បន្ទាប់ពីចេញបទទី១ ”មនុស្សក្រៅផ្លូវការ” ដែលបានយកទៅច្រៀងតាមបណ្ដាប៉ុស្ដិ៍ទូរទស្សន៍នានា មានការចាប់អារម្មណ៍ច្រើនពីយុវវ័យមក ពេលនេះពិធីការិនីប៉ុស្ដិ៍ហង្សមាស” ឋានសួគ៌ក្រោមមេឃ” សុន ច័ន្ទធីតា ត្រៀមចេញបទចម្រៀង Original Song ថ្មីមួយបទទៀត គឺបទ ”ដល់ពេលចាកចេញ” ដែលជាកានិពន្ធដោយកញ្ញានី សុគន្ធា ។
ពិធីការិនីសុន ច័ន្ទធីតា មានជំនឿចិត្តថា បទនេះនឹងមានការទាក់ទាញពីយុវវ័យជាមិនខាន ព្រោះអ្នកនិពន្ធសរសេរប៉ារ៉ូលបានល្អ និងជាអ្នកមានបទពិសោធន៍នៅផលិតកម្មធំមួយ ហើយនាងជឿជាក់ថា បទថ្មីនេះនឹងចាក់ចំបេះដូងយុវវ័យជាមិនខាន។
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ពិធីការិនីហង្សមាសរូបនេះ និយាយថា នាងចង់មានបទផ្ទាល់ខ្លួនច្រៀង ទើបខិតខំធ្វើបទ Original Song នេះឡើង ចំណែកបទចម្រៀងតារាផ្សេងវិញ គឺនាងយកទៅច្រៀងតែបទឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ព្រោះសុគន្ធកញ្ញា ជាIdol របស់នាងជាយូរមកហើយ។
ធីតា វាចាថា ”ខ្ញុំចេញបទទី១ ”មនុស្សក្រៅផ្លូវការ” ឃើញមានការចាប់អារម្មណ៍ច្រើនដែរ ទើបខ្ញុំចេញបទទី២ ”ដល់ពេលចាកចេញ” នេះទៀត ហើយតាមមើលប៉ារ៉ូលបទហ្នឹងល្អ អាចនឹងទាក់ទាញជាងបទទី១ ផងមើលទៅ! បទនេះខ្ញុំកំពុងតែធ្វើ មិនទាន់រួចរាល់ទេ ហើយខ្ញុំក៍មិនទាន់ហ៊ានយកមកឡើងឆាកដែរ ប៉ុន្តែនឹងអាចបង្ហោះ Facebook ក្នុងពេលឆាប់ៗនេះដែរ ហើយខ្ញុំនឹងយកឡើងប៉ុស្ដិ៍នៅពេលខាងមុខនេះ”។
សុន ច័ន្ទធីតា ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តែមិនបានជោគជ័យឡើយ ហើយអ្នកដែលបានលើកពាន គឺលោកនី រតនា។ ទោះជាយ៉ាងណា ដោយសារហង្សមាស មើលឃើញច័ន្ទធីតា មានទេពកោសល្យល្អក្នុងការអត្ថាធិប្បាយ ក៏ជ្រើសយកនាងធ្វើជាពិធីការិនីប្រចាំប៉ុស្ដិ៍ ដោយឲ្យកាន់កម្មវិធី ”ឋានសួគ៌ក្រោមមេឃ” រហូតដល់ពេលនេះតែម្ដង ខណៈដែលបេក្ខភាពផ្សេងៗទៀត មិនមានឱកាសដូចរូបនាងឡើយ គឺបើជាប់ក្លាយទៅជាតារាចម្រៀង ប៉ុន្តែបើធ្លាក់ លាពីហង្សមាស។ ប៉ុន្ដែសុន ច័ន្ទធីតា ទោះជាក្លាយទៅជាពិធីការិនីពិតមែន តែនាងនៅតែស្រលាញ់ និងចង់ក្លាយទៅជាតារាចម្រៀងអាជីពម្នាក់ដដែល បើទោះជាហង្សមាស ហាក់មិនទាន់បើកភ្លើងខៀវឲ្យនាងមែន ប៉ុន្តែអ្នកដែលស្គាល់ស្រីក្មេងរូបនេះបានឲ្យដឹងថា ធីតា មានរូបសម្រស់ និងទឹកដមសំឡេងអាចប្រើប្រាស់បាន ហើយបើហង្សមាស យកនាងទៅបណ្ដុះបណ្ដាលនោះ ពិធីការិនីរូបនេះនឹងក្លាយជាតារាចម្រៀងម្នាក់ដែលអាចឈរជើងនៅហង្សមាស ជាមិនខាន។
