លោកអែន ឌី បានហោះទៅអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៧នោះ ទើបតែត្រឡប់មកវិញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នេះទេ ពោលគឺរយៈពេលជិត៦ខែ ដែលតារាសាច់សខ្ចីរូបនេះបានផ្ញើខ្លួនលើទឹកដីអាមេរិក បាត់មុខពីគ្រប់កម្មវិធីប៉ុស្ដិ៍ទូរទស្សន៍ និងថត MV ផលិតកម្មសាន់ដេ។
តាមប្រភពថា រយៈពេលដែលអែន ឌី បានស្នាក់នៅអាមេរិក ជិត១៨០ថ្ងៃនេះ តារាចម្រៀងនិងសម្ដែងរូបនេះបានទទួលការរាប់អានជាច្រើនពីសំណាក់បងប្អូនខ្មែរនៅអាមេរិក ហើយលោកបានជួបអតីតតារារួមអាជីពដែលកំពុងរស់នៅបរទេស ដោយបានថតរូបជាមួយគ្នា ដល់ទៅជិត៣០នាក់ឯណោះ ដូចជា លោកយស បូវណ្ណៈ, អ្នកនាងអិុត ស្រីពីន, អ្នកនាងយ៉ាន លីដា, លោកពៅ សំណាង, អ្នកនាងឈួន ស្រីម៉ៅ, អ្នកនាងអ៊ុំ សុវណ្ណី, លោកវីរៈ តារា, ថោង សុដានី, ពៅ ភារុណ, ខៀវ សំភេទ, សេន រ៉ានុត, ឈាន នីហ្សា ជាដើម។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែអតីតតារាសម្ដែងល្បីល្បាញអ្នកនាងអម្ពរ ទេវី បានជិះយន្ដហោះហើរស្កាត់មកជួបលោកអែន ឌីដោយបានថតរូបភាពឱបរឹតគ្នាដោយក្ដីនឹករលឹកបំផុត ដើម្បីជាការលើកទឹកចិត្តដល់លោកអែន ឌី និងតារារួមក្រុមមានអ្នកនាងកាតុ និងលោករ៉ូលីន។
អែន ឌី បានរៀបរាប់ថា លោកពិតជាមានការនឹករលឹកស្រុកកំណើតខ្លាំងណាស់ ដែលឃ្លាតកាយរយៈពេល៦ខែនេះ ហើយក៍សូមអរគុណដល់បងប្អូនទាំងអស់ដែលនៅអាមេរិក និងតារារួមអាជីពដែលបានមកគាំទ្រលើកទឹកចិត្តសិល្បករយើងដែលទៅសម្ដែងនៅទីនោះ។
អែន ឌី ប្រាប់ថា ”ខ្ញុំបានជួបតារាខ្មែរយើងច្រើនណាស់ ដែលបានទៅរស់នៅអាមេរិក អរគុណមែនទែន សម្រាប់បងប្អូនខ្មែរ និងរៀមច្បងសិល្បៈដែលបានទៅគាំទ្រពួកយើងទាំងអស់គ្នា ដើម្បីឲ្យមានការសម្ដែងដោយរលូន។ ខ្ញុំក៍បានជួបអ្នកនាងអម្ពរ ទេវី ដែរគាត់ទៅមើលពួកយើងសម្ដែងនៅរដ្ឋវ៉ាស៊ីនតោន ហើយបងអម្ពរ ទេវី គាត់នៅតែស្អាតអីចឹង និងសុខសប្បាយជាទេ។រយៈពេល៦ខែនេះ ខ្ញុំបានសម្ដែង២០ Show នៅរដ្ឋឡុងប៊ិច ឡូវ៉េល វ៉ាស៊ីនតោន ស្ដុកតុន និងទៅប្រទេសបារាំង ជាដើម។ និយាយទៅការសម្ដែង តាមគម្រោងតែ៣ខែទេ តែដោយសារតែមានការគាំទ្រ ទើបខាង Sponsor គាត់បន្ដឲ្យ៣ខែទៀត រហូតកន្លះឆ្នាំតែម្ដង”។
