សុភាសិតបារាំង ១ឃ្លាថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ!” (Fais bien et laisse-le dire) មានខ្លឹមសារអប់រំផ្តោតទៅលើការទទួលយកមតិរិះគន់ ឬពោលនិន្ទាពីគេដោយសោមនស្ស ឬមិនចង្អៀតចង្អល់នឹងការរិះគន់កែលម្អ។ ថ្មីៗនេះ ស្ថាប័ន គ.ជ.ប បានប្រកាសទទួលយកនូវការរិះគន់ស្ថាបនាពីមជ្ឈដ្ឋានមហាជនពាក់ព័ន្ធនឹងការងាររៀបចំការបោះឆ្នោត ចាត់ទុកជាគំរូល្អបំផុត ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រួចមក ក៏មានទំព័រហ្វេសប៊ុកមួយចំនួនរិះគន់ស្ថាប័ននេះថា ធ្វើការមិនទាន់សុក្រឹត ឬលម្អៀង ជាដើម។ សូម្បីតែបណ្តុំអង្គការសមាគមជាង៤០ ក៏បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មានសេចក្តីជាអាទិ៍ថា “ខ្វះយុត្តិធម៌ រឹត ត្បិតសេរីភាព ប៉ុន្តែ ការចាត់ចែងបោះឆ្នោតមានភាពប្រសើរជាងមុន”។ អង្គការទាំងនេះបានបើក “បន្ទប់ស្ថានការណ៍” ដើម្បីឃ្លាំមើលការបោះឆ្នោត លុះពួកគេចេញសេចក្តីថ្លែងការណ៍រិះគន់ គ.ជ.ប ក៏ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តែងការមិនពេញចិត្ត និងបញ្ជាទៅក្រសួងមហាផ្ទៃ ឱ្យពិនិត្យផ្លូវច្បាប់លើបន្ទប់ស្ថានការណ៍ ដែលធ្វើឱ្យអាប់អួដល់លទ្ធផលនៃការបោះឆ្នោត។ ភ្លាមៗនោះ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតព្រមានក្រុមអង្គការនៃបន្ទប់ស្ថានការណ៍ ឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមចំពោះមុខច្បាប់។
ឥឡូវ គ.ជ.ប ដែលជា “អ្នកធ្វើ” មិនបានប្តឹងផ្តល់ ឬព្រមានអង្គការទាំងនោះទេ បែរជាប្រកាសទទួលយកនូវការរិះគន់ស្ថាបនា។ តំណាង គ.ជ.ប បានប្រកាសថា “គ.ជ.ប ស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនា ហើយតាមបទពិសោធន៍នៃការ បោះឆ្នោត គ.ជ.ប រួមជាមួយអ្នកជំនាញការអន្តរជាតិ ដែលកំពុងបំពេញការងារនៅ គ.ជ.ប នឹងរួមសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធធ្វើការដោះស្រាយ និងកែលម្អឱ្យកាន់តែប្រសើរថែមទៀតសម្រាប់ការបោះឆ្នោតលើកក្រោយៗទៀត”។ ការទទួលយកមតិរិះគន់នេះជារឿងល្អណាស់ ដោយហេតុថា បុគ្គលម្នាក់ៗ តែងតែមានកំហុស ឬគុណវិបត្តិដែលខ្លួនមើលមិនឃើញ ចុះទម្រាំក្នុងស្ថាប័នមួយ តើមានបុគ្គលប៉ុន្មាននាក់ធ្វើខុស? បើសិនជាមានខុសម្នាក់បន្តិចៗ បូកបញ្ចូលគ្នាទៅក៏ក្លាយជាកំហុសធំ ដូច្នេះ បើមានការរិះគន់ស្ថាបនា ត្រូវតែទទួលយកដើម្បីរកវិធីកែលម្អ ពុំមែននាំគ្នាច្រានចោល រួចព្រមានប្តឹងអ្នករិះគន់ទាំងនោះទេ។
