សង្គ្រាមមួយចម្អិនកំពឹស កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងស្មោះត្រង់នាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២ បានកន្លងទៅ២០ឆ្នាំគត់ ប៉ុន្តែ អតីតកាលហាក់នៅថ្មីៗដក់ជាប់ក្នុងអារម្មណ៍អ្នកដែលបានឆ្លងកាត់។ ការប៉ះទង្គិច បង្ហូរឈាមគ្នានោះ ភាគីម្ខាងថាជា “ព្រឹត្តិការណ៍” ឯភាគីម្ខាងទៀតថាជា “រដ្ឋប្រហារ” មិនឯកភាពគ្នាទេ តែអ្នកតាមដាន ឃ្លាំមើលឃើញថា កម្លាំងហ៊្វុនស៊ុនប៉ិច បាក់បបខ្លបខ្លាចកម្លាំង CPP តែមួយរយៈប៉ុណ្ណោះ ក៏ងើបប្រឆាំងវិញដដែល ដោយប្រមែប្រមូលគ្នាបង្កើត “គណបក្សសង្គ្រោះជាតិ” ដណ្តើមអំណាចតាមប្រជាធិបតេយ្យ មិនខុសពី “បន្លាព្រះខ្លប” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ព្រះខ្លប” ជាឈ្មោះស្មៅមួយប្រភេទ មានបន្លាខ្លីៗ ស្លឹកល្អិតៗ កាលណាប៉ះពាល់នឹងអ្វីមួយ ឬកម្រើកដោយត្រូវខ្យល់បក់ ក៏ខ្លបក្តោបស្លឹកចូលក្នុង លុះស្ងប់បន្តិច ក៏លាស្លឹកដូចដើមវិញ វាមានផ្កាតូចៗ សម្បុរក្រហមស្ទើរស្វាយ តែងដុះនៅតាមចម្ការនានា ជាប្រភេទដីមានជីជាតិ។ តិណជាតិនេះ អ្នកស្រុកតាមតំបន់ខ្លះហៅ “ប្រក្រាប” ដោយសារពេលដើរប៉ះតែបន្តិច វាក៏ក្រាបភ្លាម។ ក្មេងឃ្វាលគោ ចូលចិត្តលេងបន្លានេះ ដោយកាន់រំពាត់គោះវា និងបញ្ជាថា “ក្រាប! ក្រាប!” វាក៏ក្រាបខ្លប ក្តោបស្លឹកភ្លាមតាមបញ្ជា ប៉ុន្តែ ពេលក្មេងឃ្វាលគោដើរចេញអស់ វាក៏ងើបច្រូងឡើងវិញ។
យ៉ាងណាមិញ ការប៉ះទង្គិចគ្នារវាងកងកម្លាំងលោកញឹក ប៊ុនឆៃ ដែលមានសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ជានាយករដ្ឋមន្ត្រីទី១ ជាមួយកងកម្លាំងស្មោះត្រង់នឹងសម្តេចហ៊ុន សែន ក៏មិនខុសពីក្មេងគង្វាល យករំពាត់ទៅបង្ក្រាបបន្លាព្រះខ្លបនោះដែរ។ កាលនោះ កងកម្លាំងហ៊្វុនស៊ិនប៉ិច ត្រូវបាក់ទាំងផ្ទាំងៗ និងបាត់បង់ជីវិតឧត្តមសេនីយ៍សំខាន់ៗ និងមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ដូចជាលោកហូ សុខ លោកក្រួច យឿម លោកជា ប្ញទ្ធីឈុត លោកលី សេងហុង លោកចៅ សម្បត្តិ លោកម៉ែន ប៊ុនថន លោកថ្លាង ច័ន្ទសុវណ្ណរិទ្ធ ជាដើម ខណៈដែលលោកញឹក ប៊ុនឆៃ បានរត់គេចខ្លួនចេញពីភ្នំពេញ កាត់ព្រៃភ្នំក្រំថ្ម ឆ្លងទៅដល់ច្រកអូរស្មាច់ ស្ទើររស់ស្ទើរស្លាប់។ បន្ទាប់មក ក៏មានការកាត់ទោសសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្ត្រីទី១ ពីបទ “បញ្ជូនអាវុធខុសច្បាប់ចូលកម្ពុជា” ដោយដកព្រះអង្គពីតំណែង និងតែងតាំងលោកអ៊ឹង ហួត ឱ្យឡើងជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្តេចក្រុមព្រះ។
