តារាម៉ូដែលកញ្ញានីន ម៉ាលីណែត ដែលមជ្ឈដ្ឋានជាច្រើនគិតថានាងជាជនជាតិអាមេរិកស្បែកខ្មៅនោះកំពុងឡើងកូដត្រូវប៉ាន់ក្នុងអាជីពបង្ហាញម៉ូដខណៈដែលថ្មីៗនេះនាងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់លើការស្លៀកពាក់ក្នុង កម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំមួយជាមួយសម្លៀកបំពាក់ឆ្នៃពីស្លាបព្រា។
ការប្រឡូកសិល្បៈជាង៣ឆ្នាំកន្លងមកនេះកញ្ញានីន ម៉ាលីណែត ដណ្ដើមបានភាពលេចធ្លោនៅក្នុងអាជីពបង្ហាញម៉ូដដែលនាងធ្លាប់លេចមុខ នៅក្នុងកម្មវិធីធំៗស្ទើររាប់មិនអស់ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងរំភើបចិត្តបំផុតនោះថ្មីៗនេះខណៈដែលនាងបង្ហាញម៉ូដនៅក្នុងកម្មវិធីPhnom Penh Designer Week 2017 ដែលមានតារាម៉ូដែលចូលរួមជាង៤០នាក់ នោះសម្លៀកបំពាក់ដំបូងរបស់នាងត្រូវជាប់ជាឈុតលេចធ្លោជាងគេនៅក្នុងកម្មវិធីនោះគឺទទួលបានGIFT VOUCHER ជាមួយទឹកប្រាក់ចំនួន២០០ដុល្លារ ពីកម្មវិធី។
នីន ម៉ាលីណែត បានថ្លែងឲ្យដឹងថា នាងមិននឹកស្មានថា សម្លៀកបំពាក់របស់នាងនៅក្នុងកម្មវិធីនោះក្លាយជាលេចធ្លោជាងគេបែបនេះទេគឺនាងរំភើបចិត្តរកនឹកថាមិនត្រូវ។នាងថាសម្លៀកបំពាក់របស់នាងច្នៃពីស្លាបព្រាជ័រ ខ្សែជ័រ និងពីក្រណាត់ ដែលច្នៃដោយក្រុម Kor khor creative Fashion គឺទទួលបានភាពទាក់ទាញខ្លាំងនៅក្នុងកម្មវិធីនោះ។នាងបន្តថាជាលើកទី១ហើយដែលនាងទាញបានការចាប់អារម្មណ៍ខ្លាំងទទួលបានការផ្ដល់ពិន្ទុលេចធ្លោជាងគេដែលធ្វើឲ្យនាងកាន់តែមានទឹកចិត្តពុះពារនៅក្នុងវិស័យបង្ហាញម៉ូដនេះបន្តទៀត។
តារាដែលមានត្រេមុខដូចជនជាតិអាមេរិកស្បែកខ្មៅរូបនេះបញ្ជាក់ថា អាជីពបង្ហាញម៉ូដរបស់នាងកំពុងតែរីកចម្រើនទៅមុខខណៈដែលមួយរយៈចុងក្រោយនេះនាងមមាញឹកខ្លាំងហើយក៏ទាញបានចំណូលគួរសមផងដែរ។
ម៉ាលីណែត បន្ថែមថា មជ្ឈដ្ឋានជាច្រើនតែងតែច្រឡំថានាងជាជនជាតិអាមេរិកប៉ុន្តែការពិតនាងជាជនជាតិខ្មែរសុទ្ធសាធដែលមានឪពុកម្ដាយជាខ្មែររស់នៅរាជធានីភ្នំពេញ។នាងថាដោយសារតែនាងមានត្រេមុខជាកូនកាត់អាមេរិកបែបនេះហើយទើបនាងពិបាកប្រឡូកក្នុងអាជីពសម្ដែងដែលនាងស្រលាញ់និងមានទេពកោសល្យខ្ពស់។ពោលគឺក្រុមផលិករជាច្រើនមិនសូវចាប់អារម្មណ៍ត្រេមុខរបស់នាងឲ្យថតភាពយន្តទេ។ប៉ុន្តែសម្រាប់អាជីពបង្ហាញម៉ូដគឺនាងកំពុងតែត្រូវប៉ាន់និងលេចធ្លោ។
ម៉ាលីណែត បន្ថែមថា នាងមិនតូចចិត្តទេបើទោះបីនាងជាជនជាតិខ្មែរតែមានត្រេមុខជាជនជាតិបរទេសពោលគឺនាងពេញចិត្តនូវអ្វីដែលខ្លួនមានហើយនាងនឹងប្រឹងពង្រឹងអាជីពបង្ហាញម៉ូដនេះបន្តទៀត។
នីន ម៉ាលីណែត ជាកូនពៅនៅក្នុងគ្រួសារក្នុងចំណោមបងប្អូន៧នាក់ នាងបានបោះជំហានប្រឡូកសិល្បៈតាមរយៈកម្មវិធី”កំពូលតារាបង្ហាញម៉ូដកម្ពុជា”របស់CTN ដែលឆ្លងកាត់ជាច្រើនដំណាក់កាលជម្រុះបេក្ខភាពប្រឡងខ្ទង់ពាន់នាក់ដែលឈានដល់វគ្គTOP 5 ហើយបច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដសនៅក្នុងក្រុម Cambodianexttopmodel ដែលកំពុងលេចធ្លោនៅក្នុងវិស័យបង្ហាញម៉ូដ៕