ព្រះពុទ្ធបរមគ្រូ ក៏មានការរិះគន់ពីមជ្ឈដ្ឋានមហាជនដែរ ដូចកាលព្រះអង្គយាងទៅបួស ក៏ត្រូវគេរិះគន់ថា ព្រះអង្គរត់ចោលព្រះនាងពិម្ពារ ជាអគ្គមហេសី ឱ្យនៅមេម៉ាយ។ ព្រះអង្គមិនតបតទេ ដោយព្យាយាមសាងតែអំពើល្អ គេថាអីថាទៅរហូតបានត្រាស់ដឹងពោធិញ្ញាណ ប្រោសសត្វឱ្យផុតពីអន្លង់ទុក្ខ ទើបអ្នករិះគន់ទាំងនោះភ្ញាក់រលឹក។ ព្រះអង្គយល់ដល់បញ្ហា នេះក៏មានពុទ្ធដីកាថា “នត្ថិ លោកេ អនិន្ទិតោ” (មិនមានអ្នកដែលគេមិននិន្ទាទេ ក្នុងលោកនេះ)។
បើសិនជាមានការរិះគន់ស្ថាបនា ស្រាប់តែអ្នកដែលរងការរិះគន់នោះខឹងច្រឡោត ជួនកាលនាំឱ្យខាតផលប្រយោជន៍ ឈឺខ្លួនក៏សឹងមាន។ ឧទាហរណ៍ដូចរឿងពិតមួយកើតឡើងនៅខេត្តតាកែវ កាលពីសង្គមមុន មានគ្រួសារមួយ ប្រកបរបរចិញ្ចឹមដង្កូវនាងយកសូត្រ។ បុរសជាប្តីបានធ្វើរហាត់ស្រាវសូត្រមួយ ដោយមិនចង់ទិញគេ លុះគាត់ដំឡើងរួចក៏រវៃសាកមើលតែ រហាត់នោះវិលមិនស្រួលសោះ ទើបប្រពន្ធប្រាប់ថា “រហាត់ថ្មីអ៊ីចឹង បងឯងយកខ្លាញ់គោដាក់បន្តិចទៅ វាវិលស្រួលហើយ!” ស្រាប់តែប្តីដែលមានចរិតមិនទទួលការរិះគន់ស្ថាបនា ឆ្លើយថា “រហាត់ល្អមិនចាំបាច់ដាក់ខ្លាញ់គោស្អីទេ! កុំចេះជាងអញពេក!”។ ប្រពន្ធរិះគន់ខ្លះៗទៅ ស្រាប់តែប្តីខឹងកាន់តែខ្លាំង ទាញកាំបិតមកកាប់រហាត់ខ្ទេចខ្ទី មិនបានប្រយ័ត្នក៏ភ្លាត់កាប់ត្រូវដៃខ្លួនឯង ចេញឈាមកក្លាក់។ តាំងពីត្រូវដៃម្តងមក បុរសនោះមានការភ្ញាក់រលឹក ឈប់រម៉ាំងរម៉ោកដូចមុន គាត់ចាប់ផ្តើមធ្វើរហាត់ ថ្មីមួយទៀត និងដាក់ខ្លាញ់គោតាមពាក្យប្រពន្ធ រហាត់ស្រាវសូត្រនោះក៏វិលស្រួលទៅ…។
នៅក្នុងរឿង “រាមកេរ្តិ៍” ក៏បានតំណាលពីយក្សក្រុងរាពណ៍ ចាប់ព្រះនាងសិតា ទៅបង្ខាំងទុកក្នុងប្រាសាទ ក៏ត្រូវបាន “ពិភេកហោរា” ទស្សន៍ទាយលាយនឹងការរិះគន់ថា “បងឯងលួចប្រពន្ធគេ ច្បាស់ជារលាយក្រុងលង្កាមិនខាន បើចង់សុខ ត្រូវយកព្រះនាងសិតា ទៅថ្វាយព្រះរាមវិញ” ពេលនោះ ក្រុងរាពណ៍ ខឹងខ្លាំងណាស់ ក៏ដោះស្បែកជើងវ៉ៃក្បាលប្អូនបង្កើតនោះ រួចបណ្តេញចេញពី នគរ ទើបពីភេកហោរា ឈឺចិត្ត រត់ទៅចុះចូលធ្វើការបម្រើព្រះរាម ហើយទីបំផុត នគរលង្កា ត្រូវរលាយមែន។
ដូច្នេះយើងឃើញថា “ការរិះគន់ស្ថាបនា ជាអាហារបណ្ឌិត” ព្រោះអម្បាលយ៉ាងព្រះពុទ្ធអង្គ ម្តេចគង់ទទួលយកការរិះគន់ពីគេ ចុះបុគ្គលជាបុថុជ្ជន គ្រាន់តែគេរិះគន់កែលម្អ មិនព្រមទទួល អាចនាំមកនូវគុណវិបត្តិ។ កន្លងមក យើងឃើញស្ថាប័នតុលាការ ក៏រងការរិះគន់មិនល្មមដែរ គេថា ចៅក្រមកាត់ក្តីអយុត្តិធម៌ ខ្លះថា តុលាការមិនឯករាជ្យ ជាអាយ៉ងរបស់អ្នកនយោបាយជាដើម ប៉ុន្តែ មិនដែលឃើញចៅក្រម ឬព្រះរាជាអាជ្ញា ឆ្លើយតបទៅអ្នករិះគន់នោះវិញទេ ដែលអាចចាត់ទុកថា “ជាគំរូល្អមួយ” ឬស្របនឹងសុភាសិត “ចូរអ្នកធ្វើតែល្អទៅបើកឱ្យគេថាអីថាទៅ” នោះហើយ។ ឥឡូវ គ.