គ្រាន់តែបានឃើញសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” មានលក្ខណៈបិទផ្លូវគណបក្សសង្គ្រោះជាតិ មិនឱ្យទាក់ទងជាមួយអតីតមេបក្ស លោកសម រង្ស៊ី មកត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយ យកទៅជជែកគ្នាគ្រប់ច្រកល្ហក ជាពិសេស តាមតៀមកាហ្វេនានា។ អ្នកគាំទ្របក្សកាន់អំណាច ក៏ដូចអ្នកគាំទ្របក្សប្រឆាំង មានឆន្ទៈរួមគ្នា មិនចង់ឱ្យរំលាយគណបក្សណាមួយមុនពេលបោះឆ្នោតឆ្នាំ២០១៨ នោះទេ ក៏នាំគ្នាផ្តល់យោបល់យ៉ាងនេះយ៉ាងនោះ ជួយទប់បក្សប្រឆាំង កុំឱ្យរលាយ។ យើងក៏មានបំណងល្អចង់ឱ្យបក្សប្រឆាំង ចូលរួមប្រកួតតាមបែបប្រជាធិបតេយ្យដែរ ក៏នឹកឃើញមធ្យោបាយ “ដាំបាយអត់អង្ករ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី ដែលមានខ្លឹមសារត្រួសៗថា “គណបក្សណាដែលបន្តការទាក់ទងជាមួយទណ្ឌិត ដោយចំហក្តី ដោយសម្ងាត់ក្តី ឬថា ទាក់ទងគ្នាតាមទូរស័ព្ទ ហ្វេសប៊ុក ឬលិខិត នឹងត្រូវរំលាយគណបក្សនោះ” មានន័យថា ច្បាប់នេះ “បិទផ្លូវតូច ផ្លូវធំ ខ្ទប់ច្រកចេញចូលទាំងអស់” ដែលបក្សប្រឆាំង ត្រូវឈានដល់ភាពទាល់ច្រកហើយ។ ករណីមិនធ្លាប់មាននេះ ត្រូវបានតាញៀនកាហ្វេម្នាក់ គាំទ្របក្សប្រឆាំង និយាយថា “បើច្បាប់ថ្មីខ្ទប់ច្រកជិតឈឹងយ៉ាងនេះ ទាល់តែរកវិធីផ្សេង កុំឱ្យប៉ះច្បាប់ ទើបបក្សប្រឆាំង មិនរលាយមុនបោះឆ្នោតឆ្នាំ២០១៨”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាចនិយាយថា “បើច្បាប់មិនឱ្យដើរ លូនទៅ ! បើមិនឱ្យសមាជិកបក្សទាក់ទងអតីតប្រធានបក្សនោះ ត្រូវយករាស្ត្រសាមញ្ញឱ្យទាក់ទងទៅ មានពិបាកអី ព្រោះខ្ញុំចង់ឱ្យបក្សទេវតា ឈ្នះដោយកិត្តិយសនៅឆ្នាំ២០១៨ បើរំលាយបក្សប្រឆាំងចោល ទោះជាឈ្នះក៏មិនល្បីដែរ!”។
