ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរសារសម្តែងសមានទុក្ខ ក្នុងថ្ងៃខួបការស្លាប់លោកកែម ឡី គម្រប់១ឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដោយសង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឱ្យទទួលខុសត្រូវ ពេញលេញចំពោះអំពើលេលានិងដ៏កំសាកនេះ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៦៤ ក៏បានចេញលិខិតចំហរួមមួយ ស្នើសុំសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណ៉កម្មការស៊ើបអង្កេត ជុំវិញរឿងក្តីឃាតកម្មលើលោកបណ្ឌិតកែម ឡី ផងដែរ។
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបគម្រប់ ១ឆ្នាំ របស់លោកកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅហាងស្តារម៉ាតនៃស្ថានីយប្រេងកាល់តិច បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ បានសរសេរសារក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតថា “នៅខួបលើកទី១ នៃការស្លាប់របស់លោកកែម ឡី ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា សូមចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការអបអរជីវិត និង ការងាររបស់លោកកែម ឡី។ យើងសូមសម្តែងសមានទុក្ខសាជាថ្មីចំពោះគ្រួសាររបស់លោក កែម ឡី ដែលកំពុងរង់ចាំ ហើយសង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឱ្យទទួលខុសត្រូវពេញលេញ ចំពោះអំពើលេលា និងដ៏កំសាកនេះ”។
ដោយឡែក ក្នុងខួបការស្លាប់លោកកែម ឡី គម្រប់១ឆ្នាំនោះដែរ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៦៤ បានចេញលិខិតចំហរួមមួយ ស្នើសុំសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការស៊ើបអង្កេត ជុំវិញរឿងក្តីឃាតកម្មលើលោកបណ្ឌិតកែម ឡី។
លិខិតចំហរួមរបស់ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៦៤នោះ មានខ្លឹសារទាំងស្រុងថា “នៅមុនឱកាសនៃខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោកកែម ឡី យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សម្តែងក្តីបារម្ភជាថ្មីម្តងទៀត ជុំវិញការវិវឌ្ឍតិចតួច នៅក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ ក៏ដូចជាការស៊ើបអង្កេត និងសវនាការជំនុំជម្រះ មិនទាន់គ្រប់គ្រាន់ដោយសារមានតែឈ្មោះ អឿត អាង ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឬចោទប្រកាន់ជុំវិញការ សម្លាប់របស់លោកកែម ឡី។ ដោយសារតែការស៊ើបអង្កេតនៅមិនទាន់គ្រប់គ្រាន់ យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀត។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ភ្លាមៗ បន្ទាប់ពីការសម្រេចផ្តន្ទាទោសលើឈ្មោះអឿត អាង ពីបទមនុស្សឃាតលើលោកកែម ឡី មេធាវីរបស់ជនជាប់ចោទ អឿត អាង បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងតែធ្វើបន្តទៀត លើ មនុស្សពីរនាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្មនេះ ហើយការលើកឡើងនេះ ត្រូវបានបញ្ជាក់ដោយតំណាងអយ្យការ លោកលី សុផាណា ដែលត្រូវបានដកស្រង់សម្តីថា សំណុំរឿងនេះត្រូវបានបំបែក ដូច្នេះតុលាការអាចជំនុំជម្រះលើជនជាប់ចោទអឿត អាង ដោយឡែកបាន ខណៈការស៊ើបអង្កេតលើជនសង្ស័យផ្សេងទៀត ត្រូវបន្តធ្វើ។ មេធាវីរបស់ជនជាប់ចោទ អឿត អាង បានផ្តល់សក្ខីកម្មថា ជាអ្នកណែនាំខ្លួនឱ្យស្គាល់លោកកែម ឡី និងបុរសម្នាក់ទៀតឈ្មោះចក់ ដែលជនជាប់ចោទ អឿត អាង អះអាងថា បានលក់កាំភ្លើងខ្លីឱ្យ ខ្លួន។ បន្ថែមលើនេះទៀត សំណួរជាច្រើនជុំវិញមូលហេតុនៃឃាតកម្មនេះនៅពុំទាន់មានចម្លើយនៅឡើយទេ។ ទោះជាមានការអះអាងនេះក្តី ទាំងចៅក្រមស៊ើបសួរ លោកសេង លាង និងរដ្ឋាភិបាលនៅពុំទាន់បានផ្សព្វផ្សាយជាសាធារណៈអំពីការវិឌ្ឍ សម្រាប់សាធារណជនជុំវិញការស៊ើបអង្កេតឬកម្មវត្ថុ ដែលអាចពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះនៅឡើយទេ។
សិទ្ធិរស់រានមានជីវិត ត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋភាគី។ កាតព្វកិច្ចក្នុងការការពារសិទ្ធិរស់រានមានជីវិតរួមបញ្ចូលទាំងកាតព្វកិច្ចវិជ្ជមានរបស់រដ្ឋាភិបាល ក្នុងការធានាដល់ការស៊ើបអង្កេតដោយឥតលម្អៀង និងហ្មត់ចត់ លើករណីឃាតកម្មរបស់លោកកែម ឡី។ គោលការណ៍អង្គការសហប្រជាជាតិ ស្តីពីការបង្ការ ប្រកបដោយប្រសិទ្ធភាព និងការស៊ើបអង្កេត ជុំវិញការកាត់ទោសក្រៅច្បាប់ តាមអំពើចិត្ត និងដោយសង្ខេប (គោលការណ៍ អ.ស.ប) បញ្ជាក់បន្ថែមពីការអនុវត្តកាតព្វកិច្ចនេះ និងសង្កត់ធ្ងន់យ៉ាងច្បាស់ថា រដ្ឋនានាត្រូវបើកការស៊ើបអង្កេត ឱ្យបានហ្មត់ចត់ ឆាប់រហ័ស និងឥតលម្អៀងជុំវិញករណីសង្ស័យទាំងឡាយណាដែលពាក់ព័ន្ធនឹងការកាត់ទោសក្រៅច្បាប់ តាមអំពើចិត្ត និងដោយសង្ខេប។ បន្ថែមលើនេះទៀត ពិធីសាររបស់ អ.ស.ប ស្តីពីការស៊ើបអង្កេតលើករណីឃាតកម្មក្រៅច្បាប់ (ឆ្នាំ២០១៦) (ពិធីសាររដ្ឋមីនីសូតា) កំណត់អំពីលក្ខខណ្ឌតម្រូវឱ្យមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់របស់រដ្ឋាភិបាលជុំវិញអង្គហេតុ និងការបង្ហាញការពិតជាសាធារណៈដរាបណាមាន ការរំលោភបំពានលើសិទ្ធិរស់រានមានជីវិត ព្រមទាំងចែងថា “ដំណើរការ និងលទ្ធផលនៃការស៊ើបអង្កេតត្រូវតែមានតម្លាភាពរួមបញ្ចូលទាំង ការបើកចំហដល់ការពិនិត្យពិច័យពីសាធារណជន និងក្រុមគ្រួសាររបស់ជនរងគ្រោះ។ ការខកខានរបស់អាជ្ញាធរក្នុងការផ្សព្វផ្សាយព័ត៌មាន ទាក់ទិននឹងការអះអាងពីការបន្តការស៊ើបអង្កេត លើករណីលោកកែម ឡី មិនស្របតាមបទដ្ឋាន ទាំងនេះ និងអាចបញ្ជាក់បានថា ក្នុងករណីដែលពិតជាមានការស៊ើបអង្កេតបែបនេះមែនការស៊ើបអង្កេតនេះ មានការវិវឌ្ឍតិចតួចណាស់។
