ភ្នំពេញ៖ យុវជនម្នាក់បានល្បួងនារីម្នាក់ទៅដើរលេងកោះពេជ្រ ចេញមកវិញនាំទៅចូលក្លឹបផឹកស្រាស្រវឹង នាំនាងទៅចាប់រំលោភ លុះព្រឹកឡើងម្តាយមីងដឹងរឿង បានប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ កក្កដា ២០១៧ នៅក្នុងវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាប់ចោទមានឈ្មោះ ហួន ហុង អាយុ២៦ឆ្នាំ មុខរបរសិស្សសាលាពលករកូរ៉េ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិដូនធី ឃុំបូសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ម-ល-វ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសំដីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា តាមពិតនាងនិងជនសង្ស័យបានស្គាល់គ្នា៥ឆ្នាំមកហើយ ដោយសារកាលនោះជនសង្ស័យជួលផ្ទះក្បែរផ្ទះនាង ប៉ុន្តែមិនមែនជាគូកំណាន់អ្វីឡើយ គ្រាន់តែរាប់អានប៉ុណ្ណោះ លុះល្ងាចថ្ងៃទី០៩ ខែកក្កដា មុនកើតហេតុជនសង្ស័យបានទូរស័ព្ទបបួលនាងមកដើរលេងនៅកោះពេជ្រ នាងក៍ព្រមទៅជាមួយ ដោយជិះម៉ូតូមួយគ្រឿងម៉ាក FINO ពណ៌ត្រួយចេកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-3856 ។
ស្រ្តីរងគ្រោះបានប្រាប់ទៀតថា ពេលដើរលេងដល់ម៉ោង៩យប់ នាងបានប្រាប់ឲ្យជូននាងមកផ្ទះវិញ ស្រាប់តែបុរសខាងលើបានប្រាប់ថា នៅលេងបន្តិចទៀតទៅ រហូតដលម៉ោង១១និង៣០នាទីយប់ ទើបជនសង្ស័យបានដឹកនាងមកវិញ ប៉ុន្តែមិនបាននាំមកផ្ទះទេ គឺនាំនាងចូលក្លឹបនៅម្តុំផ្លូវ២០០៤ ដោយឲ្យនាងផឹកស្រាជាមួយ រហូតដល់ស្រវឹង ទើបចេញពីក្លឹបវិញ នាំ នាងទៅដេកនៅផ្ទះជួល ដោយបង្ខំចាប់នាងរំលោភរហូតបានសម្រេចតែម្តង ។ លុះព្រឹកថ្ងៃទី១០ ខែកក្កដា ២០១៧ នាងបានប្រាប់រឿងរ៉ាវខាងលើឲ្យម្តាយមីងដឹង ក៍ប្តឹងសមត្ថកិច្ចឲ្យនាំខ្លួនយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នាងមែន មូលហេតុដោយសាររូបគេស្រឡាញ់នាង សុខចិត្តយកនាងធ្វើជាគូអនាគតបើសិនជាម្តាយមីងនាងមិនប្តឹងផ្តល់មកលើរូបគេ តែទោះជាយ៉ាងណាក រណីនេះស្ត្រីរងគ្រោះបានប្តឹងទៅលើយុវជនខាងលើពីបទល្បួងនិងរំលោភសេពសន្ធវៈទៅលើរូបនាង ។
បច្ចុប្បន្នយុវជនខាងលើត្រូវបានកសាងសុំណំរឿង និងឃាត់ខ្លួនបណ្តោះអាសន្នយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាកសួរបន្ត ៕