Friday, November 29, 2024
Homeបរិយាយភ្លើងសូម្បីរលត់ ក៏មិនព្រមត្រជាក់

ភ្លើងសូម្បីរលត់ ក៏មិនព្រមត្រជាក់

គាថា “ស្រីហិតោបទេស” និពន្ធដោយ “នារាយណបណ្ឌិត” អ្នកប្រាជ្ញជាតិឥណ្ឌា និងបកប្រែពីភាសាសំស្ក្រឹត ដោយ ព្រះភិក្ខុវីរិយបណ្ឌិតោ ប៉ាង ខាត់ ភាគទី១ ស្តីពី “ការគប់មិត្ត” កថាខណ្ឌ១៣១ បានសរសេរថា “អ្នកមានប្រាជ្ញាបើទុកជាត្រូវស្លាប់ក៏មិនប្រកែក តែមិនព្រមឱ្យធ្លាក់ខ្លួនទៅជាក្រីក្រទេ ដូចភ្លើងសូម្បីរលត់ហើយក៏មិនព្រមត្រជាក់”។ បើយកមរតកសាសន៍នេះមកឆ្លុះមើលតថភាពសង្គម គឺប្រហាក់ប្រហែលនឹងករណីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ទោះជាគាត់លាលែងពីតំណែងប្រធានបក្ស ហើយចុងក្រោយនេះ ត្រូវប្រឈមនឹងវិសោធនកម្មច្បាប់ថ្មីនោះ គាត់នឹងក្លាយទៅជា “ភ្លើងរលត់” ប៉ុន្តែ “មិនព្រមត្រជាក់” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ធម្មតាភ្លើងចង្ក្រាន ឬភ្លើងភ្នក់ ទោះជាម្ចាស់ផ្ទះជះទឹកពន្លត់ ឱ្យរលត់សូន្យសុងយ៉ាងណាក៏នៅតែជះចំហាយក្តៅភាយៗ ឆួលច្រមុះ មិនងាយត្រជាក់ភ្លាមៗទេ។ ចំណែកចរន្តអគ្គិសនី ដែលក្តៅជាងភ្លើងភ្នក់ទៅទៀតនោះ ទោះជាម្ចាស់ផ្ទះផ្តាច់ចរន្តបិទកង្ហារ ក៏កង្ហារនោះនៅតែវិលទៅមុខរហូតអស់ខ្យល់សិន ទើបវាឈប់វិល។

យ៉ាងណាមិញ ជីវិតនយោបាយរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលប្រឈមនឹងច្បាប់ស្តីពី “គណបក្ស នយោបាយ” រហូតដល់គាត់បង្ខំចិត្តលាលែងពីតំណែង ដើម្បីបញ្ចៀសការរំលាយគណបក្សសង្គ្រោះជាតិ នោះ ក៏គាត់នៅតែផ្លោងសំឡេង និងសំណេរតាមវិទ្យុក្រៅស្រុក និងតាមទំព័រហ្វេសប៊ុក វាយប្រហារបក្សកាន់អំណាច យ៉ាងជូរចត់។ ឥឡូវបក្សកាន់អំណាចលែងទ្រាំទ្របាន ក៏ជំរុញឱ្យរដ្ឋសភា ធ្វើវិសោធនកម្មត្រង់មាត្រា៦ថ្មី (ពីរ) ដើម្បីរុញទប់លោកសម រង្ស៊ី ឱ្យខ្ទាតពីសង្វៀននយោបាយ ជាពិសេស គណបក្សណាដែលពាក់ព័ន្ធជាមួយលោកសម រង្ស៊ី ត្រូវប្រឈមនឹងការរំលាយចោល។

យោងតាមវិសោធនកម្មច្បាប់ថ្មីនេះ នៅចំណុចទី៦ ទោះជារដ្ឋសភាមិនទាន់អនុម័ត ក៏អាចចាត់ទុកជាបានការពាក់កណ្តាលដែរ ដោយសរសេរថា “ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារ ជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន”។ ត្រង់ចំណុចទី៧ សរសេរ ថា “យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន”។ ចំណែកមាត្រា៤៥ថ្មី (ស្ទួន) សរសេរថា “គណបក្សនយោបាយដែលបានសម្រេចផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយស្របតាមច្បាប់នេះ”

ដូច្នេះយើងឃើញថា ទោះជារដ្ឋសភា មិនទាន់បានអនុម័ត ក៏សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ចៀសមិនផុតពីចេញជា ធរមានតាមរយៈសំឡេង៥០+១ របស់តំណាងរាស្ត្របក្សកាន់អំណាច។ ប្រឈមនឹងបញ្ហានេះ បក្សប្រឆាំង ក៏បានរៀបជើងព្រួល ដើម្បីទប់ទល់តាមរយៈ “ម្ខាងព្រាង ម្ខាងប្រុង” គឺភាគីបក្សកាន់អំណាច ជាអ្នកព្រាងច្បាប់ ចំណែកភាគីបក្សប្រឆាំងប្រុងទប់ទល់។ យើងអាចប្រៀបធៀបករណីនេះ ទៅនឹងការស៊ុតបាល់ប៉េណាល់ទី (Penalty) គឺអ្នកស៊ុតធ្វើយ៉ាងណាឱ្យគ្រាប់បាល់រត់ចូលសំណាញ់ ចំណែកអ្នកចាំទី ត្រូវប្រុងប្រយ័ត្នឱ្យដល់កម្រិត មិនឱ្យគ្រាប់បាល់លឿនដូចព្រួញនោះ ហើរចូលទីរបស់ខ្លួនបាន។

ងាកមករឿង “ភ្លើងសូម្បីរលត់ ក៏មិនព្រមត្រជាក់” វិញ មានន័យថា លោកសម រង្ស៊ី ប្រៀបបាននឹងភ្លើងភ្នក់ ដែលកសិករបំពក់មុខផ្ទះ សម្រាប់ក្រុមគ្រួសារអាំងយកកម្តៅនៅរដូវរងា។ ឧបមាថា មានភ្លៀងកក់ខែ ធ្វើឱ្យភ្លើងភ្នក់នោះរលត់ ក៏នៅផេះក្តៅជះចំហាយភាយៗ ឆួលច្រមុះ មិនងាយត្រជាក់ទេ។ យ៉ាងណាមិញ ទោះបីជាវិសោធនកម្មច្បាប់ បញ្ជាក់ថា “ការផ្ញើសារសំឡេង រូបភាពឯកសារ ឬថា ទាក់ទងគ្នាតាមទូរស័ព្ទ ហ្វេសប៊ុក ដោយចំហក្តី ដោយសម្ងាត់ ដោយតុណ្ហីភាពក្តី” នឹងប្រឈមការរំលាយគណបក្សចោលភ្លាម។ ដូច្នេះលោកសម រង្ស៊ី ច្បាស់ជារកស្នៀតអ្វីប្លែកមកប្រើមិនខាន ដោយហេតុថា គាត់ជា “ភ្លើងទោះបីរលត់ ក៏មិនងាយត្រជាក់”។ បើឆ្លើយឆ្លងជាមួយអតីតសហការីតាមទូរស័ព្ទ ឬហ្វេសប៊ុក ក៏ដូចជាផ្ញើសំបុត្រមិនបាននោះ ជារឿងពិបាកបំផុត ប៉ុន្តែ តើអ្នកណាអាចឃាត់មនុស្សមិនឱ្យ “ដេកយល់សប្តិបានឱបរឹតគ្នានោះ?” មនុស្សមានប្រាជ្ញាខុសពីសត្វ បើមានទេវតាពន្យល់សប្តិឱ្យចូលរូងភ្នំយកកំណប់ ទោះជាត្រូវលូនចូលតាមប្រហោងប៉ុនតែខ្លួនក៏ចូលដែរ។

ច្បាប់មិនឱ្យទាក់ទងគ្នានេះ អាចប្រៀបបាននឹងឪពុកម្តាយក្មេក ខឹងកូនប្រសាពេក ក៏បណ្តេញចេញពីផ្ទះ រួចហាមកូនស្រី ពួកគាត់មិនឱ្យទាក់ទងប្តីនោះទៀត។ ឯប្តីនោះនៅអាល័យប្រពន្ធនិងកូនតូចៗ ក៏នៅតែក្រវែលផ្ទះ ចង់ជួបប្រពន្ធកូន តែប្រពន្ធខ្លាចឪពុកម្តាយមិនចែកកេរ មិនហ៊ានឱ្យប្តីជួបទេ បានត្រឹមដេកយល់សប្តិបានរួមដំណេកជាមួយគ្នាតែប៉ុណ្ណោះ។ កាលពីសម័យសង្គ្រាម ក៏មានការបែងចែកអ្នករស់នៅ “តំបន់ខ្មាំង” និង “ដីរំដោះ” មិនអាចទាក់ទងគ្នាបានឡើយ ដោយសារមនោគមន៍វិជ្ជាខុសគ្នា។