បើយកការសន្ទនាខាងលើមកវិភាគ យើងឃើញថា ប្រជាពលរដ្ឋគាំទ្របក្សប្រឆាំង ចង់ឱ្យមន្ត្រីបក្សប្រឆាំង រកស្នៀតយ៉ាងណាទប់ទល់កុំឱ្យរំលាយគណបក្ស ចំណែកអ្នកគាំទ្របក្សកាន់អំណាច “ចង់ឈ្នះដោយកិត្តិយស” ឬថា ចង់ឱ្យបក្សប្រឆាំង បានបោះឆ្នោត។ ដូច្នេះបើតាៗញៀនកាហ្វេគ្រប់និន្នាការ មានបំណងល្អយ៉ាងនេះ “នគរធំ” ក៏មិនចង់ឱ្យមានការរំលាយគណបក្សណាមួយ មុនពេលប្រកួតនោះដែរ។ សូម្បីលោកឈាង វុន អ្នកនាំពាក្យនៅរដ្ឋសភា ខាងបក្សកាន់អំណាច ក៏បានលើកឡើងថា “គណបក្សប្រជាជនកម្ពុជា នឹងមិនប្រើប្រាស់ច្បាប់ថ្មីនេះ ទៅរំលាយគណបក្សសង្គ្រោះជាតិ ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនទេ បើមេដឹកនាំគណបក្សនេះ មិនបំពានច្បាប់ ហើយបក្សកាន់អំណាចក៏ត្រូវពង្រឹងយន្តការប្រជាធិបតេយ្យ តាមរយៈមានដៃគូប្រកួតដែលមានកម្លាំងប្រហាក់ប្រហែលគ្នាដែរ”។
ការលើកឡើងរបស់លោកឈាង វុន ជារឿងត្រឹមត្រូវ ប៉ុន្តែចំណុចទាល់ច្រក បើបក្សប្រឆាំងធ្វើផ្ទុយនឹងច្បាប់ដែលហាមទាក់ទងជាមួយលោកសម រង្ស៊ី ច្បាស់ជាចៀសមិនរួចពីការរំលាយ។ ដូច្នេះដើម្បីបញ្ចៀសការរំលាយមុនរដូវកាលប្រកួត “នគរធំ” សូមជួយផ្តល់យោបល់ខ្លះៗយកតែបុណ្យទៅចុះ ដោយលើកឧទាហរណ៍ពី “គម្ពីរទសជាតក” ក្នុងរឿង “មហោសថជាតក” មកធ្វើជាទឡ្ហីករណ៍ សម្រាប់មន្ត្រីបក្សប្រឆាំងពិចារណា…។
រឿង “មហោសថជាតក” ត្រង់ “ប្រស្នាដាំបាយអត់អង្ករ” បានតំណាលថា កាលនោះព្រះបាទវិទេហរាជ នៃនគរមិថិលា ចង់ពិសោធបញ្ញាបារមីរបស់មហោសថពោធិសត្វ ក៏ត្រាស់បង្គាប់រាជបម្រើឱ្យនាំព្រះរាជសារទៅប្រាប់អ្នកស្រុក “បាចីនគ្រាម” ឱ្យ “ចម្អិនបាយក្រយាស្ងោយ” មកថ្វាយព្រះអង្គ។ ការចម្អិនបាយនោះ ប្រកបដោយអង្គ៨ គឺអត់អង្ករ, អត់ទឹក, អត់ចង្ក្រាន, អត់ឆ្នាំង, អត់ភ្លើង, អត់អុស, អត់ស្ត្រី អត់បុរសជាចុងភៅ, ពេលយកព្រះស្ងោយមកថ្វាយ ហាមដើរតាមផ្លូវ។ ព្រះមហាក្សត្រ បានដាក់អាជ្ញាថា បើរកប្រស្នានេះមិនឃើញ អ្នកស្រុកបាចីនគ្រាម នឹងត្រូវពិន័យក្នុងម្នាក់ៗ ជាប្រាក់១០០០កហាបណៈ។ កាលនោះ អ្នកស្រុកភ័យស្លន់ស្លោ ព្រោះរកប្រស្នាមិនឃើញ ខ្លាចត្រូវអាជ្ញាស្តេច ក៏នាំគ្នាទៅសួរព្រះមហោសថ ដែលនៅជាកុមារ។ ព្រះពោធិសត្វ ប្រកបដោយបញ្ញាបារមីដ៏កំពូលក៏បង្គាប់អ្នកស្រុកថា រឿងដាំបាយអត់អង្ករ ត្រូវយកចុងអង្ករ, អត់ទឹក