ្យាល័យនៅគ្រប់ខេត្តក្រុង ដើម្បីអោយពួកគេទទួលបានចំណេះដឹង ពាក់ព័ន្ធនិងក្រមសីលធម៌ ពីវិជ្ជាជីវៈ ពីសុជីវធម៌រស់នៅ និងបញ្ច្រាបអោយពួកគេបានយល់ដឹងដោយ ផ្ទាល់ពីបញ្ហាចរាចរ និងផលប៉ះពាល់គ្រឿងញៀនផងដែរ។
លោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទទួលបន្ទុករបស់ទូរទស្សន៍NTV និងជាទីប្រឹក្សាក្រសួងព័ត៌មាន បានបានថ្លែងឲ្យដឹងថា បន្ទាប់ពីមើលឃើញថាកម្មវិធីទូរទស្សន៍ភាគច្រើនផ្ដោតជាសំខាន់តែលើការការកម្សាន្ត ហើយមិនសូវមានតម្លៃសម្រាប់ការអប់រំនោះទើបទូរទស្សន៍NTV សម្រេចបោះទុនក្នុងចំនួនមួយច្រើន ដើម្បីរៀបចំជាវេទិកាសិស្ស ឬនិស្សិតដោយផ្ដោតជាសំខាន់លើខ្លឹមសារអប់រំដើម្បីដាក់ផ្សាយ។ លោកបញ្ជាក់ថា កម្មវិធីនេះមិនខុសពីវេទិកាចំណេះដឹងដែលយូរៗទើបមានម្ដងនោះទេ តែសម្រាប់កម្មវិធី«ទស្សនៈសង្គម!»ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍NTV នៅរៀងរាល់យប់ថ្ងៃអាទិត្យ គឺនឹងធ្វើអោយអ្នកទស្សនាបានឃើញ និងបានដឹងពីប្រធានបទដែលមានតម្លៃក្នុងការរស់នៅ ដូចជាពាក់ព័ន្ធនឹងសីលធម៌ក្នុងការនិយាយស្ដី ក្នុងការរស់នៅ វិជ្ជាជីវៈការងារ និងសុជីវធម៌ជាដើម។
អគ្គនាយករងNTV ក៏បានឲ្យដឹងដែរថា កម្មវិធីនេះក្រុមការងារផលិតនឹងចុះទៅដល់សាកលវិទ្យាល័យ ឬវិទ្យាល័យនៅគ្រប់ទិសទី ដោយមានវាគ្មិនពីអ្នកជំនាញអោយពន្យល់បកស្រាយ ហើយអោយសិស្ស និងនិស្សិតសួរឆ្លើយ ដោយមិនខុសពីការរំលេចប្រធានបទសំខាន់ៗអោយអ្នកចូលរួមជ្រួតជ្រាប។ លោកបន្ថែមថា កម្មវិធីនេះក្រៅពីត្រូវចំណាយទុនច្រើនក្នុងការផលិតសម្រាប់មួយសប្ដាហ៍ៗ ក៏ត្រូវចំណាយពេលច្រើនដែរជាពិសេស គឺការផលិតប្រធានបទ ដើម្បីអោយមានភាពខុសគ្នាក្នុងការចែកចាយដល់យុវវ័យ និងអ្នកទស្សនាខណៈដែល កម្មវិធីត្រូវបានប្រកាសថានឹងក្លាយជាវេទិកាដែលនឹងទាក់ទាញអ្នកទស្សនាជាយុវវ័យ អោយទទួលបានចំណេះដឹង ទាំងការចូលរួមដោយផ្ទាល់ និងការទស្សនា។
លោកបណ្ឌិត្យ អះអាងថាNTV តែងតែរិះរកអ្វីដែលថ្មីគឺមិនចង់ផលិតកម្មវិធីមួយដែលមានលក្ខណៈ ដដែលៗនោះទេ ទើបសម្រេចចំណាយពេល និងថវិកាផលិតជាកម្មវិធីនេះ ដោយគ្រាន់តែការធ្វើដំណើរទៅតាមបណ្ដាខេត្តឆ្ពោះ ទៅកាន់វិទ្យាល័យ និងសាកលវិទ្យាល័យក៏ជារឿងពិបាកដែរ។ ប៉ុន្តែយ៉ាងណាមិញលោកបានរៀបចំក្រុមការងារ និងគូសវាសជម្នះនូវឧបសគ្គដែលបានប្រឈមរួចហើយ ដោយលោកថែមទាំងរំពឹងថានឹងផលិតបានកម្មវិធី ដែលមានប្រយោជន៍ដល់សង្គម និងទាក់ទាញយុវវ័យអោយចង់តាមច្រើននោះផង។ លោកថាកម្មវិធីនេះ ក្រៅពីចាក់ផ្សាយជាប្រចាំនៅលើកញ្ចក់ទូរទស្សន៍នៅរាល់យប់ថ្ងៃអាទិត្យចាប់ពីម៉ោង៧ ដល់ម៉ោង៨យប់ ក៏ត្រូវបានផ្សាយលើផេករបស់NTV ផងដែរ ។
លោកមានការរំពឹងថា កម្មវិធីនេះនឹងទាក់ទាញយុវវ័យបានច្រើន ជាពិសេសសម្រាប់អ្នកដែលបានចូលរួមបញ្ចេញ គំនិតនៅពេលចុះថតកម្មវិធីគឺប្រាកដជាចាំតាមដានទាំងការដាក់បញ្ចាំងលើទូរទស្សន៍ និងលើផេក។ ក្រៅពីកម្មវិធីមួយនេះ លោកថាNTV ក៏ត្រៀមផលិតកម្មវិធីកម្សាន្តតែមានតម្លៃជាច្រើនផ្សេងទៀតក្នុងពេល ទន្ទឹមគ្នាផងដែរ ខណៈដែលស្ថានីយទូរទស្សន៍មួយនេះក៏បានពង្រីកការផ្សាយដែលអាចមើលឃើញ ទូលំទូលាយជាងមុននាពេលចុងក្រោយនេះផងដែរ៕