យើងខ្ញុំជាស្ថាប័នដូចមានរាយនាមខាងក្រោម ក៏សូមសម្តែងក្តីបារម្ភជាថ្មីឡើងវិញ ជុំវិញសវនាការជំនុំជម្រះលើជនជាប់ចោទអឿត អាង ដែលនៅមានចន្លោះប្រហោង។ អ្នកសង្កេតការណ៍ អន្តរជាតិមួយចំនួនក៏បានរិះគន់ច្រើនលើសវនាការជំនុំជម្រះលើអឿត អាង នេះផងដែរ ដែលអ្នកសង្កេតការណ៍ទាំងនេះបានលើកឡើងថា សវនាការជំនុំជម្រះបានបង្ហាញពីការស៊ើបអង្កេត ដែលទំនងជានៅខ្វះខាតភាពច្បាស់លាស់ក្នុង ទិដ្ឋភាព សំខាន់ៗជាច្រើនចំណុច។ មូលហេតុ នៅពីក្រោយឃាតកម្មដែលថា ជំពាក់បំណុល ចំនួន៣.០០០ដុល្លារអាមេរិក ត្រូវបានច្រានចោល ដោយភរិយារបស់លោកកែម ឡី គឺលោកស្រី ប៊ូ រចនា និងភរិយារបស់ជនជាប់ចោទអឿត អាង គឺលោកស្រីហឿម ហ៊ត។ តំណាងអយ្យការនៅក្នុងសវនាការជំនុំជម្រះពុំបានជំទាស់ នឹងភាពដែលគួរឱ្យជឿជាក់បានជុំវិញមូលហេតុនៃការសម្លាប់នេះទេ ហើយក៏មិនបានសន្និដ្ឋាន កត់សម្គាល់នៅក្នុងសាលក្រមដែរ ខណៈដែល ភាពជំពាក់ជំពិននឹងជនសមគំនិតផ្សេងទៀត បន្ទាប់ពីការចោទប្រកាន់លើជនជាប់ចោទអឿត អាង មានសេចក្តីរាយការណ៍ថា មន្ត្រីនិងយោធា ខ្លះបានជួបជាមួយនិងអឿត អាង មួយសប្តាហ៍ មុនឃាតកម្មលើលោកកែម ឡី។ តំណាងរដ្ឋាភិបាលមួយចំនួន ក៏បានបង្ហាញពីមន្ទិលសង្ស័យរបស់ខ្លួនលើមូលហេតុដែលជនជាប់ចោទអឿត អាង បានលើកឡើង និងសក្ខីកម្មដែលថា អឿត អាង ប្រព្រឹត្តតែម្នាក់ឯង។ សេចក្តីថ្លែងការណ៍ ទាំងនេះ រួមផ្សំទាំងការខកខានរបស់តំណាងអយ្យការក្នុងការជជីកសួរដេញដោលបញ្ហាទាំងនេះនៅក្នុងសវនាការជំនុំជម្រះបង្ហាញថា ការស៊ើបអង្កេត និងសវនាការជំនុំជម្រះនៅមិនទាន់បំពេញតាមបទដ្ឋានទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ តាមច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅឡើយទេ។
នៅពេលនេះ យើងខ្ញុំស្នើដល់រដ្ឋាភិបាល គួរបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីបើកការស៊ើបអង្កេតលើឃាតកម្មនេះ ដោយឯករាជ្យ ឥតលម្អៀង មានប្រសិទ្ធភាព និងតម្លាភាព។ គោលការណ៍ទី១១នៃគោលការណ៍ របស់អ.ស.ប អំពាវនាវឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតនៅពេលនីតិវិធីនៃការស៊ើបអង្កេត ដែលមានស្រាប់មិនទាន់គ្រប់គ្រាន់ ដោយសារកង្វះខាតជំនាញ ឬភាពឥតលម្អៀង ដោយសារសារសំខាន់នៃបញ្ហានោះ ឬដោយសារតែការកើតមានទូទៅនៃការរំលោភបំពាន និងនៅក្នុងករណីដែលមានបណ្តឹងពីភាពខ្វះខាត ទាំងនេះពីក្រុមគ្រួសាររបស់ជនរងគ្រោះ។ ការច្រានចោលមូលហេតុដែលឈានដល់ការសម្លាប់ ដោយសាច់ញាតិរបស់លោកកែម ឡី និងអឿត អាង ទំនងជាបំពេញនូវលក្ខខណ្ឌតម្រូវជុំវិញបណ្តឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ ស្រប តាមគោលការណ៍របស់អ.