Friday, November 29, 2024
Homeព័ត៌មានជាតិកាំកុងត្រូលចាប់យកលុយ

កាំកុងត្រូលចាប់យកលុយ

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មន្ត្រី កាំកុងត្រូលខេត្តបន្ទាយមានជ័យ បង្ក្រាបតែពីមុខកាមេរ៉ា បង្ហោះតាមហ្វេសប៊ុកយកបុងប៉ុណ្ណោះ តែតាមពិតលួចលាក់បើកដៃឱ្យឈ្មួញដឹកសាច់មាន់ ឆ្អឹងមាន់ និងប្រហិតហួសដឺឡេ ខូចគុណភាព គ្រប់ប្រភេទ ចូលពីប្រទេសថៃ ជាថ្នូរនឹងលុយញាត់ហោប៉ៅ ដែលធ្វើឱ្យមានការរិះគន់ថា កាំកុងត្រូលចាប់យកលុយ។

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮថា មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់លោកស៊ាន ស៊ីណាត ធ្វើការងារជំនាញ មិនសូវពេញដៃជើងប៉ុន្មានទេ ព្រោះច្រើនតែធ្វើការបង្អួតមុខកញ្ចក់ទូរទស្សន៍ ទំព័រកាសែត និងគេហទំព័រក្នុងស្រុកមួយចំនួន ពាក់ព័ន្ធនឹងករណីចុះផ្សព្វផ្សាយអបរំ និងត្រួតពិនិត្យទៅលើចំណីអាហារនៅលើទីផ្សារនានា តាំងពីទីប្រជុំជន ដល់ជនបទចុងកាត់មាត់ញក  ដើម្បីបង្ហាញឱ្យឃើញថា មន្ត្រីជំនាញរបស់ខ្លួន កំពុងប្រឹងប្រែងគិតគូរដល់សុខភាពប្រជាពលរដ្ឋខ្មែរ គ្រប់ទីកន្លែង តែធាតុពិត គ្រាន់តែជាការសម្តែងស្នាដៃឱ្យថ្នាក់លើ ឬមេកោយរបស់ខ្លួន បានឃើញប៉ុណ្ណោះ។ ចំណែកប្រសិទ្ធភាពវិញ គឺសូន្យតែម្តង ព្រោះនៅពីក្រោយខ្នងនោះ មានការលួចឃុបឃិតជាមួយឈ្មួញខិលខូច នាំចូលនូវទំនិញ និងអាហារខូចគុណភាព ដូចជាសាច់មាន់ ឆ្អឹងមាន់ និងប្រហិតគ្រប់ប្រភេទ ចូលមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរ យ៉ាងពេញបន្ទុក ដោយសារតែស្រលាញ់លុយជាងសុខភាពប្រជាពលរដ្ឋ ពោលគឺការចុះចាប់ ឬបង្ក្រាប ទំនិញខូចគុណភាព ដើម្បីរក ផលប្រយោជន៍ ដាក់ហោប៉ៅបុគ្គល និងបក្ខពួក (ចាប់យកលុយ) តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា លោកស៊ាន ស៊ីណាត បានប្រើកូនចៅដើរទារប្រាក់ពីក្រុមអ្នកបើករថយន្តដឹកសាច់មាន់ ឆ្អឹងមាន់ ឬប្រហិតគ្រប់ប្រភេទ ដែលខូចគុណភាព និងត្រូវបានឈ្មួញដឹកតាមរទេះចេញពីប្រទេសថៃ មកផ្ទេរ ដាក់រថយន្តនៅចំណុចផ្សាររ៉ាថ្មី និងផ្សារមង្គលប៉ោយប៉ែត ដើម្បីដឹកចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀត ក្នុង១ថ្ងៃៗរាប់តោន ដោយ មានលោកហុង លាង អនុប្រធានផ្នែកទីផ្សារ ជាអ្នករកផលប្រយោជន៍ពីអំពើពុករលួយនេះ។

ប្រជាពលរដ្ឋបានខ្សឹបទៀតថា ជារៀងរាល់ថ្ងៃ ឃើញឈ្មោះឡុង ជាអ្នកដើរល្បាត និងប្រមូលលុយកាក់ពីរថយន្ត ដែលដឹកសាច់ នាំចូលខូចគុណភាព ដោយក្នុង១គ្រឿង ត្រូវបង់ចំនួន៨ម៉ឺនរៀល ក្នុង១ជើង។ ចំណែករថយន្តខ្លះទៀត គឺបង់ខែក្នុងមួយគ្រឿង ១៥ម៉ឺនរៀល មិនទាន់គិតពីការដាក់ខែលើរទេះ ដឹកទំនិញនៅឡើយទេ។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ពួកគាត់ពិតជាហួសចិត្តមែនទែន មិនគួរណាមន្ត្រីជំនាញ លេងល្បែងថ្ពឹនភ្នែកទាំងប្រជាពលរដ្ឋ និងថ្នាក់លើរបស់ខ្លួនបែបនេះសោះ។ ហេតុនេះហើយ ទើបបានជានៅលើទីផ្សារ មានអាហារខូចគុណ ភាព និងការប្រើប្រាស់សារធាតុគីមី មិនថមថយសោះ ជាពិសេសសាច់មាន់ ឆ្អឹងមាន់ និងប្រហិត ខូចគុណភាព នៅតែហូរចូលប្រទេសកម្ពុជា មិនចេះឈប់ តាមពិតមកពីមន្ត្រីជំនាញពុករលួយបែបនេះសោះ ដែលបញ្ហានេះ គួរថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ជួយតាមដាន ស៊ើបអង្កេត និងដុះក្អែលមន្ត្រីខិលខូច ស្រលាញ់លុយជាងអាយុជីវិត ប្រជាពលរដ្ឋខ្លួនឯងនេះផង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES