Thursday, September 19, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ដំឡើងស្ទឌីយោចម្រៀងនៅផ្ទះវីឡាផ្ទាល់ខ្លួន

ខេមរៈ សិរីមន្ត ដំឡើងស្ទឌីយោចម្រៀងនៅផ្ទះវីឡាផ្ទាល់ខ្លួន

តារាចម្រៀងខេមរៈ សិរីមន្ត ឬខេម ប៊ុនថៃ ដែលមានព័ត៌មានថា ចង់ចេញពីផលិតកម្មសាន់ដេ ទៅបើកផលិតកម្មផ្ទាល់ខ្លួននោះ ស្រាប់តែពេលនេះ កំពុងដំឡើង Studio ចេញជារូបរាងមែនទែនហើយ។

ការឈានទៅបើកផលិតកម្មផ្ទាល់ខ្លួនរបស់ខេមរៈ សិរីមន្ត នៅពេលនេះ ត្រូវបានលើកឡើងថា សិរីមន្ត ដើរតាមផ្លូវមាស សុខសោភា ដែលលែងពឹងទាំងស្រុងលើផលិតកម្មគេមកបើកខ្លួនឯងវិញម្តង…។

ខេមរៈ សិរីមន្ត ពេលនេះលេងមែនទែនហើយ ដោយចំណាយលុយទ្រង់ទ្រាយធំតែម្តង សាងសង់ផលិតកម្មផ្ទាល់ខ្លួន ដែលបំពាក់ទៅដោយ Studio យ៉ាងទំនើប​ ហើយត្រូវបានក្រុមការងាររបស់សិរីមន្ត ដែលភាគច្រើនជាបុគ្គលិករបស់សាន់ដេ ទៅជួយនោះ បានបង្ហើបថា អ្នកចម្រៀងរូបនេះជះលុយមិនក្រោម៧ម៉ឺនដុល្លារឡើយ ដើម្បីឱ្យបានចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ ប្រភពបានឱ្យដឹងថា ផលិតកម្មរបស់ខេមរៈ សិរីមន្ត នោះមិនទាន់សម្រេចចិត្តដាក់ឈ្មោះជាផ្លូវការទេ ហើយទីតាំងគឺនៅផ្ទះលោកប៊ុនថៃ ឯភ្នំពេញថ្មី ផ្ទាល់តែម្តង ហើយថ្ងៃមុន គ្រាន់តែខ្សែរូតបាំងវាំងននទ្វារបង្អួច ដែលមើលទៅដាក់មិនសូវសមរម្យនោះ សិរីមន្ត បញ្ជាឱ្យដោះចោលវិញភ្លាម ព្រោះតែអ្នកចម្រៀងរូបនេះ ចង់ធ្វើជាលក្ខណៈស្តង់ដារ ដោយមិនខ្វល់ខ្វាយពីលុយកាក់អស់ប៉ុន្មានឡើយ ដើម្បីឱ្យបានដំណើរការឱ្យឆាប់រហ័សក្នុងការផលិតបទចម្រៀងវាយលុកទីផ្សារនៅចុងឆ្នាំ២០១៧នេះ។

មានការកត់សម្គាល់ថា ការឈានទៅបើកផលិតកម្មផ្ទាល់ខ្លួនរបស់ខេមរៈ សិរីមន្ត នៅពេលនេះ គឺស្របពេលដែលតារាចម្រៀងល្បីជាងគេរបស់ផលិតកម្មសាន់ដេ រូបនេះ ស្ងាប់ស្ងាត់ខ្លាំង នារយៈពេលចុងក្រោយនេះ ស្ទើរតែមិនគួរឱ្យជឿឡើយ ពិសេសគឺក្នុងរដូវបុណ្យចូលឆ្នាំកន្លងមក គឺ២ឆ្នាំជាប់គ្នា សិរីមន្ត មិនមានបទចម្រៀងផ្ទុះដូចមុនឡើយ ពោលគឺឆ្នាំ២០១៦ តារាចម្រៀងងួន ចាន់ដេវីត បានវ៉ាសិរីមន្ត បទ “រាំញីកែងជើង” និងឆ្នាំ២០១៧ តារាចម្រៀងពេជ្រ សោភា បានវ៉ាសិរីមន្ត បទ “ឆ្កែរត់បុកប៉ោត” ហើយឱក សុគន្ធកញ្ញា និងព្រាប សុវត្ថិ វ៉ាសិរីមន្ត បទ “រាំអីចេះ”។

ដោយសារតែប្រឈមទីផ្សារចម្រៀងធ្លាក់ចុះបែបនេះហើយ​ បានជានៅពេលនេះ សិរីមន្ត សម្រេចចិត្តត្រូវតែបើកផលិតកម្មផ្ទាល់ខ្លួនវិញម្តង ដើម្បីឱ្យទីផ្សារចម្រៀងរបស់គេវិលទៅរកភាពខ្លាំងក្លាឡើងវិញ ហើយតាមព័ត៌មានថា ផលិតកម្មថ្មីដែលប្រសូតចេញពីត្រកូល “ខេមរៈ” នោះ គឺមានតែខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ជាតួឯកសឹងគ្រប់បទ ក្រោមការនិពន្ធយ៉ាងសម្រិតសម្រាំងពីបងប្រុសសិរីមន្ត គឺលោកខេមរៈ ភារុណ។

ខេមរៈ សិរីមន្ត និងបងប្រុស ខេមរៈ ភារុណ

ប្រភពបានឱ្យដឹងថា ផលិតកម្មថ្មីនេះ សិរីមន្ត អាចនឹងពញ្ញាក់អារម្មណ៍មហាជន តាមរយៈការវិលត្រឡប់មកវិញ របស់ប្អូនស្រីរបស់គេ គឺខេមរៈ ស្រីពៅ ដែលបានបាត់ខ្លួន២ឆ្នាំ ដោយមិនដឹងមូលហេតុពិតប្រាកដនោះ នឹងចូលច្រៀងវិញនៅផលិតកម្មបងប្រុសរបស់នាងតែម្តង។ ចំណែកលោកខេមរៈ ភារុណ ដែលមានជំនាញខាងសរសេរនិពន្ធបទចម្រៀង​ ព្រមទាំងអាចវ៉ៃស្គរបាននោះ ពេលនេះកំពុងតែពិចារណាចូលច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនរបស់ត្រកូល “ខេមរៈ” ផងដែរ។

ក្រុមអ្នកសិល្បៈជាច្រើនបានលើកឡើងថា ពេលនេះ​ ត្រកូល “ខេមរៈ” កំពុងតែចង់ក្តោបក្តាប់ លើទីផ្សារចម្រៀងក្នុងដៃហើយ ព្រោះគេមានតារាចម្រៀងល្បីស្រាប់ គឺខេមរៈ សិរីមន្ត ហើយបើទោះជាមួយរយៈចុងក្រោយនេះ សិរីមន្ត ហាក់មិនសូវមានបទចម្រៀងល្បីៗដូចមុន នាំឱ្យកេរ្តិ៍ឈ្មោះគេស្ងប់ស្ងាត់បន្តិចមែន តែឱ្យតែសិរីមន្ត មានបទចម្រៀងដែលច្រៀងទៅត្រូវចិត្តអ្នកស្តាប់ ឬមានអ្វីថ្មីមកបង្ហាញបន្តិចនោះ តារារូបនេះនឹងល្បីខ្លាំងដូចមុនជាមិនខានឡើយ។ អ្នកសិល្បៈមួយចំនួនបានលើកឡើងថា នេះជាជំហានថ្មី មួយទៀត សម្រាប់ខេមរៈ សិរីមន្ត ដែលពីមុនជា តារាចម្រៀង U2 ឈានចូលសាន់ដេ ហើយចុងក្រោយ គឺធ្វើម្ចាស់ដោយខ្លួនឯង គឺការបើកផលិតកម្មផ្ទាល់ខ្លួនតែម្តង ដែលមើលទៅសកម្មភាពរបស់ខេមរៈ សិរីមន្ត នៅពេលនេះកំពុងតែដើរតាមផ្លូវមាស សុខសោភា ដែរ ព្រោះថា សុខសោភា បានបើកផលិតកម្មផ្ទាល់ខ្លួន ជាង២ឆ្នាំហើយ គឺផលិតកម្ម Camtrax ដែលមានស្វាមីនាង លោកអ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រងដោយផ្ទាល់ទៀតផង។

មហាជនរង់ចាំមើលថា តើខេមរៈ សិរីមន្ត នឹងកាន់តែល្បីល្បាញថែមទៀត នៅពេលដែលមាន ផលិតកម្មផ្ទាល់ខ្លួននេះ ឬក៏តារាចម្រៀងរូបនេះកាន់តែបាក់ចុះខ្សោយ?

ខេមរៈ សិរីមន្ត បានឈាននៅចំណុចកំពូលមួយ ក្រោយពេលដែលតារាចម្រៀងរូបនេះ បានឈានជើង ចូលសាន់ដេ រយៈពេលជិត៧ឆ្នាំនេះ នាំឱ្យសិរីមន្ត រកប្រាក់ចំណូលបានរាប់សែនដុល្លារ ក្នុង១ឆ្នាំៗ រហូតដល់ សាងសង់វីឡាតម្លៃជិត១លានដុល្លារ នៅភ្នំពេញថ្មី ហើយពេលនេះសិរីមន្ត ជិះរថយន្តទំនើប ឡខ៉េស ឡឃ ៥៧០ ស៊េរីឆ្នាំ២០០៨ ឡើង២០១០ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ និងមានអង្គរក្ស៣-៤នាក់តាមការពារ៕

RELATED ARTICLES