ត្រូវយកសំឡីកប្បាសទៅហាលពេលយប់ឱ្យវាស្រូបទឹកសន្សើម មក (ពូត) ទុកដាំបាយ, អត់ឆ្នាំង ត្រូវយកភាជនដីមកប្រើ, អត់ចង្ក្រាន ត្រូវយកមែកឈើប៉ុនកដៃប្រវែង១ហត្ថ មកសម្រួចចុង បោះធ្វើ “ពៅ” (ឈើស្រស់ ឬប្ញស្សីស្រស់៣កំណាត់យកមកសម្រួច បោះភ្ជាប់នឹងដី ធ្វើជាចង្ក្រានបណ្តោះអាសន្ន សម្រាប់អ្នកដំណើរដែលរកថ្មកល់ធ្វើចង្ក្រានមិនបាន), អត់អុស ត្រូវយកស្លឹកឈើ មកដុត, អត់ភ្លើងធម្មតា ត្រូវយកប្ញស្សីស្ងួតមកកួតឱ្យចេញភ្លើង (បើសម័យនេះ អាចយកអគ្គិសនី ប្រើជំនួសភ្លើងធម្មតា), អត់មនុស្សប្រុសស្រីចម្អិន ត្រូវយកមនុស្សខ្ទើយមកចម្អិន, ហាមយកព្រះស្ងោយទៅថ្វាយ ដោយដើរតាមផ្លូវ ត្រូវដើរលើចិញ្ចើមផ្លូវ។ ទីបំផុត អ្នកស្រុកក៏យកព្រះស្ងោយទៅថ្វាយស្តេចទាល់តែបាន ដោយធ្វើតាមព្រះមហោសថ ក៏រួចពីការពិន័យគ្រប់គ្នា។
ដូច្នេះបើយកប្រស្នា “ដាំបាយអត់អង្ករ” នេះមកប្រៀបធៀបនឹងច្បាប់ថ្មី ដែលខ្ទប់ច្រកបក្សប្រឆាំងនោះ គឺមិនខុសពីអាជ្ញាស្តេចដែលព្រមានផាកពិន័យអ្នកស្រុកម្នាក់១០០០កហាបណៈ។ អ៊ីចឹងគួរធ្វើតាមល្បិចព្រះមហោសថ ពោលគឺត្រង់ ចំណុច “មិនឱ្យគណបក្សណាមួយទាក់ទងជាមួយទណ្ឌិត ដោយចំហ ឬដោយសម្ងាត់” ត្រូវយក “មនុស្សណាដែលនៅក្រៅរង្វង់គណបក្ស” ឬ “ប្រពន្ធរបស់ទណ្ឌិត”។ មន្ត្រីបក្សប្រឆាំងសំខាន់ៗ ឃើញមាន៥៥រូប ដែលមានឋានៈជាតំណាងរាស្ត្រផង គ្មានសិទ្ធិទាក់ទងជាមួយលោកសម រង្ស៊ី បានទៀតទេ ប៉ុន្តែ ប្រជារាស្ត្រល្អិតល្អោចដែលគ្មានឈ្មោះក្នុងគណបក្ស តែគាំទ្របក្សប្រឆាំង នៅតែអាចទាក់ទងបាន។ ចំណែកលោកស្រីជូឡុង សូមួរ៉ា ជាភរិយាលោកសម រង្ស៊ី ទោះគាត់ជាមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង ក៏គាត់នៅតែមានសិទ្ធិទៅជួបស្វាមីនៅក្រៅប្រទេសដដែល។ គ្មានច្បាប់អន្តរជាតិណាមួយហាមប្រពន្ធ មិនឱ្យទៅជួបប្តីនោះទេ សូម្បីតែប្តីជាប់ពន្ធនាគារ ក៏ភរិយាអាចយកបាយសម្លទៅជូនរាល់ថ្ងៃបាន។ ប៉ុន្តែ ក៏មានករណីខ្លះ ហាមប្រាមប្រពន្ធមិនឱ្យទៅជួបប្តីដែរ ឧទាហរណ៍រឿង “ព្រះបាទអជាតសត្រូវ ធ្វើគុតបិតា” ដែលតំណាលពីព្រះរាជកុមារអជាតសត្រូវ ប្លន់យករាជសម្បត្តិពីព្រះបាទពិម្ពិសារ ជាព្រះបិតា រួចចាប់អ្នកមានគុណ ទៅដាក់គុកងងឹត។ កាលនោះ ព្រះអគ្គមហេសី តែងយកព្រះស្ងោយខ្ចប់ថ្នក់កន្សែងទៅថ្វាយព្រះស្វាមីក្នុងគុកជារៀងរាល់ថ្ងៃ។ អជាតសត្រូវ បានដឹងក៏ហាមឃាត់ព្រះមាតា មិនឱ្យដាក់ព្រះស្ងោយនឹងថ្នក់កន្សែង ទើបព្រះនាងលាក់បាយក្រៀមនឹងផ្នួងសក់ម្តង។ លុះមានការហាមឃាត់ ព្រះនាងក៏យកទឹកបបរ មកលាបពេញព្រះកាយ ចូលទីឃុំឃាំង ឱ្យព្រះស្វាមីលិទ្ធ ក៏បានរស់តទៅទៀត។ ប៉ុន្តែ ទីបំផុត ព្រះរាជបុត្រអកតញ្ញូ នោះបិទផ្លូវ ហាមព្រះមាតាលែងឱ្យទៅជួបព្រះបិតា រហូតដល់ព្រះបាទពិម្ពិសារ សោយទិវង្គតក្នុងគុកងងឹតនោះទៅ។ កម្មពៀរសម្លាប់ឪពុកនេះ ត្រូវធ្លាក់នរក ព្រះប្រោសមិនរួចទេ ទីបំផុតព្រះបាទអជាតសត្រូវ ក៏ត្រូវព្រះរាជបុត្រព្រះនាម “ឧទានភក្រ” ធ្វើគុតដណ្តើមរាជ្យតគ្នា…។
ការលើកឡើងនូវរឿងជាតក ខាងលើនេះ បង្ហាញថា ប្រពន្ធអាចចូលទៅសួរសុខទុក្ខប្តីដល់ទីឃុំឃាំងបាន តែបើមានច្បាប់ហាមឃាត់ប្រពន្ធទៀតនោះ អ្វីៗត្រូវចប់ ដោះស្រាយមិនចេញទេ។ យ៉ាងណាមិញ ទោះបីជាច្បាប់ថ្មី ហាមឃាត់មន្ត្រីបក្សប្រឆាំង មិនឱ្យទាក់ទងជាមួយអតីតប្រធានបក្សជាទណ្ឌិត ក៏ភរិយាអាចទាក់ទងបាន និងនាំដំណឹងទៅមកដោយផ្ទាល់មាត់ មិនប្រើទូរស័ព្ទ ឬលិខិតអ្វីនាំឱ្យប៉ះទង្គិចនឹងច្បាប់។ ឯរឿង “ដាំបាយអត់អង្ករ អត់ទឹក អត់ភ្លើងនោះ បើមនុស្សមានប្រាជ្ញា អាចដោះរួចយ៉ាងធូរដូចព្រះមហោសថបណ្ឌិត។
សរុបទៅ “ដាំបាយអត់អង្ករ” គ្រាន់តែជាយោបល់តូចមួយជួយប្រាប់ទៅបក្សប្រឆាំង យកបុណ្យតែប៉ុណ្ណោះ ក្រែងរលាយមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ បក្សប្រឆាំង មិនអាចបំពានច្បាប់ហាមទាក់ទងជាមួយទណ្ឌិតបានឡើយ ប៉ុន្តែ “បើគេមិនឱ្យដើរលើថ្នល់ ត្រូវដើរលើចិញ្ចើមថ្នល់” ឬ “បើមិនឱ្យប្រុសស្រីដាំបាយ ត្រូវយកខ្ទើយមកដាំ” “បើមិនឱ្យប្រើចង្ក្រាន ត្រូវបោះពៅ” វាចប់បាត់ទៅហើយៗច្បាប់ក៏មិនអាចចាប់កំហុសបានដែរ…៕
ដោយ អាចារ្យថាំ