Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី បន្តចោទសម្តេចហ៊ុន សែន “ខ្ញុំជាប់លេខរៀងទី១ បញ្ជីខ្មៅ ត្រូវសម្លាប់មុនគេ”

លោកសម រង្ស៊ី បន្តចោទសម្តេចហ៊ុន សែន “ខ្ញុំជាប់លេខរៀងទី១ បញ្ជីខ្មៅ ត្រូវសម្លាប់មុនគេ”

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្តចោទសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ចំថ្ងៃខួប២០ឆ្នាំ នៃព្រឹត្តិការណ៍ផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ លោកបានលើកឡើងថា លោកជាប់លេខរៀងទី១ នៅក្នុងបញ្ជីខ្មៅរបស់សម្តេចហ៊ុន សែន ដែលត្រូវសម្លាប់មុនគេ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧  ថា “ខួបទី២០ នៃរដ្ឋប្រហារថ្ងៃ ០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ ៖

ក្នុងឱកាសរដ្ឋប្រហារ ឆ្នាំ១៩៩៧ នោះ លោកហ៊ុន សែន បានបញ្ជាឱ្យពួកក្រុមដៃជើងគាត់សម្លាប់នាយទាហានមកពីគណបក្សហ៊្វុនស៊ិនប៉ិច ពី១០០ ទៅ២០០នាក់ ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនកម្លាំងហ៊្វុនស៊ិនប៉ិច ដែលអាច តតាំងជាមួយគាត់។

ថ្មីៗនេះទៀត ក្នុងខែមិថុនា ឆ្នាំ២០១៧ នេះ លោកហ៊ុន សែន បានប្រកាសថា គាត់នឹងត្រៀមសម្លាប់មនុស្ស “ពី១០០ ទៅ២០០ នាក់ទៀត” ដូចកាលពីឆ្នាំ១៩៩៧ អ៊ីចឹងដែរ ដើម្បីរក្សាអំណាចរបស់គាត់។ តែលើកនេះ លោកហ៊ុន សែន សំដៅទៅថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ខ្លាំងក្លា ក្នុងនោះ មានរូបខ្ញុំផងដែរ។ ខ្ញុំជឿថា ខ្ញុំនៅតែស្ថិតក្នុងលេខរៀងទី១ លើបញ្ជីខ្មៅរបស់គាត់ (មនុស្សដែលគាត់ត្រូវសម្លាប់មុនគេ) តាំងពីគាត់បានប៉ុនប៉ងសម្លាប់ខ្ញុំ លើកទី១ ក្នុងការវាយប្រហារ ដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧”។

គួរបញ្ជាក់ថា សំណេររបស់លោកសម រង្ស៊ី ខាងលើនេះ ជាការចោទប្រកាន់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សាជាថ្មី បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោកសម រង្ស៊ី ក៏ធ្លាប់ បានលើកឡើងពីបញ្ហានេះដែរ។ ប៉ុន្តែលោកធ្លាប់បានផ្ញើលិខិតជូនសម្តេចហ៊ុន សែន សម្តែងការសោកស្តាយ ដែលបានចោទសម្តេចហ៊ុន សែន ថា ប៉ុនប៉ងសម្លាប់ឥស្សរជន៥នាក់ និងការចោទប្រកាន់មួយចំនួនទៀត ទៅលើសម្តេចនាយករដ្ឋមន្ត្រី។

លិខិតរបស់លោកសម រង្ស៊ី ធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០០៦ ជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលនោះមានខ្លឹមសារថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានកត់សម្គាល់ ឃើញថា ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា មានភាពកាន់តែធូរស្រាលទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ខ្ញុំសូមសម្តែងអំណរគុណជូនចំពោះសម្តេច ដែលបានជំរុញឱ្យមានការវិវឌ្ឍបែបនេះ ជាពិសេស បានសរសេរលិខិតទៅថ្វាយព្រះមហាក្សត្រ ស្នើសុំឱ្យព្រះអង្គបន្ធូរបន្ថយទោសលោកជាម ច័ន្ទនី បន្ទាប់ពីសម្តេចបានស្នើឱ្យតុលាការដោះលែងមេដឹកនាំសង្គមស៊ីវិលមួយចំនួន ឱ្យបានរួចផុតពីពន្ធនាគារ។

ចំពោះរូបខ្ញុំក៏មានទស្សនៈដូចសម្តេចអ៊ីចឹងដែរ គឺចង់ឱ្យមានការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិឡើងវិញ ដើម្បីប្រមូលកម្លាំងខ្មែរទាំងអស់ រួមគ្នាកសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើង។ ខ្ញុំក៏យល់ដូចសម្តេច អ៊ីចឹងដែរថា រាល់បញ្ហារវាងខ្មែរ និងខ្មែរ យើងអាចដោះស្រាយបានក្នុងរង្វង់គ្រួសារខ្មែរ។

ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជា ការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រី នៅពីក្រោយការគប់គ្រាប់បែកលើហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចនាយករដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើ សម្តេចនាយករដ្ឋមន្ត្រី៘ និង ៘ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឱ្យបញ្ហាបែបនេះកើតមានឡើងទៀត។ ជាទូទៅ ខ្ញុំបានសម្រេចចិត្តថា មិនត្រូវយកបញ្ហាបុគ្គលជាធំទេ តែត្រូវផ្តោតអារម្មណ៍ទៅលើបញ្ហាជាតិឯណោះវិញ ដែលត្រូវរកដំណោះស្រាយដោយសន្តិវិធី និងដោយគោរពគ្នាទៅវិញទៅមក។ ដំណោះស្រាយចំពោះបញ្ហាជាតិទាំងឡាយ មិនទាមទារឱ្យមានអ្នកឈ្នះ ឬអ្នកចាញ់ទេ ដោយសារយើងជាខ្មែរដូចគ្នា ដែលត្រូវរួមរស់ជាមួយគ្នា។ មានតែប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរទេ ដែលត្រូវទទួលបានជ័យជម្នះពីការបង្រួបបង្រួមជាតិបែបនេះ  ជាពិសេស ជ័យជម្នះលើភាពក្រីក្រ និងភាពអន់ថយ។ កូនចៅយើងទាំងអស់នឹងទទួលបានអនាគតល្អប្រសើរគ្រប់គ្នា…”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ថា ការចោទប្រកាន់ជាថ្មីរបស់លោកសម រង្ស៊ី មកលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នោះ គណបក្សប្រជាជនកម្ពុជា មិនពិនិត្យតាមផ្លូវច្បាប់ទៅលើករណីនេះទេ ដោយសារលោកសម រង្ស៊ី ទំនងជាមានបញ្ហាផ្លូវចិត្ត និងបានក្លាយជាទណ្ឌិតប្រឈមនឹងបណ្តឹងច្រើនមកហើយ បានរត់ចោលស្រុកទៅហើយ។ ប៉ុន្តែបើសិនជានៅក្នុងចង្កោមគណបក្សសង្គ្រោះជាតិ ឬក៏បុគ្គលផ្សេងពីលោកសម រង្ស៊ី បន្តវេនវាយប្រហារដូចលោកសម រង្ស៊ី ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺនឹង មានវិធានការផ្លូវច្បាប់ភ្លាម។

