ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម អស់ល័ក្ខត្រូវបានចាប់ខ្លួន ខណៈដែលកំពុងឡើងធ្វើសកម្មភាពគាស់បន្ទប់ជាក់ស្តែងនៅជាន់ទី២ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ។
ជនសង្ស័យមានឈ្មោះ សេង សូនី ហៅម៉ៅ ប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិឡឥដ្ឋ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សួស រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកំពុងស្នាក់នៅជាន់ក្រោម ត្រូវបានអ្នកជិតខាងស្រែកប្រាប់ថា មានមនុស្សឡើងតាមចម្រឹងដែកទៅជាន់លើ គាត់សង្ស័យ បានទៅតាមរកមើល ក៏ប្រទះឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពគាស់ទ្វារបន្ទប់ ស្រែកផ្អើលអ្នកជិតខាងព័ទ្ធចាប់បានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ។
តាមមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់ឲ្យដឹងថា ខ្លួនដើរធ្វើសកម្មភាពគាស់ទ្វារ គាស់សោផ្ទះ បន្ទប់ ប្រើតែទួលឺវីសមួយប៉ុណ្ណោះ អាចខ្វេះគាស់ទ្វារបាន ហើយសកម្មភាពលួច បានសម្រេច៥លើកមកហើយ លើកចុងក្រោយ កំពុងតែគាស់ទ្វារម្ចាស់មកទាន់ ដេញចាប់បានតែម្តង ។
ជនសង្ស័យក្រោយចាប់ខ្លួន បាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