ខេត្តសៀមរាប ៖ ទីបំផុត នារីវ័យក្មេងជាជនរងគ្រោះដែលបានប្តឹងគ្រូពេទ្យក្នុងមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុនប៉ងចាប់រំលោភ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នោះ ពេលនេះបានសម្រេចចិត្តដកពាក្យបណ្តឹងវិញហើយ ដោយមិនទាមទារសំណងជំងឺចិត្តអ្វីទាំងអស់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោមហេតុផលថា ចង់ទុកពេលឱ្យគ្រូពេទ្យជាប់ចោទបានកែខ្លួន និងសារភាពកំហុសដែលបានប្រព្រឹត្តលើសលស់មកលើរូបនាង។
ជាមួយគ្នានេះ លោកឧកញ៉ាដេវីត ឆាណាយវ៉ា ដែលជាអ្នកចេញមុខតាមដានសម្រុះសម្រួលរឿងក្តីកក្រើកខេត្តសៀមរាបនេះ បានសរសើរនូវចរិតអាណិតមេត្តារបស់នារីរងគ្រោះ ដែលសុខចិត្តអនុគ្រោះឱ្យគ្រូពេទ្យជាប់ចោទនោះ និងបានហៅនាងថា “កញ្ញាចិត្តធម៌”។
យោងតាមលិខិតដកពាក្យបណ្តឹងរបស់នារីរងគ្រោះ ឈ្មោះទា ស៊ីវហ្គិច ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
នាងខ្ញុំឈ្មោះទា ស៊ីវហ្គិច ភេទស្រី អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅហាងលក់សម្លៀកបំពាក់សួនម៉ូដទាន់សម័យ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាដើម បណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥៨ អ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តសៀមរាប។
សូមគោរពចូលមក
លោកកូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប
កម្មវត្ថុ ៖ សុំដកពាក្យបណ្តឹង ឈប់ប្តឹងឈ្មោះវ៉ាន់ ស៊ុន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៧៥៨ អ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៧ របស់សាលាដំបូងខេត្តសៀមរាប និងសូមឱ្យដោះលែងជនជាប់ចោទឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។
យោង ៖ សំណុំរឿងព្រហ្មទណ្ឌលេខ៧៥៨ អ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តសៀមរាប។
តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបលោកចៅក្រម មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៥-០៦-២០១៧ នាងខ្ញុំបានដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះវ៉ាន់ ស៊ុន ពីបទប្រទូសកេរ្តិ៍ខ្មាស តាមមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ។ ថ្ងៃនេះនាងខ្ញុំសម្រេចចិត្តដកពាក្យបណ្តឹងឈប់ប្តឹងឈ្មោះវ៉ាន់ ស៊ុន នេះទៀតហើយ ដោយហេតុថា ក្រោយពីធ្វើការពិចារណាយ៉ាងល្អិតល្អន់រួចមក នាងខ្ញុំមានសេចក្តីអាណិតអាសូរចំពោះជនត្រូវចោទ និងក្រុមគ្រួសារគាត់ ចង់ទុកពេលឱ្យគាត់កែខ្លួន មិនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងក្រមសីលធម៌ទៀត។ ម៉្យាងទៀត អំពើរបស់ឈ្មោះវ៉ាន់ ស៊ុន ដែលបានប្រព្រឹត្តចំពោះរូបនាងខ្ញុំ មិនមានអ្វីជ្រុលជ្រួសខ្លាំងក្លា ជាអំពើប្រទូសកេរ្តិ៍ខ្មាសនោះទេ ហើយខ្ញុំក៏មិនទាមទារសំណងរដ្ឋប្បវេណីឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកចៅក្រម មេត្តាទទួលពិនិត្យ និងទទួលលិខិតដកពាក្យបណ្តឹងឈប់ប្តឹងរបស់នាងខ្ញុំ តាមនីតិវិធីច្បាប់ ដោយក្តីអនុគ្រោះ។
សូមលោកចៅក្រម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ…។
ដោយឡែក លោកឧកញ៉ាមេធាវី ដេវីត ឆាណាយវ៉ា ដែលជាអ្នកចេញមុខជួយរត់ទាំងឯកសារខាងផ្លូវច្បាប់ និងផ្តល់មេធាវី ដើម្បីជួយការពារក្តីឱ្យភាគីគ្រូពេទ្យ វ៉ាន់ ស៊ុន បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ថា “ខ្ញុំទទួលដំណឹងថា ក្មួយទា ស៊ីវហ្គិច បានដាក់លិខិតដកពាក្យបណ្តឹងលើក្មួយវ៉ាន់ ស៊ុន ដោយមិនទាមទារសំណងចូលទៅអយ្យការខេត្តសៀមរាប ហើយកាលពីម្សិលមិញនេះ យោងតាមហេតុផលដ៏ល្អ គឺនាងចង់ផ្តល់ឱកាសឱ្យជនល្មើសបានកែប្រែខ្លួន និងសារភាពកំហុសឆ្គង ដែលបា លើសលស់លើរូបនាងជា (ករណីនេះជនល្មើស ពិតជាបានសារភាពកំហុសថា បានប្រព្រឹត្តលើកញ្ញាទា ស៊ីវហ្គិច ប្រាកដមែន) នេះជាសក្ខីភាពដ៏ល្អមួយបញ្ជាក់ថា