ភ្នំពេញ៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្តូកស្តឹង ស្មានថាស្លាប់ ពេលសួរនាំទៅ ទើបដឹងថា ត្រូវជនសង្ស័យប៉ុនប៉ងរំលោភតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១១ ខែកកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះមិនបានប្រាប់ឈ្មោះ ព្រោះមានសតិមិនប្រក្រតី ហើយជាមនុស្សអនាថា មិនមានគោលដៅច្បាស់លាស់ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
បើតាមប្រភពព័ត៍ពីនារីម្នាក់ឈ្មោះ តោង សារុន អាយ៤៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទួលពង្រ មានស្រុកកំណើតនៅភូមិគរឃុំ ព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចិញ្ចើមផ្លូវនៅមុខបុរីរុងរឿង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រូបគាត់បានអូសរ៉ឺម៉កដើររើសអេតចាយ ហើយបានប្រទះឃើញនារីខាងលើដេកលក់ ស្មានថាស្លាប់ ហើយបានទៅអង្រុន ស្រាប់តែដឹងខ្លួនឡើងវិញ ដោយនិយាយមិនសូវច្បាស់នឹងខ្សាវៗប្រាប់ថា ត្រូវគេចាប់សំរាតខោគាត់ ហើយបានប្រតាយប្រតប់គ្នា ដោយត្រូវជនបង្កខាងលើវាយ បណ្តាលឲ្យរងរបួសបែកមាត់របួសជាំមុខ ហើយរបួសពេញខ្លួន។
ស្រ្តីដែលឃើញហេតុការណ៍បានបន្តទៀតថា ពេលរូបគាត់បានទៅរើសអេតចាយរហូតដល់ ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញនាងដើរនៅតាមផ្លូវបេតុងភូមិកើតហេតុ ទាំងសភាពហេវហត់នឹងអស់កម្លាំង ហើយបានទិញបាយឲ្យនាងហូប បន្ទាប់មកទៀត បានរាយការណ៍ដល់សមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗផងដែរ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋមួយចំនួន បានឲ្យដឹងថា ពួកគាត់បានឃើញនារីខាងលើ ប្រមាណ២ទៅ៣ថ្ងៃមុនថ្ងៃកើតហេតុ ដោយឃើញអង្គុយដេកនៅតាមចិញ្ចើមផ្លូវនៅជិតកន្លែងកើតហេតុផងដែរ តែពួកគាត់មិនបានសួរនាំឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយបានសួរនាំ តែនាងមិនហ៊ានឆ្លើយ ដោយនិយាយខ្សាវមិនច្បាស់ ដោយខ្លាចសមត្ថកិច្ច នាងដើរចេញពីពួកគាត់ជាច្រើនដង និងដើរគេចពីសមត្ថកិច្ចបាត់ទៅ ៕