Friday, November 29, 2024
Homeព័ត៌មានជាតិ សម្តេចហ៊ុន សែន ជួបកុមារឆ្លាត៧ឆ្នាំ ចេះធ្វើគណិតវិទ្យាថ្នាក់ទី១២

 សម្តេចហ៊ុន សែន ជួបកុមារឆ្លាត៧ឆ្នាំ ចេះធ្វើគណិតវិទ្យាថ្នាក់ទី១២

 ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកុមារឆ្លាត អាយុ៧ឆ្នាំ ចេះធ្វើគណិតវិទ្យាថ្នាក់ទី១២ និងក្រុមគ្រួសារ ចូលជួបនៅភូមិគ្រឹះរបស់សម្តេច នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា “នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបចៅប្រុស ហ៊ឺ ទៀងគីមហុង អាយុ៧ឆ្នាំ ឪពុកម្តាយ ក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ សព្វថ្ងៃនេះ កុមារគីមហុង កំពុងរៀននៅសាលា បឋមសិក្សាហ៊ុន សែន អនុវត្ត ដែលមានទីតាំងនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឪពុកម្តាយរបស់កុមារគីមហុង សព្វថ្ងៃ គឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។ ការជួបជុំសំណេះសំណាលនេះគឺនៅភូមិគ្រឹះសម្តេចតេជោ ផ្ទាល់ កាលពីព្រឹកមិញ។

កុមារគីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេស យល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេស ចេះអានអក្សរ និងរៀនអក្សរខ្មែរ និងអក្សរឡាតាំង កាលពីអាយុជាង២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារគីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ”។

ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន បានសរសេរបន្តថា “នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅគីមហុង សម្តេចតេជោ បានប្រគល់កុំព្យូទ័រឱ្យកុមារប្រើប្រាស់ស្រាវជ្រាវ ក្នុង Internet និងបានឱ្យចៅស្រីសម្តេច និយាយ សន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ សម្តេចតេជោ ក៏បានប្រាប់ឱ្យចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចម្ងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាងល្អគួរឱ្យកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Beltei ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី៨ ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាព រួចហើយនោះ។ ទន្ទឹមនឹងនេះ គឺសម្តេចតេជោ បានស្នើឱ្យលោកដួង តារា ជំនួយការសម្តេច តេជោ និងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួង អប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អ ដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារគីមហុង។ សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សា សម្រាប់កុមារ គីមហុង ទាំងស្រុង។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្តេច តេជោ ហ៊ុន សែន បានឧបត្ថម្ភនូវកុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរ ទៅសាលា រួមនិងថវិកាមួយចំនួនផងដែរ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ឪពុកម្តាយលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេច តេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សា របស់គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា”៕

ខៀវទុំ

RELATED ARTICLES