Friday, September 20, 2024
Homeតារាខ្មែរបវរកញ្ញាឯកពិភពលោកជាង៦០ប្រទេស និងមកប្រកួតប្រជែងនៅកម្ពុជា

បវរកញ្ញាឯកពិភពលោកជាង៦០ប្រទេស និងមកប្រកួតប្រជែងនៅកម្ពុជា

ពិតជាអស្ចារ្យ!និងមិនធ្លាប់មានដែលពេលនេះកម្ពុជាបានក្លាយជាម្ចាស់ផ្ទះប្រកួតប្រឡងបវរកញ្ញាឯកពិភពលោក សម្រាប់ឆ្នាំ២០១៧ ហើយនៅក្នុងវេទិកាសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី គណកម្មការរៀបចំព្រឹត្តិការណ៍ Miss Global 2017 បានប្រកាសថា នឹងមានបវរកញ្ញាឯកលើពិភពលោកជាង៦០ប្រទេសនឹងមកប្រកួតប្រឡងនៅកម្ពុជា នៅអំឡុងខែវិច្ឆិកាខាងមុខនេះដែលនិងជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានសន្ទុះខ្លាំង។

លោក Ratanak Roth Oeurn ដែលជាអ្នកសម្របសម្រួលកម្មវិធីខាងលើបានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ Miss Global ត្រូវបានរៀបចំ៤ លើកមកហើយ ដោយលើកទី៥ក្នុងឆ្នាំ២០០៧នេះ គឺសម្រេចធ្វើឡើងនៅប្រទេសកម្ពុជា ហើយពុំមែនជាការងាយស្រួលទេក្នុងការទាញកម្មវិធីនេះមកបាន។លោកអះអាងថា ក្រុមការងារបានព្យាយាមសម្របសម្រួលឲ្យគណកម្មការរៀបចំកម្មវិធីមកពិនិត្យមើល លទ្ធភាពនៅកម្ពុជាហើយក្រោយពិនិត្យ និងស្វែងយល់គឺកម្ពុជាអាចមានលទ្ធភាពក្នុងការរៀបចំបាន។

លោកបញ្ជាក់ថា អ្វីដែលជាកត្តាសំខាន់គឺសន្តិសុខ សុវត្ថិភាព និងសមត្ថភាពរបស់អ្នកផលិតកម្មវិធីនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ វិច្ឆិកា ដោយការប្រកួតធំនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា។ កញ្ញាឯកតំណាងឲ្យ៦០ទៅ៨០ប្រទេស នឹងបង្ហាញខ្លួនប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា ដោយគណកម្មការមានការរំពឹងថា វត្តមានប្រកួតប្រជែងរបស់ Miss Global ពិភពលោកនេះ គឺពិតជាធ្វើឲ្យកម្ពុជាកាន់តែមានមោទនភាព និងចំណេញផ្នែកទេសចរណ៍។

ព្រឹត្តិការណ៍នេះប្រកាសផ្សាយផ្ទាល់នៅលើទូរទស្សន៍ងហង្សមាស ដោយស្ថាប័នហង្សមាស ហើយក៍ត្រូវរៀបចំការប្រកួត Miss Global Cambodia នៅខែតុលា ខាងមុខ ដើម្បីស្វែងរកបេក្ខនារីតំណាងឲ្យកម្ពុជាមួយរូប ដើម្បីចូលប្រឡងសម្រស់ក្នុងព្រឹត្តិការណ៍នេះ ជាមួយ Miss Global មកពីប្រទេសផ្សេងៗលើពិភពលោកផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៍ បានស្នើឲ្យគណកម្មការ Miss Global ពិភពលោក ដែលបានសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជួយផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត និងប្រាសាទព្រៃគុគ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីវប្បធម៍របស់កម្ពុជា។ គណកម្មការរៀបចំបានស្នើឲ្យបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងចំណេះដឹងល្អ ធ្វើការដាក់ពាក្យប្រកួត Miss Global Cambodia នៅខែតុលានេះ ឲ្យបានច្រើន ដើម្បីឲ្យកម្ពុជាមានជម្រើសកាន់តែល្អក្នុងការប្រកួតប្រជែង Miss Global International 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីដើមខែវិច្ឆិកា និងបញ្ចប់ការបំពាក់ម្កុដនៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១៨ ក្នុងខែដដែល៕

 

 

RELATED ARTICLES