លោកឈឹម ផលវរុណ

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “យើងពិនិត្យទៅលើមារយាទរបស់លោក សម រង្ស៊ី គឺមារយាទគាត់តែប៉ុណ្ណឹង គាត់មិនដែលគោរពពាក្យខ្លួនគាត់ផងហ្នឹង គាត់ធ្លាប់សន្យាថា លែងវាយប្រហារ សុខចិត្តតស៊ូមតិនៅក្នុង សភា លែងវាយប្រហារតាមផ្លូវ ហើយក្រោយមកគាត់នៅដដែល ដល់ពេលអនុវត្តនូវវប្បធម៌សន្ទនា ឬក៏មុននឹងអនុវត្តវប្បធម៌សន្ទនា គាត់បានធ្វើលិខិតសុំទោសអី តែចុងក្រោយ គាត់មកវិញដដែល  ដូច្នេះមារយាទនេះ គឺកែមិនឡើងទេ។ អ៊ីចឹងបានយើងគិតថា សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺគាត់ដឹង គាត់ស្គាល់អំពីមារយាទរបស់លោកសម រង្ស៊ី ច្បាស់ណាស់។ អ៊ីចឹងហើយបានយើងចាត់លោកសម រង្ស៊ី ជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត ហើយដែលគាត់ធ្វើ នយោបាយតាំងពីតស៊ូនៅហ៊្វុនស៊ិនប៉ិចរហូតចាកចេញមកបង្កើតគណបក្ស ហើយចុងក្រោយនៅស្ថានីយនយោបាយចុងក្រោយជាមួយលោកកឹម សុខា គាត់ត្រូវបានបាត់បង់គណបក្សសង្គ្រោះជាតិ ទៅហើយនោះ ធ្វើឱ្យគាត់មានបញ្ហាផ្លូវចិត្ត។ អ៊ីចឹងគាត់ចេះតែច្របូកច្របល់ ហើ់យយើងមិនចាត់ទុកជាមនុស្សធម្មតាទៀតទេ យើងចាត់ទុកជាទណ្ឌិតផង ហើយជាមនុស្សដែលមានទោសខាងផ្លូវចិត្តមួយទៀត។ បើយើងពិនិត្យទៅរឿងផ្លូវច្បាប់នេះ គាត់គេចខ្លួន មិនទទួលអនុវត្តសាលដីកាស្ថាពរតុលាការផង ហើយនៅមានបណ្តឹងតុលាការផ្សេងៗទៀត ដែល ពាក់ព័ន្ធគាត់ហ្នឹង វាហ៊ុមព័ទ្ធច្រើនណាស់ទៅហើយៗដូចរឿងដែលគាត់ចោទប្រកាន់នេះ វាជាការចោទប្រកានកន្លងមកហើយៗនៅបន្តចោទប្រកាន់ទៀត យើងដូចជាមិនចាំបាច់ទេ មកដល់ពេលនេះ មិនបានគិតទេ។ ប៉ុន្តែប្រសិនជាលោកកឹម សុខា ឬអ្នកដទៃប្រើពាក្យហ្នឹង អាហ្នឹងយើងនឹងធ្វើការពិចារណា ពីព្រោះព្រឹត្តិការណ៍ថ្ងៃ០៥ ថ្ងៃ០៦ ខែកក្កដា ១៩៩៧ គឺជាព្រឹត្តិការណ៍ទប់ស្កាត់ចលនាឧទ្ទាមក្រៅច្បាប់របស់ខ្មែរក្រហម ព្រោះកាលហ្នឹងយើងមានច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ ហើយកាលហ្នឹង វាមានចលនាដែលនាំទាហានខ្មែរក្រហមចូលក្នុងក្រុងភ្នំពេញ។ បានន័យថា ជាចលនាឧទ្ទាមក្រៅច្បាប់ រឿងអីមកឱ្យចូលក្រុងភ្នំពេញ? អ៊ីចឹងហើយ ព្រឹត្តិការណ៍ថ្ងៃ០៥ ថ្ងៃ០៦ ខែកក្កដា គឺជាព្រឹត្តិការណ៍ទប់ស្កាត់ចលនាឧទ្ទាមក្រៅច្បាប់ ដែលជ្រៀតចូលមកតំបន់គ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ អ៊ីចឹងហើយ បានកើតមាននូវព្រឹត្តិការណ៍សោកសៅ ហើយកាលណាផ្ទុះអាវុធ វាមានការស្លាប់ការរស់ហ្នឹងឯង។ ប៉ុន្តែទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះបានបញ្ចប់ហើយ រហូតដល់យើងបានដោះស្រាយបញ្ហាឧទ្ទាមនេះ ក្លាយទៅជាគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីដោះស្រាយបញ្ហាបែកបាក់ជាតិ ចប់អស់ហើយ។ ប៉ុន្តែគណបក្សប្រឆាំង បែរទៅយកអាបញ្ហានេះ មកធ្វើជាការដុតកំហឹង បញ្ឆោះកំហឹង កេងចំណេញ នយោបាយពួកគាត់ទេ លោកសម រង្ស៊ី អត់មានពាក់ព័ន្ធជាមួយហ៊្វុនស៊ិនប៉ិច ឯណាកាលព្រឹត្តិការណ៍១៩៩៧ នោះ លោកសម រង្ស៊ី បាន ចាកចេញពី ហ៊្វុនស៊ិនប៉ិច ទៅហើយ។ ឯគណបក្សសង្គ្រោះជាតិនេះ រឹតតែអត់មានពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ហ្នឹងទេ ប៉ុន្តែហេតុអីបានពួកអ្នកទាំងអស់ហ្នឹង ទៅជាយកព្រឹត្តិការណ៍នេះ មកធ្វើការបួងសួងបង្សុកូលអីនេះ គឺវាគ្មាន សុចរិតភាព និងភាពស្អាតស្អំ គិតដល់អ្នករងគ្រោះ និងអ្នកដែលស្លាប់ទេ គឺការពិតជាកំប្លែង នយោបាយ ដែលបោកបញ្ឆោត កេងចំណេញ ពីព្រឹត្តិការណ៍ហ្នឹងទៅវិញទេ ដែលគេខំក្លែងក្លាយ កែកាឡៃនោះ ហើយសំដៅចោទប្រកាន់ទៅ រដ្ឋាភិបាលទៅវិញ។ ការពិតរដ្ឋាភិបាលបំពេញកាតព្វកិច្ចក្នុងការទប់ស្កាត់ចលនាឧទ្ទាមក្រៅច្បាប់ ដែលយើងមានច្បាប់ដាក់ខ្មែរក្រហមក្រៅច្បាប់នោះ ហើយនិងការនាំអាវុធចូលដោយខុសច្បាប់ហ្នឹងឯង”។

គួរបញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ  តែងតែរៀបចំពិធីរំព្ញកវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី០៥-០៦ កក្កដា ឆ្នាំ១៩៩៧ ជារៀងរាល់ឆ្នាំ។ ដោយឡែក កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ គណបក្ស សង្គ្រោះជាតិ ក៏បានរៀបចំពិធីរំព្ញកវិញ្ញាណក្ខន្ធ នេះទៀត នៅទីស្នាក់ការកណ្តាលគណបក្ស  ដោយមានវត្តមានអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺលោកលឺ ឡាយស្រេង អញ្ជើញចូល រួមផងដែរ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានបញ្ជាក់ក្នុងពិធីបង្សុកូលនោះថា លោកស្រីចាំមិនភ្លេចក្នុងព្រឹត្តិការណ៍នោះ និងស្នើឱ្យអ្នកស្នេហាជាតិរួមកម្លាំងគ្នារកយុត្តិធម៌ ជូនជនរងគ្រោះ និងគ្រួសារអ្នករងគ្រោះ ដើម្បីឈានទៅរកលទ្ធិប្រជាធិបតេយ្យ សេរីភាព ពិតប្រាកដ។

លោកស្រីមួរ សុខហួរ មានប្រសាសន៍ថា “យើងទាំងអស់គ្នាជាអ្នកស្នេហាជាតិ យើងទាំងអស់គ្នាដែលចង់លទ្ធិប្រជាធិបតេយ្យ សន្តិភាព ការអភិវឌ្ឍពិតប្រាកដនៅប្រទេសកម្ពុជា ដែលយើងចង់ឱ្យឃើញនូវការបង្រួបបង្រួមជាតិ ការបញ្ចប់នូវការសម្លាប់ ការបញ្ចប់នូវអ្វីៗធ្វើឱ្យជាតិយើងខ្លោចផ្សា។ យើងទាំងអស់គ្នារួមកម្លាំង ដើម្បីឈានទៅ ឈរទិសដៅពិត គឺថា សន្តិភាពពិតប្រាកដ ហើយដើម្បីឱ្យបានសន្តិភាពបាន ដើម្បីឱ្យបានការអភិវឌ្ឍបាន លុះត្រាមានយុត្តិធម៌។ រហូតមកដល់ពេលនេះ របាយការណ៍នៃអង្គការសហប្រជាជាតិ ស្តីអំពីការកាប់សម្លាប់ វីរជននៃអ្នកស្នេហាជាតិ ថ្ងៃ០៥ ថ្ងៃ០៦ ខែកក្កដា ១៩៩៧ លាតត្រដាងច្បាស់ណាស់ នូវការកាប់សម្លាប់។ អ្វីដែលជាតិយើងចង់បានបំផុត គឺយើងចង់ឱ្យបានយុត្តិធម៌ ហើយភ័ស្តុតាងទាំងឡាយ របាយការណ៍គ្រប់គ្រាន់សម្រាប់រកយុត្តិធម៌ ហើយ លុះត្រាតែបានទទួលនូវយុត្តិធម៌ មិនថាតែនៅព្រឹត្តិការណ៍ថ្ងៃ០៥ ថ្ងៃ០៦ ខែកក្កដា ឆ្នាំ១៩៩៧ ទេ ការសម្លាប់អ្នកស្នេហាជាតិយើងដទៃទៀត ក៏យើងនៅតែទទូចឱ្យមានការស៊ើបអង្កេតឱ្យច្បាស់លាស់ ដោយឯករាជ្យ ហើយរហូតទៅដល់ ឱ្យមានអង្គការសហប្រជាជាតិ និងអ្នកជំនាញអព្យាក្រឹត មកជួយរកយុត្តិធម៌ ផ្តល់យុត្តិធម៌ ជូនក្រុមគ្រួសារនៃសពទាំងអស់។ ដូច្នេះក្នុងនាមជាអ្នកស្នេហាសន្តិភាព ចង់បានសន្តិភាព យើងជឿជាក់ថា មានការផ្តាស់ប្តូរនយោបាយ។ ចំពោះគណបក្សសង្គ្រោះជាតិ យើងរួមកម្លាំងជាមួយប្រជារាស្ត្រ ជាមួយអ្នកស្នេហាជាតិ ដែលស្រលាញ់ យុត្តិធម៌ ទាមទារយុត្តិធម៌ ឱ្យមានសន្តិភាពពិតប្រាកដនោះ យើងនឹងបន្តបេសកកម្មនេះ លុះត្រាតែបានយុត្តិធម៌ពិតប្រាកដ…។