ជ.ប ប្រកាសទទួល យកការរិះគន់ស្ថាបនាដែរ ចាត់ទុកថា ជាឥរិយាបថថ្លៃថ្លាណាស់ ព្រោះធម្មតា “អ្នកធ្វើតែងតែមានអ្នកថា” មិនខានឡើយ។ បើសិនជាគេថា គេរិះគន់ មិនព្រមទទួល បែរជាព្រមានប្តឹងផ្តល់នោះ អាចធ្វើឱ្យមហាជនកើតមន្ទិលសង្ស័យ ឬលាបពណ៌ថា “គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ”។
គួរយល់ថា អង្គព្រះមហាក្សត្រ ជាទីសក្ការៈ គ្មានបុគ្គលណាអាចល្មើសបំពានបានឡើយ ប៉ុន្តែ ក្រៅពីអង្គព្រះមហាក្សត្រ ចៀសមិនផុតពីការរិះគន់។ ជួនកាលក្នុងអង្គភាពមួយ ស្ថាប័នមួយ មេដឹកនាំស្អាតស្អំណាស់ ប៉ុន្តែ មានកូនចៅខ្លះពុករលួយ កោងកាច ធ្វើឱ្យខូចដល់ស្ថាប័នទាំងមូល លុះគេរិះគន់ក៏ពារទាំងមេទាំងកូន ជាចង្កោមតែម្តង។ ដូច្នេះបើមេអង្គភាព ឬប្រធានស្ថាប័ន មិនព្រមទទួលយកការរិះគន់ ដោយសំអាងថា គាត់គ្មានកំហុស ក៏មិនកើតដែរ ព្រោះគាត់ឱបក្តាប់កូនចៅខិលខូចមិនបាន។ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដែលរងការរិះគន់ខ្លាំងជាងគេ គឺអ្នកនយោបាយធំៗ អ្នកដឹកនាំប្រទេស ប្រធានស្ថាប័នកំពូលៗនេះឯង ជាក់ស្តែងលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ឡើងកាន់អំណាចមិនទាន់បាន១ឆ្នាំផង រងការ រិះគន់ជុំទិស។ ចំណែកលោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលអាណត្តិទី១ មិនសូវអីទេ លុះចូលដល់អាណត្តិទី២ ក៏រងការរិះគន់ រហូតដល់ធ្លាក់ការគាំទ្រយ៉ាងទាបបំផុតមិនធ្លាប់មានពីមុន។ ឥស្សរជនទាំងនោះ ទោះជាគេរិះគន់ក៏គាត់មិនតបត ដោយពាក្យសម្តីអសុរោះនោះដែរ តែគាត់មានចម្លើយស្លូតបូត ព្រោះថា “ចម្លើយស្លូតបូត អាចរម្លាប់កំហឹង” ដោយគាត់ ប្រឹងសាងតែអំពើល្អ អ្នកណាថាអីថាទៅ ព្រោះសង្គមប្រជាធិបតេយ្យ ត្រូវតែញញឹមទទួលយកការរិះគន់ស្ថាបនាពីគេ។
សរុបទៅ សុភាសិតបារាំងថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ!” មានខ្លឹមសារយ៉ាងនេះឯង។ ឥរិយាបថដ៏ល្អរបស់ស្ថាប័ន គ.ជ.ប ដែលប្រកាសទទួលយកការរិះគន់ស្ថាបនានោះ នាំមកនូវការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខ។ ផ្ទុយទៅវិញ បើ គ.ជ.ប មិនព្រមទទួលយក ការរិះគន់ ឬប្តឹងផ្តល់អ្នករិះគន់នោះ អាចធ្វើឱ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្ត ហើយការរៀបចំបោះឆ្នោត ក៏គ្មានភាពរលូនដែរ ៕
ដោយ អាចារ្យថាំ