លោកអែន ឌី បានចេញទៅសម្ដែងនៅអាមេរិក២លើកមកហើយ ហើយក្រៅពីនេះ តារាចម្រៀងរូបនេះក៍ធ្លាប់ហោះទៅច្រៀងនៅប្រទេសអូស្រ្ដាលី បារាំង និងកាណាដា ផងដែរ។ តារាសិល្បៈមួយចំនួនបានឆ្ងល់ថា ហេតុអីបានជាលោកអែន ឌី ចេញចូលទឹកដីអាមេរិកបាន ដោយស្រួលម្ល៉េះ? ខណៈដែលតារាខ្លះបានចូលសម្ភាសន៍ទូតអាមេរិក១០ដង ធ្លាក់ទាំង១០ដងក៍មានដែរ ប៉ុន្តែអែន ឌី បែរជាទៅម្ដង៦ខែតែម្ដង ឬមួយក៍អែន ឌី ចង់ដើរតាមគន្លងតារារៀមច្បងចាស់ៗ ដោយទៅក្រៅប្រទេសយូរៗទៅ បន្ដរស់នៅលើដីអាមេរិក ជាអចិន្ត្រៃយ៍តែម្ដង។
អែន ឌី អះអាងថា”ការដែលខ្ញុំអាចទៅអាមេរិកបាន ដោយស្នាក់នៅយូរបែបនេះ គឺដោយសារតែខ្ញុំមាន Sponsor ធានាត្រឹមត្រូវ ហើយយើងច្បាស់លាស់នឹងគេ វិលវិញតាមកំណត់។ចំពោះការស់នៅបរទេសជាអចិន្ត្រៃយ៍ ដូចរៀមច្បងមួយចំនួននោះ ខ្ញុំមិនអាចកំណត់បានទេព្រោះថ្ងៃខាងមុខយើងមើលមិនឃើញទេ”។
ការត្រឡប់មកស្រុកខ្មែរវិញនេះ លោកអែន ឌី បាននាំទាំងតារារៀមច្បង ពៅ សំណាង មកជាមួយផងដែរ ហើយអ្នកទាំង២នឹងឡើងច្រៀងសម្ដែងរួមគ្នានៅលើប៉ុស្ដិ៍ CTN នៅថ្ងៃសៅរ៌ និងអាទិត្យ សប្ដាហ៍ទី១ នៃខែកក្កដា នេះផងដែរ ខណ់ដែលអែន ឌី ពិចារណាចេញទៅច្រៀងសម្ដែងនៅប្រទេសផ្សេងទៀត នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ខាងមុខនេះ។
តារាសាច់សខ្ចីរូបនេះ បន្ថែមថា ”ពេលមកដល់ស្រុកវិញនេះ ខ្ញុំមិនសម្រាកទេ គឺបន្ដការប្រឡូកសិល្បៈឡើងច្រៀងនៅប៉ុស្ដិ៍ CTN ជាមួយបងពៅ សំណាង ហើយនឹងថតសិល្បៈផ្សេងៗ ដូចមុនទៀត។ ចំពោះការចេញទៅសម្ដែងនៅប្រទេសផ្សេងនោះ ខ្ញុំមិនទាន់ច្បាស់លាស់ទេ ចាំបានវីហ្សាសិន ទើបហ៊ាននិយាយ”។
គេកត់សម្គាល់ថា មុនពេលដែលអ្នកនាងអម្ពរ ទេវី ហោះស្កាត់ទៅជួបអែន ឌី ដល់រដ្ឋវ៉ាស៊ីនតោននោះ អតីតកំពូលតារាសម្ដែងរូបនេះក៍បានបញ្ចេញស្នាដៃថ្មីឲ្យផលិតកម្មថោន ផងដែរ តាមរយៈភាពយន្ដខ្នាតធំរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដែលទទួលបានការគាំទ្រច្រើនពីមហាជនហើយប្រជាជនខ្មែរ នៅតែស្រលាញ់ និងគាំទ្រអ្នកនាងអម្ពរ ទេវី ព្រមទាំងចង់ឃើញស្នាដៃថ្មីៗរបស់អ្នកនាងជាបន្ដទៀតផងដែរ៕