យើងមិនបាច់រំលឹកវែងឆ្ងាយ ពីភាពប្រទូសរ៉ាយគ្នានេះទេ គ្រាន់តែបញ្ជាក់ថា តាំងពី CPP បង្ក្រាបម្តងមក ហ៊្វុនស៊ិនប៉ិច ខ្លបខ្លាចដូចកណ្តុរ និងឆ្មា រហូតដល់មានមន្ត្រីមួយចំនួនសុំចុះចូលគណបក្សប្រជាជនកម្ពុជា សូម្បី តែលោកញឹក ប៊ុនឆៃ “កំពូលអ្នកខ្លាំងអាងវត្ថុស័ក្តិសិទ្ធិ” ក៏បាក់ខ្លប ចុះញ៉មដូច “បន្លាព្រះខ្លប”។ ទន្ទឹមនោះក៏មានមន្ត្រីហ៊្វុនស៊ិនប៉ិច មួយចំនួន បានប្រមូលផ្តុំគ្នា បង្កើតគណបក្សថ្មី បន្តការប្រឆាំងមិនឈប់ឈរ ដូចករណីលោកសម រង្ស៊ី អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច បានបង្កើតគណបក្សជាតិខ្មែរ បន្ទាប់មកទៅជាគណបក្សសម រង្ស៊ី ហើយជាចុងក្រោយបានរួមជាមួយលោកកឹម សុខា អតីតកូនចៅលោកតាសឺន សាន បង្កើតបានជា “គណបក្សសង្គ្រោះជាតិ” ឬ “បក្សប្រឆាំង”។
ឥឡូវពូជពង្សហ៊្វុនស៊ិនប៉ិច ដែលរត់ចោលសម្តេចក្រុមព្រះ បន្តការប្រឆាំងដោយដៃទទេ និងផ្លោងពាក្យសម្តី ដោយគ្មានកាំភ្លើងដូចជំនាន់ឆ្នាំ១៩៩៧ នោះទេ។ លុះបក្សប្រឆាំងអត់កាំភ្លើង បក្សកាន់អំណាចក៏មិនអាចប្រើកងកម្លាំងប្រដាប់អាវុធទៅបង្ក្រាបបានដែរ ក៏ប្រើច្បាប់ម្តង ពោលគឺដាក់ពាក្យបណ្តឹងទៅតុលាការជាបន្តបន្ទាប់ រហូតមានការចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ក៏ដូចសកម្មជនដីធ្លី ដាក់ពន្ធនាគារជាហូរហែ។ គ្រាន់តែលោកសម រង្ស៊ី ម្នាក់ មានបទល្មើសពាក់ព័ន្ធណែនខ្លួនត្រដរមិនរួច ក៏ភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែ ទោះជានៅក្រៅប្រទេសក៏ “បន្លាព្រះខ្លប” នេះ ងើបច្រូង ! ផ្លោងសំឡេងនិងសំណេរតាមហ្វេសប៊ុក វាយប្រហារបក្សកាន់អំណាចយ៉ាងចាស់ដៃជាបន្តបន្ទាប់។ ទន្ទឹមនេះ អង្គការស៊ីវិលមួយចំនួនក៏បន្តរិះគន់រដ្ឋាភិបាលមិនសំចៃ។ ជាក់ស្តែងថ្មីៗនេះ អង្គការលីកាដូ បានចេញរបាយការណ៍ រិះគន់រដ្ឋាភិបាលថា បានគំរាមកំហែងបំភិតបំភ័យ រំលោភសិទ្ធិមនុស្សជាដើម។ ចំណែកមន្ត្រីអង្គការអាដហុក ប៉ុន្មាននាក់ ដែលទើប ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ ក៏បានប្តេជ្ញាថា នឹងបន្តការតស៊ូការពារសិទ្ធិមនុស្សមិនរាថយ៘
ដូច្នេះសកម្មភាពនេះមិនខុសពីក្មេងឃ្វាលគោ យករំពាត់ទៅគោះដើមបន្លាព្រះខ្លប ឱ្យវាក្រាបនោះឡើយ លុះក្មេងដើរចេញ ព្រះខ្លបក៏ងើបច្រូង ! ដដែល។ ជួនកាលបើក្មេងណាអត់ពាក់ស្បែកជើង ហ៊ានដើរជាន់ព្រះខ្លប ច្បាស់ជាបន្លាមុតជើង ពិបាកជោះចេញមិនខានឡើយ។ សម្ពាធទៅលើលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង តាមរយៈការធ្វើវិសោធនកម្មច្បាប់ ស្តីពី “គណបក្សនយោបាយ” ដើម្បីបញ្ចប់ជីវិតនយោបាយរបស់គាត់នោះ ក៏មានលក្ខណៈដូច “បន្លាព្រះខ្លប” វារាបក្តោបស្លឹក មួយស្របក់ ក៏លាវិញដដែល។