ស.ប។ ដើម្បីឱ្យគណៈកម្មាការស៊ើបអង្កេតមានគុណសម្បត្តិគ្រប់គ្រាន់ និងបំពេញតាមលក្ខខណ្ឌតម្រូវដែល កំណត់ដោយគោលការណ៍របស់អ.ស.ប សមាជិកនៃគណៈកម្មការបែបនេះ ត្រូវតែជ្រើសរើស ដោយផ្អែកលើភាពឥតលម្អៀង សមត្ថភាព និងឯករាជ្យភាពដែលមានការទទួលស្គាល់ក្នុងនាមជារូបវន្តបុគ្គល។ ជាពិសេស សមាជិកទាំងនេះ ត្រូវតែឯករាជ្យពីស្ថាប័ន ភ្នាក់ងារ ឬបុគ្គលណាដែលអាចជាប់ពាក់ព័ន្ធនឹងកម្មវត្ថុដែលត្រូវស៊ើបអង្កេត។
ដោយហេតុថាឃាតកម្មនេះ បានកើតឡើងក្នុងបរិយាកាសដែលមានការគាបសង្កត់ទៅលើ អ្នកការពារសិទ្ធិមនុស្ស និងគណបក្សនយោបាយជំទាស់កើនឡើងកាន់តែច្រើន ព្រមទាំងនៅក្នុងបរិបទជុំវិញប្រវត្តិនៃការសម្លាប់អ្នកការពារសិទ្ធិមនុស្សដោយមានអំពើនិទ្ទណ្ឌភាព ដែលមានការកត់ត្រាយ៉ាងច្បាស់លាស់នៅកម្ពុជាជា ការចាំបាច់ដែលថា គណៈកម្មការស៊ើបអង្កេតនេះ គួរតែចូលរួមដោយរូបវន្តបុគ្គលដែលមាន អ្នកជំនាញច្បាប់អន្តរជាតិនិងមន្ត្រីសិទ្ធមនុស្ស របស់អង្គការសហប្រជាជាតិជាដើម។
ក្រោយពីឃាតកម្មលើលោកកែម ឡី អ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប ចំនួន៥រូប បានអំពាវនាវស្រដៀងគ្នាឱ្យមានការស៊ើបអង្កេត ដោយបានលើកឡើងថា យើងខ្ញុំសូមអំពាវនាវ ឱ្យមានការស៊ើបអង្កេតលើឃាតកម្មនេះ ឱ្យឆាប់រហ័ស ហ្មត់ចត់ និងឥតលម្អៀង ដែលការស៊ើបអង្កេតនេះត្រូវធ្វើដោយស្ថាប័នឯករាជ្យ ដែលពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។ ការស៊ើបអង្កេតលើឃាតកម្មលោកកែម ឡី ដែលមានលក្ខណៈចន្លោះប្រហោងច្រើនមិនបានបំពេញតាមបទដ្ឋានអន្តរជាតិ ឬកាតព្វកិច្ចរបស់ប្រទេសកម្ពុជាតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិនោះទេ ហើយពេលនេះ មានភាពចាំបាច់ដែលត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីជួយសម្រួលដល់ការស្វែងរកយុត្តិធម៌ដល់ ក្រុមគ្រួសាររបស់ជនរងគ្រោះ។
យើងខ្ញុំជាស្ថាប័នដែលមានរាយនាមខាងក្រោម សូមសម្តែងនូវក្តីបារម្ភជាថ្មីជុំវិញីកង្វះខាតនៃការស៊ើបអង្កេតលើឃាតកម្មលោកកែម ឡី និងការវិវឌ្ឍតិចតួចនៅក្នុងការស៊ើបអង្កេត បន្តបន្ទាប់នៅលើជនសង្ស័យជាអ្នកសមគំនិតផ្សេងទៀត ក្នុងឃាតកម្មមួយនេះ ក៏ដូចជាស្នើ យ៉ាងទទូចថា នៅពេលនេះការស៊ើបអង្កេតគួរ តែត្រូវបានធ្វើឡើងដោយគណៈកម្មការស៊ើប អង្កេតឯករាជ្យ និងឥតលម្អៀង។
