ខណៈដែលយល់ឃើញថាអាជីពសិល្បៈមិនឋិតឋេរនិងមិនចង់ពឹងកម្លាំងប្ដីទាំងស្រុងនោះថ្មីៗនេះតារាសម្ដែងអ្នកនាងម៉ី ហ្សិយ៉ា បានចេញរកស៊ីខ្លួនឯងបើកហាងសាឡនដែលមានសេវាកម្មលើផ្នែកថែសម្រស់និងមាននាំចូលផលិតផល ថែរក្សាសម្រស់មកពីប្រទេសថៃនិងកូរ៉េផងដែរ។
អ្នកនាងម៉ី ហ្សិនយ៉ា បានប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយប៉ុន្តែមិនជាប់លាប់ទេដោយសារតែជាប់រវល់មើលថែចិញ្ចឹម បីបាច់កូនប្រុសស្រី២នាក់ និងជួយមើលការខុសត្រូវលើមុខជំនួញប្ដីទទួលបុកគ្រឹះសំណង់ជាដើម តែបន្ទាប់ពីប្រកាស ចូលលេងសិល្បៈជាថ្មី ថ្មីៗនេះអ្នកនាងបានចេញរកស៊ីខ្លួនឯងដោយបានបោះទុនបើកហាងសាឡនមួយឈ្មោះ ”ហ្សិនយ៉ាសាឡន”នៅរាជធានីភ្នំពេញ។
អ្នកនាងហ្សិនយ៉ា បានថ្លែងឲ្យដឹងថា ហាងសាឡនរបស់អ្នកនាងមានសេវាកម្មជាច្រើនដូចជា សាឡន ធ្វើសក់ ផាត់មុខ ធ្វើក្រចក តរោមភ្នែក ម៉ាស្សាមុខ ត្រាំទឹកដោះគោ ខាត់ស្បែក បកស្បែក និងមានផលិតផលរក្សាសម្រស់ដែលបាន នាំចូលពីប្រទេសថៃនិងកូរ៉េផងដែរខណៈដែលមានសេវាកម្មដឹកជញ្ជូនផលិតផលឲ្យដល់ទីកន្លែងទៀតផង។អ្នកនាងថាជំហានដំបូងអ្នកនាងបោះទុនខ្ទង់៨ពាន់ដុល្លារ សិនហើយក៏គ្រោងពង្រីកដើមទុនបន្ថែមផងដែរ។
តារាសម្ដែងធ្លាប់លេចមុខក្នុងភាពយន្តច្រើនគួរសមរូបនេះបានឲ្យដឹងថា អ្នកនាងអត់ចង់ពឹងកម្លាំងប្ដីទាំងស្រុងដូច មុនទៀតទេទើបចេញបង្កើតមុខរបររកស៊ីខ្លួនឯងខណៈដែលអ្នកនាងក៏មិនរំពឹងលើចំណូលពីសិល្បៈ។អ្នកនាងថា អ្នកនាងធ្លាប់មានបទពិសោធន៍ខ្លះដែរលើមុខរបរនេះហើយនិងប្រឹងប្រែងបន្ថែមទៀតជាមួយនឹងការរំពឹងថានិងទទួលបានជោគជ័យមានអតិថិជនច្រើន។
បើទោះបីឡើងធ្វើថៅកែហាងសាឡន អ្នកនាងហ្សិនយ៉ា អះអាងថាមិនចោលអាជីពសិល្បៈទេពោលគឺអ្នកនាង នៅតែទទួលការងារសិល្បៈបើមានពេលគ្រប់គ្រាន់៕