ពាក់ព័ន្ធដល់ច្បាប់ដែលមិនទាន់អនុម័តនេះ ក៏មានតាញៀនកាហ្វេ យកទៅជជែកគ្នាតាមនិន្នាការរៀងៗខ្លួន។ តាម្នាក់គាំទ្របក្សកាន់អំណាច បានលើកឡើងថា “បុគ្គលសម រង្ស៊ី មិនអាចធ្វើអ្វីបានទៀតទេ បើគាត់នៅតែបន្តជួយបក្សសង្គ្រោះជាតិទៀត បក្សមួយហ្នឹងដែលពាក់ព័ន្ធនឹងត្រូវប្រឈមការរំលាយចោលតែម្តង!”។ តាម្នាក់ទៀតគាំទ្របក្សប្រឆាំង និយាយថា “បើធ្វើច្បាប់ ដើម្បីបានលេសរំលាយបក្សប្រឆាំងដដែល គួរធ្វើច្បាប់ឱ្យមានបក្សតែមួយ ឬឯកបក្ស ដូចសម័យរដ្ឋកម្ពុជាតែម្តងទៅ កុំពិបាកពេក!” ស្រាប់តែតាគាំទ្រ CPP ឆ្លើយភ្លាមថា “ធ្វើអ៊ីចឹងខុសច្បាប់អន្តរជាតិ ម៉្យាងទៀត បើធ្វើឱ្យមានឯកបក្ស ដូចចិន វៀតណាម ត្រូវផ្លាស់ប្តូរអ្នកដឹកនាំយ៉ាងទៀងទាត់ តែកម្ពុជាដូរមិនកើតទេ ព្រោះមានតែសម្តេចតេជោម្នាក់ប៉ុណ្ណោះ គ្មានអ្នកជំនួសទេ”។
ការសន្ទនាគ្នារបស់អ្នកតាមដានឆាកនយោបាយនេះ ស្តែងឱ្យឃើញថា ពួកគាត់កំពុងចាប់អារម្មណ៍នឹងការស្នើវិសោធនកម្ម ច្បាប់ថ្មីនោះហើយ។ បានសេចក្តីថា អ្នកគាំទ្របក្សកាន់អំណាច មិនចង់ឱ្យមានឯកបក្សទេ ព្រោះឯកបក្ស ត្រូវផ្លាស់ប្តូរអ្នកដឹកនាំប្រទេស ដូចចិន វៀតណាម ឯការស្នើវិសោធនកម្មច្បាប់នេះគ្រាន់តែចង់ដាក់សម្ពាធលោកសម រង្ស៊ី តែប៉ុណ្ណោះ។ បើលោកសម រង្ស៊ី នៅតែពាក់ព័ន្ធជាមួយ CNRP អាចនឹងឈានដល់ការរំលាយគណបក្សដូចនៅប្រទេសថៃ។
ដូច្នេះយើងអាចសន្និដ្ឋានបានថា បក្សកាន់អំណាច គ្រាន់តែបង្ក្រាប ឬធ្វើឱ្យ “បន្លាព្រះខ្លប ក្តោបស្លឹក” តែប៉ុណ្ណោះ គ្មានគោលបំណង “ចូកស្មៅព្រះខ្លបនោះទេ”។ ទោះយ៉ាងណា បើដឹងថា “ព្រះខ្លបមានបន្លា” ដែរ បើដើរមិនប្រយ័ត្ន អាចមុតជើង ឬថា អាចនឹងមានការរិះគន់ជុំទិស។ ដូចយើងលើកឡើងរួចមកហើយថា គណបក្សសង្គ្រោះជាតិ ជាប់សែស្រឡាយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សលោកតាសឺន សាន ជាពិសេស ហ៊្វុនស៊ិនប៉ិច ធ្លាប់បាក់បបខ្លបខ្លាចសម្តេចហ៊ុន សែន កាលពីថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។ ឥឡូវបក្សប្រឆាំង ងើបច្រូង ! ដណ្តើមបានកៅអីមេឃុំ ចៅសង្កាត់ ជិត៥០០ និងកំពុងអួតអាង ពីរឿងឈ្នះឆ្នោតឆ្នាំ២០១៨ ដែលបង្ហាញថា “បន្លាព្រះខ្លប” ធ្វើយ៉ាងណាក៏នៅតែងើបមិនចេះផុតពូជ។
សរុបទៅ “បន្លាព្រះខ្លប” មានន័យយ៉ាងនេះឯង ដែលក្មេងគង្វាលចូលចិត្តលេង តែបើប្រៀបធៀបនឹងមនុស្ស ជារឿងយ៉ាប់ណាស់ក្នុងការដាក់សម្ពាធបុគ្គល។ ចម្ការដែលកសិករទុកដីឱ្យនៅទំនេរ ធ្វើឱ្យបន្លាព្រះខ្លប ដុះកាន់តែច្រើនទៅៗ ប៉ុន្តែបើម្ចាស់ចម្ការព្យាយាមបង្កបង្កើនផល ដាំត្រសក់ ឪឡឹក ត្រឡាច ល្ពៅ៘ នឹងផ្តល់ភាពសុខសាន្ត និងជីវភាពរស់នៅ សុខស្រួលដល់គ្រួសារ មិនទុកដីឱ្យនៅទំនេរ បន្លាព្រះខ្លបក៏វាមិនអាចដុះបានដែរ…៕