សូមសម្តេចក្រឡាហោមទទួលនូវការគោរពរាប់អានអំពីយើងខ្ញុំ”។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក៏មានព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធលោកកែម ឡី នៅកន្លែង ដែលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងហាងស្តារម៉ាត កាល់តិចបូកគោ ហើយដំបូង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរារាំង ដោយសារគ្មានការសុំអនុញ្ញាត តែក្រោយមកក៏មានការយោគយល់អនុញ្ញាតឱ្យរៀបចំធ្វើមួយភ្លែត។
ស ម៉ូរ៉ា ប្រធានអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើការ និងជជែករឿងសង្គមជាមួយលោក បណ្ឌិតកែម ឡី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ថា “ជូនចំពោះលោកវីរៈបណ្ឌិតកែម ឡី បើសិនជាថ្ងៃដែលគេសម្លាប់លោកបណ្ឌិតមានសន្តិសុខ ការពារដូចខ្ញុំនៅពេលនេះ ម៉្លេះលោកបណ្ឌិត ប្រហែលជាមិនត្រូវបានឃាតករចិត្តខ្មៅសម្លាប់នោះទេ។ ដោយឡែក នៅថ្ងៃនេះ ខ្ញុំនិងក្រុមការងារបួនដប់នាក់ គ្រាន់តែយកផ្កា និងរូបថតរបស់លោកបណ្ឌិតដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធ និងបង្ហាញនូវក្តីនឹករលឹក ប៉ុន្តែគ្រាន់តែមកដល់ ទីកន្លែងដែលគេសម្លាប់លោកបណ្ឌិតភ្លាម ក្រុមសន្តិសុខប្រមាណ៤០នាក់ បានមកទទួលដោយរាក់ទាក់ ខ្លះកន្ត្រាក់យករូបថត និងខ្លះទៀតកន្ត្រាក់ផ្កាចេញពីខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ គេព្យាយាមរុញពួកខ្ញុំបួនដប់នាក់នេះឱ្យចេញពីទីនោះ ហើយបានសួរខ្ញុំថា តើមានសុំច្បាប់ដែរឬទេ ខ្ញុំក៏ភាំង ត្រង់ថានៅស្រុកយើង ឥឡូវត្រូវការសុំច្បាប់ ដោយគ្រាន់តែមនុស្សបួនដប់នាក់ មកគោរពវិញ្ញាណក្ខន្ធដល់មនុស្សជាទីនឹករលឹករបស់ខ្លួន ខ្ញុំក៏បានសួរពីច្បាប់ទម្លាប់ថា តើមានច្បាប់ណា ដែលតម្រូវឱ្យសុំច្បាប់ ប៉ុន្តែគេហាក់មិនខ្វល់ នឹងសំណួរខ្ញុំ ហើយបន្តរុញឱ្យពួកខ្ញុំទៅម្ខាង។ ចុងក្រោយ សូម្បីតែពួកខ្ញុំអង្គុយញ៉ាំកាហ្វេ ក៏គេមកយាមការពារខ្ញុំយ៉ាងស្និទ្ធផងដែរ។ អង្គុយញ៉ាំកាហ្វេបណ្តើរក៏នឹកឃើញថា ខ្ញុំមិនបានគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតដោយស្រួលបួលនោះទេ ដូច្នេះមានតែសរសេរសារយ៉ាងខ្លីនេះ ជម្រាបលោកបណ្ឌិតថា ឥឡូវគេរៀបចំសន្តិសុខ ល្អិតល្អន់ណាស់ សម្រាប់កម្មវិធីរំលឹកដល់លោកបណ្ឌិត ប៉ុន្តែចំពោះការស្វែងរកយុត្តិធម៌ ហាក់ដូចជានៅឆ្ងាយណាស់។ ប៉ុន្តែលោកបណ្ឌិតកុំបារម្ភ ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរ នៅតែនឹករលឹកចំពោះលោកបណ្ឌិត នឹងផ្តល់យុត្តិធម៌ ជូនលោកបណ្ឌិតក្នុងពេលដ៏ឆាប់ខាងមុខ។
ជាចុងក្រោយ ខ្ញុំសូមបង្ហាញការនឹករលឹក ដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិត និងសូមឱ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត ទៅកាន់សុគតិភព ហើយលោកបណ្ឌិតសម្រាកដោយស្ងប់ចុះ ហើយពួកខ្ញុំសន្យានឹងបន្តទស្សនៈលោកបណ្ឌិតបន្ត ទៀត”៕
ខៀវទុំ