លោកលឺ ឡាយស្រេង មានប្រសាសន៍ថា “វប្បធម៌កាប់សម្លាប់ហ្នឹង យើងគួរតែបញ្ចប់ហើយ ព្រោះខ្មែរអស់ហើយៗពូកែតែគ្នាឯង ដល់គេវិញ អត់ហ៊ានទេ ទើមៗខ្មែរគ្នាឯងវិញ ញេញធ្មេញដាក់ នៅតែលើបបូរមាត់ ចង់ធ្វើអីបានៗ ធ្វើអីបាន ចង់បានអីបាន។ ខ្ញុំថា មិនគួរធ្វើអ៊ីចឹងទេ…”។

លោកលី ឡាយស្រេង ចូលរួមពិធីបង្សុកូលជូនអ្នកស្លាប់ថ្ងៃ០៥-០៦ កក្កដា ១៩៩៧

ទោះយ៉ាងណា លោកលឺ ឡាយស្រេង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងអភិវឌ្ឍជនបទ និងជាអតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញជំហររបស់លោកថា លោកចង់ឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សហការគ្នាបង្កើតច្បាប់មួយការពារនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច កុំឱ្យមានការកាត់ទោស រួចហើយឱ្យទៅជាវីរបុរសជាតិ។ បើធ្វើដូចនេះបាន គឺអាចបញ្ចៀសមិនមានវប្បធម៌ “ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី”។

លោកប៉ែន សង្ហា អតីតមន្ត្រីជំនិតសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊ុនស៊ិនប៉ិច ក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ទាក់ទងនឹងការគោពវិញ្ញាណអ្នកដែលបានស្លាប់នៅថ្ងៃ០៥-០៦ កក្កដា ១៩៩៧ នោះដែរថា “សូមគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ ហូ សុខ លោកឧត្តមសេនីយ៍ ក្រូច យឿម លោកឧត្តមសេនីយ៍ ជា ឫទ្ធីឈុត លោកឧត្តមសេនីយ៍ លី សេងហុង លោកឧត្តមសេនីយ៍ចៅ សម្បត្តិ លោកឧត្តមសេនីយ៍ ម៉ែន ប៊ុនថន និងឧត្តមសេនីយ៍នាយទាហាននៃកងយោធពលខេមរភូមិន្ទដទៃទៀត ដែលបានបូជាជីវិតប្រកប ដោយក្តីក្លាហាន ភាពស្មោះត្រង់ និងស្វាមីភក្តិ ដើម្បីការពារជាតិ ការពារលិទ្ធិប្រជាធិបតេយ្យ ការពារយុត្តិធម៌…។

ការពលីជីវិតរបស់អស់លោក គឺដោយអំពើរដ្ឋប្រហារបង្ហូរឈាម ថ្ងៃទី០៥-០៦ កក្កដា ឆ្នាំ១៩៩៧ ដែលបានធ្វើឡើងដោយជនល្មោភអំណាច។ ឧត្តមគតិជាតិរបស់អស់លោក ស្ថិតក្នុងដួងចិត្តខ្ញុំជានិច្ច”។

មជ្ឈដ្ឋានអ្នកវិភាគ បានលើកឡើងថា តើអ្នកនយោបាយខ្មែរគួររៀនសូត្រអ្វីខ្លះពីព្រឹត្តិការបង្ហូរឈាម ថ្ងៃ០៥-០៦ កក្កដា? ខណៈដែលមជ្ឈដ្ឋានទាំងនោះយល់ថា ការប៉ះទង្គិចគ្នាដោយអាវុធ នៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា នោះ ជាគំរូអាក្រក់មួយរបស់អ្នកនយោបាយ ព្រោះគ្រប់ភាគីអ្នកនយោបាយបានចុះកិច្ចព្រមព្រៀងឈប់បាញ់ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តែមិនព្រមបង្កើតវប្បធម៌ជជែកគ្នា បែរជាជ្រើសយកការបង្ហូរឈាមតាមរយៈប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីដោះស្រាយបញ្ហាទៅវិញ។ ដូច្នេះ មេរៀនដែលអ្នកនយោបាយខ្មែរគួររៀនពីព្រឹត្តិការនេះ គឺត្រូវបញ្ចៀសការប្រើអាវុធ ប្រកួតប្រជែងដោយតម្លាភាព ស្មោះត្រង់ តាមយន្តការប្រជាធិបតេយ្យ ៕

កុលបុត្រ

RELATED ARTICLES