ទីបំផុត ម្ចាស់បទ ”រាំញីកែងជើង” លោកងួន ចាន់ដេវីត បានសារភាពថា ការលែងចាប់ដៃគូជាមួយអ្នកនាងពេជ្រ សោភា ងាកមកច្រៀងឆ្លងឆ្លើយជាមួយទេព បូព្រឹក្ស ដោយសារតែលោកមានបញ្ហាទំនាស់ជាមួយអ្នកនាងពេជ្រ សោភា ទើបមិនអាចបន្តចាប់ដៃគូជាមួយគ្នាបន្តទៀតបាន។
លោកងួន ចាន់ដេវីត បានថ្លែងប្រាប់ថ្មីៗនេះថា ខណៈដែលកំពុងទាញបានភាពល្បីល្បាញសុខៗហើយស្រាប់តែលែងចាប់ដៃគូគ្នានោះ រវាងរូបលោកជាមួយអ្នកនាងពេជ្រ សោភា ពុំមែនអត់បញ្ហានោះទេ។
ដេវីត បន្ថែមថា ”និយាយរួម ខ្ញុំមិនចង់លាក់ទៀតទេ គឺខ្ញុំនិងគាត់ (ពេជ្រ សោភា) មានបញ្ហាទំនាស់ជាមួយគ្នា មិនចុះសម្រុង ទើបមិនអាចបន្តចាប់ដៃគូគ្នាទៀតបាន”។ យ៉ាងណា លោកដេវីត សុំមិនបញ្ជាក់លម្អិតពីបញ្ហាទំនាស់ រហូតធ្វើឲ្យលោកនិងអ្នកនាងពេជ្រ សោភា ចែកផ្លូវគ្នានោះទេ ប៉ុន្តែលោកបានលើកឡើងថា លោកក៏សោកស្ដាយដែរនៅពេលបែកពីសោភា ព្រោះអ្នកមេម៉ាយល្បីល្បាញរូបនេះជារៀមច្បងម្នាក់ដែលមានទេពកោសល្យខ្ពស់នៅក្នុងវិស័យចម្រៀង។
ក្រោយរលាស់ខ្លួនពីអ្នកនាងពេជ្រ សោភា មកចាប់ដៃគូជាមួយទេព បូព្រឹក្ស លោកដេវីត បានទទួលស្គាល់ថា ប្រជាប្រិយភាពបានធ្លាក់ចុះជាងមុន ដោយសារតែមិនទាន់មានបទផ្ទុះកក្រើកដូចកាលនៅចាប់ដៃគូជាមួយអ្នកនាងពេជ្រ សោភា ប៉ុន្តែបើគិតពីប្រភពចំណូល លោករកបានច្រើនជាងកាលនៅជាមួយអ្នកនាងសោភា គុណនឹងដប់ឯណោះ។
ដេវីត បញ្ជាក់ថា លោកមិនចង់បែងចែកថា ដៃគូរបស់លោក នរណាល្អជាងនរណានោះទេ អ្វីដែលសំខាន់លោកនិងអ្នកនាងពេជ្រ សោភា មានដៃគូថ្មីរៀងៗខ្លួនហើយ ហើយលោកកំពុងប្រឹងប្រែងជាមួយទេព បូព្រឹក្ស បំបែកទីផ្សារ ខណៈដែលលោករំពឹងថា នឹងកាន់តែលេចធ្លោជាងនេះ។
បន្ទាប់ពីចែកផ្លូវពីអ្នកនាងពេជ្រ សោភា លោកងួន ចាន់ដេវីត បានរងការរិះគន់យ៉ាងខ្លាំងដែលអ្នកគាំទ្ររបស់អ្នកនាងពេជ្រ សោភា មួយចំនួនបានចោទរូបលោកថា ជាក្រពើភ្លេចបឹង ជាដើម។ ត្បិតអីការទាញបានភាពល្បីល្បាញ គឺដោយសារតែអ្នកនាងពេជ្រ សោភា ជួយជ្រោមជ្រែង ប៉ុន្តែក្រោយពេលល្បីឈ្មោះ ស្រាប់តែងាកមកចាប់ដៃគូជាមួយទេព បូព្រឹក្ស ។ យ៉ាងណា លោកដេវីត អះអាងថា លោកមិនចង់បែកពីអ្នកនាងសោភា ទេតែដោយសារតែមានទំនាស់មិនចុះសម្រុងនឹងគ្នា ខណៈដែលលោកក៏មានការសោកស្ដាយផងដែរ។
ខណៈដែលមកចាប់ដៃគូច្រៀងជាមួយទេព បូព្រឹក្ស នាពេលចុងក្រោយនេះ ដេវីត និងបូព្រឹក្ស ក៏កំពុងមានស្នេហាក្រៅឆាកផងដែរ ដែលពួកគេបានសារភាពដូចគ្នាថា កំពុងមានអារម្មណ៍ល្អជាមួយគ្នានិងកំពុងស្វែងយល់ចិត្តគ្នា ខណៈដែលពួកគេចង់ឲ្យសម្ព័ន្ធភាពកាន់តែរឹងមាំពិសេសជាងនេះ៕