កញ្ញាទា ស៊ីវហ្គិច មានចិត្តមេត្តាសន្តោស និងមិនចង់ឱ្យក្មួយវ៉ាន់ ស៊ុន ទទួលទោសជាប់ពន្ធនាគារ បាត់បង់អនាគត រួមទាំងគ្មានទីពំនឹងក្នុងការរកប្រាក់ផ្គត់ផ្គង់គ្រួសារឡើយ នាងទាមទារត្រឹមតែឱ្យជនល្មើសសារភាពកំហុសឆ្គងជាសាធារណៈ ដើម្បីជាសក្ខីកម្មបញ្ជាក់ទៅជនជ្រុលនិយមមួយចំនួន ឱ្យបញ្ចប់នូវវប្បធម៌លាបពណ៌ ប្រឌិតព័ត៌មាន ញុះញង់ឱ្យនាងដែលជាភាគីរងគ្រោះកាន់តែរងគ្រោះបន្តទៅទៀត ជាពិសេស ការប្រមាថក្នុងន័យបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ជាពិសេស មន្ទីរសម្រាកដែលមិនមានភាពទទួលខុសត្រូវលើអ្នកជំងឺ។
ខ្ញុំឧកញ៉ាដេវីត ឆាណាយវ៉ា សុំថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្មួយស៊ីវហ្គិច ដែលមិនប្រកាន់ខឹងចំពោះកំហុសរបស់ក្មួយវ៉ាន់ ស៊ុន ជាពិសេសខ្ញុំស្នើសុំឱ្យមហាជន មិត្តភក្តិ សាច់ញាតិជនល្មើសទាំងអស់ ឈប់ព្យាយាមការពារកំហុសក្មួយវ៉ាន់ ស៊ុន បន្តទៀត ដែលមើលទៅវាជាការជំរុញឱ្យក្មួយវ៉ាន់ ស៊ុន កាន់តែមានកំហុសលើសដើម នឹងបន្ថែមភាពក្តៅក្រហាយដល់ជនរងគ្រោះយ៉ាងលើសលប់លើផ្នែកបញ្ហាផ្លូវចិត្ត។
សុំអរគុណលោកសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅអាគាត់ (William Guang) ដែលបានចូលរួមពន្យល់ណែនាំ និងខិតខំក្នុងបេសកកម្មរកយុត្តិធម៌ និងការពារយុត្តិធម៌ឱ្យនារីរងគ្រោះ តាំងពីដើមទី សុំអរគុណដល់សហការីមេធាវីរបស់ខ្ញុំទាំងអស់ ដែលបានខិតខំក្នុងបេសកកម្មនេះ…”។
ដោយឡែក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោកឧកញ៉ាដេវីត ឆាណាយវ៉ា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក សរសើរនាងក្រមុំរងគ្រោះថា “សុំក្តីបន្តោស ក្មួយទា ស៊ីវហ្គិច ថ្ងៃនេះ! ស៊ីវហ្គិច សន្តោសប្រណីប្រជែងនឹងខ្ញុំហើយ សុំដាក់ឈ្មោះថា “កញ្ញាចិត្តធម៌!”
ខ្ញុំបានចូលទៅសួរសុខទុក្ខក្មួយស្រីធម៌ និងបងស្រីនាង នាងមានសភាពស្រស់បស់ សុខភាពល្អ រាក់ទាក់ទទួលខ្ញុំ ពិតជាមានពុទ្ធិចរិត!
ស្ត្រីខ្មែរគួរយកក្មេងស្រីជាគំរូ ខឹងមួយឆាវ តែចិត្តនៅតែអាណិត! នេះហើយសភាវបណ្ឌិត ចិត្តធម៌មេត្តា”។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នារីរងគ្រោះឈ្មោះទា ស៊ីវហ្គិច អាយុ២១ឆ្នាំ បានប្តឹងចោទប្រកាន់គ្រូពេទ្យម្នាក់ នៅគ្លីនិកអង្គរសង់តេ ឈ្មោះវ៉ាន់ ស៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាងជាអ្នកជំងឺ ខណៈដែលនាងមានជំងឺបានចូលសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយបានទទួលបណ្តឹងនោះ វេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានកោះអញ្ជើញជនសង្ស័យដែលមានឈ្មោះ វ៉ាន់ ស៊ុន ហៅឆ្លូញ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យនៅមន្ទីរពហុព្យាបាលអង្គរសង់តេ យកមកសាកសួរនៅប៉ុស្តិ៍ ហើយធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទប្រទូស្តកេរ្តិ៍ខ្មាស។ ហើយក្រោយមកតុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យជាគ្រូពេទ្យឈ្មោះវ៉ាន់ ស៊ុន នៅពន្ធនាគារខេត្តសៀមរាប ជាបណ្តោះអាសន្ន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អនុប្រធានមន្ទីរសម្រាកព្យាបាលអង្គរសង់តេ លោកវេជ្ជបណ្ឌិតអ៊ឹង សុភាព ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ថា ខាងគ្លីនិកពេញចិត្តនឹងសហការជាមួយភាគីពាក់ព័ន្ធជានិច្ច ក្នុងនោះមានភាគីខាងជនរងគ្រោះ និងសមត្ថកិច្ចផងដែរ ហើយខាងគ្លីនិកមិនគាំទ្រចំពោះបុគ្គលដែលធ្វើឱ្យខូចឈ្មោះគ្លីនិកនោះទេ គឺទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ។
យ៉ាងណា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ភាគីរងគ្រោះ កញ្ញាទា ស៊ីវហ្គិច បានសម្រេចចិត្តដាក់ពាក្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប សុំដកពាក្យបណ្តឹងឈប់ប្តឹងគ្រូពេទ្យជាប់ចោទ វ៉ាន់ ស៊ុន នោះហើយ ដើម្បីផ្តល់ឱកាសឱ្យជនត្រូវចោទបានកែខ្លួនឡើងវិញ៕