ភ្នំពេញ ៖ ក្នុងគម្រប់ខួប ១ឆ្នាំ នៃមរណភាពរបស់ស្វាមី ដែលនឹងឈានចូលមកដល់នៅថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅក្រៅប្រទេសជាមួយកូនទាំង ៥ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក គួរឱ្យក្តុកក្តួលថា “ប្តីសម្លាញ់! អូននឹកបងណាស់ គ្រប់ពេល រាល់ដង្ហើមចេញចូល”។
អ្នកស្រីប៊ូ រចនា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ថា “ប្តីសម្លាញ់ ! ជិតមួយឆ្នាំហើយ ដែលពួកតិរច្ឆាន បានឆក់យកជីវិតបងពីអូននិងកូនៗ អូននឹកបងណាស់ តែបងកុំបារម្ភអី ដោយសារមានបងប្អូនឈាមខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាង២លាននាក់ ដែលបានលើកទឹកចិត្តអូន ធ្វើឱ្យអូនរឹងមាំ អូនពិតជាមានមោទនភាពណាស់ ដែលមានបងជាស្វាមី បងលះបង់ជីវិត ដើម្បីជាតិខ្មែរ បងដឹងអត់? កូនៗយើង គាត់ធំលឿនណាស់ ហើយពួកគាត់តែងតែជួយមើលថែប្អូនប្រុសពៅ ឯកូនពៅយើងវិញ គាត់មានចរិតដូចបងណាស់ ហើយអូននិងកូនៗយើង កំពុងរង់ចាំទៅរស់នៅប្រទេសដែលបងប្រាថ្នា ចង់ឱ្យកូនៗទៅរៀន ដោយមានការជួយជ្រោមជ្រែងពីបងប្អូនខ្មែរ ចាស់ទុំដែលស្រលាញ់បង។
គ្រប់ដង្ហើមចេញចូលរបស់អូន គឺនឹកបងគ្រប់ពេល តែអូននិងប្រើពេលវេលានេះមក មើលថែចិញ្ចឹមបីបាច់កូនៗរបស់យើង ឱ្យគាត់ដើរតាមគន្លងបង ចេះស្រលាញ់និងជួយជាតិខ្មែរ យើងឱ្យមានការផ្លាស់ប្តូរ ដើម្បីសម្រេចបំណង បង។ ដូច្នេះ សូមបងតាមថែរក្សាអូននិងកូនៗយើងណា៎បង។
ពីប្រពន្ធដែលស្រលាញ់បងបំផុត”។
អ្នកស្រីប៊ូ រចនា ក៏បានសរសេរក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី អមជាមួយរូបភាពដែលអ្នកស្រីកាន់រូបថតរបស់លោកបណ្ឌិតកែម ឡី ជាស្វាមីថា “រស់ឱ្យគេស្រលាញ់ ចាកចេញឱ្យគេស្រណោះ កុំរស់ឱ្យគេស្អប់ កុំស្លាប់ឱ្យគេអរ”។
ដោយឡែក នៅក្នុងទំព័រហ្វេសប៊ុកដដែលនោះ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ អ្នកស្រីប៊ូ រចនា បានសរសេរថា “អរុណសួស្តី លោកតា លោកយាយ ពុកម៉ែ បងប្អូន ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជាទីគោរព!
ថ្ងៃ១០ កក្កដា ២០១៦-១០ មិថុនា ២០១៧ មានរយៈពេល១១ខែហើយ ដែលឃាតករចិត្តចង្រៃ បានបាញ់ប្រហារប្តីខ្ញុំ រហូតមកដល់ពេលនេះ ពន្លឺយុត្តិធម៌ក៏គ្មាន។
- តើយុត្តិធម៌មានទេ សម្រាប់ប្រជាពលរដ្ឋ ខ្មែរស្លូតត្រង់?
- តើយុត្តិធម៌មានទេ សម្រាប់មនុស្សម្នាក់ ដែលនិយាយការពិត?
- តើយុត្តិធម៌មានទេ សម្រាប់មនុស្សម្នាក់ ដែលនិយាយពីបញ្ហាសង្គម?
- តើយុត្តិធម៌មានទេ សម្រាប់មនុស្សម្នាក់ ដែលមិននិយាយការពារ?
- តើយុត្តិធម៌នៅឯណា?”។
គួរបញ្ជាក់ដែរថា ពិធីបុណ្យខួបគម្រប់ ១ឆ្នាំ ឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយឃាតករបាញ់សម្លាប់នោះ នឹងត្រូវក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡី រួមមានអ្នកស្រីភោគ សែ ត្រូវជាម្តាយ ព្រមទាំងបងប្អូនរបស់លោកកែម ឡី រៀបចំធ្វើនៅថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០១៧។
ដោយឡែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានប្រកាសជូនដំណឹងថា សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្ស នឹងរៀបចំពិធីបុណ្យរំលឹកខួបគម្រប់១ឆ្នាំ ឧទ្ធិសកុសលចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី បិតា ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៧ៈ៣០នាទី ដល់១១ៈ០០នាទីព្រឹក នៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងពិធីបុណ្យនោះ មានការនិមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធលោក បណ្ឌិតកែម ឡី។ សុន្ទរកថា របស់លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ផ្សព្វផ្សាយអំពីឧត្តមគតិកែម ឡី និយម ១០ចំណុច។ ដាក់តាំងបង្ហាញរូបថតអំពីសកម្មភាពរបស់លោកបណ្ឌិតកែម ឡី ដែលបានចូលរួមផ្តល់កំណើតឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលលោកនៅមានជីវិតជាដើម។
ក្រៅពីនេះដែរ សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលធ្លាប់គោរពស្រឡាញ់លោកបណ្ឌិតកែម ឡី ក៏នឹងរៀបចំបុណ្យរំលឹក ខួបមួយឆ្នាំនៃមរណភាពបណ្ឌិតកែម ឡី ធ្វើថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ នាវត្តពុទ្ធរង្សី មែលប៊ន ប្រទេសអូស្ត្រាលី ផងដែរ ៕
កុលបុត្រ