ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចសង្ស័យក៏ហៅទៅសួរនាំនៅប៉ុស្តិ៍នគរបាលវត្តភ្នំ រួចបានស្រែកឆោឡោថា បាត់ម៉ូតូដោយសារភ្លេចចាក់សោកម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥១ នៅចំណុចសណ្ឋាគារសាន់វ៉េ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បុរសដែលបាត់ម៉ូតូមានឈ្មោះតូច សេងហាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីបុរសដែលបាត់ម៉ូតូបានឲ្យដឹងថា មុនពេលដែលកើតហេតុ គាត់បានអង្គុយលេងនៅជិតសណ្ឋាគារសាន់វ៉េ នៅកន្លែងប៉ះកង់ ទាំងអស់៧នាក់ ប៉ុន្តែក្នុងនោះគាត់ស្គាល់តែ៣នាក់តែប៉ុណ្ណោះ រួមមានកម្លាំងសហប៉ុស្តិ៍មួយក្រុម បានចូលទៅសួរនាំគាត់ ហើយសង្ស័យទៅលើរូបគាត់ ក៏ដឹកគាត់ទៅប៉ុស្តិ៍វត្តភ្នំ ។
ក្រោយពេលដែលសួរនាំរួច ក៏គាត់ត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូរបស់គាត់ម៉ាកហុងដា
ឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៥ ឡើងស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1A-4243 ម្ចាស់ម៉ូតូបានទៅស្រែកនៅមុខប៉ុស្តិ៍ឲ្យសមត្ថកិច្ចជួយ។
បើតាមសំដីរបស់លោកអធិការរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋជាច្រើននាក់បានទូរស័ព្ទមកប្រាប់គាត់ថា ជារៀងរាល់យប់ មានជនសង្ស័យវ៉ៃយកម៉ូតូនិងវ៉ៃយកលុយ ជាពិសេសវ៉ៃជនជាតិបរទេសយកលុយនៅជិតសណ្ឋាគារសាន់វ៉េ អីចឹងហើយគាត់ក៏បានដឹកនាំក្រុមសហប៉ុស្តិ៍ចុះទៅល្បាតម្តុំនោះ ក៏សង្ស័យបុរស៧នាក់ ដែលអង្គុយនៅកន្លែងប៉ះកង់ បានចូលទៅសួរនាំក្នុងចំណោម៧នាក់នោះ បាននាំខ្លួនជនសង្ស័យ២នាក់ យកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ ដោយឃាត់អ្នកប៉ះកង់ម៉ូតូ និងជនសង្ស័យម្នាក់ដែលអះអាងថា បាត់ម៉ូតូនោះ ទៅសួរនំា ។ ពេលដែលសមត្ថកិច្ចនាំយកទៅសួរនាំនោះ បានសួរថា បើមានម៉ូតូយកម៉ូតូទៅផង តែជនសង្ស័យមិនបានឆ្លើយតបទេ លុះពេលសួរនាំរួច ជនសង្ស័យចេញទៅបាតបែរជាត្រឡប់មកវិញ ស្រែកឆោឡោថា បាត់ម៉ូតូដែលទុកនៅកន្លែងប៉ះកង់ម៉ូតូ ហើយរូបគេភ្លេចចាក់សោកម៉ូតូ ទើបជនឆ្លៀតអាកាសលួចយកទៅបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវត្តភ្នំ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