ពិធីការិនីហង្សមាសរូបនេះ បន្ដថា ”ខ្ញុំចេញបទ Original Song ហ្នឹង ជាបទស្លូវសិន ប៉ុន្តែនៅពេលខាងមុខ ខ្ញុំនឹងចេញបទញាក់វិញម្ដង ហើយខ្ញុំក៏បង្កើតក្រុមរាំអមផ្ទាល់ខ្លួនដែរ។ ចំពោះផលិតកម្មវិញ ខ្ញុំមិនទាន់មានឱកាសទេ ប៉ុន្តែនៅថ្ងៃខាងមុខ ខ្ញុំចង់ចូលផលិតកម្មដែរ ដើម្បីឲ្យមានលំនឹង ពិសេស ហង្សមាស តែខ្ញុំមិនទាន់បានជួបជាមួយអ្នកដឹកនាំផលិតកម្មហង្សមាស ទេ ព្រោះមុនខ្ញុំចូលធ្វើពិធីការិនីនៅហង្សមាស ខាងហង្សមាស បានប្រាប់ខ្ញុំដែរថា ធ្វើពិធីការិនីសិនទៅ ថ្ងៃក្រោយបើចង់ច្រៀង ចាំប្រាប់គាត់”។
បើទោះជាសុន ច័ន្ទធីតា ចង់ចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាស មែន ប៉ុន្តែពេលនេះមិនមែនជាការងាយស្រួលឡើយ ព្រោះហង្សមាស មានតារាគរជើងគ្នាទៅហើយ ដែលតាមប្រភពថា នឹងមានតារា៧នាក់ទៀត ត្រៀមដើរចេញពីហង្សមាស ផងដែរ។ ដោយឡែក សុន ច័ន្ទធីតា ដែលជាអតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែង ព្រោះមួយរយៈចុងក្រោយនេះ គេឃើញក្រមុំក្រុងតាខ្មៅរូបនេះ មានការតុបតែងខ្លួនកាន់តែឆើតឆាយ ប្លែកទាំងត្រេមុខទៀតផង ទើបគេសង្ស័យថា តារាវ័យក្មេងរូបនេះបានកែទម្រង់មុខ ដើម្បីឲ្យប្រុសៗលង់ស្នេហ៍ និងសម្រស់នាងដកចិត្តមិនរួច។
អតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេស ក្លាយទៅជាតារាចម្រៀងរូបនេះ អះអាងថា ”មានគេសង្ស័យថា ខ្ញុំកែច្រមុះ តចង្កា ធ្វើភ្នែក ជាដើម ព្រោះគេថាត្រេមុខខ្ញុំពីមុនខុសគ្នាពេលនេះ។ តែតាមពិត ខ្ញុំមិនបានកែទម្រង់មុខអីដូចគេថាទេ! ខ្ញុំប្ដូរអ្នកផាត់មុខ បានជាប្លែកបែបនេះ គឺគេឃើញខ្ញុំមុខខុសពីមុនហ្នឹង មកពីបច្ចេកទេសនៃការផាត់មុខទេ។ ខ្ញុំមិនបានកែច្នៃកន្លែងណាទាំងអស់ (ហ្ស៊ីន)តែម្ដង”។
សុន ច័ន្ទធីតា ដែលពូកែវោហាក្នុងការអត្ថាធិប្បាយនេះ ក៏ធ្លាប់ឈឺផ្សាបេះដូងម្ដងហើយដែរ ក្រោយពេលស្នេហាទី១ ដែលបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនិស្សិតម្នាក់ កណ្ដាលផ្លូវ កាលពីឆ្នាំមុននេះ។ ពេលនេះស្រីស្រស់ច័ន្ទធីតា មានប្រុសថ្មីតាមស្រលាញ់ ប៉ុន្តែនាងហាក់មិនចង់អើពើឡើយ ព្រោះខ្លាចឈឺផ្សារលើកទី២ ខណៈដែលមានការលើកឡើងថា ច័ន្ទធីតា នឹងអាចដើរតាមគន្លងផ្លូវពិធីការិនីហង្សមាសមួយចំនួន ដូចជា រស់ សុធាវី និងសិលា ជាដើម ដែលសុទ្ធតែជ្រើសម្ចាស់ស្នេហ៍ជាប្រុសក្រៅស្រុកធ្វើប្ដីនោះ។
ពិធីការិនីវ័យ២២ឆ្នាំរូបនេះ បង្ហើបថា ”រឿងសង្សារថ្មីខ្ញុំ អត់ទាន់មានទេ។ ពីមុនខ្ញុំនៅក្មេង ធ្លាប់មានសង្សារ រឿងអីក៏ស្គាល់អស់ហើយដែរ ប៉ុន្តែឥឡូវមិនអីចឹងទេ ខ្ញុំចង់ផ្ដោតលើការងារពិធីការិនី និងធ្វើបទចម្រៀងច្រើនជាងមានសង្សារ។ សម្រាប់ពេលនេះ ខ្ញុំមិនចង់បែកពីគ្រួសារខ្ញុំទេ តែថ្ងៃក្រោយ ស្នេហាខ្ញុំជឿលើនិស្ស័យច្រើនជាង ចំពោះថាចាប់អារម្មណ៍អាណិកជន ឬអត់នោះ ខ្ញុំគិតថា មានចំណាប់អារម្មណ៏ខ្លះដែរ ប្រសិនបើមាននិស្ស័យនោះ”៕