ឥឡូវគ្រាន់តែបានដឹងថា បក្សកាន់អំណាច “ចេញសេចក្តីព្រាងច្បាប់” បក្សប្រឆាំង ក៏ “ប្រុងជើងការចាំទប់ទល់” ដែរ តាមរយៈការដករូបថតលោកសម រង្ស៊ី ចាប់ដៃលោកកឹម សុខា ចេញពីស្លាកគណបក្ស។ ស្លាកចាប់ដៃគ្នានោះ តាមផ្លូវណាក៏មានដែរ អ៊ីចឹងគ្រាន់តែចំណាយពេលលុបរូបថត ឃើញថា អស់លុយមិនតិចទេ។ ចំណែកលោកសម រង្ស៊ី ដែលគេចាត់ទុកជា “ភ្លើងភ្នក់” ដែលត្រូវទឹកភ្លៀងពន្លត់នោះ អាចនៅផេះក្តៅចេញចំហាយទៀត “តែចំហាយរបៀបណានោះគ្មានអ្នកណាដឹង”។ បើទាក់ទងជាមួយសហការីតាមច្រកណាក៏មិនបាននោះ ពុំដឹងថា អតីតមេបក្សប្រឆាំងនោះ ចេញស្នៀតអីទេ ព្រោះគេដឹងថា គាត់មានប្រាជ្ញាដេញជើងមិនទាន់ ឱ្យតែមានប្រហោងបន្តិច “កណ្តុរគេចភ្លែត រួចពីក្រញាំជើងឆ្មា”។ ភ្នក់ភ្លើង កំពុងឆេះអត់អីទេ តែបើជះចំហាយផេះក្តៅ ធ្វើឱ្យឆួលច្រមុះក្អកកណ្តាស់ពិបាកណាស់។

ទោះយ៉ាងណា ក៏មានអ្នកវិភាគខ្លះថា បក្សប្រឆាំងកំពុងដើរចូលរូងភ្នំ ទៅយកកំណប់ឆ្នាំ២០១៨ ដោយឆ្លងផុត “ផ្លូវដើរ” ទៅដល់ “ផ្លូវលូន” ពោលគឺច្បាប់វិសោធនកម្មថ្មីៗនេះ ចង្អៀតមែនទែន សម្រាប់បក្សប្រឆាំង តម្រូវឱ្យលូនចូលរូងទាំងលំបាកលំបិន។ កំណប់ឆ្នាំ២០១៨ នោះ មិនងាយយកបានទេ ដោយសារតែផ្លូវលូនហ្នឹង ចំណែកបក្សកាន់អំណាច មានផ្លូវដើរស្រួល ទូលាយ អាចដណ្តើមកំណប់បានមុន។

ចំណុចសំខាន់ អ្នកតាមដាននយោបាយ កំពុងឃ្លាំមើលថា តើលោកសម រង្ស៊ី ដែលធ្លាប់តែផ្ញើសំឡេង និងសំណេរពាក់ព័ន្ធជាមួយអតីតកូនចៅរបស់គាត់នោះ តើមានលទ្ធភាពអ្វីទៀត បើច្បាប់ថ្មីនោះ “ចាក់សោ” ជាប់ម៉ឺង ចេញពីបន្ទប់មិនរួចនោះ? បើត្រឹមតែដេកយល់សប្តិឱបរឹតគ្នានោះ គ្មានកំហុស ឬប្រឆាំងនឹងច្បាប់នោះទេ តែការយល់សប្តិយកជាការឯណាបាន? ចំណែក ពាក្យថា “តុណ្ហីភាព” មានន័យថា “ស្ងប់ស្ងាត់”“នៅតែស្ងៀម” ដូច្នេះច្បាប់ថា “យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព” ទោះជាបក្សប្រឆាំង មិនឆ្លើយឆ្លងជាមួយអតីតប្រធានបក្សក៏ខុសដែរ។

សរុបទៅ គាថាខណ្ឌ “ស្រីហិតោបទេស” ថា “ភ្លើងសូម្បីរលត់ ក៏មិនព្រមត្រជាក់” មានន័យយ៉ាងនេះឯង សំដៅដល់ “ច្បាប់ពន្លត់ភ្លើងសម រង្ស៊ី តែទោះជាភ្លើងនោះរលត់ក៏នៅចំហាយផេះក្តៅឆួល”។ ពន្លត់ភ្លើង មិនពិបាកទេ តែរឿងទប់ចំហាយក្តៅជារឿងពិបាក ព្រោះតែហេតុនេះហើយបានជា “នារាយណបណ្ឌិត” អ្នកប្រាជ្ញាឥណ្ឌា និងព្រះភិក្ខុប៉ាង ខាត់ អ្នកប្រាជ្ញព្រះសង្ឃខ្មែរ បន្សល់មរតកសាសន៍នេះទុក សម្រាប់មនុស្សគ្រប់ជាតិសាសន៍ ពិសេសអ្នកនយោបាយ យកទៅពិចារណា ៕

RELATED ARTICLES